ជំរុញបណ្ដាដំណោះស្រាយអភិវឌ្ឍការងារធ្វើក្រោយជំងឺរាតត្បាតសកល Covid-19
(VOVWORLD) - គិតរហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបានរុញថយក្រោយជំងឺឆ្លង Covid-19 ជាស្ថាពរហើយ ប៉ុន្តែជំងឺរាតត្បាតនេះក៏បានប៉ះពាល់ដោយផ្ទាល់យ៉ាងធ្ងន់ធ្ងរទៅ លើប្រាក់ចំណូលនិងមុខរបររកស៊ីរបស់ពលករ ជាពិសេសគឺពលករក្រីក្រដែរ។ ត្រូវ តែមានដំណោះស្រាយដើម្បីជំនះពុះពារលើស្ថានភាពនេះឲ្យបានឆាប់ៗ គឺ ជាបំណងប្រាថ្នារបស់អ្នកបោះឆ្នោតនិងសមាជិកសភាយ៉ាងច្រើនកុះករនៅសម័យប្រជុំលើកទី៩នាពេលកន្លងទៅ។
ធានាឲ្យពលករមានជំនាញវិជ្ជាជីវៈ
រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Dao Ngoc Dung បានចាត់ទុកថា អាស្រ័យដោយមានគោលនយោបាយ នានារបស់រដ្ឋាភិបាលនិងការខិតខំប្រឹងប្រែងក្ដាប់ជាប់ឱកាសដើម្បីស្ដារ សេដ្ឋកិច្ច សកម្មភាពផលិតកម្មសេវាកម្មឡើងវិញនោះ គឺពលករប្រមាណពី ៧ម៉ឺនដល់៨ម៉ឺននាក់នឹងវិលត្រឡប់មកទីផ្សារការងារជាបណ្ដើរៗវិញ។ ហេតុដូច្នេះ បណ្ដាតំបន់និងសហគ្រាសត្រូវការផ្ដោតសំខាន់ទៅលើអាទិភាពចម្បងនោះគឺ រៀបចំរចនាសម្ព័ន្ធប្រភពធនធានមនុស្សឡើងវិញ ដោយដើរទន្ទឹមនឹងការ ផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យានិងខ្សែសង្វាក់តម្លៃទៀតផង។ លោករដ្ឋមន្រ្តី Dao Ngoc Dung បាន លើកច្បាស់ថា៖
“សំណូមពរសំខាន់បំផុតនោះគឺត្រូវតែបណ្ដុះបណ្ដាល និងបណ្ដុះបណ្ដាល ឡើងវិញហើយត្រូវលើកកំពស់ជំនាញវិជ្ជាជីវៈសម្រាប់ពលករដើម្បីបង្កើនផលិតភាពពលកម្ម។ ប្រសិនបើយើងកាត់បន្ថយបរិមាណធនធានមនុស្សយ៉ាង ច្រើនលើសលុប គឺការចំណាយលើការជ្រើសរើសបុគ្គលិកឡើងវិញនឹងធំណាស់ ឬក៏ សហគ្រាសត្រូវប្រឈមនឹងស្ថានភាពខ្វះខាតពលករយ៉ាងធ្ងន់ធ្ងរនៅពេលដែលសកម្មភាពផលិតកម្មត្រូវបានស្ដារឡើងវិញ។ ហេតុដូច្នេះ ក្រសួង ការងារនឹងធ្វើសេនាធិការជូនរដ្ឋាភិបាលដើម្បីលៃទុកថវិកាប្រមាណពី ៣០០០ដល់៥០០០ពាន់លានដុង (ស្មើរនឹង១៣០ដល់២១៤លានដុល្លា អាមេរិក) ពីមូលនិធិធានារ៉ាប់រងភាពអត់ការងារធ្វើដើម្បីបណ្ដុះបណ្ដាល កម្លាំងពលករឡើងវិញ។ យ៉ាងណាមិញ ពលករប្រមាណ១លាននាក់ គ្រោងនឹងត្រូវបានបណ្ដុះបណ្ដាលឡើងវិញ”។
យោងតាមលោក Ngo Duy Hieu សមាជិកសភានៃ ទីក្រុងហាណូយបានចាត់ទុកថា ត្រូវការផ្ដោតសំខាន់ទៅលើរបរវិជ្ជាជីវៈ នីមួយៗ ព្រមទាំងដោះស្រាយការលំបាកសម្រាប់សហគ្រាស ដើម្បីបង្កើត ការងារធ្វើបន្ថែមទៀតសម្រាប់ពលករ។ លោកបានឲ្យដឹងថា៖
