ធានាបាននូវការងារ និងសន្តិសុខសង្គមក្នុងដំណើរការផ្លាស់ប្តូរបៃតង
(VOVWORLD) - វៀតណាមកំពុងខិតខំប្រឹងប្រែងអនុវត្តបន្តិចម្តងៗនូវការផ្លាស់ប្តូរបៃតង អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ...។ ដំណើរការនេះនឹងប៉ះពាល់ដល់ក្រុមជនក្រីក្រ និងក្រុមដែលមានប្រាក់ចំណូលទាប ព្រោះពួកគេពិបាកក្នុងការប្រដេញតាមដំណើរផ្លាស់ប្តូរថាមពល។ នេះគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលបានរដ្ឋាភិបាលវៀតណាមផ្តោតការយកចិត្តទុកដាក់ នៅពេលអនុវត្តសេចក្តីថ្លែងការណ៍នយោបាយ ស្តីពីការបង្កើតភាពជាដៃគូអន្តរកាលថាមពលដោយយុត្តិធម៌ (JETP, ខែធ្នូ ឆ្នាំ ២០២២។ ការបំពេញឲ្យបានល្អនូវកិច្ចការនេះ គឺជាការធានាសិទ្ធិមនុស្សក្នុងបរិបទថ្មី។
ទិដ្ឋភាពនៃសិក្ខាសាលា "ការលើកកម្ពស់ការងារ និងសន្តិសុខសង្គមឆ្ពោះទៅរកការផ្លាស់ប្តូរដោយយុត្តិធម៌" ដោយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចរៀបចំឡើង (រូបថត៖ qdnd.vn) |
វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសបីដំបូងគេ (បន្ទាប់ពីអាហ្វ្រិកខាងត្បូង និងឥណ្ឌូនេស៊ី) ដែលចូលរួមក្នុងសេចក្តីថ្លែងការណ៍នយោបាយស្តីពីការបង្កើតភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP, ខែធ្នូ ឆ្នាំ ២០២២) ជាមួយនឹងប្រទេសមួយចំនួន និងស្ថាប័នហិរញ្ញវត្ថុឈានមុខគេ។ នាថ្ងៃទី ១ ខែធ្នូ ក្នុងសន្និសីទលើកទី ២៨ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨) ដែលប្រារព្ធឡើងនៅទីក្រុងឌូបៃ (UAE) ដៃគូនានាបានប្តេជ្ញាចិត្តប្រមូលប្រភពទុនដំបូងចំនួន ១៥,៥ ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរបៃតងរបស់វៀតណាម។
បញ្ហាប្រឈមនិងឱកាសសម្រាប់ការងារ និងទីផ្សារពលកម្ម
នៅក្នុងសិក្ខាសាលា "លើកកម្ពស់ការងារ និងសន្តិសុខសង្គមឆ្ពោះទៅរកការផ្លាស់ប្តូរដោយយុត្តិធម៌" ដោយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច រៀបចំឡើងកាលពីដើមសប្តាហ៍នេះ (១១ ធ្នូ) អ្នកជំនាញបាននិយាយថា ដំណើរការផ្លាស់ប្តូរថាមពល និងការអភិវឌ្ឍទីផ្សារកាបូនអាចបង្កើតផលប៉ះពាល់អយុត្តិធម៌រវាងវិស័យ សហគមន៍ ជាពិសេសក្រុមងាយរងគ្រោះក្នុងទិដ្ឋភាពមួយចំនួនដូចជា៖ ផលប៉ះពាល់លើការផ្លាស់ទីលំនៅការងារ ការបាត់បង់ការងារ កង្វះជំនាញនៃកម្លាំងពលករមិនស៊ីគ្នារវាងជំនាញនៃកម្លាំងការងារដែលមានស្រាប់ និងតម្រូវការនៃសេដ្ឋកិច្ចបៃតង។ ជាពិសេស ក្រុមអ្នកក្រីក្រ និងក្រុមមានប្រាក់ចំណូលទាបបំផុត អាចនឹងរងផលប៉ះពាល់យ៉ាងខ្លាំងពីការផ្លាស់ប្តូរថាមពលនេះ។ លោក Luu Quang Tuan ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច) បានវិភាគថា៖ “ឱកាសថ្មីក្នុងអំឡុងពេលផ្លាស់ប្តូរនេះ អាចបង្កើត ផលប៉ះពាល់ ជាពិសេសសម្រាប់ក្រុមងាយរងគ្រោះក្នុងទិដ្ឋភាពមួយចំនួនដូចជា៖ ផលប៉ះពាល់លើការចល័តការងារ កង្វះជំនាញនៃកម្លាំងពលកម្ម ការមិនស៊ីគ្នារវាងជំនាញនៃកម្លាំងការងារដែលមានស្រាប់ និងតម្រូវការនៃសេដ្ឋកិច្ចបៃតង។ .. ជាពិសេស ក្រុមអ្នកក្រីក្រ និងក្រុមជនមានប្រាក់ចំណូលទាបបំផុតអាចរងផលប៉ះពាល់យ៉ាងខ្លាំងពីការផ្លាស់ប្តូរនេះ”។
