ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងហ្វីលីពីន

(VOVWORLD) - ទទួលបានការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. និងលោកជំទាវ បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែមករា។ សកម្មភាពកិច្ចការបរទេសដ៏សំខាន់នេះ គឺសំដៅបញ្ជាក់ឡើងវិញនូវភាពជា ដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរ ជំរុញទំនុកចិត្តផ្នែកនយោបាយនៅកម្រិតខ្ពស់បំផុត និងធ្វើជាកម្លាំងចលករដើម្បីជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងហ្វីលីពីននាពេលខាងមុខផងដែរ។

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Romualdez Marcos Jr. នៅវៀតណាមចាប់តាំងពីចូលកាន់តំណែង (ខែមិថុនា ឆ្នាំ ២០២២)។ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Marcos នៅវៀតណាមប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសទាំងពីរឆ្ពោះទៅការអបអរសាទរខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (២០១៥-
២០២៥) និង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៧៦-២០២៦)។

រក្សាសន្ទុះអភិវឌ្ឍន៍ដ៏ខ្លាំងក្លា

ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ១៩៧៦ មក ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងវិជ្ជមាន ជាពិសេសទំនាក់ទំនងនយោបាយកម្រិតខ្ពស់ត្រូវបានរក្សាជាប្រចាំ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងវិជ្ជមាន។ ទំហំពាណិជ្ជកម្មទ្វេភាគី សរុបសម្រេចបានកម្រិត ២,៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០១០។ នៅឆ្នាំ ២០២០ ចំនួននេះបានកើនឡើងទ្វេដងដល់ ៥,៣ ពាន់លានដុល្លារ ហើយសូម្បីតែក្នុងអំឡុង ពេលនៃវិបត្តិកូវីដ-១៩ ក៏ដោយ ក៏ទំហំពាណិជ្ជកម្មទ្វេភាគីនៅតែបន្តកើនឡើងដល់ ៦,៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ និង ៧,៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ នៅឆ្នាំ ២០២៣ ចំនួននេះត្រូវបានគេប៉ាន់ប្រមាណថាស្រដៀងនឹងឆ្នាំ ២០២២។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន លោក Lai Thai Binh បានចាត់ទុកថា៖

“នេះគឺជាវឌ្ឍនភាពប្រកបដោយភាពវិជ្ជមាន ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែង រវាងភាគីទាំងពីរក្នុងការរក្សាការផ្លាស់ប្តូរពាណិជ្ជកម្មក្នុងបរិបទនៃការលំបាកជាច្រើន។ អាចនិយាយបានថា រហូតមកដល់ពេលនេះ សេដ្ឋកិច្ចរវាងភាគីទាំងពីរនៅតែបន្តបំពេញឲ្យគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធ។ លើសពីនេះ កិច្ចសហប្រតិបត្តិការលើ វិស័យផ្សេងៗទៀតដែលទាក់ទងនឹងការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរ ប្រជាជនជាមួយប្រជាជនបន្តត្រូវបានពង្រីក រក្សា និងមានការអភិវឌ្ឍជាវិជ្ជមានផងដែរ”។

