(VOVWORLD) - លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ថ្ងៃនេះ ជន កុម្មុយនិស្តនិងប្រជាជនវៀតណាមទាំងមូលអបអរសាទរខួបគម្រប់៩១ឆ្នាំនៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ១៩៣០ - ៣ កុម្ភៈ២០២១) នៅក្នុងបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង នៅពេលដែលមហា សន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមទទួលបានជោគជ័យប្រកបដោយផ្លែផ្កា ហើយដាក់សញ្ញាសម្គាល់ដ៏សែនសំខាន់សម្រាប់ស្ថិរភាពនិងការអភិវឌ្ឍរបស់វៀតណាមក្នុងរយៈពេលច្រើនឆ្នាំខាងមុខ។
គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមសនីតិកាលទី១៣អញ្ជើញបង្ហាញមុខនៅសម័យបទមហាសន្និបាតលើកទី១៣។ (រូបថត៖ dangcongsan.vn) |
រាល់ចំណាប់អារម្មណ៍អំពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សនៅតែដិតជាប់ក្នុងដួងចិត្តរបស់បណ្ដាប្រតិភូអញ្ជើញចូលរួមមហាសន្និបាត គឺលោកស្រី Tran Thi Loc នៅខេត្ត Bac Kan និងលោក Nguyen Phu Cuong នៅខេត្ត Dong Nai។ ប្រតិភូគ្រប់រូបសុទ្ធតែមានជំនឿមុតមាំចំពោះគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលថ្មី និងគោលមាគ៌ារបស់បក្សកុម្មុយនិស្តវៀតណាមដែលបានចែងក្នុងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាត។
“អាចនិយាយបានថា គណៈកម្មាធិការមជ្ឈឹមបក្ស ក៏ដូចជាការិយាល័យនយោបាយ លេខាធិការដ្ឋានមជ្ឈឹមនីតិកាលទី១៣ សុទ្ធតែជាសមមិត្តដ៏សក្ដិសមបំផុត ព្រមទាំងជាគំរូឆ្នើមៗដែលមានលក្ខណៈសម្បត្តិផងនិងសមត្ថភាពផង។ ខ្ញុំជឿជាក់ថា បណ្ដាសមមិត្តនឹងពង្រីកសមត្ថភាពដើម្បីនាំប្រទេសជាតិអភិវឌ្ឍនាពេលអនាគត”។
“សំខាន់បំផុតនោះគឺ ក្រោយពីមហាសន្និបាតលើកនេះ ត្រូវតែនាំសេចក្ដីសម្រេចចិត្តរបស់បក្សឈានចូលជីវភាពរស់នៅជាក់ស្ដែងភ្លាមៗ។ ខេត្ត Dong Nai យើង ក៏បានដាក់ចេញផែនការជម្រាបជូនមជ្ឈឹមអំពីរបៀបអនុវត្តភារកិច្ចនេះតែម្ដង ធ្វើយ៉ាងណាពង្រីកឲ្យបានល្អបំផុតនូវដំណោះស្រាយដែលបានដាក់ចេញ”។
ចំណែកឯលោក Hoang Trung Dung លេខាគណៈកម្មាធិការបក្សខេត្ត Ha Tinh និងលោក Ho Van Nen លេខាគណៈកម្មាធិការបក្សខេត្ត Gia Lai បានសង្កត់ធ្ងន់ទៅលើផែនការអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្សនៅមូលដ្ឋាន ដែលចូលរួមចំណែកដល់ការលើកកំពស់ជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាជនប្រចាំតំបន់ ក៏ដូចជារួមវិភាគទានដល់ការអភិវឌ្ឍរួមរបស់ប្រទេសជាតិផងដែរ។
“យើងខ្ញុំនឹងយកលទ្ធផលដ៏ល្អប្រសើរនៃមហាសន្និបាតមកអនុវត្តឲ្យបានសមស្របនឹងវិស័យនីមួយៗ តំបន់នីមួយៗ ដើម្បីឆ្លើយតបនឹងតម្រូវការ បំណងប្រាថ្នារបស់ប្រជាជន។ យើងខ្ញុំជឿជាក់ថា ក្នុងអាណត្តិថ្មី ប្រទេសយើងនឹងមានការរីកចម្រើនបន្តទៀត ហើយការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនឹងបន្តទទួលបានការយកចិត្តទុកដាក់ពិសេស ហើយការងារនេះនឹងជួយពង្រឹងជំនឿជឿជាក់ក្នុងប្រជាជន”។
