ទីក្រុងហាណូយរួមដំណើរជាមួយប្រទេសជាតិឈានចូលយុគសម័យស្ទុះឈានទៅមុខ

(VOVWORLD) - មុននេះ ៧០ ឆ្នាំ នៅថ្ងៃទី ១០ តុលា   រដ្ឋធានីហាណូយត្រូវបានរំដោះ។ សេចក្តីអំពាវនាវ  តោះ! បងប្អូនជនរួមជាតិរដ្ឋធានី ក្រោកឈរឡើងដណ្តើមយកឯករាជ្យបានលាន់លឺរន្ទឺនៅនាសរទៈរដូវឆ្នាំនោះ ដូចជាតំណរតភ្ជាប់រវាងអតីតកាលនិងបច្ចុប្បន្នកាលអញ្ជឹង ដើម្បី៧០ឆ្នាំក្រោយ  ប្រជាជនហាណូយសាមគ្គីគ្នា កសាងរដ្ឋធានីវីរភាព មជ្ឈមណ្ឌលនយោបាយនិងរដ្ឋបាលជាតិ ធ្វើឱ្យទីក្រុងហាណូយក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិទាំង មូល រួមជាមួយប្រទេសក្នុងការឈានចូលសម័យកាលស្ទុះឈានទៅមុខ។

សរទរដូវជាប្រវត្តិសាស្ត្រ

ស្ពាន Long Bien ដែលជាស្ពាន មានអាយុកាលជាង ១០០ ឆ្នាំ ផ្សាភ្ជាប់ជាមួយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើន នៃរដ្ឋធានីហាណូយ។ នៅលើស្ពាននេះ កាលពី ៧០ ឆ្នាំមុន ទាហានអាណានិគមនិយមបារាំងចុងក្រោយបានដកខ្លួនចេញពីទីក្រុងហាណូយ ដើម្បីកងទ័ពវៀតណាមចូលគ្រប់គ្រងរដ្ឋធានី  បើកចេញទំព័រប្រវត្តិសាស្ត្រវីរភាពថ្មីនៃទឹកដីអរិយធម៌រាប់ពាន់ឆ្នាំ។

ពេលព្រឹកព្រលឹមនាប៉ុន្មានថ្ងៃសរទរដូវជាប្រវត្តិសាស្ត្រនៃឆ្នាំ ១៩៥៤ នៅថ្ងៃទី ១០ ខែតុលា ភ្លៀងកក់ខែធ្លាក់ដោយចៃដន្យ ធ្វើឲ្យផ្ទៃមេឃរបស់ទីក្រុងហាណូយកាន់តែភ្លឺចែសខៀវស្រងាត់។ ប្រជាជនហាណូយនិយាយថា នោះជាភ្លៀងដែលបានបោកបក់សម្អាតភាពជាទាសករ។ ចាប់ពីពេលនេះតទៅ ប្រជាជនហាណូយលែងរស់នៅក្នុងការជិះជាន់សង្កត់សង្គិនទៀតហើយ។

“នៅឆ្នាំ ១៩៥៤ នៅពេលដែលកងទ័ពចូលគ្រប់គ្រងរដ្ឋធានី ខ្ញុំមានអាយុត្រឹមតែ ១៧ ឆ្នាំប៉ុណ្ណោះ។ ខ្ញុំបានឃើញជួរកងទ័ព ហើយបងៗកងទ័ពសប្បាយចិត្តណាស់ ខ្ញុំបានយកកាមេរ៉ាចេញដើម្បីថតរូប។ មិនមែនតែខ្ញុំទេ ទីក្រុងហាណូយទាំងមូលរំភើបតាំងពីប៉ុន្មានថ្ងៃមុនមកម្លេះ។ ពេលកង ទ័ពវិលត្រឡប់មក រដ្ឋធានីវិញហាក់ដូចជារំភើបរីករាយណាស់។  ផ្លូវទាំងអស់ណែនដោយមនុស្ស”។

