ដើម្បីបុព្វហេតុថែទាំសុខភាពរបស់ប្រជាជន

(VOVWORLD) - ថ្ងៃនេះ ទី ២៧ ខែកុម្ភៈ គឺជាខួបលើកទី ៦៨ ទិវាគ្រូពេទ្យវៀតណាម ជាថ្ងៃដើម្បីគោរពបណ្ដាវេជ្ជបណ្ឌិត គិលានុបដ្ឋាករ និងអ្នកដែលកំពុងធ្វើការក្នុងវិស័យសុខាភិបាល (ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៥៥ - ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣)។ ក្នុងរយៈពេល៦៨ឆ្នាំកន្លងមកនេះ វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាករពីជំនាន់មួយទៅជំនាន់មួយ បានបង្កើតឡើងស្នាដៃដ៏ភ្លឺស្វាងក្នុងបុព្វហេតុថែទាំសុខភាពរបស់ប្រជាជន ដោយបានលះបង់ប្រាជ្ញារបស់ខ្លួនសម្រាប់ការអភិវឌ្ឍវិស័យវេជ្ជសាស្ត្ររបស់ប្រទេសជាតិ ឆ្ពោះទៅរកខឿនវេជ្ជសាស្ត្រទំនើប។

ដើម្បីបុព្វហេតុថែទាំសុខភាពរបស់ប្រជាជន - ảnh 1នុងរយៈពេល៦៨ឆ្នាំកន្លងមកនេះ វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាករពីជំនាន់មួយទៅជំនាន់មួយ បានបង្កើតឡើងស្នាដៃដ៏ភ្លឺស្វាងក្នុងបុព្វហេតុថែទាំសុខភាពរបស់ប្រជាជន។
(រូបថត៖ baodantoc.vn)

កាលពី ៦៨ ឆ្នាំមុន នៅក្នុងលិខិតផ្ញើទៅកាន់សន្និសិកម្មាភិបាលផ្នែកសុខាភិបាល (ខែកុម្ភៈ ឆ្នាំ ១៩៥៥) លោកប្រធានហូជីមិញបានលើកឡើងអំពីការកសាងខឿនវេជ្ជសាស្ត្ររបស់វៀតណាម។ ក្នុងនោះសង្កត់ធ្ងន់ថា បណ្ដាកម្មាភិបាលត្រូវជួយជនរួមជាតិ និងជួយរដ្ឋាភិបាលកសាងខឿនវេជ្ជសាស្ត្រឲ្យបានស្របតាមតម្រូវការរបស់ប្រជាជន។ ពីពាក្យទូន្មានរបស់លោកប្រធាន ជួរវេជ្ជបណ្ឌិត និងបុគ្គលិកផ្នែកសុខាភិបាលបានខិតខំប្រឹងប្រែងជំនះពុះពារលើគ្រប់ការលំបាក ដើម្បីបំពេញបានយ៉ាងល្អនូវភារកិច្ចការពារ ថែទាំ និងលើកកំពស់សុខភាពរបស់ប្រជាជន។

បំពេញបានយ៉ាងល្អនូវភារកិច្ចការពារ ថែរក្សា និងលើកកំពស់សុខភាពរបស់ប្រជាជន

ក្នុងសម័យកាលប្រវត្តិសាស្ត្រនានារបស់ប្រទេសជាតិ ផ្នែកសុខាភិបាលបានជួបប្រទះនឹងការលំបាក បញ្ហាប្រឈមជាច្រើន ហើយបានខិតខំប្រឹងប្រែងជំនះពុះពារ សម្រេចបានយ៉ាងល្អនូវបេសកកម្មរបស់ខ្លួន។ ប៉ុន្មានឆ្នាំកន្លងមកនេះ ផ្នែកសុខាភិបាលវៀតណាមបានគ្រប់គ្រង និងបង្ការទប់ស្កាត់ជំងឺគ្រោះថ្នាក់ជាច្រើន កម្ចាត់ដោយជោគជ័យនូវជំងឺអុតស្វាយ (ឆ្នាំ ១៩៧៨) ជំងឺប៉េស្ត (ឆ្នាំ ២០០២) ជំងឺតេតាណូសទារក (២០០៥)។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានគ្រប់គ្រងដោយជោគជ័យនូវជំងឺរាតត្បាត SARS បង្ការដោយជោគជ័យនូវជំងឺឆ្លងដែលទើបលេចចេញដូចជា Ebola, MERS – Cov។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ វៀតណាមបានឈានចូលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដែលមិនធ្លាប់មានតាំងពីមុនមក។ វេជ្ជបណ្ឌិត គិលានុដ្ឋាករ កម្មាភិបាល និងបុគ្គលិកពេទ្យរាប់សែននាក់ បានចូលរួមខ្សែជួរមុខ ប្រយុទ្ធទាំងយប់ទាំងថ្ងៃប្រឆាំងនឹងជំងឺរាតត្បាត។ វៀតណាមបានដាក់ពង្រាយដោយជោគជ័យនូវយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្នុងទ្រង់ទ្រាយដែលមិនធ្លាប់មានពីមុនមក ដោយក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៦ ដែលមានអត្រាគ្របដណ្តប់វ៉ាក់សាំងខ្ពស់បំផុតនៅលើពិភពលោក។ ក្រៅពីការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវជំងឺរាតត្បាតកូវីដ-១៩ ផ្នែកសុខាភិបាលបានឆ្លើយតបដោយមានប្រសិទ្ធភាពចំពោះជំងឺផ្សេងៗទៀតផង ដើម្បីមិនទុកឲ្យកើតមានស្ថានការណ៍ “ជំងឺរាតត្បាតត្រួតស៊ីគ្នា” នោះឡើយ។

