ដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងគុយបា
(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបាលោក Manuel Marrero Cruz បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកញ្ញាដល់ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២២។
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបាលោក Manuel Marrero Cruz (រូបថត៖ VNA) |
នេះជាដំណើរទស្សនកិច្ចនៅក្រៅតំបន់អាមេរិកឡាទីនដើមដំបូងរបស់នាយករដ្ឋមន្ត្រីគុយបាលោក Manuel Marrero Cruz ចាប់តាំងពីពេលលោកចូលកាន់តំណែងកាលពីខែធ្នូ ឆ្នាំ ២០១៩ មក។ ដំណើរទស្សនកិច្ចនេះសំដៅអនុវត្តន៍រាល់ខ្លឹមសារនៃកិច្ចព្រមព្រៀងដែលសម្រេចបានរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បន្តអភិវឌ្ឍន៍ទំនាក់ទំនងដ៏ពិសេសរវាងវៀតណាម និងគុយបា ស្តែងចេញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការបន្តបង្ហាញការអភិវឌ្ឍ និងរឹតបន្តឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាព ដ៏ស្មោះត្រង់ និងជឿទុកចិត្តគ្នាទៅវិញទៅមក។
វៀតណាមនិងគុយបាបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២ ខែធ្នូឆ្នាំ ១៩៦០ ពីរឆ្នាំបន្ទាប់ពីបដិវត្តគុយបាទទួលបានជោគជ័យ (ថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៥៩)។ ក្នុងប្រវត្តិសាស្ត្រពិភពលោកសម័យបច្ចុប្បន្ននេះ កម្រមានទំនាក់ទំនងណាដ៏ពិសេសដូចជាទំនាក់ទំនងរវាងវៀតណាមនិងគុយបា។ ក្នុងអំឡុងពេល ៦២ ឆ្នាំកន្លងទៅ ប្រជាជននៃប្រទេសទាំងពីរវៀតណាម និងគុយបាជានិច្ចកាលបានប្រកៀកស្មាក្នុងការតស៊ូ ដើម្បីឯករាជ្យ សេរីភាព ក៏ដូចជាក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយមនៅប្រទេសនីមួយៗ។
សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាងប្រទេសទាំងពីរបានបង្កើតសន្ទុះសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មអភិវឌ្ឍន៍។ នៅឆ្នាំ ២០២១ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត ២៦២ លានដុល្លារអាមេរិក កើនឡើង ៤៦,៦% បើប្រៀបធៀបនឹងឆ្នាំ ២០២០។ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-គុយបាដែលចុះហត្ថលេខានៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ បានចូលជាធរមានជាផ្លូវការជាមួយនឹងការប្ដេជ្ញាចិត្តអនុគ្រោះពាណិជ្ជកម្មថ្មី នាំមកនូវផលប្រយោជន៍ដល់សហគ្រាសនៃប្រទេសទាំងពីរ ហើយជួយសម្រួលដល់សកម្មភាពនាំចេញ និងនាំចូលទំនិញទ្វេភាគី។ បច្ចុប្បន្ននេះ វៀតណាមគឺជា វិនិយោគិនបំផុតនៅតំបន់អាស៊ី-អូសេអានីនៅគុយបា។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការកសិកម្ម គម្រោងសហប្រតិបត្តិការជួយឧបត្ថម្ភគុយបាអភិវឌ្ឍន៍ផលិតកម្មស្រូវអង្ករតាមលក្ខណៈគ្រួសារក្នុងដំណាក់កាល ២០១១-២០១៥ ជាមួយនឹងទុនវិនិយោគសរុបចំនួន ៤៣ លានដុល្លារអាមេរិក ទទួលបានលទ្ធផលជាវិជ្ជមាន។ គម្រោងជួយឧបត្ថម្ភគុយបាដាំដំណាំពោត សណ្តែកសៀង និងវារីវប្បកម្ម ដំណាក់កាលទី ១ និងទី ២ ក៏ទទួលបានលទ្ធផលជាវិជ្ជមានផងដែរ។ ភាគីទាំងពីរកំពុងបន្តធ្វើការសិក្សាស្រាវជ្រាវ និងអនុវត្តន៍គម្រោងកសិកម្ម-ជលផលផ្សេងៗទៀត ក្នុងនោះ រដ្ឋាភិបាលបានអនុម័តលើគម្រោង “កិច្ចសហប្រតិបត្តិការវៀតណាម-គុយបា អភិវឌ្ឍន៍ផលិតកម្មស្រូវអង្ករក្នុងដំណាក់កាល ២០១៩-២០២៣” ហើយកំពុងអនុវត្តន៍។ ភាគីទាំងពីរក៏បានឯកភាពគ្នាលើខ្លឹមសារអនុវត្តន៍គម្រោងជួយឧបត្ថម្ភគុយបាធ្វើវារីវប្បកម្ម ដំណាក់កាលទី៣ (២០២២ - ២០២៥)។
