ត្រៀមខ្លួនជាស្រេចជួបសន្ទនាដើម្បីបង្រួញគម្លាតភាពខុសគ្នាលើសិទ្ធិមនុស្ស

(VOVWORLD) - ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមីនា បានចេញផ្សាយរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ដោយបញ្ជាក់ថា៖ “ប្រទេសអាស៊ីមួយចំនួន ក្នុងនោះមានវៀតណាម បានរំលោភលើសិទ្ធិមនុស្សជាប្រព័ន្ធ”។ ការវាយតម្លៃនេះគឺមានលក្ខណៈម្ខាង   ដោយមិនឆ្លុះបញ្ចាំងពីការពិត និងអត្តចរិតនៃបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាម។ ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ វៀតណាមត្រៀមខ្លួនរួចជាស្រេច ធ្វើកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីបង្រួញគម្លាតនៃភាពខុសប្លែកគ្នា ក្នុងការទទួលស្គាល់បញ្ហាសិទ្ធិមនុស្សនៅវៀតណាម។

ត្រៀមខ្លួនជាស្រេចជួបសន្ទនាដើម្បីបង្រួញគម្លាតភាពខុសគ្នាលើសិទ្ធិមនុស្ស - ảnh 1វៀតណាមត្រៀមខ្លួនជាស្រេចសម្រាប់ការសន្ទនាដើម្បីបង្រួញគម្លាតភាពខុសគ្នាលើបញ្ហាសិទ្ធិមនុស្ស
(ប្រភព៖ tuyengiao.vn)

ព័ត៌មានដែលមាននៅក្នុងរបាយការណ៍ស្តីពីសិទ្ធិមនុស្សប្រចាំឆ្នាំ ២០២២ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ត្រូវរងឥទ្ធិពលពីគំនិតផ្ទាល់ខ្លួន និងការរើសអើង ហើយមិនផ្អែកលើព្រឹត្តិការណ៍  អង្គហេតុ ទិន្នន័យ និងភស្តុតាងជាក់ស្តែងដែលមានលក្ខណៈទូទៅទាល់តែសោះ។ របាយការណ៍នេះក៏បានលើកឡើងពីបុគ្គលជាក់ស្តែងមួយចំនួនដែ ប៉ុន្តែតាមពិតទៅ ពួកគេជាគូបដិបក្ខ ឆ្លៀតឱកាសសំបក “ប្រជាធិបតេយ្យ” និង “សិទ្ធិមនុស្ស” ដើម្បីប្រឆាំងនឹងប្រទេសជាតិ រំលោភលើសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គមរបស់វៀតណាម តាមនោះ បានចោទប្រកាន់វៀតណាមថា បានប្រព្រឹត្តតាមអំពើចិត្ត  ចាប់ខ្លួននិងកាត់ក្តីដោយអយុត្តិធម៌ បង្ក្រាបឆ្លងប្រទេស  ជ្រៀតជ្រែកខុសច្បាប់ចូលក្នុងសិទ្ធិឯកជន  មិនគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ កង្វះសេរីភាពអ៊ីនធឺណិត ។ល។

ត្រូវមានសត្យានុម័ត ភាពស្មោះសរ និងត្រឹមត្រូវនៅពេលវាយតម្លៃអំពីសិទ្ធិមនុស្សនៅវៀតណាម

អ្វីៗ ដែលរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ ២០២២ លើកឡើងបានបង្ហាញថា  ហាក់បីដូចជា តម្លៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលក្រសួងការបរទេសសហរដ្ឋអាមេរិកដាក់ចេញ ត្រឹមតែបម្រើបុគ្គលមួយចំនួននៅក្នុងសង្គមប៉ុណ្ណោះ។ ច្បាស់ណាស់ថា នោះជាការវាយតម្លៃខុសឆ្គងពីបញ្ហាសិទ្ធិមនុស្សនៅវៀតណាមទៀតសោត។ ទោះជាយ៉ាងណាក៏ដោយ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់វៀតណាមត្រូវសមស្របប្រកបដោយភាពសុខដុមរម្យនានឹងការអភិវឌ្ឍន៍ទូទៅនៃសង្គម និងធានានូវផលប្រយោជន៍ខ្ពង់ខ្ពស់បំផុតរបស់ជាតិ-ប្រជាជាតិ។

