ជំនួបកំពូលរុស្ស៊ី-អាមេរិក៖ ឱកាសដើម្បីទម្លាយភាពជាប់គាំងក្នុងទំនាក់ទំនងទ្វេភាគី

(VOVWORLD) -  ជំនួបដោយផ្ទាល់ដើមដំបូងរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅស្វីស គឺជាចំណុចកណ្ដាលដែលទាក់ទាញការយកចិត្តទុកដាក់របស់សាធារណៈមតិអន្តរជាតិក្នុងប៉ុន្មានថ្ងៃកន្លងមក។ ជំនួបនេះទោះជាមិនសម្រេចបានជំហានលោតផ្លោះដ៏ធំណាមួយក៏ដោយ ប៉ុន្តែបាន កត់សម្គាល់សូវសុឆន្ទៈនៃភាគីទាំងពីរដោយមានបំណង ចង់នាំឲ្យទំនាក់ទំនងរវាងរុស្ស៊ី-អាមេរិកឈានទៅមុខ។ សញ្ញាវិជ្ជមាននៅជំនួបកំពូលនេះ ត្រូវបានចាត់ទុកថា ជាសន្ទុះដើម្បីទម្លាយភាពជាប់គាំងក្នុងទំនាក់ទំនងទ្វេភាគីដែលបានធ្លាក់ចុះដុនដាបដល់កម្រិតទាបបំផុតដោយសារភាពតានតឹងក្នុងរយៈពេលវែង។

ជំនួបកំពូលរុស្ស៊ី-អាមេរិក៖ ឱកាសដើម្បីទម្លាយភាពជាប់គាំងក្នុងទំនាក់ទំនងទ្វេភាគី - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden (ស្តាំ) និងសមភាគីរុស្ស៊ីលោក Vladimir Putin នៅឯកិច្ចប្រជុំមួយនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០២១  (ប្រភព៖ AFP/TTXVN) 

ជំនួបរវាងថ្នាក់ដឹកនាំទាំងពីរបានប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ក្នុងអំឡុងពេលជិត៤ម៉ោង ទោះបីនៅមានការខ្វែងគំនិតជាច្រើនក៏ដោយ ប៉ុន្តែ ភាគីទាំងពីរបានពិភាក្សាយ៉ាងស្មោះត្រង់ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការក្នុងបញ្ហានានាដែលមានផលប្រយោជន៍ដូចគ្នា។

ទស្សនៈខុសប្លែកគ្នាជាច្រើន

នៅក្នុងជំនួបកំពូលនេះ ភាគីទាំងពីរបានបង្ហាញទស្សនៈខុសប្លែកគ្នាក្នុងបញ្ហាជាច្រើន។ វ៉ាស៊ីន តោណបានសម្ដែងការព្រួយបារម្ភចំពោះការដែលម៉ូស្គូចាប់ខ្លួនសកម្មជនប្រឆាំង លោក Alexei Navalny ក៏ដូចជាការបង្កើនវត្តមានយោធារបស់រុស្ស៊ីនៅតំបន់ព្រំដែនភាគខាងកើតអ៊ុយក្រែន។ អាមេរិកក៏បានចោទប្រកាន់រុស្ស៊ីថា ឈរនៅពីក្រោយការវាយប្រហារតាមបណ្ដាញអ៊ីនធឺរណិតនៅអាមេរិកផងដែរ។

សូម្បីតែ លោកប្រធានាធិបតី Joe Biden បានប្រើវោហាសាសន៍ដ៏តឹងតែងដោយប្រកាសថា រុស្ស៊ីនឹងទទួលរង “ផលវិបាក មហន្តរាយដ៏ធ្ងន់ធ្ងរ” ប្រសិនបើមេដឹកនាំភាគីប្រឆាំងរុស្ស៊ីដែលកំពុងត្រូវឃាត់ខ្លួន លោក Alexei Navalny ត្រូវស្លាប់ ឬការវាយប្រហារតាមបណ្ដាញអ៊ីនធឹរណិតកើតមានឡើងជាបន្តបន្ទាប់។ ជាការឆ្លើយតប លោកប្រធានាធិបតី Vladimir Putin បានច្រានចោលការព្រួយបារម្ភរបស់រដ្ឋបាលក្រុងវ៉ាស៊ីនតោណអំពីការចាប់ខ្លួនលោក Alexei Navalny ហើយអះអាងថា ការបង្កើនវត្តមានយោធារបស់រុស្ស៊ីនៅជិតព្រំដែនភាគខាងកើតអ៊ុយក្រែន ត្រឹមតែជាការធ្វើសមយុទ្ធរបស់កងទ័ពរុស្ស៊ីនៅលើដែនដីរបស់ខ្លួនតែប៉ុណ្ណោះ។ ពាក់ព័ន្ធដល់ចេតនាចង់ចូលរួម NATO របស់អ៊ុយក្រែន ដែលរុស្ស៊ីតែងតែប្រឆាំងជំទាស់យ៉ាងខ្លាំងក្លានោះ មេដឹកនាំរុស្ស៊ីរូបនេះបានឲ្យដឹងថា “គ្មានអ្វីដើម្បីយកមកពិភាក្សានៅទីនេះទេ”។

