ដំណើរទស្សនកិច្ចការងារដែលកំណត់រូបរាងនៃយុទ្ធសាស្ត្រកិច្ចការបរទេសរបស់លោកប្រធានាធិបតីអាមេរិក
(VOVWORLD) - នាថ្ងៃទី៩ ខែមិថុនា (ម៉ោងអាមេរិក) ប្រធានាធិប តីសហរដ្ឋអាមេរិក លោក Joe Biden បានចាប់ផ្ដើមដំណើរបំពេញទស្សនកិច្ចការងារនៅឯបរទេសជាលើកដំបូង គិតចាប់តាំងពីឡើងកាន់តំណែងកាលពីខែមករាកន្លងទៅ។ គោលដៅនៃដំណើរទស្សនកិច្ចរយៈពេល៨ថ្ងៃនេះ គឺទ្វីបអឺរ៉ុប ដោយមានព្រឹត្តិការណ៍សំខាន់ជាច្រើន។
ប្រធានាធិបតីអាមេរិក Joe Biden និងភរិយា បានចុះចតនៅព្រលានយន្តហោះខាងក្នុងមូលដ្ឋានយោធា RAF Mildenhall ប្រទេសអង់គ្លេស នៅថ្ងៃទី ៩ ខែ មិថុនា (រូបថត៖ AP) |
ជាមួយនឹងកាលវិភាគទៅបំពេញទស្សនកិច្ចនៅអង់គ្លេស បែលហ្ស៊ិកនិងស្វីសជាបន្តបន្ទាប់ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Biden មានគោលដៅជាច្រើន ដែលចម្បងបង្អស់គឺការពង្រឹងឡើងវិញទំនាក់ទំនងអន្តរមហាសមុទ្រអាត្លង់ទិកខាងជើង ដែលធ្លាប់រងការចុះខ្សោយក្នុងអំឡុងពេលនៃរដ្ឋអំណាចរបស់លោកប្រធានាធិបតី Donald Trump ព្រមទាំងកំណត់រូបរាងនៃទំនាក់ទំនងជាមួយរុស្ស៊ីឡើងវិញផងដែរ។
ពង្រឹងទំនាក់ទំនងអន្តរមហាសមុទ្រអាត្លង់ទិកខាងជើង
ឆ្លើយអ្នកសារព័ត៌មានពីគោលដៅនៃដំណើរទស្សនកិច្ចការងារបន្ទាប់ពីចាកចេញពីសេតវិមាន លោកប្រធានាធិបតី Biden បានអះអាងថា នេះជាឱកាសដើម្បីបង្ហាញកម្លាំងនៃទំនាក់ទំនងសម្ព័ន្ធភាពអន្តរមហាសមុទ្រអាត្លង់ទិកខាងជើង។
នាថ្ងៃទី១០ ខែមិថុនា លោកប្រធានាធិបតី Biden មានជំនួបដោយផ្ទាល់ជាលើកដំបូងជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ដែលជាព្រឹត្តិការណ៍ត្រូវបានគេចាត់ទុកថា ជាឱកាសដើម្បីកែលម្អទំនាក់ទំនង “ពិសេស” អង់គ្លេស-អាមេរិក បន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ជាផ្លូវការកាលពីថ្ងៃទី១ មករា ឆ្នាំ២០២១។ អញ្ជើញថ្លែងមុនពេលប្រព្រឹត្តទៅជំនួបនេះ លោកនាយករដ្ឋមន្រ្តី Johnson បានប្រៀបប្រដូចជំនួបនេះជាមួយជំនួបកំពូលជាប្រវត្តិសាស្ត្រកាលពី ៨០ ឆ្នាំមុននេះ រវាងនាយករដ្ឋមន្រ្តីអង់គ្លេសលោក Churchill និងប្រធានាធិបតីអាមេរិកលោក Roosevelt។ ក្រៅពីជំនួបកំពូលនេះ របៀបវារៈអំឡុងពេល៣ថ្ងៃនៅអង់គ្លេសរបស់លោកប្រធានាធិបតី Biden នៅមានការចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង៧ (G7) ទៀតផង។
នៅទីបង្អង់ដំណើរទី២គឺបែលហ្ស៊ិក លោកប្រធានាធិបតី Biden គ្រោងនឹងជួបប្រជុំជាមួយថ្នាក់ដឹកនាំអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមរួមនានានិងចែករំលែកការចំណាយផ្នែកការពារជាតិក្នុង NATO។ បន្ទាប់នោះ ម្ចាស់សេតវិមាននឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាមេរិក-EU។ បើតាមសេចក្ដីព្រាងនៃសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងសន្យាបង្កើនកិច្ចសហប្រតិបត្តិការក្នុងបញ្ហាជាច្រើន ចាប់ពីការឆ្លើយតបនឹងជម្ងឺរាតត្បាតកូវីដ ១៩ រហូតដល់ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ក៏ដូចជាកំណត់វិស័យស្នូលៗ ដែលភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការអន្តរមហាសមុទ្រអាត្លង់ទិកខាងជើងដើម្បីបង្ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ក្រៅពីនោះ ភាគីទាំងពីរក៏នឹងសន្យា លុបចោលការយកពន្ធលើដែកថែបមុនថ្ងៃទី១ ធ្នូ ឆ្នាំ២០២១ ហើយជៀសវាងជម្លោះពាណិជ្ជកម្មអន្តរមហាសមុទ្រអាត្លង់ទិកខាងជើងដែលបានកើតមានក្នុងដំណាក់កាលមុនផងដែរ។
