ទិវាសុវត្ថិភាពអ៊ីនធឺណិត៖ ទស្សនៈពីប្រទេសវៀតណាម

(VOVWORLD) - ឆ្នាំនេះ ទិវាសុវត្ថិភាពអ៊ីនធឺណិត (Safer Internet Day) ត្រូវនឹងថ្ងៃទី ៦ កុម្ភៈ។ នេះគឺជាទិវាដែលត្រូវបានប្រទេសជាង ១៥០ នៅលើពិភពលោកទទួលស្គាល់ ជាមួយអត្ថន័យជំរុញការប្រើប្រាស់ បច្ចេកវិទ្យា ឌីជីថលប្រកបដោយសុវត្ថិភាព។ 
ទិវាសុវត្ថិភាពអ៊ីនធឺណិត៖ ទស្សនៈពីប្រទេសវៀតណាម - ảnh 1(រូបថត៖ VNA)

ទិវាសុវត្ថិភាពអ៊ីនធឺណិតក៏សំដៅក្រើនរំលឹកដល់មនុស្សគ្រប់រូបថា សុវត្ថិភាពរបស់បុគ្គលម្នាក់ៗនៅលើបណ្ដាញអ៊ីនធឺណិតគឺអាស្រ័យភាគច្រើនទៅលើផ្ទាល់ខ្លួនគេ ។ នៅវៀតណាម ការធានាសន្តិសុខ និងសុវត្ថិភាពនៅលើលំហអ៊ីនធឺណិត គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលត្រូវបានបក្ស និងរដ្ឋយកចិត្តទុកដាក់។

នាថ្ងៃតី ១៩ ខែវិច្ឆិកា ឆ្នាំ ១៩៩៧ អ៊ីនធឺណិតត្រូវបានផ្តល់ជូន ដល់ប្រជាជនទូទាំងប្រទេសជាផ្លូវការ។ ចាប់តាំងពីពេលនោះមក អ៊ីនធឺណិតវៀតណាមមានការរីកចម្រើនគួរឲ្យកត់សម្គាល់។

អ៊ីនធឺណិតអភិវឌ្ឍយ៉ាងខ្លាំងក្លានៅវៀតណាម

បច្ចុប្បន្ន វៀតណាមស្ថិតក្នុងចំណោមប្រទេសកំពូលដែលមានអ្នកប្រើអ៊ីនធឺណិតច្រើនបំផុតនៅលើពិភពលោក។ យោងតាមការធ្វើស្ថិតិរបស់ក្រុមហ៊ុនឯកទេសវិភាគបណ្តាញសង្គមពិភពលោក We are social បានឲ្យដឹងថា គិតត្រឹមឆ្នាំ ២០២៣ វៀតណាមមានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន ៧៧,៩៣ លាននាក់ ស្មើនឹង ៧៩,១% នៃចំនួនប្រជាជនសរុប។ នៅវៀតណាម មានឧបករណ៍ជាង ១៥០ លានគ្រឿងដែលមានការតភ្ជាប់ចល័ត ហើយបណ្តាញ 3G និង 4G បានគ្របដណ្តប់ស្ទើរតែទូទាំងប្រទេស។ បច្ចុប្បន្ននេះ បណ្តាញសង្គមធំៗភាគច្រើនសុទ្ធតែបានដំណើរការនៅវៀតណាម។ នៅវៀតណាម ប្រជាជនអាចចូលប្រើអ៊ីនធឺណិតបានស្ទើរតែគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយថែមទាំងមិនគិតថ្លៃទៀតផង។ យោងតាមក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាមបានឲ្យដឹងថា មនុស្សពេញវ័យវៀតណាមស្ទើរតែ ១០០% បានប្រើប្រាស់អ៊ីនធឺណិត។ ចាប់ពីទីក្រុងដល់ជនបទ ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតត្រូវបានដាក់ពង្រាយយ៉ាងខ្លាំង ដោយធានាថាយ៉ាងហោចណាស់ ៩៥% នៃតំបន់លំនៅដ្ឋានត្រូវបានគ្របដណ្ដប់ 3G និង 4G ពោលគឺស្នើនឹងប្រទេសអភិវឌ្ឍន៍នៅលើពិភពលោក។ លោក Vu Hoang Lien ប្រធានសម្ព័ន្ធសមាគមអ៊ិនធឺណិតវៀតណាមបានមានប្រសាសន៍ថា៖

“ចាប់តាំងពីពេលអ៊ិនធឺណិតត្រូវបានដាក់ពង្រាយនៅវៀតណាម វៀតណាមមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ ដំបូងគឺហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ពោលគឺចាប់ពី ហេដ្ឋារចនាសម្ព័ន្ធខ្សែស្ពាន់ ដែលមិនសូវទំនើប ប៉ុន្តែបច្ចុប្បន្ននេះគឺខ្សែកាបអុបទិក សេវាទូរស័ព្ទចល័តឆ្ពោះទៅ 5G វិញ។ ជាពិសេស បច្ចេកវិទ្យាសម្រាប់ផ្គត់ផ្គងសេវាកម្មអនឡាញ សេវាកម្មមាតិកាឌីជីថលគឺសម្រេចបាននូវវឌ្ឍនភាព ដែលមិននឹកស្មានដល់។ ទន្ទឹមនឹងនោះ  តម្លៃនៃការប្រើប្រាស់សេវាអ៊ីនធឺណិតបាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នាំមកនូវជីវភាពខាងវប្បធម៌ និងបញ្ញា។ នេះគឺជាតម្លៃដ៏ថថ្លៃថ្លា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមផងដែរ”។

