ទំនាក់ទំនងរុស្ស៊ី-អាមេរិក៖ កត្តារក្សាស្ថិរភាពយុទ្ធសាស្ត្រ

(VOVWORLD) -  កិច្ចប្រជុំកំពូលលើកដំបូងរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអាមេរិកលោក Joe Biden បានបញ្ចប់ក្នុងសប្ដាហ៍កន្លងទៅ នៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស)។ លទ្ធផលនៃកិច្ចប្រជុំនេះត្រូវបានវិភាគលើទិដ្ឋភាពជាច្រើន ប៉ុន្តែលទ្ធភាពមួយគួរឲ្យភ្ញាក់ផ្អើល គឺមេដឹកនាំនៃប្រទេសទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីស្ថិរភាពយុទ្ធសាស្ត្រ។ ប្រការនេះ ត្រូវបានសាធារណៈមតិវាយតម្លៃថា ជាបម្រែបម្រួលមួយដែលមិនត្រឹមតែជួយ “ទម្លាយភាពជាប់គាំង” ក្នុងទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកថែរក្សាស្ថិរភាពយុទ្ធសាស្ត្រលើពិភពលោកទៀតផង។

ទំនាក់ទំនងរុស្ស៊ី-អាមេរិក៖ កត្តារក្សាស្ថិរភាពយុទ្ធសាស្ត្រ - ảnh 1ប្រធានាធិបតី Biden និងប្រធានាធិបតី Putin នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី ១៦ ខែមិថុនា (រូបថត៖ AP)

ទំនាក់ទំនងរវាងរុស្ស៊ី-អាមេរិកបានធ្លាក់ដុនដាបក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក ហើយកំពុងស្ថិតនៅក្នុងស្ថានការណ៍អាក្រក់បំផុត បើតាមការវាយតម្លៃរបស់ភាគីទាំងពីរ។ ក្នុងបរិបទនោះ ការដែលភាគីទាំងពីរត្រៀមខ្លួនជាស្រេចធ្វើការសន្ទនា ដើម្បីសម្រេចបានស្ថិរភាពយុទ្ធសាស្ត្រនោះ គឺជាលទ្ធផលមួយក្នុងចំណោមលទ្ធផលគួរឲ្យកត់សម្គាល់បំផុតនៃកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកនៅក្រុងហ្សឺណែវ។

បង្កើតទំនាក់ទំនងឲ្យមានស្ថិរភាពជាង

ក្នុងនាមជាប្រទេសមហាអំណាចចំនួន២លើពិភពលោក រុស្ស៊ីនិងអាមេរិកមានប្រធានបទជាច្រើនដើម្បីលើកយកមកពិភាក្សា ចាប់ពីបញ្ហាទ្វេភាគី រហូតដល់កិច្ចចរចាពហុភាគី ចាប់ពីជម្លោះនៅក្នុងតំបន់រហូតដល់ប្រធានបទពាក់ព័ន្ធដល់សន្តិសុខអន្តរជាតិ។ បញ្ហាមួយក្នុងចំណោមបញ្ហាសំខាន់ទាំង៣ដែលភាគីទាំងពីរបានមូលមតិគ្នានៅឯកិច្ចប្រជុំលើកនេះ គឺការប្ដេជ្ញាចិត្តថែរក្សាស្ថិរភាពយុទ្ធសាស្ត្រ បន្តឡើងវិញកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយអំពីស្ថិរភាពយុទ្ធសាស្ត្រក្នុងពេលឆាប់ៗ ហើយឯកភាពបញ្ជូនឯកអគ្គរដ្ឋទូតរបស់ប្រទេសខ្លួន វិលត្រឡប់ទៅបំពេញបេសកកម្មឡើងវិញ ក៏ដូចជាចាប់ផ្ដើមជំនួបពិគ្រោះយោបល់រវាងក្រសួងការបរទេសទាំងពីរផងដែរ។

អាចនិយាយបានថា ការសម្រេចបានលទ្ធផលហួសពីការរំពឹងទុកលើកនេះ គឺអាស្រ័យដោយប្រទេសទាំងពីរមានសុឆន្ទៈធ្វើកិច្ចសន្ទនា។ ជាពិសេស បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីទាំងពីរកាលពីខែមេសាមក ជំនួបជាច្រើនរវាងថ្នាក់ដឹកនាំក្រសួង  ស្ថាប័ននានាបានត្រៀមខ្លួនជាស្រេច រៀបចំសម្រាប់កិច្ចប្រជុំកំពូល ដែលភាគីទាំងពីរបានវាយតម្លៃថា មានលក្ខណៈស្ថាបនាលើកនេះ។

ថ្វីត្បិតតែម៉ូស្គូនិងវ៉ាស៊ីនតោណនៅតែមិនទាន់ស្ដារជំនឿទុកចិត្តចំពោះគ្នាទៅវិញទៅមកក៏ដោយ ប៉ុន្តែភាគីទាំងពីរបានទទួលស្គាល់ថា ចាំបាច់ត្រូវមានទំនាក់ទំនងសហប្រតិបត្តិការដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹង។ រុស្ស៊ីបានប្រកាសជាច្រើនលើកច្រើនសារហើយពីការត្រៀមខ្លួនជាស្រេចរួមជាមួយអាមេរិក ខិតខំប្រឹងប្រែងជំរុញកិច្ចសន្ទនាដោយឈរលើគោលការណ៍សមភាពនិងការគោរពផលប្រយោជន៍របស់គ្នាទៅវិញទៅមក។

