ណាតូក្រោយរយៈពេល ៧៥ ឆ្នាំ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាបង្កើត

(VOVWORLD) - នាថ្ងៃទី ៤ មេសា ឆ្នាំ ១៩៤៩ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រទេសលោកខាងលិចចំនួន ១២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បង្កើតអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ។ បន្ទាប់ពីរយៈពេល ៧៥ ឆ្នាំនៃវត្តមានមក ណាតូនាបច្ចុប្បន្ននៅតែជាប្លុកយោធាដ៏ធំបំផុតនៅលើពិភពលោក ដែលមានតួនាទី និងជះឥទ្ធិពលយ៉ាងធំធេងដល់ស្ថានភាពសន្តិសុខសកលលោក។
ណាតូក្រោយរយៈពេល ៧៥ ឆ្នាំ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាបង្កើត - ảnh 1ទង់ជាតិនៃប្រទេសសមាជិកណាតូ។ រូបថត៖ AP

ពង្រីកទំហំ និងមហិច្ឆតា

នាថ្ងៃទី ៤ខែមេសា ឆ្នាំ ១៩៤៩ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Harry Truman និងថ្នាក់ដឹកនាំកាណាដា និងបណ្តាប្រទេសអឺរ៉ុបចំនួន ១០ រួមមាន៖ បារាំង អង់គ្លេស អ៊ីតាលី បែលហ្សិក ហូឡង់ លុចសំបួ ដាណឺម៉ាក ន័រវេស អ៊ីស្លង់ និងព័រទុយហ្គាល់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតសម្ព័ន្ធភាពយោធាលើកដំបូងរវាងប្រទេស ដែលមានទីតាំងនៅ ច្រាំងទាំងសង្ខាងនៃមហាសមុទ្រអាត្លង់ទិក។ នាខែកញ្ញាឆ្នាំនោះ សន្ធិសញ្ញាបានចូលជាធរមានជាផ្លូវការ។ នៅក្នុងបរិបទនៃទំនាក់ទំនងអន្តរជាតិនៅពេលនោះ នៅពេលដែលពិភពលោកទើបតែឆ្លងកាត់សង្រ្គាមលោកលើកទីពីរដ៏មហន្តរាយ ហើយត្រៀមឈានចូលសង្រ្គាមត្រជាក់  ការបង្កើតអង្គការណាតូត្រូវបានចាត់ទុកថាជារបត់ប្រវត្តិសាស្ត្រចំពោះតំបន់អឺរ៉ុប-មហាសមុទ្រអាត្លង់ទិក។ ក្នុងរយៈពេល ៦ ឆ្នាំបន្ទាប់ពីបង្កើតមក ណាតូបានដាក់បញ្ចូលសមាជិកថ្មីជាបន្តបន្ទាប់គឺទួរគី ក្រិក (១៩៥២) និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (អាល្លឺម៉ង់ខាងលិច) នាឆ្នាំ ១៩៥៥។ ។

ទំហំរបស់អង្គការណាតូត្រូវបានបង្កើនយ៉ាងឆាប់រហ័ស ក្រោយសង្គ្រាមត្រជាក់បានបញ្ចប់នាដើមទសវត្សរ៍ឆ្នាំ ១៩៩០ នៃសតវត្សរិ៍មុន  ជាមួយនឹងការដាក់ចេញយុទ្ធសាស្ត្រឆ្ពោះទៅទិសបូព៌ាដើម្បីដាក់បញ្ជូលប្រទេសជាបន្តបន្ទាប់នៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត ដែលធ្លាប់ជាផ្នែកមួយនៃប្លុកសន្ធិសញ្ញាវ៉ារស្សាវ៉ាពីមុន។ ក្នុងរយៈពេល ១០ ឆ្នាំ ចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៩ ណាតូបានដាក់បញ្ជូលសមាជិកថ្មីចំនួន ១២នៅអឺរ៉ុបកណ្តាល អឺរ៉ុបខាងកើត និងតំបន់បាល់កង់។ ដំណើរការពង្រីកនេះបានកត់សម្កាល់របត់ថ្មីមួយបន្ទាប់ពីការផ្ទុះឡើងជម្លោះរុស្ស៊ី-អ៊ុយក្រែននាខែកុម្ភៈ ឆ្នាំ ២០២២ ជាមួយនឹងការដែលប្រទេសអឺរ៉ុបខាងកើតចំនួន ២ គឺហ្វាំងឡង់ និងស៊ុយអែតដោយបោះបង់ចោលគោលនយោបាយអព្យាក្រឹតភាព រាប់សតវត្សរិ៍ដើម្បីចូលជាសមាជិកណាតូ ដោយតម្លើងសមាជិកសរុបរបស់សម្ព័ន្ធភាពយោធានេះឡើងដល់ ៣២ ប្រទេស។ យោងតាមលោក Robert Benson អ្នកជំនាញខាងវិភាគនយោបាយនៅមជ្ឈមណ្ឌល

