(VOVWORLD) - សន្និបាតលើកទី៧គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមទើបនឹងបានចេញសេចក្ដីសម្រេចចិត្តស្ដីពីការផ្តោតសំខាន់លើការកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ពិសេសគឺថ្នាក់យុទ្ធសាស្ត្រ ដោយមានចរិយាសម្បត្តិនិងកិត្យានុភាពដ៏គ្រប់គ្រាន់និងពេញសមត្ថភាពក្នុងសម័យកាលថ្មី។ សាធារណៈមតិបានវាយតំលៃខ្ពស់ចំពោះសេចក្ដីសម្រេចចិត្តដែលមានចរិតលក្ខណៈបន្តនិងពង្រីកនូវសតិអារម្មណ៍លោកប្រធានហូជីមិញស្ដីពីការងារកម្មាភិបាលនេះ។
លោកប្រធានហូជីមិញជាមួយប្រជាជន |
ពេលនៅរស់ លោកប្រធានហូជីមិញជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់ការងារបណ្ដុះបណ្ដាលនិងហាត់ពត់លត់ដំកម្មាភិបាល។ លោកបានអះអាងថា កម្មាភិបាលជាប្រភពនៃកិច្ចការទាំងអស់ ហើយកិច្ចការទាំងអស់ទទួលបានជោគជ័យឬបរាជ័យ គឺដោយសារកម្មាភិបាលល្អឬខ្សោយ”។ លោកក៏សង្កត់ធ្ងន់ដែរថា ត្រូវរៀបចំកម្មាភិបាលឲ្យបានសមស្របនឹងកិច្ចការនីមួយៗ សំដៅពង្រីកនូវសមត្ថភាពនិងគុណសម្បត្តិរបស់កម្មាភិបាលនោះ។
ផ្ដោតលើការបណ្ដុះបណ្ដាលកម្មាភិបាល
តាមសាស្ត្រាចារ្យរងបណ្ឌិត Nguyen Quoc Bao អតីតប្រធានដេប៉ាឌឺម៉ង់សតិអារម្មណ៍ហូជីមិញ វិទ្យាស្ថានសារព័ត៌មាននិងឃោសនាថា ក្នុងបណ្ដាឯកសាររបស់បក្សស្ដីពីការងារកម្មាភិបាល ពិសេសគឺសេចក្ដីសម្រេចចិត្តសន្និបាតលើកទី៧គណៈកម្មាធិការមជ្ឈឹមបក្សនាពេលថ្មីៗនេះ បានបន្តនិងទទួលយកនូវសតិអារម្មណ៍ហូជីមិញ ដោយផ្តោតទៅលើការបណ្ដុះបណ្ដាលកម្មាភិបាលឲ្យមានសមត្ថភាព សីលធម៌ ពិសេសគឺកម្មាភិបាលវ័យក្មេង។
“លោកប្រធានហូជីមិញបានមានប្រសាសន៍ថា ទោះបីបក្សកាន់អំណាចក្ដី ប៉ុន្តែបក្ខជនមិនអាចឃ្លាតឆ្ងាយពីគោលដៅរបស់ខ្លួនឡើយ។ នាពេលបក្សមិនទាន់ឡើងកាន់អំណាចក្នុងអំឡុងពេលតស៊ូរំដោះប្រជាជាតិដែលពោរពេញទៅដោយការលំបាកលំបិនដូច្នេះ ប៉ុន្តែបក្ខជនបានបង្ហាញនូវតួនាទីជាអ្នកត្រួសត្រាយជានិច្ច។ ព្រោះថាគេមានឧត្តមគតិដ៏ស្មោះត្រង់និងខ្ពង់ខ្ពស់នោះគឺលះបង់ទាំងអស់ដើម្បីបុព្វហេតុការពារឯករាជ្យនិងសេរីភាពរបស់ប្រទេសជាតិ។ ដោយហេតុនេះបក្សបានដឹកនាំបុព្វហេតុបដិវត្តន៍យកឈ្នះដ៏ត្រចះត្រចង់”។