ការពិតនេះទាមទារឲ្យមានគោលនយោបាយសន្តិសុខសង្គម ក៏ដូចជាគោលនយោបាយគាំទ្រការផ្លាស់ប្តូរការងារ អភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយនិរន្តរភាព និងបង្កើតការងារដែលសមស្រប ឬការងារបៃតង។ គោលនយោបាយត្រូវធានាថា ពលករនៅក្នុងវិស័យទាំងនេះ ត្រូវបានបណ្តុះបណ្តាលឡើងវិញ និងគាំទ្រដើម្បីផ្លាស់ប្តូរទៅរកការងារថ្មី។ ប្រព័ន្ធអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ត្រូវកែ សម្រួល និងបង្កើតថ្មី ដើម្បីបំពេញតម្រូវការថ្មី និងព្យាករណ៍ពីចំនួនការងារថ្មីដែលបានបង្កើត ឬបាត់បង់នៅក្នុងសេដ្ឋកិច្ច។
ការយល់ដឹងយ៉ាងខ្ជាប់ខ្ជួន
មិនអាចបដិសេធបានទេថា នឹងមានក្រុមមនុស្សដែលមិនអាចប្រដេញតាមដំណើរផ្លាស់ប្តូរថាមពលបាននោះទេ ប៉ុន្តែសមិទ្ធិផលថ្មីៗក្នុងការកាត់បន្ថយភាពក្រីក្រ និងការបង្កើតការងារបានបង្ហាញថា៖ វៀតណាមនឹងដោះស្រាយបញ្ហាជាបណ្តើរៗ ប្រកប ដោយប្រសិទ្ធភាព ជាលទ្ធផលនៃបញ្ហាប្រឈមថ្មីៗទាំងនេះ។
ស្ថានភាពជាក់ស្តែងបង្ហាញថា ការធានាសិទ្ធិរបស់ក្រុមសង្គមងាយរងគ្រោះ តែងតែស្រូបយកតួនាទីសំខាន់មួយក្នុងដំណើរការអនុវត្តទស្សនៈ និងគោលនយោបាយរបស់បក្ស និងគោលនយោបាយ និងច្បាប់របស់រដ្ឋ។ សាស្ត្រាចារ្យបណ្ឌិត Ta Ngoc Tan អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបានឲ្យដឹងថា៖ “ការអភិវឌ្ឍសង្គម អភិវឌ្ឍន៍មនុស្ស ការកែលម្អឥតឈប់ឈរនូវជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន គឺជាគោលដៅស្នូលរបស់វៀតណាមក្នុងដំណើរការខិតខំ អភិវឌ្ឍន៍ និងកសាងប្រទេសជាតិ។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច វៀតណាមជានិច្ចកាលផ្តោតនិងយកចិត្តទុកដាក់អនុវត្តគោលនយោ បាយសង្គមស្របតាមបាវចនា៖ កំណើនសេដ្ឋកិច្ចដើរទន្ទឹមនឹងការអនុវត្តវឌ្ឍនភាព និងយុត្តិធម៌សង្គមគ្រប់ជំហាន គោលនយោបាយនីមួយៗ មានគោលដៅនាំមកនូវសុភមង្គលកាន់តែច្រើនឡើងជូនប្រជាជន”។
លោក Bui Ton Hien ប្រធានវិទ្យាស្ថានការងារ និងវិទ្យាសាស្ត្រសង្គម (ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច) បានវាយតម្លៃថា៖ “ការធ្វើសុក្រិតរៀបរបបទីផ្សារ កំពុងក្លាយជាដំណោះស្រាយដ៏សំខាន់ក្នុងការបង្កើតការងារធ្វើ ១,៦ លាននាក់ ហើយអត្រាគ្មានការងារធ្វើនៅតែទាបជាង ៣%។ ប្រាក់ចំណូលរបស់ពលករមានភាពប្រសើរឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ។ ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពជាមួយនឹងវិធីសាស្រ្តពហុវិមាត្រត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព និងត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃថាជាគំរូមួយក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ”។
វៀតណាមតែងតែយកប្រជាជនជាមជ្ឈមណ្ឌលនៃដំណើរការអភិវឌ្ឍន៍។ ដូច្នេះ ក្នុងដំណើរការផ្លាស់ប្តូរបៃតង ក្រុមសង្គមងាយរងគ្រោះ ប្រាកដជាទទួលបានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល តាមរយៈកំណែទម្រង់ប្រព័ន្ធជំនួយសង្គម និងរបបសន្តិសុខសង្គម ការបង្កើនថវិកាសម្រាប់របបសន្តិសុខសង្គម ... ដើម្បីកុំឱ្យកើនឡើងអត្រា និងកម្រិតនៃភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហើយក៏ដើម្បីឱ្យពួកគេអាចផ្លាស់ប្តូរសម្របខ្លួនទៅនឹងការអភិវឌ្ឍប្រទេសជាតិផងដែរ៕