ដើម្បីវឌ្ឍនភាពអាមេរិក (CAP) បានឲ្យដឹងថា ការដែលអង្គការណាតូបានប្រមូលផ្តុំប្រទេសភាគច្រើននៅអឺរ៉ុប និងអាមេរិកខាងជើង ក្នុងនោះមានប្រទេសជាច្រើនធ្លាប់មានអតីតកាលជាបច្ចាមិត្តបាន ចូលរួមសម្ព័ន្ធភាពនយោបាយ-យោធារួមគ្នាដែលមានលក្ខណចាប់បង្ខំបំផុតតាមរយៈមាត្រា ៥ នៃសន្ធិសញ្ញាស្ដីពី"ការស្វ័យការពារជាសមូហភាព" គឺសមិទ្ធិផលប្រវត្តិសាស្ត្រដ៏ធំបំផុតរបស់ប្លុកនេះ៖ “ប្រវត្តិសាស្ត្ររបស់អឺរ៉ុបគឺជាប្រវត្តិសាស្ត្រនៃជម្លោះឥតឈប់ឈរ រហូតដល់អង្គការណាតូត្រូវបានបង្កើតឡើងកាលពី ៧៥ ឆ្នាំមុន ពោលគឺនាឆ្នាំ១៩៤៩។ ចាប់តាំងពីពេលនោះមក ខឿនសន្តិភាពប្រកបដោយចីរភាពត្រូវបានរក្សានៅក្នុងតំបន់អ៊ឺរ៉ុប-មហាសមុទ្រអាត្លង់ទិក។ ដូច្នេះហើយ ខ្ញុំគិតថានេះជាសមិទ្ធិផលជាប្រវត្តិសាស្ត្រធំជាងអ្វីៗទាំងអស់សម្រាប់ណាតូផងដែរ”។

ណាតូក្រោយរយៈពេល ៧៥ ឆ្នាំ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាបង្កើត - ảnh 2ឧត្តមនាវីឯក Rob Bauer ប្រធានគណៈកម្មាធិការយោធាណាតូ។ រូបថត៖ Daily Messenger

អង្គការណាតូ និងអសន្តិសុខពីឆាកនយោបាយអាមេរិក

ក្នុងនាមជាមហាអំណាចយោធាដ៏ធំបំផុតក្នុងអង្គការណាតូ ហើយបានរួមចំណែកជិត ២ ភាគ ៣ នៃថវិកាប្រតិបត្តិការរបស់សម្ព័ន្ធមិត្ត សហរដ្ឋអាមេរិក គឺជាប្រទេស ដែលមានសំឡេងសម្រេចចិត្តនៅក្នុងអង្គការណាតូ។ ដូច្នេះហើយ រាល់ការផ្លាស់ប្តូរអំពីគោលនយោបាយកិច្ចការបរទេស និងសន្តិសុខរបស់បណ្ដារដ្ឋអំណាចអាមេរិកគឺសុទ្ធសឹងតែជះឥទ្ធិពលយ៉ាងខ្លាំងដល់អង្គការ និងប្រតិបត្តិការរបស់អង្គការណាតូ។ យោងតាមលោក Nicholas Lokker អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសន្តិសុខអាមេរិកថ្មី (CNAS) ប្រធានាធិបតីអាមេរិកបច្ចុប្បន្នលោក Joe Biden គឺជាអ្នកនយោបាយកាន់លទ្ធិអាត្លង់ទិក ដូច្នេះហើយលោកគោរពតួនាទីរបស់ណាតូ។  ទោះជាយ៉ាងណាក៏ដោយ លោក Nicholas Lokker បានចាត់ទុកថា សម្ព័ន្ធមិត្តណាតូនានារបស់អាមេរិក អាចនឹងព្រួយបារម្ភអំពីអនាគតរបស់ប្លុកយោធានេះ ប្រសិនបើអតីតប្រធានាធិបតីលោក Donald Trump ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅចុងឆ្នាំនេះ។