បច្ចុប្បន្នហ្វីលីពីនគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៦ របស់វៀតណាមក្នុង អាស៊ាន និងទី ១៦ នៅលើពិភពលោក ព្រមទាំងជាទីផ្សារនាំចេញអង្ករធំបំផុតរបស់ វៀតណាមផងដែរ។ ក្រៅពីផលប្រយោជន៍ផ្នែកពាណិជ្ជកម្ម ការនាំចេញអង្កររបស់ វៀតណាមទៅកាន់ហ្វីលីពីនក៏រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ហ្វីលីពីនក្នុងការធានាសន្តិសុខស្បៀងអាហារផងដែរ។ ក្នុងបរិបទដែលវៀតណាមជា ប្រទេសនាំចេញកសិផលនាំមុខគេក្នុងតំបន់ ហើយហ្វីលីពីនជាប្រទេសដែលមានចំនួន ប្រជាជនច្រើនជាងគេទីពីរក្នុងអាស៊ាន កិច្ចសហប្រតិបត្តិការកសិកម្មរវាងប្រទេស ទាំងពីរនៅតែមានឱកាសជាច្រើនដើម្បីបន្តអភិវឌ្ឍន៍បន្ថែមទៀត។ ភាគីទាំងពីរកំពុងដាក់ពង្រាយយ៉ាងសកម្មនូវកម្មវិធីសកម្មភាពអនុវត្តន៍ភាពជា ដៃគូយុទ្ធសាស្ត្រដំណាក់កាល ២០១៩-២០២៤ ដោយខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យសម្រេចបាន ១០  ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។

ក្រៅពីកិច្ចសហ ប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគនោះ វិស័យវប្បធម៌ អប់រំ និងទេសចរណ៍ក៏ជា វិស័យដែលប្រទេសទាំងពីរតែងតែពង្រឹងសកម្មភាព និងកិច្ចសហប្រតិបត្តិការផងដែរ។ ចំនួនភ្ញៀវទេសចរផ្លូវពីរបានកើនឡើងវិញបន្ទាប់ពីរយៈពេលរងផលប៉ះពាល់ដោយជំងឺរាតត្បាត។ ក្នុងបញ្ហាតំបន់និងអន្តរជាតិ ភាគីទាំងពីរតែងតែសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកា និងអង្គការអន្តរជាតិសំខាន់ៗជាច្រើនដូចជាអង្គការសហ ប្រជាជាតិ និងអាស៊ាន...

ផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការក្នុងបរិបទអន្តរជាតិនិងតំបន់បច្ចុប្បន្ន

វៀតណាម និងហ្វីលីពីនចែករំលែកភាពស្រដៀងគ្នាជាច្រើនទាក់ទងនឹងភូមិសាស្ត្រ ទំហំចំនួនប្រជាជន កម្រិតអភិវឌ្ឍន៍ ហើយអាចនិយាយបានថា ភាគីទាំងពីរក៏ មានភាពស្រដៀងគ្នាជាច្រើនទាក់ទងនឹងប្រវត្តិសាស្ត្រ វប្បធម៌ និងមនុស្សផងដែរ។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏អំណោយផលបំផុត ដើម្បីឲ្យប្រទេសទាំងពីរបន្តជំរុញ វិស័យសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅហ្វីលីពីន លោក Lai Thai Binh បានអះអាងថា៖

“ក្រៅពីអត្ថន័យទ្វេភាគី ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Marcos ក៏មានសារៈសំខាន់ក្នុងការបញ្ជាក់ពីការសម្របសម្រួលរវាងប្រទេសសមាជិកអាស៊ានទាំងពីរ ក៏ដូចជាការលើកកម្ពស់មជ្ឈភាពរបស់អាស៊ានផងដែរ។ តាមរយៈដំណើរ ទស្សនកិច្ចលើកនេះ ទំនាក់ទំនងរវាងភាគីទាំងពីរនឹងត្រូវបានជំរុញគ្រប់ជ្រុងជ្រោយ រួមវិភាគទានយ៉ាងសកម្មចំពោះផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូច ជាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។ ប្រការនេះមានសារសំខានៈខ្លាំងណាស់នៅក្នុងបរិបទដែលស្ថានភាពអន្តរជាតិ និង តំបន់បន្តមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ”។

ជាមួយនឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងល្អប្រសើរជិត ៥០ ឆ្នាំ មក ដំណើរទស្សនកិច្ចជាផ្លូវការ នៅវៀតណាមរបស់ប្រធានាធិបតីហ្វីលីពីន នឹងរួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីននិយាយរួម និងទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស ទាំងពីរ និយាយដោយឡែក ព្រមទាំងពង្រឹងទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