(VOVWORLD) - ការថែទាំ ធានាឲ្យជនក្រីក្រ អ្នកដែលមានស្ថានភាពលំបាក មានបុណ្យតេតប្រកបដោយក្ដីសប្បាយរីករាយ និងកក់ក្តៅ គឺជាប្រពៃណីវប្បធម៌របស់ជនជាតិវៀតណាម នៅពេលបុណ្យតេតមកដល់ម្ដងៗ។ នៅឆ្នាំនេះ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ជីវភាពរស់នៅរបស់ប្រជាជននៅតែជួបការលំបាកជាច្រើន ដូច្នេះការងារនេះកាន់តែទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Pham Minh Chinh ទៅបំពេញទស្សនកិច្ច ជូនពរឆ្នាំថ្មីដល់ជនរួមជាតិជនជាតិភាគតិចនៅខេត្ត Cao Bang។ (រូបថត៖ VOV) |
ការថែទាំប្រជាជនក្នុងបុណ្យតេត គឹជាការអនុវត្តគោលនយោបាយសន្តិសុខសង្គម
ក្នុងដំណើរទស្សនកិច្ច ជូនពរឆ្នាំថ្មីដល់ប្រជាជនបណ្ដាជនជាតិខេត្ត Lao Cai ប្រធានរដ្ឋសភា
វៀតណាម លោក Vuong Dinh Hue បានស្នើឲ្យបក្សភាគ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនក្នុងតំបន់ ថែទាំឲ្យបានល្អបំផុតដល់គ្រួសារគោលនយោបាយ ជនមានគុណូបការៈ គ្រួសារក្រីក្រ ជិតកម្រិតក្រីក្រ និងប្រជាពលរដ្ឋដែលមានស្ថានភាពលំបាកនៅមូលដ្ឋាន ដើម្បីកុំឱ្យនរណាម្នាក់ត្រូវទុកចោលក្នុងឱកាសបុណ្យតេតប្រពៃណីនេះឡើយ។ ក្នុងពេលជាមួយគ្នានោះ ថ្លែងមតិក្នុងដំណើរបំពេញទស្សនកិច្ច ជូនពរឆ្នាំថ្មីដល់ជនរួមជាតិជនជាតិភាគតិចនៅខេត្ត Cao Bang នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ បញ្ជាណែនាំគ្រប់លំដាប់ថ្នាក់ និងផ្នែកទាំងអស់ ត្រៀមរៀបចំលក្ខណៈយ៉ាងយកចិត្តទុកដាក់ដើម្បីឲ្យប្រជាជនអំណរបុណ្យតេតប្រកបដោយក្ដីសប្បាយរីករាយ សុវត្ថិភាព និងសន្សំសម្ចៃ៖
“ខ្ញុំស្នើឲ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មានគំនិតផ្តួចផ្តើម កម្មវិធី និងសកម្មភាពដ៏មានអត្ថន័យជាក់ស្តែងជាច្រើន ដើម្បីថែទាំបុណ្យតេតជូនជនក្រីក្រ ជនមានគុណូបការៈ កម្មករ មុខសញ្ញាគោលនយោបាយ ជនដែលទទួលបានការគាំពារសង្គម ជនដែលមានស្ថានភាពលំបាក រួមចំណែកធ្វើឲ្យនិទាឃរដូវ កាន់តែកក់ក្តៅចំពោះមនុស្សទាំងអស់ គ្រួសារទាំងអស់ ដើម្បីគ្មាននរណាម្នាក់ត្រូវទុកចោលនៅពីក្រោយឡើយ”។
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai។ |
