ដំណើរទស្សនកិច្ចបើកចេញឱកាសសហប្រតិបត្តិការជាច្រើនរវាងវៀតណាម ជាមួយអូស្ត្រាលី និងនូវែលសេឡង់

(VOVWORLD) - នាថ្ងៃទី ១២ មីនា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូវៀតណាមបានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី និងបំពេញទស្សនកិច្ចផ្លូវការនៅអូស្ត្រាលី និងនូវែលសេឡង់ប្រកបដោយជោគជ័យ។ ដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យលើគ្រប់វិស័យ ហើយជាសញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំនងការទូត បើកចេញឱកាសសហប្រតិបត្តិការជាច្រើន រវាងវៀតណាម ជាមួយអូស្ត្រាលី និងនូវែលសេឡង់។
ដំណើរទស្សនកិច្ចបើកចេញឱកាសសហប្រតិបត្តិការជាច្រើនរវាងវៀតណាម ជាមួយអូស្ត្រាលី និងនូវែលសេឡង់ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese ។ រូបថត៖ VOV

 

ការចូលរួមរបស់វៀតណាមក្នុងកិច្ចប្រជុំបានរួមចំណែកលើកកម្ពស់តួនាទី ឋានៈ របស់វៀតណាមក្នុងទំនាក់ទំនងអាស៊ាន-អូស្ត្រាលី។ ក្នុងឱកាសនេះលោកនាយករដ្ឋមន្ត្រីមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់របស់បណ្ដាប្រទេសជាសមាជិកអាស៊ាន និងអគ្គលេខាធិការអាស៊ាន។ ដៃគូនានាសុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះតួនាទី ឋានៈរបស់វៀតណាម ហើយមានគោលបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាមួយវៀតណាមលើគ្រប់វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម វិទ្យាសាស្ត្រ -បច្ចេកវិទ្យា អប់រំ-បណ្តុះបណ្តាល ទេសចរណ៍ ប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។

តម្លើងថ្នាក់ទំនាក់ទំនងទ្វេភាគីជាមួយអូស្ត្រាលី បើកចេញឱកាសសហប្រតិបត្តិការលើវិស័យថ្មីមួយចំនួនជាមួយនូវែលសេឡង់

បន្ទាប់ពីចូលរួមកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវភរិយាបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ អូស្ត្រាលី និងនូវែលហ្សេឡង់ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែមីនា។ ប្រទេសទាំងពីរបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកនាយករដ្ឋមន្ត្រី និងលោកជំទាវភរិយា ជាមួយនឹងពិធីបដិសណ្ឋារកិច្ចដ៏ខ្ពង់ខ្ពស់បំផុត។ រដ្ឋាភិបាលនូវែលសេឡង់ក៏បានរៀបចំពិធីបដិសណ្ឋារកិច្ចដ៏ពិសេសរបស់ជនជាតិដើម Maori ជូនលោកនាយករដ្ឋមន្ត្រី។

នៅអូស្ត្រាលីវិញ ចំណុចលេចធ្លោបំផុតនៃដំណើរទស្សនកិច្ចគឺលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បានប្រកាសពីការតម្លើងថ្នាក់ទំនាក់ទំនងវៀតណាម-អូស្ត្រាលីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នេះគឺជាទំនាក់ទំនងកម្រិតខ្ពស់បំផុតក្នុងប្រព័ន្ធទំនាក់ទំនងកិច្ចការបរទេសរបស់វៀតណាម។

នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍ទិសដៅសហប្រតិបត្តិការសំខាន់ៗចំនួន ៦ នាពេលខាងមុខលើគ្រប់វិស័យ។ វាយតម្លៃលើក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មីនេះ លោក Layton Pike សហស្ថាបនិកនៃវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម មានប្រសាសន៍ថា៖

“ថ្ងៃនេះជាថ្ងៃដ៏សប្បាយរីករាយ ជាថ្ងៃប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងអូស្ត្រាលី នៅពេលដែលប្រទេសទាំងពីរបានបង្កើតក្របខ័ណ្ឌទំនាក់ទំនងថ្មី គឺភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្របខណ្ឌទំនាក់ទំនងថ្មីបានឆ្លុះបញ្ចាំងពីកម្រិតនៃទំនុកចិត្តនយោបាយ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ជាពិសេសគឺរវាងមេដឹកនាំទាំងពីរ ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់វៀតណាម និងអូស្ត្រាលីបង្កើនការសន្ទនា និងផ្លាស់ប្តូររវាងគ្រប់ថ្នាក់ និងលើគ្រប់វិស័យផងដែរ”។

