ជំពូកថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរវៀតណាម-បង់ក្លាដែស
(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាបង់ក្លាដែសលោកស្រី Shirin Sharmin Chaudhury ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែសចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកញ្ញា។ ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍នយោបាយកិច្ចការបរទេសដ៏សំខាន់បំផុតរបស់ប្រទេសទាំងពីរក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរឱ្យកាន់តែជាក់ស្ដែងផងដែរ។
ពិធីទទួលស្វាគមន៍ប្រធានរដ្ឋសភា លោក Vuong Dinh Hue នៅអាកាសយានដ្ឋានអន្តរជាតិ Hazart Shahjalal រដ្ឋធានី Dhaka ប្រទេសបង់ក្លាដែស។ (ប្រភព៖ VNA) |
វៀតណាមនិងបង់ក្លាដែសបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ១៩៧៣។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងបង់ក្លាកាន់តែត្រូវបានពង្រឹងនិងអភិវឌ្ឍន៍លើគ្រប់វិស័យ។
កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ
ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរមានការរីកចម្រើនលើគ្រប់វិស័យ ចាប់ពីនយោបាយ-ការទូត សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ អប់រំ សន្តិសុខ និងការពារជាតិ... ថ្នាក់ដឹកនាំបង់ក្លាដែស យកចិត្តទុកដាក់ពិសេសចំពោះទំនាក់ទំនងជាមួយវៀតណាម ដែលបង្ហាញតាមរយៈការដែលចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៧ មានថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន៣រូប គឺលោកប្រធានាធិបតី Md. Abdul Hamid លោកនាយករដ្ឋមន្ត្រី Sheikh Hasina និងលោកស្រីប្រធានរដ្ឋសភា Shirin Sharmin Chaudhury បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។
វៀតណាមនិងបង់ក្លាដែសបានបង្កើតយន្តការសហប្រតិបត្តិការសំខាន់ៗជាច្រើន ក្នុងនោះមានគណៈកម្មាធិការចម្រុះផ្នែកសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺជាចំណុចភ្លឺដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់សហគ្រាសនិងប្រជាជននៃប្រទេសទាំងពីរ។ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងបួនដងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ហើយកំពុងខិតជិតគោលដៅ ២ ពាន់លានដុល្លារអាមេរិក។ ប្រទេសទាំងពីរក៏ទើបតែពន្យាពេលអនុស្សរណៈនៃការយោគយល់គ្នាដើម្បីឲ្យបង់ក្លាដែសដើម្បីបន្តទិញអង្ករពីវៀតណាមរយៈពេល ៥ ឆ្នាំទៀត (រហូតដល់ឆ្នាំ ២០២៧) ហើយជាមួយគ្នានោះមានកិច្ចសហប្រតិបត្តិការជាច្រើនដែលប្រទេសទាំងពីរអាចបំពេញបន្ថែមគ្នាទៅវិញទៅមក។ ទីផ្សារអ្នកប្រើប្រាស់ ១៧០ លាននាក់នៅបង់ក្លាដែស និង ១០០ លាននាក់នៅវៀតណាម គឺជាឱកាសសម្រាប់ប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងវិស័យពាណិជ្ជកម្មនាពេលខាងមុខ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបង់ក្លាដែស លោក Nguyen Manh Cuong បានធ្វើអត្ថាធិប្បាយថា៖
“ដោយមានគោលដៅខិតខំបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរពី ១,៥ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២២ ឡើងដល់ ២ ពាន់លាននាពេលខាងមុខ ដំណើរទស្សនកិច្ចនេះនឹងបង្កើតរបកកំហើញក្នុងទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចូលរួមថ្លែងសុន្ទរកថា ហើយធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអាជីវកម្មរវាងសហគ្រាសវៀតណាមនិងសហគ្រាសបង់ក្លាដែសមួយចំនួន នៅវេទិកាគោលនយោបាយនិងច្បាប់អំពីការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាម និងបង់ក្លាដែស នៅរដ្ឋធានីដាកា”។
ពង្រឹងកិច្ចសហប្រតិបត្តិការសភា
ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិនិងតំបន់មានការប្រែប្រួលជាច្រើន ការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលជាមិត្តភក្តិប្រពៃណី តាមកាណាលការទូតសភានឹងរួមចំណែកក្នុងការពង្រឹងនិងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនិងរដ្ឋសភាទាំងពីរ។
រដ្ឋសភាវៀតណាម និងរដ្ឋសភាបង់ក្លាដែសបាននិងកំពុងសម្របសម្រួលជំរុញនិងឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ ភាគីទាំងពីរសម្របសម្រួលជាប្រចាំនៅវេទិកាអន្តរសភាអន្តរជាតិ និងតំបន់ ដែលរដ្ឋសភាទាំងពីរជាសមាជិកដូចជា៖ សហភាពអន្តរសភាពិភពលោក (IPU) វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក សន្និសីទភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ... អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Le Anh Tuan បានសង្កត់ធ្ងន់លើខ្លឹមសារសំខាន់ៗនៃដំណើរទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែសរបស់លោកប្រធានរដ្ឋសភា Vuong Dinh Hue យ៉ាងដូច្នេះថា៖
“នេះគឺជាលើកដំបូង ដែលរដ្ឋសភាទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ដែលធ្វើជាមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការជាប្រចាំនិងនិរន្តរភាព ដោយផ្តោតលើខ្លឹមសារដូចជា៖ ការចែករំលែកបទពិសោធន៍ផ្នែកនីតិប្បញ្ញត្តិ ការឃ្លាំមើលនិងវិស័យផ្សេងៗទៀត ពាក់ព័ន្ធនឹងសកម្មភាពរដ្ឋសភា; ជួយឧបត្ថម្ភនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានសម្របសម្រួលអនុវត្តន៍ការសន្យារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងសេចក្តីថ្លែងការណ៍រួមរវាងប្រធានាធិបតីបង់ក្លាដែស និងប្រធានរដ្ឋវៀតណាមក្នុងឆ្នាំ ២០១៨។ ក្នុងឱកាសដំណើរទស្សនកិច្ចនេះ រដ្ឋសភាទាំងពីរក៏ប្រកាសពីការបង្កើតក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរផងដែរ។”
ដំណើរទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស របស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មានគោលបំណងអនុវត្តន៍គោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពិពិធកម្ម និងពហុភាគីភាវូបនីយកម្មនូវទំនាក់ទំនងកិច្ចការបរទេសរបស់វៀតណាម; ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភាបង់ក្លាដែសនិយាយដោយឡែក និងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងបង់ក្លាដែសនិយាយរួម៕