ទំនាក់ទំនងវៀតណាម-កម្ពុជា៖ និមិត្តរូបនៃទំនាក់ទំនងមិត្តភាព និងសាមគ្គីភាព

(VOVWORLD) - នាថ្ងៃទី ២៤ មិថុនា កាលពី ៥៥ ឆ្នាំមុន វៀតណាម-កម្ពុជាបានបង្កើតទំនាក់ទំនងការទូត។ នាពេលនោះលោកប្រធានហូជីមិញ បានអះអាងថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងទ្វេភាគី ដែលជាកត្តាវិជ្ជមានក្នុងការរក្សាសន្តិភាពនៅឥណ្ឌូចិន និងអាស៊ីអាគ្នេយ៍។ ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរគឺជាសញ្ញាដ៏រស់រវើកនៃទំនាក់ទំនងមិត្តភាពយ៉ាងជិតស្និទ្ធ និងសាមគ្គីភាពតស៊ូប្រយុទ្ធ។ ឆ្លងកាត់រយៈពេល ៥៥ ឆ្នាំ ទំនាក់ទំនងមិត្តភាពនេះកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ដោយនាំមកនូវផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជាតិទាំងពីរ។
ទំនាក់ទំនងវៀតណាម-កម្ពុជា៖ និមិត្តរូបនៃទំនាក់ទំនងមិត្តភាព និងសាមគ្គីភាព - ảnh 1ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ចាយ ណាវុធ

វៀតណាមនិងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧។ ទំនាក់ទំនងទ្វេភាគីត្រូវបានបង្កើត និងអភិវឌ្ឍន៍ ដោយផ្ដើមចេញពីតម្រូវការ និងគោលដៅរួមនៃបុព្វហេតុតស៊ូរំដោះជាតិរបស់ប្រទេសទាំងពីរ។ រយៈពេល ៥៥ ឆ្នាំកន្លងផុតទៅគឺជាដំណាក់កាលអភិវឌ្ឍន៍ដ៏សំខាន់នៃទំនាក់ទំនង វៀតណាម-កម្ពុជា តាមរយៈព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាន។

កិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ជាក់ស្តែង

បន្ទាប់ពីបានបង្កើតទំនាក់ទំនងការទូតមក វៀតណាម និងកម្ពុជាបានប្រកៀកស្មាជាមួយគ្នាដណ្ដើមបានជ័យជំនះជាច្រើនទាំងលើសមរភូមិយោធា និងសមរភូមិការទូត ហើយរួមគ្នាដណ្តើមបានជ័យជំនះប្រវត្តិសាស្ត្រនានិទាឃរដូវឆ្នាំ ១៩៧៥។ ចំណងសាមគ្គីភាព ការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរបានបង្ហាញកាន់តែច្បាស់លាស់ និងជ្រាលជ្រៅជាងពេលណាទាំងអស់ដែល ប្រទេសទាំងពីរបានប្រកៀកស្មា រួមដៃគ្នាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (៧ មករា ១៩៧៩) រំដោះប្រទេសជាតិ និង ប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍។ បន្ទាប់មក វៀតណាមបានបញ្ជូន ជំនាញការជាច្រើនមកជួយប្រទេសមិត្តរស់រានឡើងវិញ និងស្ថាបនាប្រទេសជាតិកម្ពុជា បំពេញកាតព្វកិច្ចអន្តរជាតិដ៏រុងរឿង ស្អាតស្អំដ៏កម្រក្នុងទំនាក់ទំនងអន្តរជាតិជាមួយនឹងការតម្រង់ទិសដៅពង្រឹង និងពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងរឹងមាំយូរអង្វែង” (ក្នុងឱកាសដែលលោកអគ្គលេខាបក្ស Nong Duc Manh អញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ខែមីនា ឆ្នាំ ២០០៥) ទំនាក់ទំនងទ្វេភាគីត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ នាបច្ចុប្បន្ននេះ ទំនាក់ទំនងនៃប្រទេសទាំងពីរបានឈានចូលដំណាក់កាលសហប្រតិបត្តិការលើគ្រប់វិស័យ មានផលប្រយោជន៍ដូចគ្នា ហើយកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាពជាង។

ក្នុងទំនាក់ទំនងនយោបាយ ភាគីទាំងពីរបានរក្សាជំនួបប្រាស្រ័យ ការផ្លាស់ប្ដូរ គណៈប្រតិភូជាន់ខ្ពស់ និងយន្តការសហប្រតិបត្តិការទ្វេភាគីលើគ្រប់កាណាល់  សូម្បីតែក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ មានការវិឌ្ឍយ៉ាងស្មុគស្មាញក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ។ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរបានសម្របសម្រួលគ្នា និងជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

ភាគីទាំងពីរបានប្រកាន់ខ្ជាប់គោលការណ៍មិនអនុញ្ញាតិឱ្យកម្លាំងអនុភាពណាមួយប្រើប្រាស់ទឹកដីរបស់ភាគីម្ខាងដើម្បីប៉ះពាល់ដល់សន្តិសុខ និងផលប្រយោជន៍របស់ភាគីម្ខាងទៀត។ នាឆ្នាំ ២០១៩ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារគតិយុត្តិចំនួន ២ ដោយ ទទួលស្គាល់សមិទ្ធិផលនៃការងាខ័ណ្ឌសីមាបោះបង្គោលព្រំដែនគោកប្រមាណ ៨៤% ហើយនាបច្ចុប្បន្ន ភាគីទាំងពីរកំពុងបន្តការចរចាដើម្បីដោះស្រាយចំនួន ១៦% នៅសេសសល់។

ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបានអភិវឌ្ឍជាវិជ្ជមាន ដោយសម្រេចបានលទ្ធផលគួរឲ្យលើកទឹកចិត្ត។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២១ សម្រេចបាន ៩,៥៤ ប៊ីលានដូល្លារអាមេរិក កើន ៧៩,១% បើប្រៀបធៀបនឹងឆ្នាំ ២០២០; ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២២ សម្រេចបាន ៥,៤៤ ប៊ីលានដុល្លារអាមេរិក កើន ១៨,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ រហូតមកដល់ពេលនេះ វៀតណាមមានគម្រោងវិនិយោគដែលមានសុពុលភាពចំនួន ១៨៨ នៅកម្ពុជា ជាមួយនឹងដើមទុនចុះបញ្ជីសរុបសម្រេចបាន ២,៨ ប៊ីលានដុល្លារអាមេរិក ដោយបានរក្សាចំណាត់ថ្នាក់ទី ១ ក្នុងអាស៊ាន និងជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៥ ដែលបានវិនិយោគច្រើនបផុតនៅកម្ពុជា។ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ចាយ ណាវុធបានវាយតម្លៃ៖ “ទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជាកាន់តែជិតស្និទ្ធ បើទោះបីមានការរំខាន់ពីកម្លាំងអនុភាពក៏ដោយ ប៉ុន្តែយើងតែងតែមើលឃើញថា ទំនាក់ទំនងការទូត ចំណងសាមគ្គីភាពជាប្រពៃណីរវាងប្រទេសទាំងពីរនៅតែជ្រាលជ្រៅ។ ក្នុងគ្រប់សម័យកាល យើងតែងតែរួមដៃគ្នាសាមគ្គីភាព ដើម្បីវិបុលភាពរបស់ប្រទេសនីមួយៗ”។

ឆ្ពោះទៅរកគោលដៅថ្មី។

ទាំងវៀតណាម និងកម្ពុជានឹងបន្តអភិវឌ្ឍន៍រាល់វិស័យសហប្រតិបត្តិការដែលរងការអាក់ខានក្នុងរយៈពេល២ ឆ្នាំកន្លងទៅដោយសារជំងឺរាតត្បាតកូវីដ ១៩។ នាពេលថ្មីៗនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឯកភាពគ្នាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើង ១០ ប៊ីលានដូរល្លារអាមេរិកក្នុងឆ្នាំ ២០២២។ ប្រទេសទាំងពីរក៏នឹងកសាងព្រំដែនរួម ឲ្យក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ ធានាសកម្មភាពដោះដូរ ទំនិញរបស់ប្រជាពលរដ្ឋរស់នៅទាំងសង្ខាងព្រំដែន ដើម្បីបន្តប្រែក្លាយតំបន់នេះឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេស ឆ្ពោះទៅគោលដៅរួមគឺសាមគ្គីភាព និងវឌ្ឍនភាព។

ទំនាក់ទំនងវៀតណាម-កម្ពុជា៖ និមិត្តរូបនៃទំនាក់ទំនងមិត្តភាព និងសាមគ្គីភាព - ảnh 2ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai (រូបថត៖ VNA)

ទាំងវៀតណាម និងកម្ពុជា សុទ្ធគឺជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ក្នុងឆ្នាំ ២០២២ ដែលជាឆ្នាំប្រធានអាស៊ានរបស់កម្ពុជា ប្រទេសទាំងពីរនឹងបន្តរួមចំណែក និងសម្របសម្រួលគ្នាលើគ្រប់បញ្ហា ដើម្បីរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា។ អញ្ជើញថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងវៀតណាម - កម្ពុជា នាព្រឹកថ្ងៃទី ២៤ មិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានអះអាងថា៖ “ទោះបីជាស្ថានភាពពិភពលោកបានផ្លាស់ប្តូរក៏ដោយ ប៉ុន្តែមុនក៏ដូចជាក្រោយ វៀតណាមជានិច្ចកាលគោរព និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរួមជាមយយកម្ពុជាថែរក្សានិងពូនជ្រុំទំនាក់ទំនងវៀតណាម-កម្ពុជា។ ដោយមានជំនឿជាក់យ៉ាងមុតមាំ និងការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូរអង្វែងរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ យើងកាន់តែប្ដេជ្ញាចិត្តរួមដៃគ្នាថែរក្សា និងពូនជ្រុំទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកម្ពុជា”។

ក្រឡេកមើលពីអតីតកាល ៥៥ ឆ្នាំកន្លងទៅ  ទោះបីឆ្លងកាត់ឧបសគ្គ និងការឡើងចុះជាច្រើនក្នុងប្រវត្តិសាស្ត្រក៏ដោយ ក៏ចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដ៏ល្អរប្រសើរវាងវៀតណាម និងកម្ពុជាបានក្លាយទៅជានិមិត្តសញ្ញាដ៏ពិសិដ្ឋ ហើយជាទ្រពសម្បត្តិរួម មិនអាចកាត់ថ្លៃបានរបស់ប្រទេសទាំងពីរ ដែលថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែងថែរក្សា និងពង្រីកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