“យប់មុននេះស្ងាត់ឈឹង ព្រោះទាហានបារាំងដកខ្លួនចេញហើយ   ប៉ុន្តែកងទ័ពយើងមិនទាន់វិលត្រឡប់មកវិញទេ។ រហូតដល់ថ្ងៃបន្ទាប់ដែលកង ទ័ពត្រឡប់មកវិញ យើងទាំងអស់គ្នារត់ចេញទទួលស្វាគមន៍។ កាលនោះ ខ្ញុំនៅក្មេង ទើបតែអាយុ១២ឆ្នាំ ដូច្នេះខ្ញុំត្រូវឈរលើកៅអីដើម្បីមើល។ ក្មេងតូចៗខ្លះក៏ឡើងលើបង្គោលភ្លើង ដើម្បីមើលកងទ័ពរំដោះរដ្ឋធានី។ ទាំងនេះជាអនុស្សាវរីយ៍មិនអាចបំភ្លេចបានឡើយ”។

រយៈពេល ៧០ ឆ្នាំក្រោយមក បរិយាកាសនៃថ្ងៃរំដោះត្រូវបានបង្ហាញឡើងវិញជាក់ស្តែង និងរស់រវើកតាមរយៈការតាំងពិពណ៌ 3D តាមអ៊ីនធឺណិត តោះ! បងប្អូនជនរួមជាតិនៃរដ្ឋធានី!

ប្រិយមិត្តអ្នកស្តាប់កំពុងស្តាប់ការបកស្រាយការតាំងពិពណ៌ 3D តាម អ៊ិនធរណែតអំពីទីក្រុងហាណូយដែលមានឈ្មោះថា "តោះ បងប្អូនជនរួមជាតិរដ្ឋធានី!"។ ពិព័រណ៍ឧទ្ទេសនាមអំពីរូបភាពនៃការតស៊ូរបស់កងទ័ព និងប្រជាជនហាណូយពីចុងសតវត្សទី ១៩ ដល់ឆ្នាំ ១៩៥៤។ លោកស្រី Tran Thi Mai Huong នាយិកាមជ្ឈមណ្ឌលបណ្ណសារជាតិ ១ បានឲ្យដឹងថា៖ “យើងបានជ្រើសរើសលំហ 3D ដើម្បីបង្កើតរូបភាពផ្សែងនិងភ្លើង ក៏ដូចជាបរិយាកាសរីករាយនៃទីក្រុងហាណូយក្នុងថ្ងៃកងទ័ពវិលត្រលប់មក វិញ ដើម្បីបង្ហាញពីបរិយាកាសវីរភាពរបស់ប្រទេសជាតិ ជាពិសេសអ្នកដែលស្រលាញ់ទីក្រុងហាណូយ អាចរស់នៅក្នុងបរិយាកាសនេះ”។

“តោ! បងប្អូនជនរួមជាតិរដ្ឋធានី! ពាក្យស្លោកនោះ គឺដូចជាសេចក្តីអំពាវនាវ១ ដែលបង្កើតឲ្យមានសាមគ្គីភាពក្នុងអំឡុងពេលនៃការតស៊ូប្រឆាំងនឹងពួកអាណានិគមនិយមបារាំងនៅទីក្រុងហាណូយ។ សេចក្តីអំពាវនាវនោះនៅតែបន្លឺឡើង និងជាកម្លាំងចលករដែលសាមគ្គីប្រជាជនហាណូយក្នុងការកសាងរដ្ឋធានីនាពេលអនាគត។