យោងតាមអ្នកជំនាញ ដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅវៀតណាមប្រកបដោយសត្យានុម័ត ស្មោះសរ និងត្រឹមត្រូវ ក្រសួងការបរទេសអាមេរិកចាំបាច់ត្រូវផ្អែកលើព័ត៌មាន និងទិន្នន័យដែលគួរឱ្យទុកចិត្ត និងមានប្រភពច្បាស់លាស់។ តាមនោះ ការស្ទង់មតិ ប្រមូលទិន្នន័យ និងភ័ស្តុតាងត្រូវតែប្រកាន់ខ្ជាប់នូវការពិត និងមានការបញ្ជាក់ពិតប្រាកដរបស់អាជ្ញាធរវៀតណាម។ ដើម្បីវាយតម្លៃដោយសត្យានុម័ត ក៏ចាំបាច់ត្រូវមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់ និងតម្លាភាពសម្រាប់ព័ត៌មាន ដែលត្រូវវាយតម្លៃ និងហើយត្រូវបានពិនិត្យយ៉ាងល្អិតល្អនមុនពេលប្រកាសជាសាធារណៈ។

បច្ចុប្បន្ននេះ ក្នុងករណីដែលគ្មានលក្ខណៈវិនិច្ឆ័យជាក់ស្តែងណាមួយ សម្រាប់ការវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសទាំងអស់ ក្រសួងការបរទេសសហរដ្ឋ អាមេរិកមិនគួរបញ្ចេញទស្សនៈផ្ទាល់ខ្លួន តាមរយៈប្រភពព័ត៌មានក្រៅផ្លូវការ ដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៃប្រទេសដទៃទៀត រួមទាំង ប្រទេសវៀតណាមផងដែរ។ ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោក Pham Thu Hang បានលើកច្បាស់ថា៖ “វៀតណាមមានការសោកស្តាយដែលរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ ២០២២របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក មានការវាយតម្លៃខ្វះសត្យានុម័ទ  ដោយផ្អែកលើព័ត៌មានមិនត្រឹមត្រូវអំពីស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសវៀតណាម។ វៀតណាមតែងតែត្រៀមខ្លួនជាស្រេចក្នុងការពិភាក្សាដោយស្មោះសរ បើកចំហ និងស្ថាបនា ជាមួយអាមេរិកលើបញ្ហាដែលមានភាពខុសគ្នាជាច្រើន សំដៅបង្កើនការយល់ដឹង និងរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអាមេរិក”។

តាមពិតទៅ  គោលនយោបាយឥតងាករែរបស់វៀតណាម គឺការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។ ដោយឈរលើមូលដ្ឋាននៃរដ្ឋធម្មនុញ្ញ វៀតណាមបានដាក់ចេញនូវច្បាប់ថ្មីជាច្រើនដើម្បីការពារ និងលើកកម្ពស់សិទ្ធិមនុស្សដូចជា ច្បាប់ស្តីពីជំនឿ និងសាសនាឆ្នាំ ២០១៦ ច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិតឆ្នាំ ២០១៨ច្បាប់ស្តីពីសារព័ត៌មានឆ្នាំ ២០១៦ជាដើម។ ច្បាប់ទាំងនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ការពារសេរីភាពនៃការបញ្ចេញមតិ ជំនឿ សាសនា និងឯកជនភាព។

ឈរលើស្ថានភាពជាក់ស្តែង ទោះបីជាក្នុងជីវភាពសង្គមនៅមានបញ្ហាលំបាកជាច្រើនក៏ដោយ ក៏សិទ្ធិមនុស្សនៅវៀតណាមតែងតែត្រូវបានបក្សនិងរដ្ឋគោរព និងធានាក្នុងលក្ខណៈសមស្របទៅនឹងស្ថានភាពរបស់ប្រទេសជាតិ។ ដោយមានស្មារតី “គ្មានអ្នកណាម្នាក់ត្រូវបោះបង់ចោលនៅក្រោយ” វៀតណាមបានបង្រីកនូវកម្លាំងពលំនៃប្រព័ន្ធនយោបាយទាំងមូល ដើម្បីសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៍មនុស្ស ស្របតាមការប្តេជ្ញាចិត្តអន្តរជាតិ។ សមិទ្ធិផលរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្សត្រូវបានអន្តរជាតិទទួលស្គាល់និងវាយតម្លៃខ្ពស់។