ដំណើរទស្សនកិច្ចបើកចេញឱកាសសហប្រតិបត្តិការជាច្រើនរវាងវៀតណាម ជាមួយអូស្ត្រាលី និងនូវែលសេឡង់ - ảnh 2នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese ។ រូបថត៖ VOV

ដោយចាប់អារម្មណ៍ពិសេសចំពោះបទសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងវេទិកាធុរកិច្ចវៀតណាម-អូស្ត្រាលី ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski បានចែករំលែកថា៖

“នាយករដ្ឋមន្ត្រី Pham Minh Chinh គឺជាមនុស្សដ៏កក់ក្តៅ ស្មោះត្រង់ ហើយលោកបានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សគ្រប់រូប។ ក្នុងដំណើរទស្សនកិច្ច លោកនាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានធ្វើការប្រកបដោយប្រសិទ្ធភាព ហើយចំណាយពេលវេលាជាច្រើន ដើម្បីពិភាក្សាអំពីបញ្ហាអាទិភាពរបស់វៀតណាម។ អាចបញ្ជាក់ថា ដំណើរទស្សនកិច្ចបានឆ្លុះបញ្ចាំងពីភាពស្មោះត្រង់និងមិត្តភាពរវាងប្រទេសទាំងពីរ និងបើកចេញឱកាសជាច្រើនដើម្បីរឹតបន្តឹងទំនាក់ទំនងទ្វេភាគីក្រោយពីដំណើរទស្សនកិច្ចនេះផងដែរ”។

ក្នុងពេលនោះ នៅប្រទេសនូវែលសេឡង់ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារយ៉ាងទូលំទូលាយជាមួយនាយករដ្ឋមន្ត្រីលោក Christopher Luxon ហើយបានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នូវែលសេឡង់មួយចំនួន។ ក្រៅពីវិស័យកិច្ចសហប្រតិបត្តិការប្រពៃណី ដំណើរទស្សនកិច្ចនេះក៏បានបើកចេញឱកាសសហប្រតិបត្តិការលើវិស័យថ្មីៗមួយចំនួនដូចជា៖ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរឌីជីថល។ អញ្ជើញជូនដំណឹងដល់មជ្ឈដ្ឋានសារព័ត៌មាននៃប្រទេសទាំងពីរបន្ទាប់ពីកិច្ចពិភាក្សាប្រកបដោយជោគជ័យ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖

“ក្នុងស្មារតីស្ថាបនា និងកិច្ចសហប្រតិបត្តិការ យើងខ្ញុំបានពិភាក្សាយ៉ាងទូលំទូលាយលើគ្រប់វិស័យសហប្រតិបត្តិការ ដាក់ចេញទិសដៅដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - នូវែលហ្សេឡង់បន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា និងស៊ីជម្រៅថែមទៀត នាពេលខាងមុខ ហើយឆ្ពោះទៅការលើកតម្កើងទំនាក់ទំនងទ្វេភាគីឡើកម្ពស់ថ្មី ក្នុងនោះខ្ញុំសុំសង្ខេបជាមួយនឹងពាក្យគន្លឹះចំនួន ៣ គូគឺ៖ "ស្ថេរភាព និងពង្រឹង", "បង្កើន និងពង្រីក" និង "ពន្លឿនល្បឿន និងជំហានលោតផ្លោះ" ផងដែរ”។

ភាគីទាំងពីរបានឯកភាពគ្នាសហការជំរុញខ្លាំងសកម្មភាពពន្លឿនពាណិជ្ជកម្ម ដើម្បីនាំទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចឲ្យបានគោលដៅ ២ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ និងសិក្សាវិធានការ ដើម្បីនាំការវិនិយោគទ្វេភាគីឡើងដល់ ៥០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០ ដោយប្តេជ្ញារួមសហការគ្នាសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី និងដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី និងនូវែលសេឡង់ទទួលបានជោគជ័យលើគ្រប់វិស័យ បង្កើតសន្ទុះសម្រាប់ទំនាក់ទំនងរបស់វៀតណាមជាមួយអូស្ត្រាលី និងណូវែលហ្សេឡង់ ឱ្យរីកចម្រើនដល់កម្ពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