ប្រធានាធិបតី Biden ថ្លែងទៅកាន់ទាហានអាមេរិកនៅមូលដ្ឋាន RAF Mildenhall ប្រទេសអង់គ្លេស ថ្ងៃទី ៩ ខែមិថុនា (រូបថត៖ AP) |
មិនពិបាកទេក្នុងការយល់ឃើញថា នៅទីបង្អង់ដំណើរដំបូងទាំងពីរ ក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុបលើកនេះរបស់លោកប្រធានាធិបតីអាមេរិក គោលដៅចម្បងនោះគឺការពង្រឹងទំនាក់ទំនងរវាងអាមេរិកជាមួយសម្ព័ន្ធមិត្តជាប្រពៃណីនៅអឹរ៉ុប តាមស្មារតី “សហរដ្ឋអាមេរិកវិលត្រឡប់មក វិញ” ដែលផ្ទុយទាំងស្រុងនឹងគោលការណ៍ “សហរដ្ឋអាមេរិកគឺចម្បង” ក្រោមរដ្ឋអំណាចរបស់ប្រធានាធិបតីជំនាន់មុន លោក Donald Trump។ ក្នុងពេលជាមួយគ្នានោះ នៅគោលដៅចុងក្រោយនៃដំណើរទស្សនកិច្ចនេះ គឺស្វីស លោកប្រធានាធិបតី Joe Biden គ្រោងនឹងមានជំនួបដោយផ្ទាល់ជាលើកដំបូងជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលជាព្រឹត្តិការណ៍ត្រូវបានគេវាយតម្លៃថា នឹងជួយកំណត់រូបរាងនៃទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរនាពេលអនាគត។
កំណត់រូបរាងនៃទំនាក់ទំនងជាមួយរុស្ស៊ីឡើងវិញ
បើតាមផែនការ ជំនួបកំពូលរុស្ស៊ី-អាមេរិកនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែមិថុនា ដែលជាផ្នែកដ៏សំខាន់មួយក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក។ នេះជាឱកាសដើម្បីប្រទេសមហាអំណាចទាំងពីរពិភាក្សាគ្នាដោយផ្ទាល់អំពីការជំពាក់ជំពិន និងបញ្ហាដែលបង្កឡើងភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគីនាពេលកន្លងមក។ ក្នុងដំណើរការត្រៀមរៀបចំសម្រាប់ជំនួបនេះ មន្ត្រីអាមេរិកបានប្រកាសជាច្រើនលើកច្រើនសារពីបំណងចង់កំណត់ឡើងវិញនូវទំនាក់ទំនងជាមួយរុស្ស៊ី។ ឆ្លើយបទសម្ភាសន៍ទូរទស្សន៍ CNN កាលពីថ្ងៃទី២២ ឧសភា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានអំពាវនាវឲ្យមានទំនាក់ទំនងដោយស្ថិរភាពនិង “ងាយស្រួលក្នុងការទស្សទាយ” ជាង ជាមួយរុស្ស៊ី។
អ្នកសង្កេតការណ៍ជាច្រើនចាត់ទុកថា រដ្ឋអំណាចរបស់លោកប្រធានាធិបតី Biden នាពេលកន្លងមកបានប្រកាសនិងបង្ហាញដោយសកម្មភាពដ៏រឹងបឹងជាបន្តបន្ទាប់ តម្រង់ទៅលើរុស្ស៊ី ខណៈដែលម៉ូស្គូក៏បានឆ្លើយតបយ៉ាងខ្លាំងក្លា ដូច្នេះបានជាជំនួបកំពូលរុស្ស៊ី-អាមេរិកលើកនេះ ទំនងជាមិនអាចបង្កើតឡើងជំហានលោតផ្លោះដ៏ធំណាមួយឡើយ។ ទោះជាយ៉ាងនេះក៏ដោយ ប៉ុន្តែមតិភាគច្រើនបានវាយតម្លៃថា នេះជាជំនួបដ៏សំខាន់មួយដោយសារវាជួយកំណត់ទំនោរក្នុងទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរនាពេលអនាគត ដោយមិនអើពើដល់លទ្ធផលជាក់ស្ដែងយ៉ាងដូចម្ដ៉េចឡើយ៕