ទំនាក់ទំនងវៀតណាម-ជប៉ុនឆ្ពោះទៅដំណាក់កាលអភិវឌ្ឍន៍ថ្មី

(VOVWORLD) - ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវបានអញ្ជើញទៅ បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។ ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងកន្លះសតវត្សនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ីទាំងពីរនេះ (១៩៧៣ - ២០២៣) រួមចំណែកធ្វើឱ្យទំនាក់ ទំនងនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរកាន់តែ ស៊ីជម្រៅក្នុងដំណាក់កាលអភិវឌ្ឍន៍បន្ទាប់។

វៀតណាមនិងជប៉ុនបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២៩៧៣។ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឆ្លងកាត់ពាក់កណ្តាលសតវត្សន៍ ហើយកំពុងស្ថិតក្នុងរយៈពេលដ៏ល្អប្រសើរបំផុតក្នុងប្រវត្តិសាស្ត្រ។

ដៃគូដែលអាចទុកចិត្តបានក្នុងវិស័យជាច្រើន

ទំនាក់ទំនងវៀតណាម-ជប៉ុនក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ជាពិសេសគឺ ៩ ឆ្នាំ បន្ទាប់ពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយក្នុងឆ្នាំ ២០១៤ សម្រេចបាននូវការអភិវឌ្ឍដ៏ខ្លាំងក្លាជាច្រើន។ ការផ្លាស់ប្តូរជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់បានប្រព្រឹត្តទៅយ៉ាងញឹកញាប់។ គួរកត់សម្គាល់ថាក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ សកម្មភាពផ្លាស់ប្តូរជាន់ខ្ពស់បានធ្វើឡើងជាបន្តបន្ទាប់រវាងប្រទេសទាំងពីរដូចជា៖ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅវៀតណាមរបស់ព្រះចៅអធិរាជជប៉ុន និងអគ្គមហេសីនៅឆ្នាំ ២០១៧; នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide បានជ្រើសរើសប្រទេសវៀតណាមជាគោលដៅសម្រាប់ដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងបន្ទាប់ពីចូលកាន់តំណែង (ឆ្នាំ ២០២០)។ មួយឆ្នាំក្រោយមក (ខែវិច្ឆិកា ឆ្នាំ ២០២១) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ... ឆ្នាំនេះ ទំនាក់ទំនងការទូតជប៉ុន-វៀតណាមមានកិច្ចចាប់ផ្ដើមដ៏ល្អប្រសើរ ជាមួយនឹងកិច្ចសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio (ខែ កុម្ភៈ) ហើយបន្ទាប់នោះគឺដំណើរទស្សនកិច្ចនៅវៀតណាមរបស់ព្រះរាជទាយាទ Akishino និងមហេសីក្នុងខែកញ្ញា។ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម លោក Yamada Takio បានវាយតម្លៃថា៖

“ឆ្នាំនេះ ជប៉ុននិងវៀតណាមប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានចាត់ទុកថាស្ថិតក្នុងដំណាក់កាលដ៏ល្អប្រសើរបំផុតតាំងពីមុនមក ហើយមានការតភ្ជាប់យ៉ាងរឹងមាំដែលមិនធ្លាប់មានពីមុនមកលើគ្រប់វិស័យ”។

ចំណុចលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-ជប៉ុនគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ អស់រយៈពេលជាច្រើនឆ្នាំ ប្រទេសជប៉ុនគឺជាដៃគូវិនិយោគ និងម្ចាស់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ឈានមុខគេនៅវៀតណាម។ ទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុនសម្រេចបានជិត ៥០ ពាន់លានដុល្លារអាមេរិក។ គួរកត់សម្គាល់ថា ក្នុងរយៈពេល ៦ ឆ្នាំជាប់ៗគ្នា វៀតណាមគឺជាប្រទេសទីពីរដែលសហគ្រាសជប៉ុនចង់ពង្រីកអាជីវកម្ម។ លោក Ozawa Kenichi អគ្គនាយកនៃគម្រោង Tamagawa Vietnam បានឲ្យដឹងថា៖

“យើងជ្រើសរើសសួនឧស្សាហកម្ម Song Khoai (Quang Ninh) ជាកន្លែងវិនិយោគនៅប្រទេសវៀតណាម។ នាពេលអនាគត យើងខ្ញុំសន្យាបន្តផ្តល់អាទិភាពដល់ការច្នៃប្រឌិតបច្ចេកវិទ្យា ការអភិវឌ្ឍជាមួយអតិថិជន។ យើងខ្ញុំកោតសរសើរយ៉ាងខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយខេត្ត Quang Ninh ហើយមានបំណងចង់បន្តទទួលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន”។

វាយតំលៃអំពីតួនាទីរបស់សហគ្រាសជប៉ុន រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាមលោក Nguyen Chi Dung បានធ្វើអត្ថាធិប្បាយថា៖

“សហគ្រាសជប៉ុននឹងចូលរួមចំណែកកាន់តែសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេលខាងមុខ។ គេវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់វៀតណាមដូចជា៖ លក្ខណៈបើកចំហ ភាពងាយស្រួល ភាពទាក់ទាញ និងជាពិសេសស្ថិរភាពនៃរបប។ លើសពីនេះ ការរួមដំណើររបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ផ្តល់ទំនុកចិត្តកាន់តែខ្ពស់ដល់សហគ្រាសជប៉ុន”។

បើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការ

ជាមួយនឹងទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាព ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនរបស់ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong មិនត្រឹមតែជាការគូសរំលេចដ៏សំខាន់ក្នុងឆ្នាំរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងជប៉ុនប៉ុណ្ណោះទេ ថែមទាំងបើកសម័យកាលថ្មីដ៏ល្អប្រសើរក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរទៀតផង។ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែពង្រឹងទំនាក់ទំនងសហប្រតិបត្តិការដែលមានស្រាប់ប៉ុណ្ណោះទេ ថែមទាំងបើកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចជា៖ ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ បរិវត្តកម្មបៃតង និងបរិវត្តកម្មឌីជីថល ជាដើម។ អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ក្រសួងការបរទេសវៀតណាមលោក Nguyen Minh Vu បានធ្វើអត្ថាធិប្បាយថា៖

“នាពេលខាងមុខ ទំនាក់ទំនងរវាងប្រទេសទាំងពីរមិនត្រឹមតែមានលក្ខណៈទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងនឹងបន្តពង្រីក និងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការនៅកម្រិតតំបន់ និងសកលទៀតផង។ ជាពិសេស ដោយសារតែប្រទេសទាំងពីរជាសមាជិកនៃវេទិកាតំបន់ និងអន្តរជាតិសំខាន់ៗជាច្រើន ប្រាកដណាស់ថា ការសម្របសម្រួលរវាងប្រទេសទាំងពីរនៅវេទិកាថ្នាក់តំបន់ និងសកលនឹងត្រូវបានពង្រឹង ដើម្បីនាំមកនូវការរួមចំណែកពិតប្រាកដនិងជាក់ស្ដែងសម្រាប់បរិយាកាសសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការដើម្បីវិបុលភាពរួមក្នុងតំបន់ និងលើពិភពលោក”។

ទំនាក់ទំនងវៀតណាម - ជប៉ុនកំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អប្រសើរបំផុតក្នុងប្រវត្តិសាស្ត្រ សក្តិសមនឹងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ ដោយឈរលើមូលដ្ឋាននៃភាពស្មោះត្រង់ ទំនុកចិត្ត ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong នឹងរួមចំណែកពង្រឹងបន្ថែមទៀតនូវទំនុកចិត្តផ្នែកនយោបាយ ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងដំណាក់កាលបន្ទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