ចែករំលែកក្ដីសប្បាយរីករាយ នៅពេលចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ កម្មករដែលជួបការលំបាកនៅខេត្ត Hai Duong ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានចាត់ទុកថា ការថែទាំជនរួមជាតិក្នុងអំឡុងបុណ្យតេត គឺជាសកម្មភាពដ៏មានអត្ថន័យ ដែលពង្រីកប្រពៃណីមហាសាមគ្គីភាពនៃប្រជាជាតិទាំងមូល ប្រពៃណីជួយទំនុកបម្រុង ស្រឡាញ់គ្នាទៅវិញទៅមក រួមចំណែកក្នុងការអនុវត្តគោលនយោបាយសន្តិសុខសង្គម - ដែលជាគោលជំហរដ៏ធំនិងត្រឹមត្រូវរបស់បក្សនិងរដ្ឋវៀតណាម។
“ដើម្បីត្រៀមរៀបចំ ទទួលអំណរបុណ្យតេតប្រពៃណីប្រកបដោយក្ដីសប្បាយរីករាយ សុខភាពល្អ សុវត្ថិភាព និងសន្សំសំចៃ ខ្ញុំស្នើឱ្យគណៈកម្មាធិការបក្ស ក៏ដូចជាអាជ្ញាធរ រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ អង្គការមហាជននានា ត្រូវការជ្រួតជ្រាបនិងអនុវត្តន៍ឲ្យបានពេញលេញ នូវសារា ចរណ៍លេខ ១៩ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ របស់គណៈលេខា ដើម្បីត្រៀមរៀបចំទទួលអំណរបុណ្យតេតប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព សន្សំសំចៃ ហើយបន្តកៀរគរប្រភពធនធាន ដើម្បីអនុវត្តន៍ឲ្យបានល្អនូវការងារសន្តិសុខសង្គម ការថែទាំជីវភាពខាងសម្ភារៈ និងស្មារតីជូនប្រជាជន ធានាឲ្យគ្រប់គ្រួសារ និងមនុស្សគ្រប់រូបមានលក្ខខណ្ឌដើម្បីរីករាយនឹងនិទាឃរដូវ ជាពិសេសគ្រួសារគោលនយោបាយ អ្នកដែលមានស្ថានភាពលំបាក គ្រួសារក្រីក្រ កម្មករនៅក្នុងតំបន់សេដ្ឋកិច្ច មណ្ឌលឧស្សាហកម្ម ជាពិសេសអ្នកដែលបាត់បង់ការងារធ្វើ”។
ចលនា "បុណ្យតេតនៃសេចក្តីមេត្តាករុណាឆ្នាំ២០២៣"
កម្មវិធី "បុណ្យតេតនៃសេចក្ដីមេត្តាករុណាឆ្នាំ២០២៣" នៅខេត្ត Kien Giang បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៦ ខែមករា។ សមាគមកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានចលនាការជួយឧបត្ថម្ភហើយជូនអំណោយចំនួន ២ម៉ឺន កញ្ចប់ ដល់ជនក្រីក្រ ជិតកម្រិតក្រីក្រ គ្រួសារដែលមានអ្នកផ្ទុកសារធាតុគីមីពុលពណ៌លឿងទុំ ជនពិការ ឬរងគ្រោះដោយគ្រោះធម្មជាតិ ជំងឺរាតត្បាត
កូវីដ-១៩; ក្នុងនោះអំណោយនីមួយៗមានតម្លៃចាប់ពី៣០ដល់៥០ម៉ឺនដុង។ ក្នុងពេលជាមួយគ្នានោះ ចលនា “បុណ្យតេតនៃសេចក្ដីមេត្តាករុណាឆ្នាំ២០២៣” នៅខេត្ត Gia Lai បានកៀរគរធនធានទាំងអស់របស់សហគមន៍ដើម្បីរៀបចំជាគំរូ “ជូនអំណោយ-រីករាយបុណ្យតេត” ក្នុងបំណងជួយឧបត្ថម្ភខាងសម្ភារៈ និងស្មារតី ដើម្បីឱ្យជនក្រីក្រ អ្នកដែលមានស្ថានភាពលំបាក អាចរីករាយនឹងនិទាឃរដូវ ទទួលអំណរបុណ្យតេត រួមចំណែកកសាងសហគមន៍ប្រកបដោយសាមគ្គីភាព សម្បូរទៅដោយក្តីមេត្តា។ លោក Cao Xuan Nam អនុប្រធានសមាគមកាកបាទក្រហមខេត្ត Gia Lai បានឲ្យដឹងថា៖