ការស្តារឡើងវិញនិងកសាងរដ្ឋធានី

ក្នុងអត្ថបទចុះផ្សាយលើកាសែតប្រជាជន (Nhan Dan) លេខ ២៣៦ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៥៤ លោកប្រធានហូជីមិញបានសរសេរថា៖ ប្រទេសទាំងមូលក្រឡែកមើលទៅរដ្ឋធានីរបស់យើង។ ពិភពលោកសម្លឹងមើលរដ្ឋធានីរបស់យើង។ យើងទាំងអស់គ្នាត្រូវខិតខំរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខ ធ្វើឱ្យរដ្ឋធានីរបស់យើងមានសន្តិភាព សោភ័ណភាព និងសុខសាន្តត្រានទាំងខាងសម្ភារៈ និងផ្លូវចិត្ត”។

អនុវត្តន៍តាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ ប្រជាជនរដ្ឋធានីបានខិតខំប្រឹងប្រែងមិនចេះនឿយហត់ក្នុងការអភិវឌ្ឍរដ្ឋធានីបន្តិចម្តងៗ ។ រួមជាមួយប្រជាជននៃភាគខាងជើងទាំងមូល ហាណូយបានអនុវត្តជាបន្តបន្ទាប់នូវភារកិច្ចបដិវត្តន៍។   ចាប់ពីឆ្នាំ ១៩៨៦ ដល់បច្ចុប្បន្ន ហាណូយបានឈានមុខគេក្នុងបុព្វហេតុនវានុវត្តន៍របស់ប្រទេសជាតិ ដោយបក្សកុម្មុយនិស្តវៀតណាមបានផ្តួចផ្តើមគំនិតនិងដឹកនាំ។ សេដ្ឋកិច្ចរបស់ទីក្រុងហាណូយរីកចម្រើនដោយឥតឈប់ឈរ បានបញ្ជាក់ពីឋានៈឈានមុខដ៏រឹងមាំ។ អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុងហាណូយលោកស្រី  Nguyen Thi Tuyen បានឲ្យដឹងថា៖ “សេដ្ឋកិច្ចរបស់រដ្ឋធានីរក្សាកំណើន។ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ កំណើននឹងខ្ពស់ជាងមធ្យមភាគរបស់ប្រទេសជាតិ។ ដោយឡែក នៅឆ្នាំ ២០២៣   ទីក្រុង សម្រេចបានគោលដៅរួមរបស់ខ្លួន ពោលគឺសម្រេចបាននិងលើសពីគោលដៅដែលបានគ្រោងទុក ក្នុងនោះមានគោលដៅចំនួន ៣ លើសពីផែនការដែលបានដាក់ចេញ”។

ជាមជ្ឈមណ្ឌលនយោបាយ ទីក្រុងហាណូយជាកន្លែងមានទីស្នាក់ការនៃស្ថាប័នមជ្ឈឹមរបស់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងអង្គការនយោបាយសង្គម ស្ថាប័នតំណាងការទូតនិងអង្គការអន្តរជាតិនានា ...។ ជាទីកន្លែងដែលបក្សនិងរដ្ឋវៀតណាមចេញសេចក្តីសម្រេចជាយុទ្ធសាស្ត្រដើម្បីការពារសមិទ្ធិផលនៃបដិវត្តន៍ក៏ដូចជាយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសជាតិ...។ លោក Bui Hoai Son សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការវប្បធម៌និងអប់រំនៃរដ្ឋសភាបានវាយតម្លៃថា៖ “ព្រឹត្តិការណ៍ជាច្រើន មិនត្រឹមតែជាពាណិជ្ជសញ្ញារបស់ទីក្រុងហាណូយប៉ុណ្ណោះទេ ប៉ុន្តែបានផ្សារភ្ជាប់ជាមួយវៀត ណាម និងពិភពលោកទាំងមូល បង្ហាញថា អ្វីដែលយើងសម្រេចបានក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក ជាពិសេសក្នុងរយៈពេលថ្មីៗនេះ បានធ្វើឱ្យទីក្រុងហាណូយពិតជាសក្តិសម នឹងក្លាយជារដ្ឋធានីនៃប្រទេសវៀតណាម ដែលមាននិមិត្តសញ្ញាគួរជាទីមោទនៈ។ ហាណូយពិតជាខិតខំប្រឹងប្រែងជាច្រើនដើម្បីអះអាងនូវភាពរឹងមាំនៃរដ្ឋធានីរបស់ប្រទេសជាតិ”។