បង្កើតឱកាសកសាងទំនាក់ទំនងរុស្ស៊ី-អាមេរិកដោយស្ថិរភាព

 ទោះជានៅមានទស្សនៈខុសប្លែកជាច្រើនក៏ដោយ ប៉ុន្តែជំនួបកំពូលលើកនេះក៏បានកត់សម្គាល់សញ្ញាវិជ្ជមានផងដែរ។ ថ្វីតែមិនមែនជាជំហានលោតផ្លោះក៏ដោយ ក៏វាបានបង្ហាញសុឆន្ទៈរបស់ភាគីទាំងពីរក្នុងបញ្ហាមួយចំនួន។គួរឲ្យកត់សម្គាល់ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើបញ្ហាសំខាន់ចំនួន៣។ ដំបូងបង្អស់ ភាគីទាំងពីរបានមូលមតិគ្នាអំពីការឆ្ពោះទៅរកស្ថិរភាពយុទ្ធសាស្ត្រ ព្រមទាំងនឹងអនុវត្តន៍ជំនួបពិគ្រោះយោបល់អន្តរផ្នែក ក្រោមសហអធិបតីភាព របស់ក្រសួងការបរទេសនៃប្រទេសទាំងពីរ អំពីការដាក់ឲ្យដំណើរការសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (START-3)។ សេចក្ដីថ្លែងការណ៍រួមនៃជំនួបកំពូលនេះ ក៏បានលើកឡើងថា វ៉ាស៊ីនតោណនិងម៉ូស្គូនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនូវកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយអំពីស្ថិរភាពយុទ្ធសាស្ត្រ ដោយផ្អែកតាមនោះបង្កើតឡើងមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រអាវុធនិងកាត់បន្ថយហានិភ័យនៅពេលអនាគតផងដែរ។ ទីពីគឺ ភាគីទាំងពីរបាន

ឯកភាពចាត់បញ្ជូនឯកអគ្គរដ្ឋទូតរបស់ប្រទេសខ្លួនវិលត្រឡប់ទៅបំពេញបេសកកម្មនៅប្រទេសផ្សេង ក៏ដូចជាចាប់ផ្ដើមកិច្ចប្រជុំពិគ្រោះយោបល់រវាងក្រសួងការបរទេសទាំងពីរ។ កាយវិកានេះគឺជាជំហានដ៏សំខាន់ដែលអាចជួយធ្វើឲ្យប្រក្រតីភាពឡើងវិញនូវប្រតិបត្តិការរបស់ស្ថាប័នតំណាងការទូតនៃប្រទេសទាំងពីរ ដែលកំពុងត្រូវជាប់គាំងនាពេលកន្លងមក ដោយសារការដាក់ទណ្ឌកម្មតបតគ្នាទៅវិញទៅមករវាងភាគីទាំងពីរ រួមទាំងការបណ្ដេញចេញអ្នកការទូតកាលពីខែមេសាកន្លងទៅ។ ជាទីបំផុត ចំពោះបញ្ហាសន្តិសុខអ៊ីនធឺរណិត ភាគីទាំងពីរបានឯកភាពលើការពិគ្រោះយោបល់យ៉ាងជាក់លាក់នាពេលខាងមុខ។

ថ្នាក់ដឹកនាំទាំងពីរក៏មានបទថ្លែងសន្ទរកថា បន្ទាប់ពីជំនួបនេះផងដែរ។ ប្រធានាធិបតីអាមេរិកលោក Joe Biden គូសបញ្ជាក់ថា ប៉ុន្មានខែខាងមុខនឹងជាពេលវេលាសាកល្បងចំពោះជំនួបនៅហ្សឺណែវ ដើម្បីនាំឲ្យអាមេរិកនិងរុស្ស៊ីខិតមកជិតនឹងការកែលម្អទំនាក់ទំនងទ្វេភាគី។ ក្នុងពេលជាមួយគ្នានោះ សមភាគីរុស្ស៊ី លោក Vladimir Putin បានវាយតម្លៃថា នេះជាជំនួបសន្ទនាដ៏បើកចំហរ និងស្មោះត្រង់ ដែលក្នុងនោះ ភាគីទាំងពីរមិនដាក់សម្ពាធលើគ្នាទៅវិញទៅមកនោះឡើយ។

ថ្វីត្បិតតែជំនួបកំពូលមិននាំមកនូវលទ្ធផលមានលក្ខណៈលោតផ្លោះណាមួយក៏ដោយ ប៉ុន្តែប្រការនេះមិនគួរឲ្យភ្ញាក់ផ្អើលទេ ដោយសារទំនាក់ទំនងទ្វេភាគីរវាងរុស្ស៊ី-អាមេរិកបានធ្លាក់ចុះដល់កម្រិតទាបបំផុតនាពេលកន្លងមក ហើយរាល់សញ្ញាវិជ្ជមានដើមដំបូងបានបង្ហាញឲ្យឃើញថា ភាគីទាំងពីរកំពុងមានការបោះជំហានដ៏ប្រុងប្រយ័ត្នសំដៅឆ្ពោះទៅរកទំនាក់ទំនងដោយស្ថិរភាព។ ការដែលភាគីទាំងពីរត្រៀមខ្លួនជាស្រេចដើម្បីផ្ទៀងស្ដាប់ទស្សនៈរបស់គ្នាអំពីបញ្ហាដែលនៅតែមានភាពខុសប្លែកគ្នា នៅជំនួបកំពូលលើកនេះ គឺជាការចាប់ផ្ដើមវិជ្ជមាន ដែលអាចបង្កើតឱកាសសម្រាប់កិច្ចសន្ទនាបន្ទាប់អំពីដំណោះស្រាយជាក់ស្ដែងជាង សំដៅកែលម្អទំនាក់ទំនងទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