“ដំបូងបង្អស់ សមាគមនឹងរៀបចំផែនការ ហើយបែងចែកដល់មូលដ្ឋាន បន្ទាប់មករៀបចំសកម្មភាព និងកម្មវិធីដើម្បីអំពាវនាវការឧបត្ថម្ភ តាមរយៈគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីកៀរគរអង្គការ បុគ្គល និងអាជីវកម្ម ចូលរួមឧបត្ថម្ភ ដើម្បីមានអំណោយជូនប្រជាជនក្នុងបុណ្យតេត តាមនោះជួយជនក្រីក្រ អ្នកដែលមានស្ថានភាពលំបាកទទួលបុណ្យតេតដ៏កក់ក្តៅនិងរីករាយ”។
ខេត្ត Ca Mau បានដឹកនាំគណៈកម្មាធិការបក្ស អង្គការបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គម យកចិត្តទុកដាក់អនុវត្តន៍ឲ្យបានល្អនូវគោលនយោបាយសន្តិសុខ សុខុមាលភាពសង្គម ថែទាំជីវភាពខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន ជាពិសេសក្នុងឱកាសបុណ្យតេត ជាមួយនឹងចំនួនថវិកាជួយឧបត្ថម្ភជនរួមជាតិឡើងរហូតដល់ ៤០ ពាន់លានដុង (១,៧លានដុល្លារអាមេរិក)។ ខេត្ត Gia Lai បានជួយឧបត្ថម្ភជនក្រីក្រចំនួន ២៥ ពាន់នាក់ ជាមួយនឹងថវិកាសរុបប្រហែល ១៥ ពាន់លានដុង (៦៤០ ពាន់ដុល្លារអាមេរិក)។
មូលដ្ឋាននានានៅខេត្ត Khanh Hoa បានចែកអង្ករជាង ១៧០០ តោនជូនជនក្រីក្រ អ្នកដែលមានស្ថានភាពលំបាកចំនួនជិត ១២ ម៉ឺននាក់ក្នុងខេត្ត។ លើសពីនេះ ខេត្ត Khanh Hoa ក៏បានចំណាយថវិកាចំនួន ២៧ ពាន់លានដុង (១,១៥ លានដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភជាសាច់ប្រាក់ដល់គ្រួសារក្រីក្រ ប្រជាពលរដ្ឋដែលមានអាយុលើសពី ១០០ ឆ្នាំ ជនពិការ ជនពិការភ្នែក កុមារដែលឆ្លងមេរោគហ៊ីវ/អេដស៍ និងអ្នកដែលត្រូវបានចិញ្ចឹមក្នុងមណ្ឌលគាំពារសង្គម។ គណៈកម្មាធិការរណសិរ្សមាតុភូមិ Khanh Hoa ក៏បានចំណាយថវិកាចំនួនជាង ១២ ពាន់លានដុង (៥១២លានដុល្លារអាមេរិក) ដើម្បីទិញអំណោយចំនួន ២ម៉ឺនកញ្ចប់ ឧបត្ថម្ភដល់គ្រួសារដែលជួបការលំបាកផងដែរ។
ដោយបាវចនាថា “កុំទុកឲ្យអ្នកណាដែលជួបការលំបាក មិនទទួលបានការយកចិត្តទុកដាក់ និងអំណោយក្នុងឱកាសបុណ្យតេតប្រពៃណីឲ្យសោះ” នោះ គ្រប់លំដាប់ថ្នាក់ ផ្នែក និងមូលដ្ឋានទាំងអស់នៃប្រទេសវៀតណាមបាននឹងកំពុងថែទាំយ៉ាងយកចិត្តទុកដាក់ដល់ប្រជាជន តាមនោះអនុវត្តន៍បានយ៉ាងល្អនូវគោលនយោបាយសន្តិសុខសង្គម និងប្រពៃណីមេត្តាករុណាបស់ប្រជាជាតិវៀតណាម៕