ដើម្បីបុព្វហេតុថែទាំសុខភាពរបស់ប្រជាជន - ảnh 2នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។ (រូបថត៖ baochinhphu.vn)

វាយតំលៃចំពោះការរួមចំណែករបស់ផ្នែកសុខាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “ខ្ញុំកត់សម្គាល់ វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះស្មារតីសម្បូរខាងសីលធម៌ ពូកែខាងជំនាញវិជ្ជាជីវៈ របស់ជួរគ្រូពេទ្យ បុគ្គលិកពេទ្យ ក៏ដូចជាលទ្ធផលដែលផ្នែកសុខាភិបាលសម្រេចបាន។ តាងនាមរដ្ឋាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជួរ "យុទ្ធជនអាវស" លើទូទាំងប្រទេស។ រាល់ការខិតខំប្រឹងប្រែង ការលះបង់ និងពលីកម្មរបស់ជួរគ្រូពេទ្យ បុគ្គលិកពេទ្យបាននាំមកនូវលទ្ធផលសំខាន់ៗ រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ”។

មិនត្រឹមតែរួមចំណែកក្នុងបុព្វហេតុថែទាំសុខភាពរបស់ប្រជាជនប៉ុណ្ណោះទេ វេជ្ជបណ្ឌិតវៀតណាមក៏បំពេញភារកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់ នៅពេលចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិទៀតផង។ ពួកគេបានពិនិត្យ ព្យាបាលជំងឺ ហើយចែកចាយថ្នាំ ផ្តល់អំណោយដល់ប្រជាជននៅស៊ូដង់ខាងត្បូង ព្រមទាំងប្រគល់ជូនថ្នាំឱសថ ឧបករណ៍បរិក្ខារពេទ្យចាំបាច់ និងសម្ភារៈធានាអនាម័យដល់មន្ទីរពេទ្យពហុព្យាបាល Bentiu នៅទីនេះផងដែរ។

កសាងខឿនវេជ្ជសាស្ត្ររបស់វៀតណាម

មិនត្រឹមតែយកចិត្តទុកដាក់ដល់ការងារពិនិត្យនិងព្យាបាលជំងឺប៉ុណ្ណោះទេ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ផ្នែកសុខាភិបាលវៀតណាមបានបង្កើតឡើងប្រៀបខ្លាំងក្នុងការផលិតវ៉ាក់សាំង ដោយការធានានូវចាក់វ៉ាក់សាំងចំនួន ១១/១២ ប្រភេទ។ ក្នុងដំណាក់កាល ២០១៥-២០២២ ផ្នែកសុខាភិបាលបានអនុវត្តន៍ភារកិច្ច ចំនួន ៤៦០ ក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍន៍ថ្នាំថ្មី ការស្រាវជ្រាវសាកពិសោធន៍គ្លីនីកនូវថ្នាំនិងវ៉ាក់សាំង។ វៀតណាមក៏ធ្វើម្ចាស់នូវបច្ចេកវិទ្យាវិទ្យាសាស្ត្រជាច្រើនក្នុងការធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺផងដែរ។ វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាករវៀតណាមអាចធ្វើការវះកាត់ប្តូរសរីរាង្គសំខាន់ទាំង ៦ (បេះដូង ថ្លើម តម្រងនោម សួត លំពែង ពោះវៀន); ធ្វើម្ចាស់នូវបច្ចេកវិទ្យានៃការវះកាត់អដ់ដូស្កុប ការធ្វើអន្តរាគមន៍សរសៃឈាមបេះដូង ការចាក់ម្ជុលវិទ្យាសាស្ត្រដោយមានការចំណាយទាបជាងពី ១/២ ដល់ ១/៣ បើធៀបនឹងនៅបរទេស។

ជាមួយនឹងគោលដៅលើកកំពស់សុខភាពទាំងខាងផ្លូវកាយ ផ្លូវចិត្ត និងគុណភាពជីវិតរបស់ប្រជាជនវៀតណាម ផ្នែកសុខាភិបាលកំពុងបន្តកសាងប្រព័ន្ធសុខាភិបាលប្រកបដោយសមធម៌ គុណភាព ប្រសិទ្ធភាព និងសមាហរណកម្មអន្តរជាតិតាមសំណូមពររបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh។

“អភិវឌ្ឍន៍ផ្នែកសុខាភិបាលគ្រប់ជ្រុងជ្រោយ ទាំងផ្នែកសុខាភិបាលសាធារណៈ និងឯកជន ទាំងសុខាភិបាលទំនើប សុខាភិបាលប្រពៃណី មិនរើសអើងសាធារណៈឬមិនមែនសាធារណៈនោះឡើយ។ ជំរុញកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន កៀរគរធនធានទាំងអស់ ដើម្បីអភិវឌ្ឍន៍ផ្នែកសុខាភិបាលយ៉ាងលឿន ប្រកបដោយភាព ទំនើប ជឿនលឿន និងសមាហរណកម្ម។ វិស័យសុខាភិបាលបន្តលើកកម្ពស់ថែមទៀតនូវចលនាផ្លាស់ប្ដូរថ្មី និវានុវត្តន៍ និងការស្រាវជ្រាវវិទ្យាសាស្ត្រឯកទេស”។

ជាមួយនឹងប្រពៃណីពីយូរលង់មកនិងទឹកចិត្តខ្លៀវក្លា ជួរកម្មាភិបាល បុគ្គលិកផ្នែកសុខាភិបាលនឹងរួមដៃគ្នា ស្រុះចិត្តគំនិតដើម្បីសម្រេចបាននូវសមិទ្ធផលជាច្រើនថែមទៀតក្នុងបុព្វហេតុថែទាំសុខភាពរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