ទំនាក់ទំនងរុស្ស៊ី-អាមេរិក៖ កត្តារក្សាស្ថិរភាពយុទ្ធសាស្ត្រ - ảnh 2រដ្ឋបាលប្រធានាធិបតី Joe Biden ស្វែងរកការគាំទ្រពីសម្ព័ន្ធមិត្តនិងដៃគូក្នុងការដោះស្រាយទំនាក់ទំនងជាមួយរុស្ស៊ី (រូបថត៖ AP)

កំណត់រូបរាងនៃសណ្ដាប់ធ្នាប់ពិភពលោក

នៅពេលដែលចិនកំពុងក្លាយទៅជាគូប្រជែងរបស់អាមេរិក រដ្ឋបាលប្រធានាធិបតី Joe Biden ហាក់ដូចជាផ្ដល់អាទិភាពដល់កិច្ចសហប្រតិបត្តិការជាមួយម៉ូស្គូលើវិស័យដែលភាគីទាំងពីរមានផលប្រយោជន៍រួម។ រាល់គោលនយោបាយដ៏តឹងតែងចំពោះរុស្ស៊ីនៅតែមាន ប៉ុន្តែភាគច្រើនមានលក្ខណៈនិមិត្តរូបតែប៉ុណ្ណោះ។ លទ្ធផលជាក់ស្ដែងដែលគេសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ដូចជាការពន្យាពេលកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធ New START ឬការជួបសន្ទនាតាមទូរស័ព្ទបន្ទាប់ពីលោក Biden ចូលកាន់តំណែង ក៏ដូចជាការដែលអាមេរិកមិនដាក់ទណ្ឌកម្មលើការកសាងបំពង់បង្ហូរឧស្ម័ន Nord Stream ២ ពីរុស្ស៊ីទៅកាន់អឺរ៉ុប។ ល។ អ្វីៗគ្រប់យ៉ាងឆ្ពោះទៅ គោលដៅរបស់វ៉ាស៊ីនតោណ គឺការកំណត់ទំនាក់ទំនងដោយស្ថិរភាពនិងងាយទាយទុកជាងមុន ជាមួយម៉ូស្គូ។ ការដែលលោកប្រធានាធិបតី Joe Biden សម្រេចចិត្តជួបជាមួយលោកប្រធានាធិបតី Vladimir Putin នៅពេលវេលាមិនយូរប៉ុន្មានក្រោយពីចាប់ផ្ដើមអាណត្តិរបស់ខ្លួននោះ បានបង្ហាញឲ្យឃើញថា លោក Biden មានទស្សនៈថ្មីថ្មោងពីទំនាក់ទំនងជាមួយរុស្ស៊ី ហើយត្រៀមខ្លួនជាស្រេចធ្វើឲ្យរណសិរ្សនេះ មានស្ថិរភាព ដើម្បីផ្ដោតសំខាន់ទៅលើបញ្ហាប្រឈមដ៏ធំជាងមកពីប្រទេសចិន។

ក្នុងពេលជាមួយគ្នានោះ រុស្ស៊ីក៏នឹងមិនស្វែងរកវិធីដើម្បីប្រឈមមុខដាក់គ្នាជាមួយវ៉ាស៊ីនតោណឡើយ ជំនួសវិញ ម៉ូស្គូនឹងឆ្លៀតយកជាអតិបរមារាល់ដងថ្លឹងដែលមានស្រាប់ ក៏ដូចជាការប្រឈមមុខដាក់គ្នារវាងអាមេរិកនិងចិន ដើម្បីសម្រេចបានផលប្រយោជន៍សេដ្ឋកិច្ច ហើយរក្សាឋានៈរបស់ខ្លួនក្នុងស្ថានភាពត្រីភាគី អាមេរិក-ចិន-រុស្ស៊ី ផងដែរ។

ក្រៅពីនោះ បើតាមជំនាញការជាច្រើនចាត់ទុកថា ប្រទេសអាស៊ីភាគច្រើននឹងទទួលបានឥទ្ធិពលវិជ្ជមាន ពីការបន្ធូរស្រាលភាពតានតឹងក្នុងទំនាក់ទំនងរុស្ស៊ី-អាមេរិក។ សណ្ដាប់ធ្នាប់ពហុភាគីក្នុងតំបន់នឹងត្រូវបានធានាជាងមុន នៅពេលដែលទាំងរុស្ស៊ីនិងអាមេរិកបង្វែរអ័ក្សទៅទ្វីបអាស៊ី។ ទំនាក់ទំនងដ៏ល្អប្រសើរជាង រវាងវ៉ាស៊ីនតោណនិងម៉ូស្គូ អាចបង្កលក្ខណៈងាយស្រួលសម្រាប់តំបន់អាស៊ីអាគ្នេយ៍ក្នុងការរារាំងប៉េកាំងមួយដែលកាន់តែងងើលពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