ក្នុងសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈឹមលើកទី៧នាពេលកន្លងទៅបានបញ្ជាក់យ៉ាងច្បាស់លាស់ថា បក្សត្រូវចាត់ទុកកម្មាភិបាលជាកត្តាសម្រេចកំណត់រាល់ជ័យជំនះឬបរាជ័យរបស់បដិវត្តន៍ ហើយការងារកម្មាភិបាលជាការងារគន្លឹះក្នុងការកសាងបក្សនិងប្រព័ន្ធនយោបាយទាំងមូល។ ការកសាងកម្មាភិបាល ពិសេសគឺកម្មាភិបាលថ្នាក់យុទ្ធសាស្ត្រ ជាភារកិច្ចចម្បង ជាការងារប្រចាំរបស់បក្ស។
ឆ្លៀតប្រើប្រាស់សតិអារម្មណ៍ហូជីមិញក្នុងការងារកម្មាភិបាល
តាមសាស្ត្រាចារ្យរងបណ្ឌិត Nguyen Minh Tuan ប្រធានវិទ្យាស្ថានកសាងបក្ស វិទ្យាស្ថាននយោបាយជាតិហូជីមិញឲ្យដឹងថា សតិអារម្មណ៍ហូជីមិញស្ដីពីការងារកម្មាភិបាលបានកំណត់ទិសដៅធំៗសំរាប់ការងារកម្មាភិបាលរបស់បក្សកុម្មុយនិស្តវៀតណាមនាបច្ចុប្បន្ន។
“រៀនសូត្រលោកប្រធានហូជីមិញអំពីការងារកម្មាភិបាលមានន័យថា យើងបានធ្វើល្អនូវការបញ្ជាណែនាំរបស់បក្សនាបច្ចុប្បន្នអំពីការងារកម្មាភិបាល។ ពីការបណ្ដុះបណ្ដាល ចាត់តាំង វាយតំលៃកម្មាភិបាលដល់ការពង្រីកនូវតួនាទីរបស់ប្រជាជនក្នុងការឃ្លាំមើលកម្មាភិបាល ដើម្បីគ្រប់គ្រងអំណាចក្នុងបក្ស។ អនុវត្តន៍យ៉ាងត្រឹមត្រូវតាមគោលមាគ៌ារបស់បក្សស្ដីពីការងារកម្មាភិបាលក៏មានន័យថា យើងបានជ្រួតជ្រៀបតាមស្មារតីលោកប្រធានហូជីមិញដែរ”។
ចំណែកឯសាស្ត្រាចារ្យរងបណ្ឌិត Vu Van Phuc អតីតអគ្គនិពន្ធនាយកទស្សនាវដ្ដីកុម្មុយនិស្ត បានចាត់ទុកថា៖
“ដំណោះស្រាយគន្លឹះនោះគឺ កម្មាភិបាល បក្ខជន និងថ្នាក់ដឹកនាំម្នាក់ៗត្រូវហាត់ពត់លត់ដំដោយខ្លួនឯង ដើម្បីឈ្នះលើការលួងលោមពីលុយកាក់។ អ្នកដឹកនាំណាដែលមិនឧស្សាហ៍ព្យាយាមហាត់ពត់លត់ដំ មិនអាចឈ្នះលើខ្លួនឯង លើការលួងលោមពីលុយកាក់ គឺអ្នកនោះមិនស័ក្តិសមនឹងមុខតំណែងជាអ្នកដឹកនាំថ្នាក់យុទ្ធសាស្ត្រទេ”។
ដោយឆ្លៀតយកសតិអារម្មណ៍ហូជីមិញស្ដីពីការងារកម្មាភិបាល នាពេលកន្លងទៅ បក្សកុម្មុយនិស្តវៀតណាមបានផ្តោតលើការបណ្ដុះបណ្ដាលកម្មាភិបាល។ ប្រជាជនសង្ឃឹមថា នាពេលខាងមុខបក្សនឹងបន្តអនុវត្តន៍យ៉ាងខ្លាំងក្លាថែមទៀតដើម្បីរៀបចំជួរកម្មាភិបាលឲ្យមានចរិយាសម្បត្តិនិងកិត្យានុភាពដ៏គ្រប់គ្រាន់និងពេញសមត្ថភាព៕