ធានាលំហអ៊ីនធឺណិតប្រកបដោយសុវត្ថិភាពជូនប្រជាជនគ្រប់រូប

ក្នុងបរិបទបច្ចុប្បន្ន អ៊ីនធឺណិតត្រូវបានចាត់ទុកថាជាសសរស្តម្ភស្នូលនៃសង្គមព័ត៌មានទំនើប។ យោងតាមរបាយការណ៍ Digital 2024 Global Overview Report ដែលត្រូវបាន MeltWater និង WeAreSocial សហការគ្មាប្រកាសបានឲ្យដឹងថា រហូតដល់ទៅ ៧៣,៣% នៃចំនួនប្រជាជនសរុបជាង ៩៩ លាននាក់នៅ វៀតណាមកំពុងប្រើប្រាស់បណ្តាញសង្គម។ ក្នុងនោះ ពេលវេលាជាមធ្យមដែលអ្នកប្រើប្រាស់នៅវៀតណាមចំណាយលើបានចូលបណ្តាញទំនាក់ទំនងសង្គមជារៀងរាល់ថ្ងៃគឺ ២ ម៉ោង ២៥ នាទី ដោយស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ២០ នៅលើពិភពលោក។

ក្រៅពីកត្តាវិជ្ជមាន ដែលបណ្ដាញសង្គមនិយាយដោយឡែក និងលំហអ៊ីនធឺណិតនិយាយរួមបាននាំមកដល់ជីវភាពរស់នៅនោះ បរិយាកាសនេះក៏មានបញ្ហាដែលត្រូវដោះស្រាយផងដែរ មិនត្រឹមតែនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅប្រទេសទាំងអស់នៅលើពិភពលោកទៀតផង។ លោក Dinh Tien Dung អនុប្រធាននាយកដ្ឋានព័ត៌មានកិច្ចបរទេស នៃក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាមបានឲ្យដឹងថា៖

“បច្ចុប្បន្ននេះ ព័ត៌មានក្លែងក្លាយ និងអាក្រក់បានរីករាលដាលយ៉ាងឆាប់រហ័ស។ ដូច្នេះហើយ យើងត្រូវតែមានពេលវេលាជាបន្ទាន់ ដើម្បីធានាថាព័ត៌មានអាចត្រូវបានស្កេនទាន់ពេល។ ការអនុវត្តសិទ្ធិនានាត្រូវតែធានាបាននូវការគោរពច្បាប់។ នៅទីនេះមិនមានសេរីភាពនៅខាងក្រៅក្របខ័ណ្ឌឡើយ។ ការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋត្រូវតែធានាអនុវត្តន៍តាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធផងដែរ”។

ទិវាសុវត្ថិភាពអ៊ីនធឺណិត៖ ទស្សនៈពីប្រទេសវៀតណាម - ảnh 2លោក Vu Hoang Lien ប្រធានសម្ព័ន្ធសមាគមអ៊ិនធឺណិតវៀតណាម។ រូបថត៖ PV/Vietnam+

ដំណោះស្រាយមួយ ដើម្បីណែនាំអ្នកប្រើប្រាស់អ៊ិនធឺណិតនៅវៀតណាមឱ្យប្រើប្រាស់បណ្តាញអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងតម្លាភាពគឺការអប់រំ និងផ្សព្វផ្សាយច្បាប់ដែលពាក់ព័ន្ធនឹងលំហអ៊ីនធឺណិតចំពោះប្អូនសិស្សានុសិស្ស។

យោងតាមសារាចររបស់ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម ដែលចូលជាធរមានចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានចែងថា ចាប់ពីថ្នាក់ទី១០ សិស្សានុសិស្សត្រូវបានសិក្សាអំពីច្បាប់សន្តិសុខ អ៊ីនធឺណិតក្នុងកម្មវិធីមុខវិទ្យាអប់រំការពារជាតិ និងសន្តិសុខថ្នាក់វិទ្យាល័យ។ ប្អូន Hoang Hai Van សិស្សនៅវិទ្យាល័យ Luong The Vinh បានឲ្យដឹងថា៖

“ក្នុងមេរៀនណែនាំការប្រើប្រាស់បណ្ដាញសង្គម សាលាតែងតែក្រើនរំលឹកសិស្សានុសិស្សគឺមិនឲ្យនិយាយសម្ដីអាសអាភាស ហើយមិននិយាយដើមមិនថាអ្នកណានៅលើបណ្តាញសង្គម។ ទន្ទឹមនឹងនោះ គឺត្រូវដឹងពីរបៀបបញ្ចេញទស្សនៈ ក៏ដូចជារក្សាអាកប្បកិរិយាប្រុងប្រយ័ត្នចំពោះខ្លឹមសារអាក្រក់ ហើយត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួននៅលើបណ្ដាញសង្គមផងដែរ”។

ចំពោះស្ថាប័នគ្រប់គ្រងរដ្ឋវិញ ជាក់ស្ដែងគឺក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាមនារយៈពេលកន្លងទៅក៏បានជួបធ្វើការជាមួយតំណាងអង្គភាពនានាដូចជា៖ Facebook, Youtube, TikTok, Google ដោយស្នើរឲ្យបណ្តាញទំនាក់ទំនងសង្គមឆ្លងដែនត្រូវតែឆ្លើយតបក្នុងការទប់ស្កាត់ និងដកព័ត៌មានអាក្រក់ និងគ្រោះថ្នាក់ ដែលផ្តល់ដោយអង្គភាពទាំងនេះ សំដៅការពារអ្នកប្រើប្រាស់អ៊ីនធឺណិតរបស់វៀតណាមពីផលប៉ះពាល់អាក្រក់នៃបរិយាកាសអ៊ីនធឺណិតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