ជំរុញទំនាក់ទំនងរវាងវៀតណាមនិងន័រវេស

(VOVWORLD) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc នឹង អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជា ណាចន័រវេសចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែឧសភា តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីន័រវេសលោកស្រី Erna Solberg។ ដំណើរទស្សនកិច្ចលើកនេះគឺសំដៅធ្វើអោយស៊ីជំរៅថែមទៀត នូវទំនាក់ទំនងមិត្តភាពប្រពៃណី ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរអោយកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាពថែមទៀត។

ក៏ដូចជាប្រទេសអឺរ៉ុបខាងជើងជាច្រើនផ្សេងទៀត កាលពីមុននេះ ន័រវេសមានចលនាគាំទ្រយ៉ាងខ្លាំងក្លាចំពោះការតស៊ូដណ្ដើមឯករាជ្យជាតិរបស់វៀតណាម។ នាបច្ចុប្បន្ន ន័រវេសកំពុងជួយឧបត្ថម្ភវៀតណាមក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី កាត់បន្ថយភាពក្រីក្រ និងធ្វើសមាហរណកម្មអន្តរជាតិ។ ប្រទេសទាំងពីរក៏បានសហប្រតិបតិ្តការគ្នាប្រកបដោយប្រសិទ្ធភាពនៅវេទិកាពហុភាគីនានាដូចជាអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងធនាគារពិភពលោក ផងដែរ។

       កិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មវិនិយោគរីកចម្រើនយ៉ាងសកម្ម

        ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រន័រវេសរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc គឺសំដៅបង្កើនទំនាក់ទំនងមិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការសម្បូរបែបរវាងវៀតណាមនិងន័រវេស ជាពិសេសគឺកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មវិនិយោគ។

        នាខែវិច្ចិកាឆ្នាំ២០០៦ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្ដីពីការគាំទ្រកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ន័រវេស ហើយបង្កើតក្រុមការងារទ្វេភាគី សំដៅជំរុញសកម្មភាពពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំងពីរ។ នាខែមីនាឆ្នាំ២០១២ វៀតណាមនិងក្រុមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) រួមមានន័រវេស ស្វីស អ៊ីស្លង់ និង Liechtenstein បានចាប់ផ្ដើមកិច្ចចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។ មុននោះ ក្រុម EFTA បានទទួលស្គាល់នូវយន្តការសេដ្ឋកិច្ចទីផ្សារចំពោះវៀតណាម។ ភាគីទាំងពីរបានដំណើរការជំនួបចរចាចំនួន១៦លើករួចមកហើយ។ នាឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម-ន័រវេស ទទួលបានចំនួន៣៦៣លានដុល្លាអាមេរិក។ នាបច្ចុប្បន្ន ន័រវេសមានគម្រោងវិនិយោគសល់សុពលភាពចំនួន៤១គម្រោងក្នុងដើមទុនចុះបញ្ជីសរុបប្រមាណ១៦៦លានដុល្លាអាមេរិក ដែលឈរលំដាប់ទី៤១/១៣០ប្រទេសនិងតំបន់ដែនដីដែលកំពុងបណ្ដាក់ទុនចូលមកវៀតណាម។ មានសហគ្រាសន័រវេសចំនួន៤០អង្គភាពកំពុងធ្វើសកម្មភាពនៅវៀតណាម ដែលផ្ដោតទៅលើវិស័យកែច្នៃឈើ សម្ភារៈសំណង់និងគ្រឿងសង្ហារឹម កសិកម្ម រក្ខប្រមាញ់ ផលនេសាទ ព័ត៌មាននិងផ្សព្វផ្សាយ។

       កិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព

        នាបច្ចុប្បន្ន ន័រវេសកំពុងជាអ្នកផ្ដល់ហិរញ្ញប្បទានមួយក្នុងចំណោមអ្នកផ្ដល់ហិរញ្ញប្បទានធំបំផុតសម្រាប់វៀតណាមក្នុងកម្មវិធីអង្គការសហប្រជាជាតិស្ដីពីការកាត់បន្ថយការបញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់ តាមរយៈការកាត់បន្ថយការបាត់បង់និងរេចរិលព្រៃឈើ (UNREDD)។ នាខែធ្នូឆ្នាំ២០១២ ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមដែលក្នុងនោះ ន័រវេសបានសន្យាបន្តផ្ដល់ហិរញ្ញប្បទានចំនួន៣០លានដុល្លាអាមេរិកសម្រាប់កម្មវិធី UNREDD នៅវៀតណាមដំណាក់កាលទី២ (២០១៣-២០១៥)។ ទន្ទឹមនឹងនោះ បណ្ដាគម្រោងផ្សេងៗលើវិស័យជាច្រើនដូចជាវិស័យអប់រំ សុខាភិបាល គ្រប់គ្រងធនធានធម្មជាតិ ថាមពលកកើតឡើងវិញ ដែលន័រវេសផ្ដល់ហិរញ្ញប្បទានសម្រាប់វៀតណាមនោះ ក៏កំពុងត្រូវបានដំណើរការប្រកបដោយប្រសិទ្ធភាព ទៀតផង។

        ទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិងន័រវេសលើវិស័យផ្សេងៗដូចជាអប់រំ បណ្ដុះបណ្ដាល វប្បធម៌ ទេសចរណ៍ សន្តិសុខការពារជាតិ ក៏សម្រេចបាននូវលទ្ធផលល្អដែរ។ ន័រវេសកំពុងផ្គត់ផ្គង់អាហារូបករណ៍ជូនចំពោះសិស្សានុសិស្សវៀតណាម ជួយឧបត្ថម្ភបណ្ដុះបណ្ដាលកម្មាភិបាល គ្រូបង្រៀនសម្រាប់សាកលវិទ្យាល័យមួយចំនួននៅវៀតណាម ព្រមទាំងបណ្ដុះបណ្ដាលកម្មាភិបាលក្នុងវិស័យសិទ្ធិមនុស្សនិងរក្សាសន្តិភាព ផងដែរ។ ន័រវេសក៏បានជួយឧបត្ថម្ភយ៉ាងសកម្មដល់វៀតណាមក្នុងការកសាងសាលារៀនសម្រាប់កុមារជាជនជាតិភាគតិចនៅវៀតណាម ផ្ដល់ហិរញ្ញប្បទានចំពោះគម្រោងអប់រំថ្នាក់បឋមសិក្សាសម្រាប់កុមារក្រីក្រ និងជួយចងក្រងវចនានុក្រមជនជាតិវិទ្យា ជាដើម។

        ដោយឈរលើមូលដ្ឋាននោះ ដំណើរទស្សនកិច្ចជាផ្លូវការនៅន័រវេសរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែឧសភា នឹងបង្កើតឡើងកម្លាំងចលករដ៏ខ្លាំងក្លាថែមទៀតចំពោះទំនាក់ទំនងទ្វេភាគី ជាពិសេសគឺលើកកំពស់កិច្ចសហប្រតិបិត្តការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