ដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង

(VOVWORLD) - ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងលោកជំទាវកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម (ថ្ងៃទី
២២-២៤ មិថុនា) តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Yoon Suk Yeol មកកាន់វៀតណាមក្នុងឋានៈជាប្រធានាធិបតី។ វៀតណាមក៏ជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលប្រធានាធិបតីកូរ៉េខាងត្បូងធ្វើទស្សនកិច្ចចាប់តាំងពីចូលកាន់តំណែង (ថ្ងៃទី ១០ ឧសភា ឆ្នាំ ២០២២) ផងដែរ។

ដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងលោកជំទាវនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ។ (រូបថត៖ TTXVN)

លក្ខណៈពិសេសនៃទំនាក់ទំនងទ្វេភាគី

ចំណងមិត្តភាព និងការតភ្ជាប់រវាងវៀតណាម និងកូរ៉េខាងត្បូងបានចាប់ផ្ដើមតាំងពីជាច្រើនសតវត្សមុន។ ដោយឆ្លងកាត់ការឡើងចុះជាច្រើននៃប្រវត្តិសាស្ត្រ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៩២ វៀតណាម និងកូរ៉េខាងត្បូងបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ ចាប់តាំងពីពេលនោះមក ដោយឈរលើមូលដ្ឋាននៃជំនឿទុកចិត្តខាងនយោបាយ ភាពស្រដៀងគ្នាខាងវប្បធម៌ ភាពជិតស្និទ្ធខាងភូមិសាស្ត្រ ការបំពេញបន្ថែមគ្នាខាងសេដ្ឋកិច្ច និងផលប្រយោជន៍យុទ្ធសាស្ត្ររួម ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាក់ស្តែង និងសម្រេចបានសមិទ្ធិផលធំធេងជាច្រើន។

ប្រទេសទាំងពីរបានក្លាយជាដៃគូសំខាន់ជួរមុខរបស់គ្នាទៅវិញទៅមកក្នុងវិស័យជាច្រើន។ ជាពិសេស កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ គឺជាសសរស្តម្ភ និងជាកម្លាំងចលករសម្រាប់ទំនាក់ទំនងទ្វេភាគី។ បច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ទី១ ទាក់ទងនឹងការវិនិយោគផ្ទាល់នៅវៀតណាម; ទី២ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (ODA) ពលករនិងទេសចរណ៍: ទី៣ ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។ ក្នុងពេលជាមួយគ្នានោះ វៀតណាមគឺជាដៃគូសេដ្ឋកិច្ចដ៏ធំបំផុតរបស់កូរ៉េខាងត្បូងក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ខណៈដែលការវិនិយោគរបស់កូរ៉េខាងត្បូងនៅវៀតណាមស្រូបយក ៣០% នៃការវិនិយោគរបស់កូរ៉េខាងត្បូងនៅអាស៊ាន។ លើសពីនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកូរ៉េខាងត្បូងក៏ស្រូបយកប្រមាណ ៥០% នៃទំហំពាណិជ្ជកម្មសរុបរវាងកូរ៉េខាងត្បូង និងអាស៊ានផងដែរ។ លទ្ធផលទាំងនេះបង្ហាញថា ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងមានការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។

ដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង - ảnh 2ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំវៀតណាម លោកស្រី Oh Young Ju។ (រូបថត៖ baoquocte.vn)

មិនត្រឹមតែប៉ុណ្ណោះទេ បើតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកូរ៉េខាងត្បូង លោក Nguyen Vu Tung ថា ការដែលលោកប្រធានាធិបតី Yoon Suk Yeol ជ្រើសរើសវៀតណាមជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដើម្បីមកបំពេញទស្សនកិច្ច ហើយព្រឹត្តិការណ៍នេះប្រព្រឹត្តទៅត្រឹមតែ៦ខែប៉ុណ្ណោះ ក្រោយពីប្រទេសទាំងពីរបានលើកកំពស់ទំនាក់ទំនងទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏បានបង្ហាញពីលក្ខណៈពិសេសនៃទំនាក់ទំនងទ្វេភាគីផងដែរ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំវៀតណាម លោកស្រី Oh Young Ju បានឲ្យដឹងថា៖

“ក្រឡែកមើលរយៈពេលកន្លងមក ទំនាក់ទំនងរវាងវៀតណាម និងកូរ៉េខាងត្បូងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើវិស័យជាច្រើនដូចជា៖ សេដ្ឋកិច្ច ការទូត ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ជាដើម។ អាចនិយាយបានថា ប្រទេសទាំងពីរបានកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រជាជនជាមួយប្រជាជន។ យើងខ្ញុំសង្ឃឹមថានាពេលខាងមុខ កូរ៉េខាងត្បូង និងវៀតណាមនឹងបន្តជំរុញកិច្ចថែមទៀតនូវសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់ប្រធានាធិបតីកូរ៉េខាងត្បូង គឺសំដៅផ្ញើសារដ៏សំខាន់មួយទៀតដែរ។ នោះគឺ វៀតណាម និងកូរ៉េខាងត្បូងនឹងប្ដេជ្ញាចិត្តនាំមកនូវផលប្រយោជន៍ជូនប្រជាជន ជាពិសេសផ្ដោតលើការជួបប្រាស្រ័យរវាងជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ ជំរុញទំនាក់ទំនងឆ្ពោះទៅអនាគត”។

តម្រង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត

ពាណិជ្ជកម្ម និងការវិនិយោគគឺជាវិស័យចំនួន២ដែលទទួលបានការយកចិត្តទុកដាក់ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង។ អមដំណើរលោកប្រធានាធិបតីគឺគណៈប្រតិភូមកពីសហគ្រាសកូរ៉េខាងត្បូងចំនួន ២០៥ អង្គភាព ក្នុងនោះមានថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនឈានមុខគេដូចជា Samsung, SK, Hyundai និង Daewoo។ យោងតាមឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងលោកស្រី Oh Young Ju នេះគឺជាគណៈប្រតិភូធុរកិច្ចដ៏ធំបំផុតនៅក្នុងបណ្ដាដំណើរទស្សនកិច្ចនៅឯបរទេសនាពេលថ្មីៗនេះរបស់លោកប្រធានាធិបតី Yoon ។ ប្រការនេះបង្ហាញថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងគួរឲ្យចាប់អារម្មណ៍។ អនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេសវៀតណាមលោក Nguyen Minh Vu បានឲ្យដឹងថា៖

“ក្នុងបរិបទនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងកូរ៉េខាងត្បូងក៏ជៀសមិនផុតពីផលប៉ះពាល់អវិជ្ជមានបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលវេលាដ៏លំបាកសាកល្បងនេះ សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរកំពុងស្វែងរកយ៉ាងសកម្មនូវឱកាសថ្មីៗ និងលក្ខខណ្ឌសហប្រតិបត្តិការថ្មីៗ ជាមួយនឹងសក្តានុពល និងយថាទស្សន៍អភិវឌ្ឍន៍ជាច្រើន”។

 អាចនិយាយបានថា ជោគជ័យនៃទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង គឺផ្អែកលើភាពស្មោះត្រង់ ជំនឿទុកចិត្តនយោបាយ; ភាពស្វាហាប់ ភាពបត់បែន និងនិរន្តរភាពក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងភាពស៊ីជម្រៅក្នុងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ ហើយដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមលើកនេះរបស់លោកប្រធានាធិបតី Yoon Suk Yeol នឹងបន្តបង្កើតឡើងសញ្ញាសម្គាល់ថ្មីសម្រាប់ “ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” រវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