គួរកត់សម្គាល់ថា ២៥ ឆ្នាំមុន (១៩៩៩) ហាណូយគឺជាទីក្រុងតែមួយគត់នៅអាស៊ី-ប៉ាស៊ីហ្វិក ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ប្រគល់កិត្តិនាមជា “ទីក្រុងដើម្បីសន្តិភាព”។

រយៈពេល ២០ ឆ្នាំក្រោយមក (ឆ្នាំ ២០១៩) អង្គការយូណេស្កូបានចុះបញ្ជីហាណូយ - រដ្ឋធានីដំបូងគេនៃអាស៊ីអាគ្នេយ៍ដើម្បីចូលរួមបណ្តាញ "ទីក្រុងច្នៃប្រឌិត" ជាសកល ជាការកំណត់ទីតាំងពាណិជ្ជសញ្ញាថ្មីសម្រាប់ទីក្រុងហាណូយនៅលើទីផ្សារអន្តរជាតិ។ ប្រមុខរដ្ឋជាច្រើនមានអារម្មណ៍នឹងនរចិត្តនិងមានសុវត្ថិភាព ក្នុងការដើរជាមួយប្រជាជននៅតាមដងផ្លូវនៃទីក្រុងហាណូយពេលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ។ ហាណូយក៏ជាទីណាត់ជួបរបស់បណ្តាកិច្ចសន្ទនាអំពីសន្តិភាព ក្នុងនោះ កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង (ឆ្នាំ ២០១៩) គឺជាឧទាហរណ៍គំរូមួយដែរ។ “ហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម មានការរីកចម្រើន ជាពិសេសផ្នែកសេដ្ឋកិច្ច និងកិច្ចការបរទេស។ ហាណូយបានក្លាយទៅជាកន្លែងជួបជុំមិត្តភ័ក្តិអន្តរជាតិ។ លក្ខណៈវប្បធម៌ពិសេសរបស់ទីក្រុងហាណូយបានបង្កើតនូវបទពិសោធន៍ពិសេសជាច្រើននៅក្នុងដួងចិត្តរបស់អ្នកដែលមកដល់ទីក្រុងហាណូយ”។

“ខ្ញុំពិតជាចង់ឱ្យមិត្តរបស់ខ្ញុំដឹងពីអ្វីដែលស្អាតបំផុតអំពីទីក្រុងហាណូយ ដូចជាផ្លូវ ម្ហូបអាហារ ទេសភាព និងបេតិកភណ្ឌប្រវត្តិសាស្ត្រជាដើម។ ពេលខ្ញុំឮពាក្យហាណូយទាំងពីរពាក្យនេះ ហាក់ដូចជាប៉ះចំបេះដូងអញ្ជឹង។ នៅលើទំព័រ tik tok របស់ខ្ញុំ ខ្ញុំផ្តោតលើការផ្សព្វផ្សាយភាពស្រស់ស្អាតនៃទីក្រុងហាណូយ ដើម្បីឱ្យមិត្តបរទេសបានស្គាល់កាន់តែច្រើនអំពីរដ្ឋធានីនៃប្រទេសវៀតណាម”។