អ្នកជំនាញរបស់ CNAS បានចាត់ទុកថា ក្ដីព្រួបារម្ភនេះគឺងាយស្រួលយល់ណាស់ ព្រោះថាក្នុងអាណត្តិមុន (២០១៦-២០២០) លោក Donald Trump បានរិះគន់អង្គការណាតូ ក៏ដូចជាសមាជិកសំខាន់ៗមួយចំនួននៃប្លុកនេះជាច្រើនលើក ទាក់ទងនឹងការរួមចំណែកផ្នែកហិរញ្ញវត្ថុដល់អង្គការណាតូ។ ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតនាពេលថ្មីៗនេះ ក៏បានបន្តប្រកាសជាច្រើន ដែលធ្វើឲ្យសម្ព័ន្ធមិត្តណាតូព្រួយបារម្ភថា អាមេរិកអាចនឹងបោះបង់ចោលការប្តេជ្ញាចិត្តផ្នែកសន្តិសុខមួយចំនួនចំពោះអង្គការ ណាតូ ប្រសិនបើលោក Trumpឈ្នះការបោះឆ្នោត។ ទោះជាយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍ស្ទើរតែទាំងអស់បានចាត់ទុកថាការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំនេះគឺពិបាកនឹងទស្សន៍ទាយខ្លាំងណាស់ ក្នុងបរិបទដែលសន្តិសុខពិភពលោកអស្ថិរភាពដូចបច្ចុប្បន្ននេះ តួនាទីរបស់ណាតូនៅតែចាំបាច់ចំពោះសហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត យោងតាមប្រធានគណៈកម្មាធិការយោធារបស់អង្គការណាតូ លោកឧត្តមសេនីយ៍ Rob Bauer បានឲ្យដឹងថា បើវិភាគទិដ្ឋភាពមួយចំនួន ការដែល អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ស្នើឲ្យប្រទេសសមាជិកណាតូតម្លើងថវិកាការពារជាតិគឺសមហេតុសមផល៖

“សម្ព័ន្ធភាពបានឆ្លងកាត់ដំណាក់កាលដែលមានការលំបាកសាកល្បងជាច្រើនក្នុងប្រវត្តិសាស្ត្រ។ ចំពោះលោកប្រធានាធិបតី Trump មតិរបស់លោកមិនមែនជាប្រឆាំងនឹងណាតូឡើយ ពោលគឺដើម្បីប្រឆាំងជំទាស់ប្រទេសនានា ដូចលោកបាននិយាយថា មិនបានចូលរួមវិភាគទានគ្រប់គ្រាន់ដល់ណាតូ។ខ្ញុំគិតថាការរិះគន់របស់លោកដែលចាត់ទុកថា បណ្ដាប្រទេសអ៉រ៉ុបខាងកើត និងកាណាដាចាំបាច់ត្រូវធ្វើការងារច្រើនថែមទៀតសម្រាប់ការពារជាតិរបស់ខ្លួន គឺត្រឹមត្រូវផងដែរ”។

យោងតាមតួរលេខរបស់អង្គការណាតូបានឲ្យដឹងថា នាបច្ចុប្បន្ននេះ ប្រទេសជាសមាជិកស្ទើរតែងទាំងអស់របស់ប្លុកនេះមានផែនការច្បាស់លាស់ស្ដីពីការសម្រេចបានគោលដៅចំណាយយ៉ាងហោចណាស់ ២% នៃផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិ។ លើសពីនេះ ចាប់ពីឆ្នាំ ២០១៤ រហូតមកដល់ពេលនេះ ណាតូបានទទួលវិភាគទានបន្ថែមចំនួន ៦០០ ពាន់លានដុល្លារអាមេរិកពីប្រទេសកាណាដា និងសមាជិកអឺរ៉ុបនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