ក្នុងអំឡុងពេលនៃរាតត្បាតកូវីដ ១៩ ភាគីទាំងពីរបានជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ គិតត្រឹមចុងឆ្នាំ ២០២១ គុយបាបានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ Abdala ក្នុងបរិមាណដ៏ច្រើន ហើយបានត្រៀមខ្លួនជាស្រេចផ្តេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងជូនវៀតណាម។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Dang Hoang Giang បានវាយតម្លៃថា៖ “ក្នុងបរិបទដ៏ពិសេសការជួយឧបត្ថម្ភដ៏ស្មោះត្រង់រវាងប្រទេសទាំងពីរមានអត្ថន័យដ៏ពិសេសណាស់។ គុយបាបានជួយឧបត្ថម្ភវ៉ាក់សាំងដល់វៀតណាម។ វៀតណាមបានជួយឧបត្ថម្ភស្បៀងអាហាដល់គុយបា។ ជំនួយឧបត្ថម្ភដ៏ស្មោះស្ម័គ្រ និងបរិសុទ្ធបែបនេះ បង្ហាញយ៉ាងច្បាស់នូវស្មារតី "មិត្តល្អជួយគ្នាក្នុងគ្រាលំបាក" ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ”។
លើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Dang Hoang Giang (រូបថត៖ Nguyen Hong) |
ក្នុងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនឹងឯកភាពគ្នាលើទិសដៅ និងវិធានការជាក់ស្ដែងនានាដើម្បីលើកកម្ពស់ថែមទៀតនូវយន្តការសហប្រតិបត្តិការរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-គុយបា។ ទន្ទឹមនឹងនោះ ជំរុញសហគ្រាសនៃប្រទេសទាំងពីរសហប្រតិបត្តិការវិនិយោគ ជាពិសេសគឺលើវិស័យផលិកម្ម កែច្នៃស្បៀងអាហារ ថាមពលកកើតឡើងវិញ រួមទាំងថាមពលពន្លឺព្រះអាទិត្យ វាយោអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងចុះហត្ថលេខាលើផែនការសកម្មភាពរួម ដើម្បីអនុវត្តន៍របៀបវារៈសុខាភិបាលទ្វេភាគីដំណាក់កាល ២០២៣-២០២៥ ដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាង ១០ ក្នុងនោះរួមមានសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម សំណង់ និងចរាចរណ៍។ ទាក់ទងនឹងសក្តានុពលសហប្រតិបត្តិការទ្វេភាគី លោកស្រី Lianys Torres Rivera អតីតឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា៖ “ប្រទេសទាំងពីរចាំបាច់ត្រូវពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ កិច្ចសហប្រតិបត្តិការលើវិស័យនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសនៅពេលនិយាយអំពីការវិនិយោគ។ សហគ្រាសវៀតណាមបានវិនិយោគនៅគុយបាកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ គុយបាអាចចែករំលែកជាមួយវៀតណាមនូវបទពិសោធន៍ លើវិស័យដែលខ្លួនមានប្រៀបខ្លាំងដូចជាសុខាភិបាល។ គុយបាសង្ឃឹមថានឹងទាក់ទាញបានវិនិយោគិនវៀត ណាមកាន់តែច្រើនទាំងរដ្ឋ និងឯកជន ដើម្បីនាំទុនវិនិយោគវៀតណាមមានកន្លែងឈរជើងដ៏សំខាន់ក្នុងខឿនសេដ្ឋកិច្ចគុយបា ហើយអាចរួមចំណែកបន្ថែមទៀតសម្រាប់ដំណើរការធ្វើបច្ចុប្បន្នភាពគំរូសេដ្ឋកិច្ចរបស់ប្រទេសយើងខ្ញុំផងដែរ”។
ដោយបានកសាង ពូនជ្រុំ និងជំនះពុះពារលើគ្រាដ៏លំបាកបំផុតនៃប្រវត្តិសាស្ត្រ ទំនាក់ទំនងវៀតណាម - គុយបា គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានសម្រាប់បុព្វហេតុបដិវត្តរបស់ប្រទេសនីមួយៗ។ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz បានអះអាងសារជាថ្មីម្ដងទៀតនូវការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដើម្បីនាំទំនាក់ទំនងទ្វេភាគីឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីផងដែរ៕