(VOVWORLD) -នាថ្ងៃទី ២៩ ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងភរិយាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី ព្រះរាជាណាចក្រ ន័រវែស និងស៊ុយអែតប្រកបដោយជោគជ័យ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងភរិយា
|
ដំណើរទស្សនកិច្ចទាំងនេះ មិនត្រឹមតែនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងនេះប៉ុណ្ណោះទេ ថែមទាំងអះអាង ថាវៀតណាមគោរពទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្ដាប្រទេសមិត្តជាប្រពៃណីទៀតផង។
ដំណើទស្សនកិច្ចនៅប្រទេសទាំងបីដូចដែលបានពោលខាងលើ របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាមបានប្រព្រឹត្តិទៅក្នុងរយៈពេល ៩ ថ្ងៃ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ ខែឧសភា។ថ្នាក់ដឹកនាំនៃប្រទេសទាំងបីសុទ្ធតែបានអះអាងនូវទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រសើរជាមួយវៀតណាម គឺជាគ្រឹះស្ថានដ៏រឹងមាំ ដើម្បីជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយបណ្ដាប្រទេស ក៏ដូចជាមានគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀត ណាមផងដែរ។
ស្មោះត្រង់ ស្មោះសរ និងប្រសិទ្ធភាព
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទាំងនេះ រាល់កិច្ចពិភាក្សាការងារទ្វេភាគីបានប្រព្រឹត្តិទៅប្រកបដោយភាពស្មោះត្រង់ ស្មោះសរ និងប្រសិទ្ធភាព ដើម្បីជំរុញរាល់ទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាមជាមួយសហព័ន្ធរុស្ស៊ី ព្រះរាជាណាចក្រ ន័រវែស និងស៊ុយអែត។
ដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នៅសហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែឧសភា បានប្រព្រឹត្តិទៅក្នុងបរិបទដែលប្រទេសទាំងពីរបានរៀបចំឆ្នាំវៀតណាមនៅរុស្ស៊ី និងឆ្នាំរុស្ស៊ីនៅវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ២៥ នៃការចុះហត្ថលេខាលើ សន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពវៀតណាម - រុស្ស៊ី (១៩៩៤ - ២០១៩) និងលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី (១៩៥០ - ២០២០)។
នៅក្នុងជំនួបពិភាក្សារវាង នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជាមួយ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Medvedev នោះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាចាត់ទុកថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីចាំបាច់ត្រូវបន្តជំរុញយ៉ាងខ្លាំងក្លា ក៏ដូចជាអនុវត្តន៍ជាក់ស្ដែងលើគ្រប់វិស័យផងដែរ។
នៅក្នុងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីន័រវេស និងស៊ុយអែតនោះ ថ្នាក់ដឹកនាំទាំងពីររូប សុទ្ធតែបានអះអាងថានឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងស្តីពីការគាំពារវិនិយោគរវាងវៀតណាម - សហភាពអឺរ៉ុប (EVIPA) ឲ្យបានឆាប់ៗ ហើយថែមទាំងលើកទឹកចិត្តដល់សហគមន៍ធុរជននៃប្រទេសទាំងពីរបន្តពង្រីកកិច្ចសសហប្រតិបត្តិការវិនិយោគ និងធ្វើអាជីវកម្មផងដែរ។
ជាពិសេស ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ វេទិកាធុរកិច្ចបានប្រព្រឹត្តិទៅនៅប្រទេសទាំងបី ដោយទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីសហគមន៍ធុរជន នៃប្រទេសទាំងបី។ នៅក្នុងវេទិកាទាំងនេះ នាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា វៀតណាមជានិច្ចកាលបង្កើតបរិយាកាសវិនិយោគអំណោយផលសម្រាប់សហគ្រាស ជាពិសេសគឺនៅពេលដែលវៀតណាមចូលរួម FTA ចំនួន ១២ និងឆ្ពោះទៅការចុះហត្ថលេខា EVFTA ។ កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការ ដែលមានតម្លៃដ៏ធំធេង ត្រូវបានចុះហត្ថលេខា ដូចជា៖ កិច្ចព្រមព្រៀងស្ដីពីការបង្កើតក្រុមហ៊ុននៅរុស្ស៊ីរបស់សម្ព័ន្ធក្រុមហ៊ុន T & T (វៀតណាម) និងគម្រោងផលិតអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យជាមួយនឹងបច្ចេកវិទ្យាទំនើបបំផុតរបស់សម្ព័ន្ធក្រុមហ៊ុន Scatec Solarជាដើម។
បង្កើនចំណងមិត្តភាព
សញ្ញាសម្គាល់ក្នុងដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc គឺ គណប្រតិភូវៀតណាមសុទ្ធតែទទួលបានមនោសញ្ចេតនាយ៉ាងកក់ក្ដៅពីសំណាក់ប្រជាជនរុស្ស៊ី ន័រវេសនិងស៊ុយអែត ដែល ធ្លាប់រួមចំណែកទៅក្នុងបុព្វហេតុតស៊ូ រំដោះវៀតណាមពីអតីតកាល ក៏ដូចជាបុព្វហេតុកសាង និងអភិវឌ្ឍន៍មាតុភូមិនាបច្ចប្បន្នកាល។
ពិតណាស់ថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាមនៅរុស្ស៊ី ន័រវែសនិងស៊ុយអែតបានបញ្ចប់ប្រកបដោយជោគជ័យ ហើយថែមទាំងជាព្រឹត្តិការណ៍នយោបាយដែលមានអត្ថន័យដ៏សំខាន់ ដោយរួមចំណែកបន្តជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ ក៏ដូចជាបើកទិសដៅសហប្រតិបត្តិការថ្មីលើគ្រប់វិស័យផងដែរ៕