វៀតណាមត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចសន្ទនាអំពីការខ្វែងគំនិតគ្នាលើបញ្ហាសិទ្ធិមនុស្ស

បន្ទាប់ពីការធ្វើឱ្យមានប្រក្រតីភាព និងបង្កើតទំនាក់ទំនងការទូតរួចមក ចាប់ពីឆ្នាំ ១៩៩៥ រហូតដល់បច្ចុប្បន្ន វៀតណាមនិងសហរដ្ឋអាមេរិកបានជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីដោយឈរលើមូលដ្ឋាននៃទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក។ នាបច្ចុប្បន្ន ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍យ៉ាងទូលំទូលាយលើវិស័យជាច្រើនដូចជា៖ នយោបាយ សេដ្ឋកិច្ច សន្តិសុខ វប្បធម៍ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ល។ បក្សនិងរដ្ឋវៀតណាមតែងតែត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសន្ទនាដោយស្មោះត្រង់ បើកចំហក្នុងស្មារតីស្ថាបនាជាមួយសហរដ្ឋអាមេរិកលើបញ្ហាខ្វែងគំនិត ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។ អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានលើកច្បាស់ថា៖ “ក្រោយរយៈពេល ១០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយមក ទំនាក់ទំនងរវាងវៀតណាម និងអាមេរិកបានអភិវឌ្ឍយ៉ាងស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្តែងលើទិដ្ឋភាពទាំងបីគឺទ្វេភាគី តំបន់ និងអន្តរជាតិ។ ប្រទេសទាំងពីររក្សាទំនាក់ទំនង កិច្ចសន្ទនា និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងជាពិសេសដំណើរទស្សនកិច្ចកម្រិតខ្ពស់។ ឈរលើមូលដ្ឋាននៃការអភិវឌ្ឍដូចបច្ចុប្បន្ន យើងមានបំណងនិងត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យបន្តអភិវឌ្ឍយ៉ាងស៊ីជម្រៅ ប្រសិទ្ធភាព និរន្តរភាព និងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ក៏ដូចជានៅលើពិភពលោក”។

ឧបសគ្គចម្បងមួយក្នុងទំនាក់ទំនងវៀតណាម - អាមេរិកគឺភាពខុសគ្នានៃមតិនៅពេលវាយតម្លៃលើបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ជាតិសាសន៍ សាសនា។ យ៉ាងណាមិញ នាពេលកន្លងមក ប្រទេសទាំងពីរបានខិតខំប្រឹងប្រែងសហការនិងដោះស្រាយរាល់បញ្ហាជំពាក់ជំពិន តាមរយៈបង្កើនកិច្ចចរចារនិងផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក។ ជំនះរាល់ឧបសគ្គនៃការរើសអើងសិទ្ធិមនុស្ស ក្នុងស្មារតីសមភាព និងសហប្រតិបត្តិការ ដើម្បីពង្រឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ គឺជាប្រការដែលប្រទេសទាំងពីរតែងតែឆ្ពោះទៅជានិច្ច។ ដូច្នេះហើយ ការជំនះពុះពារលើការវាយតម្លៃដោយភាគីម្ខាង   និងមិនត្រឹមត្រូវលើបញ្ហាសិទ្ធិមនុស្សរបស់វៀតណាមក្នុងរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ គឺជាកិច្ចការចាំបាច់ដែលក្រសួងការបរទេសសហរដ្ឋអាមេរិកត្រូវធ្វើ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងថ្មី ក្នុងគោលបំណងលុបបំបាត់ និងបង្រួញគម្លាតនៃឧបសគ្គ ជួយប្រទេសទាំងពីរបន្តការអភិវឌ្ឍប្រកបដោយនិរន្តរភាពនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