កាលពី ៧០ ឆ្នាំមុន តាមសេចក្តីអំពាវនាវរបស់លោកប្រធានហូជីមិញនិងរដ្ឋាភិបាល កងទ័ព និងប្រជាជនហាណូយបានសាមគ្គីគ្នាជាធ្លុងរំដោះរដ្ឋធានី។ រយៈពេល ៧០ឆ្នាំក្រោយមក រដ្ឋបាលនិងប្រជាជនទីក្រុងហាណូយបន្តរួមកម្លាំងគ្នាជួយរដ្ឋធានីវីរភាពរក្សាតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ និងវប្បធម៌របស់ប្រទេសជាតិ។ ប្រការនេះក៏សម្រេចបាននូវបំណងប្រាថ្នារបស់លោកប្រធានហូជីមិញកាលពី ៧០ ឆ្នាំមុន៖ ខ្ញុំសូមជូនពរប្រជាជនហាណូយទាំងអស់ សាមគ្គីគ្នា និងសូមខិតខំដើម្បីជ័យជំនះ។

ស្ទុះឈានទៅមុខជាមួយប្រទេសជាតិ

រយៈពេល៧០ឆ្នាំក្រោយទិវារំដោះ រដ្ឋធានីហាណូយបានផ្លាស់ប្តូរមុខមាត់ថ្មីលើគ្រប់វិស័យ ក្លាយជាមជ្ឈមណ្ឌលនយោបាយ វប្បធម៌ និងអប់រំដ៏ធំបំផុតរបស់ប្រទេសជាតិ។ ក្នុងដំណើរការថ្មី ហាណូយកំណត់ចក្ខុវិស័យយុទ្ធសាស្ត្ររបស់ខ្លួន និងដើរតួនាទីនាំមុខសម្រាប់តំបន់ដីសណ្ដទន្លេក្រហម និងប្រទេសជាតិទាំងមូល។ ទីក្រុងហាណូយប្តេជ្ញាអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តរបស់បក្ស និងការិយាល័យនយោបាយស្តីពី “ទិសដៅ និងភារកិច្ចអភិវឌ្ឍន៍រដ្ឋធានីហាណូយដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។

ដោយឈរលើសក្ដានុពលនិងប្រៀបខ្លាំងរបស់ហាណូយ បក្ស រដ្ឋមានជំនឿយ៉ាងមុតមាំចំពោះអនាគត់អភិវឌ្ឍន៍របស់រដ្ឋធានី ហើយបានចេញនូវ គោលនយោបាយជាច្រើនដើម្បីហាណូយសម្រេចបានជោគជ័យ។ នាខែឧសភា ឆ្នាំ ២០២២ ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តលេខ ១៥ ស្តីពី “ទិសដៅ និងភារកិច្ចអភិវឌ្ឍន៍រដ្ឋធានីហាណូយដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។ ក្នុងខែឧសភា ឆ្នាំ ២០២៤ សេចក្តីសន្និដ្ឋានលេខ ៨០ ស្តីពីផែនការរដ្ឋធានីហាណូយ ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងគម្រោងកែសម្រួលផែនការទូទៅនៃរដ្ឋធានីហាណូយដល់ឆ្នាំ ២០៤៥ ចក្ខុវិស័យដល់ឆ្នាំ ២០៦៥ កាលពីខែមិថុនាកន្លងទៅ រដ្ឋសភានីតិកាលទី ១៥ ក៏បានអនុម័តច្បាប់រដ្ឋធានី  (ធ្វើវិសោធនកម្ម) ដែលមានបទប្បញ្ញត្តិជាក់ស្តែងជាច្រើនសម្រាប់ទីក្រុងហាណូយអភិវឌ្ឍន៍។

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បន្ទាប់ពីត្រូវបានប្រគល់ភារកិច្ចជាថ្នាក់ដឹកនាំកំពូលរបស់បក្ស (ខែសីហា ឆ្នាំ ២០២៤) បានជ្រើសរើសទីក្រុងហាណូយជាតំបន់ដំបូងគេសម្រាប់អនុវត្តន៍ការងារ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានមានប្រសាសន៍តម្រង់ទិសយ៉ាងដូច្នេះ៖