“ដោយឈរលើមូលដ្ឋាននៃសេចក្ដីសម្រេចចិត្តលើកនេះ ជាមួយនឹងកម្មវិធី ផែនការនានារបស់មជ្ឈឹមក៏ដូចជាលក្ខណៈជាក់ស្ដែងនៅមូលដ្ឋាន យើងខ្ញុំនឹងកសាងកម្មវិធីធ្វើសកម្មភាពដើម្បីនាំសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ឈានចូលជីវភាពរស់នៅ រួមកម្លាំងកាយចិត្តជាមួយប្រជាជនទាំងមូល នាំប្រទេសយើងអភិវឌ្ឍយ៉ាងត្រឹមត្រូវតាមទិសដៅដែលសេចក្ដីសម្រេចចិត្តបានកំណត់”។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមបានប្រារព្ធធ្វើឡើងចំពេលវេលាដែលបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពវៀតណាមទាំង មូល បានអនុវត្តប្រកបដោយជោគជ័យនូវគោលជំហរ គោលដៅនិងភារកិច្ចជាច្រើន ដែលត្រូវបានចែងក្នុងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២របស់បក្ស ហើយសម្រេចបានសមិទ្ធ ផលសំខាន់ៗលើគ្រប់វិស័យ និងបង្កើតឡើងសញ្ញាសម្គាល់ដ៏លេចធ្លោជាច្រើន។
រាល់សមិទ្ធផលក្នុងប៉ុន្មានឆ្នាំកន្លងទៅ ជាមូលដ្ឋានគ្រឹះដើម្បីបក្សកុម្មុយនិស្តឆ្ពោះទៅគោលដៅកសាងប្រទេសវៀតណាមប្រកបដោយសុភមង្គលនិងសម្បូររុងរឿងក្នុងអាណត្តិខាងមុខនេះ។
មហាសន្និបាតលើកទី១៣ពិតជាការគូសសញ្ញាសម្គាល់ដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍរបស់បក្ស និងប្រជាជាតិ ដោយបំផុសឡើងសេចក្ដីប្រាថ្នាស្ដីពីភាពខ្លាំងមាំមួននិងវិបុលភាពរបស់ប្រជាជាតិវៀត ណាម។ លោក Le Hai Binh សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធាននាយកដ្ឋានព័ត៌មានកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចំណុះគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បានអះអាងថា៖ “បក្សមានភាពក្លាហាន ដោយបានអនុវត្តបុព្វហេតុផ្លាស់ប្ដូរថ្មីក្នុងអំឡុងពេល៣៥ ឆ្នាំកន្លងមក ហើយបានបង្កើតឡើងជំហានអភិវឌ្ឍថ្មីៗគួរឲ្យកត់សម្គាល់។ អាចនិយាយបានថា រហូតដល់សព្វថ្ងៃ យើងមានលក្ខណៈគ្រប់គ្រាន់ដើម្បីអនុវត្តសេចក្ដីប្រាថ្នាស្ដីពីការអភិវឌ្ឍប្រទេសជាតិប្រកបដោយសុភមង្គល សម្បូររុងរឿង ដូចដែលលោកអគ្គលេខបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ថា ប្រទេសយើងមិនធ្លាប់មានបុព្វហេតុ កម្លាំង ឋានៈនិងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនោះឡើយ”។
លោក Phung Huu Phu អនុប្រធានក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹម។ |
ប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសជាតិកំពុងឈរនៅចំពោះមុខឱកាសនិងបញ្ហាប្រឈមជាច្រើន មហាសន្និបាតទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម មានទំនួលខុសត្រូវប្រវត្តិសាស្ត្រដ៏ធំធេងចំពោះមាតុភូមិ ជនរួមជាតិនិងប្រជាជាតិ មិនត្រឹមតែក្នុងដំណាក់កាល៥ឆ្នាំ ២០២១-២០២៥ប៉ុណ្ណោះទេ ថែមទាំងសម្រាប់រាល់ទសវត្សរ៍ខាងមុខ សម្រាប់ជំនាន់អនាគតរបស់ប្រទេសជាតិទៀតផង។ លោក Phung Huu Phu អនុប្រធានក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹម បានសង្កត់ធ្ងន់ថា៖ “នៅលើដំណើរការអភិវឌ្ឍខាងមុខ វៀតណាមមានព្រឹត្តិការណ៍ធំៗចំនួន២នោះគឺការអបអរសាទរខួបគម្រប់១០០ឆ្នាំនៃទិវាបង្កើតបក្សនិង១០០ឆ្នាំទិវាបង្កើតប្រទេសជាតិ។ ព្រឹត្តិការណ៍ទាំងពីរនេះមិនមែនជាព្រឹត្តិការណ៍ធម្មតានោះទេ ប៉ុន្តែត្រូវជាសញ្ញាសម្គាល់ចំនួន២នៃការអភិវឌ្ឍឡើងកំពស់ថ្មីរបស់ប្រទេសជាតិ។ យើងមានបំណងថា នៅព្រឹត្តិការណ៍ទាំង២នេះ យើងនឹងសម្រេចបានការរីកចម្រើនជាលក្ខណៈលោតផ្លោះ។ ចង់បានអញ្ចឹង គឺយើងត្រូវតែពូនជ្រុំឲ្យសេចក្ដីប្រាថ្នា ឆន្ទៈ និងការប្ដេជ្ញាចិត្តឈានឡើងយ៉ាងខ្លាំងក្លារបស់ប្រជាជាតិទាំងមូល”។
