ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត៖ កាត់បន្ថយគម្លាតរវាងសមាជិករដ្ឋសភានិងប្រជាជន
(VOVWORLD) - អាណត្តិរដ្ឋសភានីតិកាលទី ១៤ បានបង្ហាញពីការផ្លាស់ប្តូរជាមូលដ្ឋាន ក្នុងសកម្មភាពជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត។ តាមរយៈការជួបប្រាស្រ័យជាមួយម្ចាស់ឆ្នោតរបស់សមាជិកសភា មតិយោបល់រាប់ម៉ឺនរាប់ពាន់របស់អ្នកបោះឆ្នោត ត្រូវបានបញ្ជូនដោយផ្ទាល់ទៅកាន់ក្រសួងនិងស្ថាប័ននានា ហើយនេះជាមូលដ្ឋានដ៏សំខាន់សម្រាប់រដ្ឋាភិបាលក្នុងការជំនះរាល់បញ្ហាថ្មីៗ ដែលកើតមានឡើងក្នុងស្ថានភាពជាក់ស្តែង។ ប្រការនេះមិនត្រឹមតែរួមចំណែកលើកកម្ពស់ទំនុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់បក្សនិងរដ្ឋប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយគម្លាតរវាងរដ្ឋសភានិងប្រជាជនទៀតផង។
លោក Nguyen Lan Dung (រូបថត៖ vov.vn) |
នៅជិតជាមួយប្រជាជនដើម្បីបំពេញសេចក្តីប្រាថ្នារបស់ប្រជាជន
ទំនាក់ទំនងជិតស្និទ្ធជាមួយម្ចាស់ឆ្នោតនិងប្រជាជន ត្រូវបានរដ្ឋសភាចាត់ទុកថាជាតម្រូវការ ជាបេសកកម្ម ហើយក៏ជាគោលដៅកំពូលផងដែរ។ តាមនោះ រដ្ឋសភាតែងតែផ្តោតការយកចិត្តទុកដាក់ចំពោះសកម្មភាពជំរុញនិងផ្លាស់ប្តូរថ្មីនូវសកម្មភាព ទម្រង់បែបបទនិងវិធានការនានា ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងអ្នកបោះឆ្នោតនិងសមាជិករដ្ឋសភាកាន់តែមានភាពជិតស្និទ្ធ កាន់តែស៊ីជម្រៅ ក៏ដូចជា ស្របតាមស្ថានភាពជាក់ស្តែង។
សកម្មភាពជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតរបស់សមាជិករដ្ឋសភា ត្រូវបានដំណើរការជាប្រចាំក្រោមគ្រប់រូបភាព និងអាចបត់បែនបានក្នុងស្ថានភាពលំបាកដោយសារជំងឺរាតត្បាតនិងគ្រោះមហន្តរាយធម្មជាតិ (តាមប្រព័ន្ធអ៊ិនធឺរណែត) ជាដើម។ ទីតាំងសម្រាប់ការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតត្រូវបានធ្វើឡើងតាមតំបន់ផ្សេងៗគ្នាជាច្រើន ដោយផ្តោតជាពិសេសលើតំបន់ដែលមានការលំបាកពិសេស តំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រៃភ្នំនិងតំបន់ដែលមានជនជាតិភាគតិចរស់នៅ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង។ ការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមានការផ្លាស់ប្តូរថ្មី ដែលទាក់ទាញការចូលរួមពីអ្នកបោះឆ្នោតមួយចំនួនធំក៏ដូចជាប្រមូលផ្តុំបាននូវមតិយោបល់និងអនុសាសន៍ជាច្រើនពីមូលដ្ឋាន។ បើនិយាយអំពីអាណត្តិ ទី ១៤ នៃរដ្ឋសភាវិញ ចំនួនការជួបប្រាស្រ័យឈានដល់រាប់ម៉ឺនលើកលើទូទាំងប្រទេស ហើយនេះជាឱកាសដើម្បីស្វែងយល់បន្ថែមពីប្រជាជន ស្តាប់មតិយោបល់និងសេចក្តីប្រាថ្នាសមស្របរបស់ប្រជាជន។
