ធានាផលប្រយោជន៍ដ៏ល្អប្រសើរបំផុតជូនជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin
(VOVWORLD) - ឆ្នាំ ២០២២ គម្រប់ខួបលើកទី ៦១ ទិវាសោកនាដកម្មគីមីពុលពណ៌លឿងទុំនៅវៀតណាម (១០ សីហា ឆ្នាំ ១៩៦១-១០ សីហា ឆ្នាំ ២០២២)។
លោកប្រធានរដ្ឋ Nguyen Xuan Phuc (រូបថត៖ VNA) |
កងទ័ពអាមេរិកបានទម្លាក់ជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅសមរភូមិវៀតណាមភាគខាងត្បូងរយៈពេល ១០ ឆ្នាំ (១៩៦១-១៩៧១) ដែលបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ ហើយមនុស្សរាប់លាននាក់ទៀតកើតជំងឺរាំរៃប្រចាំកាយ និងជំងឺគ្រោះថ្នាក់ជាច្រើន។ អស់រយៈពេលច្រើនឆ្នាំមកហើយ ការងារជំនះពុះពារលើផលវិបាកដោយសារជាតិ គីមីពុល ការថែទាំជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin តែងតែទទួលបានការយកចិត្តទុកដាក់ពិសេសរបស់រដ្ឋ ក៏ដូចជាសហគមន៍ផងដែរ។
ជាតិគីមីពុលពណ៌លឿងទុំ/dioxin បានបណ្ដាលឲ្យពលរដ្ឋវៀតណាមជាង ៤ លាននាក់រងផលប៉ះពាល់ដោយផ្ទាល់ ក្នុងនោះមានជនរងគ្រោះជាង ២ លាននាក់។ ផលវិបាកដោយ ជាតិគីមីពុលពណ៌លឿងទុំបានបន្តទៅជំនាន់ទី ៣ និងទី ៤ ។ ជនរងគ្រោះដោយ ជាតិគីមីពុលពណ៌លឿងទុំនៅជំនាន់ក្រោយភាគច្រើនកើតជំងឺតាំងពីកំណើតផងដែរ។
គោលនយោបាយឥតងាករេ និងការដឹកនាំដ៏ត្រឹមត្រូវ
ក្រោយពីថ្ងៃឯកភាពប្រទេសជាតិ (ឆ្នាំ ១៩៧៥) បក្ស និងរដ្ឋវៀតណាមជានិច្ចកាលបានដឹកនាំយ៉ាងខ្ជាប់ខ្ជួនអំពីការថែទាំដល់សកម្មជនតស៊ូដោយឆ្លង ជាតិគីមីពុលពណ៌លឿងទុំ/dioxin និងកូនបង្កើតរបស់ពួកគេ។ ជាក់ស្ដែង ប្រព័ន្ធគោលនយោបាយ និងច្បាប់អនុគ្រោះដល់សកម្មជនតស៊ូ ដែលឆ្លង ជាតិគីមីពុលពណ៌លឿងទុំ/dioxin ទទួលបានរបបយ៉ាងពេញលេញ។ ការបញ្ជាក់ពីសកម្មជនតស៊ូប្រឆាំងសង្គ្រាម និងកូនបង្កើតរបស់ពួកគេដែលឆ្លង ជាតិគីមីពុលពណ៌លឿងទុំត្រូវបានសុក្រិតជាបណ្ដើរ។ ស្ថាប័នមានសមត្ថកិច្ចនានាបានផ្ដល់ វិញ្ញាបនបត្រពិការភាពដល់មនុស្សប្រមាណ ៣ លាននាក់ ក្នុងនោះមានជនរងគ្រោះដោយ ជាតិគីមីពុលពណ៌លឿងទុំ/dioxinជាច្រើន។
នាបច្ចុប្បន្ននេះ ពលរដ្ឋជាង ៣២ ម៉ឺននាក់ បានចូលរួមតស៊ូប្រឆាំងសង្គ្រាម និងកូនបង្កើតរបស់ពួកគេ ដែលឆ្លង ជាតិគីមីពុលពណ៌លឿងទុំទទួលបានគោលនយោបាយអនុគ្រោះសម្រាប់ជនមានគុណូបការចំពោះបដិវត្តន៍។ ជារៀងរាល់ឆ្នាំ រដ្ឋបានចំណាយកញ្ចប់ថវិកាជាង ១០ទ្រីលានដុង ដើម្បីធានារបប គោលនយោបាយ ឧបត្ថម្ភ ថែទាំសុខភាព និងស្តារនីតិសម្បទាដល់ជនរងគ្រោះ។ អាស្រ័យហេតុនេះ បណ្ដារបបអនុគ្រោះចំពោះសកម្មជនតស៊ូប្រឆាំងសង្គ្រាមដែលឆ្លង ជាតិគីមីពុលពណ៌លឿងទុំ និងកូនបង្កើតរបស់ពួកគេត្រូវបានអនុវត្តន៍យ៉ាងពេញលេញពីមួយថ្ងៃទៅមួយថ្ងៃ ដូចជាផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ ផ្ដល់ប័ណ្ណធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ វះកាត់ ស្តារនីតិសម្បទា ផ្ដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារធ្វើ លើកលែង និងការកាត់បន្ថយថ្លៃសំបុត្រនៅពេលធ្វើដំណើរជាដើម។ អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការជាមួយតំណាងសមាគមន៍ជួយឧបត្ថម្ភក្រុមគ្រួសារយុទ្ធជនពលី និងសមាគមជនរងគ្រោះដោយ ជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម កាលពីខែកក្កដា ឆ្នាំ ២០២១ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “នេះគឺជាគោលនយោបាយដ៏សំខាន់ណាស់។ ប្រសិនបើយើងប្រព្រឹត្តល្អចំពោះជនមានគុណូបការៈចំពោះការតស៊ូប្រឆាំងសង្គ្រាម គឺមូលដ្ឋានការពារមាតុភូមិកាន់តែល្អប្រសើរឡើង។ បក្ស រដ្ឋ និងប្រជាជនបានផ្ដោតការយកចិត្តទុកដាក់ដល់ ក្រុមគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin។ ដូច្នេះហើយ ថ្នាក់ដឹកនាំរដ្ឋ និងក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ត្រូវចាត់ទុកថានេះគឺជាភារកិច្ចដ៏សំខាន់ផងដែរ”។
ការស្រុះចិត្តគំនិតរបស់សង្គមទាំងមូល
ថ្នាក់រៀននៅភូមិ Hoa Binh - Thanh Xuan (ហាណូយ) (រូបថត៖ baodansinh.vn) |
ចលនាធ្វើសកម្មភាពគាំទ្រជនរងគ្រោះដោយ ជាតិគីមីពុលពណ៌លឿងទុំ/dioxin បានរីកសាយភាយយ៉ាងទូលំទូលាយ ទាក់ទាញការចូលរួមគាំទ្រយ៉ាងសកម្មរបស់សហគមន៍សង្គម របស់អង្គការ និងបុគ្គលទាំងជាតិ និងអន្តរជាតិ។
ជារៀងរាល់ឆ្នាំ សមាគមជនរងគ្រោះដោយ ជាតិគីមីពុលពណ៌លឿងទុំ/dioxin គ្រប់ជាន់ថ្នាក់បានធ្វើការចលនា កៀរគរប្រភពកម្លាំងសង្គមទាំងនៅក្នុង និងក្រៅប្រទេសដែលមានតម្លៃរាប់រយពាន់លានដុង ដើម្បីជួយជនរងគ្រោះសាងសង់ផ្ទះ ជួសជុលផ្ទះ សូណាបន្សាបជាតិពុល ស្តារនីតិសម្បទា ពិនិត្យ និងព្យាបាលជំងឺ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការចិញ្ចឹមបីបាច់ថែរក្សា ការផ្តល់អាហារូបករណ៍ ការផ្ដល់កម្ចីអាហារូបករណ៍ ការផ្ដល់ទុនផលិកម្ម ការផ្ដល់រទេះរុញរួមទាំងគម្រោងសាងសង់មជ្ឈមណ្ឌលគាំពារសង្គមជាច្រើន។ ចាប់ពីដើមឆ្នាំ២០២២ មក សមាគមជនរងគ្រោះដោយ ជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាមបានរៃអង្គាសទឹកប្រាក់ជាង ២០០ ពាន់លានដុងពីអង្គការ បុគ្គលទាំងក្នុង និងក្រៅប្រទេស។ ជនរងគ្រោះដោយ ជាតិគីមីពុលពណ៌លឿងទុំ/dioxin រាប់លាននាក់ទទួលបានជំនួយពោលខាងលើ។
បក្ស និងរដ្ឋវៀតណាមបានកំណត់ថា ការងារថែទាំ និងជួយឧបត្ថម្ភជនរងគ្រោះដោយ ជាតិគីមីពុល ពណ៌លឿងទុំ/dioxin គឺជាបញ្ហារយៈពេលវែង សំខាន់ និងបន្ទាន់។ ការដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានចាត់វិធានការជាក់លាក់ ហើយសង្គមបានគាំទ្រ និងរួមចំណែកធានាឲ្យបានល្អបំផុតនូវផលប្រយោជន៍របស់ជនរងគ្រោះផងដែរ៕