“យើងត្រូវការអភិវឌ្ឍរបរវិជ្ជាជីវៈថ្មីៗ ជាពិសេសគឺយកចិត្តទុកដាក់ដល់ ក្របខ័ណ្ឌមុខសញ្ញាគ្រួសារធ្វើអាជីវកម្ម។ រដ្ឋសភានិងរដ្ឋាភិបាលគប្បីចេញ ផ្សាយគោលនយោបាយថ្មីដើម្បីលើកទឹកចិត្តឲ្យបណ្ដាតំបន់ ក្រសួង និង ស្ថាប័នចូលរួមយ៉ាងខ្លាំងក្លានិងខ្ជាប់ខ្ជួនដើម្បីដោះស្រាយការលំបាក ទ្រទ្រង់ សហគ្រាស តាមរយៈការផ្ដល់កញ្ចប់ឥណទានឧបត្ថម្ភរបស់រដ្ឋាភិបាល គោលនយោ បាយកាត់បន្ថយ លើកលែង ឬលើកពេលបង់ពន្ធ កែទម្រង់រដ្ឋបាល កាត់ បន្ថយបែបបទ និងបង្កើតឱកាស ជាដើម ដើម្បីឲ្យសហគ្រាសអាចអភិវឌ្ឍយ៉ាងខ្លាំងក្លា បំផុតក្នុងដំណាក់កាលដ៏លំបាកនេះ”។
តភ្ជាប់ការផ្គត់ផ្គង់និងតម្រូវការពលករ
ខេត្តក្រុងជាច្រើនបានកសាងគម្រោងស្ដីពីការផ្គត់ផ្គង់ពលករឆ្លើយតបនឹងតម្រូវការរបស់សហគ្រាសនិងអង្គការនានានៅក្នុងតំបន់។ មន្ទីរការងារ យុទ្ធជនពិការនិងសង្គមកិច្ចទីក្រុងហាណូយបានតភ្ជាប់បណ្ដាមូលដ្ឋានអប់រំ វិជ្ជាជីវៈជាមួយសមាគមន៍ពលករ សមាគមន៍សហគ្រាសខ្នាតតូចនិងមធ្យម និងមជ្ឈមណ្ឌលសេវាការងារធ្វើ ដើម្បីកំណត់តម្រូវការក្នុងការបណ្ដុះបណ្ដាល។
នៅខេត្ត Dong Nai ក្នុងគោលបំណងជួយឲ្យពលកររកបានការងារធ្វើ ក្រោយជំងឺឆ្លង សហជីពតំបន់ឧស្សាហកម្មបានតភ្ជាប់ពលករជាមួយនឹង បណ្ដាសហគ្រាសដែលមានតម្រូវការជ្រើសរើសបុគ្គលិកដោយបរិមាណធំនៅក្នុងតំបន់ឧស្សាហកម្ម Bien Hoa។
ក្នុងពេលជាមួយគ្នានោះ គម្រោង “ការងារធ្វើប្រគល់ដល់ដៃ វាយឲ្យ បរាជ័យ Covid-19” ដែលត្រូវបានបំផុសឡើងកាលពីចុងខែមេសាកន្លងទៅ បានរួមចំណែកតភ្ជាប់ឱកាសការងារចំនួន២សែន។ លោក Ho Anh Tuan ប្រធានសមាគមន៍អភិវឌ្ឍវប្បធម៌សហគ្រាសវៀតណាមបានឲ្យដឹងថា៖
“យើងខ្ញុំបំផុសកម្មវិធីនេះក្នុងបំណងតភ្ជាប់សហគ្រាសជាមួយពលករនិងនិយោជក ដើម្បីធ្វើយ៉ាងណាជួយឲ្យអ្នកបាត់ការងារធ្វើ នឹងរកបានការងារ ធ្វើឡើងវិញ។ នាបច្ចុប្បន្ន មានសហគ្រាសជាច្រើនបានបើកសកម្មភាព ផលិតកម្មឡើងវិញ ហេតុដូច្នេះគម្រោងនានាយ៉ាងដូច្នេះនឹងតភ្ជាប់សហ គ្រាសជាមួយពលករ តភ្ជាប់អ្នកបាត់ការងារធ្វើជាមួយសហគ្រាសដែល កំពុងត្រូវការធនធានមនុស្ស”។
វៀតណាមកំពុងគ្រប់គ្រងជំងឺឆ្លង Covid-19 ប្រកបដោយជោគជ័យ ហើយសេដ្ឋកិច្ចក៏កំពុងស្ដារឡើងវិញផងដែរ។ ការបណ្ដុះបណ្ដាលឡើងវិញ នូវជំនាញវិជ្ជាជីវៈសម្រាប់ពលករ ក៏ដូចជាការតភ្ជាប់ការផ្គត់ផ្គង់និងតម្រូវការ លើទីផ្សារពលកម្ម នឹងជួយឲ្យពលករជាច្រើនស្វែងរកឱកាសការងារក្រោយ ជំងឺឆ្លង៕