“ហាណូយត្រូវអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព គួបមផ្សំសេដ្ឋកិច្ចជាមួយវប្បធម៌ និងការពារបរិស្ថាន; ធានាសន្តិសុខ សុវត្ថិភាព និងសុភមង្គលរបស់ប្រជាជន; ជាមួយនឹងទស្សនវិជ្ជាអភិវឌ្ឍន៍របស់រដ្ឋធានី ដោយផ្អែកលើសសរស្តម្ភទាំង៥៖ វប្បធម៌ និងប្រជាជន; ការផ្លាស់ប្តូរបី (ការផ្លាស់ប្តូរពណ៌បៃតង, ការផ្លាស់ប្តូរឌីជីថល, សេដ្ឋកិច្ចវិលជុំ); ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយសមកាលកម្ម ទំនើប មានលក្ខណៈតភ្ជាប់ខ្ពស់; សេដ្ឋកិច្ចឌីជីថល ទីក្រុងឆ្លាតវៃ; វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍”។

ដោយទទួលស្គាល់នូវទំនួលខុសត្រូវដែលបានកំណត់ នាពេលខាងមុខ ទីក្រុងផ្តោតលើយន្តការ និងគោលនយោបាយដ៏ល្អឥតខ្ចោះសម្រាប់ការអភិវឌ្ឍរដ្ឋធានី បន្តអនុវត្តដំណោះស្រាយឈានមុខគេ ដើម្បីបង្កើតការលើកទឹកចិត្តសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; រៀបចំ និងអនុវត្តផែនការរដ្ឋធានីហាណូយ កែសម្រួលរួមនៃផែនការទូទៅនៃការសាងសង់រដ្ឋធានី។ ទន្ទឹមនឹងនោះ ទីក្រុងហាណូយជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលឆ្ពោះទៅតំបន់ទីក្រុងឆ្លាតវៃ; បង្ហើយគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗដូចជា៖ ប្រព័ន្ធផ្លូវរថភ្លើងក្នុងទីក្រុង; ផ្លូវក្រវ៉ាត់ក្រុង ស្ពានទន្លេ ...។ លេខារងគណៈកម្មាធិការបក្សទីក្រុង លោក Nguyen Van Phong បានឲ្យដឹងថា៖ “ទីក្រុងហាណូយកំពុងកសាងប្រព័ន្ធស្ថាប័នគោលនយោបាយ ជាពិសេសកត្តាដែលអាចទាក់ទាញធនធានយ៉ាងទូលំទូលាយ ទន្ទឹមនឹងធនធានពីថវិកា។ ហាណូយក៏កំពុងស្រាវជ្រាវប្រព័ន្ធគោលនយោបាយស្តីពីការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតភ្ជាប់ជាមួយមជ្ឈមណ្ឌលកីឡាធំៗ រៀបចំព្រឹត្តិការណ៍វប្បធម៌ ឬឧបត្ថម្ភការតាំងពិពណ៌អន្តរជាតិ...។ ខ្ញុំសង្ឃឹមថាគោលនយោបាយទាំងនេះនឹងបង្កើតកម្លាំងជំរុញដ៏ធំមួយសម្រាប់ការអភិវឌ្ឍរបស់រដ្ឋធានី”។

សមិទ្ធិផលដែលទីក្រុងហាណូយសម្រេចបានបន្ទាប់ពីរំដោះបាន ៧០ ឆ្នាំពិតជានិមិត្តរូបនៃការស្តារឡើងវិញរបស់ប្រទេសជាតិ និងប្រជាជនវៀត ណាម។ ឥឡូវនេះ អាជ្ញាធរនិងប្រជាជនរដ្ឋធានីបន្តសាមគ្គីគ្នា និងឯកភាពគ្នា ត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយប្រទេសជាតិទាំងមូលក្នុងការ ឈានចូលយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ ដូចក្នុងស្មារតីនៃសន្និបាតគណៈកម្មាធិការមជ្ឈិមលើកទី១០ នីតិកាលទី ១៣ (ខែកញ្ញា ឆ្នាំ២០២៤) ដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