បញ្ហាក្តៅគគុកជាច្រើនក្នុងសង្គមត្រូវបានអ្នកបោះឆ្នោតលើកឡើង នៅឯការជួបសំណេះ សំណាល ដូចជាល្បឿននៃការកសាងផ្លូវដែកក្នុងទីក្រុងហាណូយ Cat Linh - Ha Dong, គោលនយោបាយពិសេសសម្រាប់ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច តំបន់ព្រៃភ្នំ ថ្លៃអគ្គិសនី ឬស្ថានភាពនៃការរំលោភបំពានលើកុមារជាដើម។ សំឡេងរបស់ប្រជាជនបានទៅដល់សាលប្រជុំ ហើយរដ្ឋាភិបាលបានផ្ទៀងស្តាប់និងបញ្ជាណែនាំដោះស្រាយជាបន្ទាន់។ លោក Le Nam អ្នកបោះឆ្នោតខ័ណ្ឌ Thanh Xuan បានសំណេះសំណាល ថា៖ “បញ្ហាក្តៅគកុកដែលយើងបានស្នើ ដូចជាការដោះស្រាយចំណុចលិចទឹក ការបង្ការពន្លត់អគ្គិភ័យ ការរក្សាសណ្តាប់ធ្នាប់ កសាងទីក្រុង ឬការប្រឆាំងអំពើពុករលួយ សុទ្ធតែ ត្រូវបានបញ្ជូនទៅស្ថាប័នមានសមត្ថ កិច្ច ហើយត្រូវបានទទួលយកភ្លាមៗ។ រហូតមកដល់ពេលនេះមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ជាច្រើនដែរ”។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ vov.vn) |
បន្តផ្លាស់ប្តូរសកម្មភាពសំណេះសំណាលជាមួយម្ចាស់ឆ្នោត
បញ្ហាដែលម្ចាស់ឆ្នោតផ្ញើរជូនដល់សមាជិករដ្ឋសភា ត្រូវបានរដ្ឋាភិបាលក្រសួង ស្ថាប័ននានាទទួលយក សំដៅបំពេញគោលនយោបាយច្បាប់និងជំនះក្នុងការអនុវត្តជាក់ស្តែង។ ក្នុងបរិបទនៃការបង្កើនកម្រិតបញ្ញា រួមជាមួយការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការទទួលបានព័ត៌មានរបស់ម្ចាស់ឆ្នោតកាន់តែលឿនជាងមុន ដែលទាមទារឱ្យសមាជិករដ្ឋសភា ត្រូវមានការផ្លាស់ប្តូរថ្មីខ្លួនឯងជានិច្ច ដើម្បីអាចបំពេញភារកិច្ចរបស់សមាជិករដ្ឋសភាជាមួយប្រជាជន។ លោក Nguyen Lan Dung ដែលជាសមាជិករដ្ឋសភានីតិកាលទី ១០,១១,១២ បានសំណេះសំណាលថា៖ “សមាជិករដ្ឋសភាត្រូវជាអ្នកដែលយល់ពីប្រជាជន មានន័យថា មិនត្រឹមតែនៅក្នុងបណ្តាការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតប៉ុណ្ណោះទេ ថែមទាំងត្រូវស្តាប់មើលតើប្រជាជនកំពុងគិតអ្វី កំពុងប្រឈមមុខនឹងបញ្ហាអ្វី ហើយប្រជាជនកំពុងរំពឹងទុកលើអ្វី។ សមាជិករដ្ឋសភាម្នាក់ៗ ត្រូវជ្រាបថា ខ្លួនជាតំណាងរបស់ប្រជាជន”។
យោងតាមប្រធានរដ្ឋសភា លោក Vuong Dinh Hue ដើម្បីបង្កើនប្រសិទ្ធភាពនៃសកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ត្រូវផ្តោតការយកចិត្តទុកដាក់លើភាពរស់រវើក ទាន់ពេលវេលា និងពង្រឹងការដោះស្រាយនៅនឹងកន្លែងនៃបញ្ហាបន្ទាន់៖ “ត្រូវមានការស្រាវជ្រាវដើម្បីអាចជួបប្រាស្រ័យជាមួយចំនួនអ្នកបោះ ឆ្នោតច្រើនជាង ហើយមានសមាសភាពមានភាពចម្រុះច្រើន ជាពិសេសផ្តល់ចម្លើយផ្ទាល់និងទាន់ពេលវេលា នូវបញ្ហាដែលសាធារណៈមតិនិងប្រជាជនយកចិត្តទុកដាក់។ ជារឿយៗ បញ្ហាបន្ទាន់ដែលកើតឡើងនៅពេល ជួបប្រាស្រ័យ គឺ ទាមទារឱ្យមានចម្លើយឲ្យចំ បកស្រាយដោយផ្ទាល់នៅនឹងកន្លែងតែម្តង”។
នៅជិតជាមួយប្រជាជន អាស្រ័យលើប្រជាជន យកប្រជាជនជាឬសគល់ បាននិងកំពុងជួយឲ្យសកម្មភាពរបស់រដ្ឋសភាកាន់តែមានប្រសិទ្ធិភាព បង្កើតការជឿទុកចិត្ត ឋានៈ និងកិត្យានុភាពរបស់ប្រជាជន ចំពោះស្ថាប័នដែលមានអំណាចខ្ពស់បំផុតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