“ប្រទេសមិនធ្លាប់មានបុព្វហេតុ កម្លាំង ឋានៈនិងកិត្យានុភាពដូចសព្វថ្ងៃឡើយ” ប៉ុន្តែប្រជាជាតិ វៀតណាមនឹងត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជំនះពុះពារលើការលំបាកឧបសគ្គថ្មី ដើម្បីសម្រេចបានសមិទ្ធផលឲ្យបានច្រើនថែមទៀត។ ក្នុងសុន្ទរកថានៅសម័យបិទមហាសន្និបាតលើកទី១៣របស់បក្ស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអះអាងថា៖ “ជោគជ័យដ៏ល្អប្រសើរនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្ស ជាការគាំទ្រយ៉ាងខ្លាំងក្លាចំពោះបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលដើម្បីបន្តជំនះពុះពារលើការលំបាកឧបសគ្គ ឆ្លៀតយកឱកាសនិងលក្ខណៈងាយស្រួល ខិតខំនាំប្រទេសយើងក្លាយទៅជាប្រទេសអភិវឌ្ឍដោយមានប្រាក់ចំណូលខ្ពស់ តាមទិសដៅសង្គមនិយម។ ខ្ញុំស្នើថា បន្ទាប់ពីមហាសន្និបាត គណៈកម្មាធិការបក្ស និងអង្គការបក្សគ្រប់ជាន់ថ្នាក់ ត្រូវផ្ដោតសំខាន់ទៅលើការផ្សព្វផ្សាយ ឃោសនាយ៉ាងទូលំទូលាយក្នុងបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល អំពីលទ្ធផលនៃមហាសន្និបាត។ ទន្ទឹមនឹងនោះ កសាងនិងដាក់ឲ្យដំណើរការយ៉ាងឆាប់ៗនូវកម្មវិធី ផែនការធ្វើសកម្មភាព បំផុសចលនាប្រឡងប្រណាំងស្នេហារជាតិយ៉ាងទូលំទូលាយ រីកសាយភាយស្មារតីច្នៃប្រឌិត ជំនះពុះពារលើគ្រប់ការលំបាកឧបសគ្គ ដើម្បីនាំសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតឈានចូលជីវភាពរស់នៅ ហើយប្រែក្លាយរាល់ការសម្រេចចិត្តនៃមហាសន្និបាតទៅជាការពិតផងដែរ”។
មហាសន្និបាតលើកទី១៣របស់បក្សជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបានបើកទំព័រថ្មីក្នុងដំណើរការអភិវឌ្ឍរបស់វៀតណាម ឆ្ពោះទៅកសាងប្រទេសជាតិប្រកបដោយសុភមង្គលនិងសម្បូររុងរឿង។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ជោគជ័យនៃមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្ត វៀតណាមបានអនុញ្ញាតឲ្យយើងក្រឡេកមើលឡើងវិញនូវដំណើរការក្នុងអំឡុងពេល៩១ឆ្នាំ ដែលបក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រជាជាតិដើរពីជ័យជំនះមួយទៅជ័យជំនះមួយទៀត ហើយក្លាយទៅជាប្រទេសមួយបានប្រកៀកស្មាជាមួយមិត្តភក្តិអន្តរជាតិ។
៩១ឆ្នាំបានកន្លងផុតទៅ បក្សកុម្មុយនិស្តវៀតណាមបន្តទទួលភារកិច្ចដ៏ខ្ពង់ខ្ពស់ ដោយដឹកនាំប្រទេសជាតិអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាពនិងខ្លាំងមាំមួន។
ប្រជាជាតិទាំងមូលមានជំនឿដ៏មុតមាំថា ក្រោមការដឹកនាំរបស់បក្ស ក្នុងអនាគតមិនយូរខាងមុខនេះ ប្រទេសវៀតណាមនឹងក្លាយទៅជាប្រទេសសុភមង្គលនិងសម្បូររុងរឿងយ៉ាងពិតប្រាកដ នៅលើដំណើរការឈានឡើងសង្គមនិយម៕