ធ្វើសកម្មភាពដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំវៀតណាម

(VOVWORLD) - ថ្ងៃស្អែក (ទី ១០ សីហា) គឺជាទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំវៀតណាម។ រយៈពេល ៦២ ឆ្នាំ ក្រោយថ្ងៃកើតមានគ្រោះមហន្តរាយពណ៌លឿងទុំ (១៩៦១ - ២០២៣) រដ្ឋាភិបាលវៀតណាមនៅតែខិតខំប្រឹងប្រែងកៀរគរប្រភពធនធានជាច្រើនក្នុងប្រទេស ព្រមទាំងរួមផ្សំជាមួយការជួយឧបត្ថម្ភរបស់សហគមន៍អន្តរជាតិ ដើម្បីថែទាំ ជួយឧបត្ថម្ភដល់ជនរងគ្រោះ និងគ្រួសាររបស់ពួកគេ។
ធ្វើសកម្មភាពដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំវៀតណាម - ảnh 1ធ្វើសកម្មភាពដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំវៀតណាម។ រូបថត៖ កាសែតពលករ និងសង្គម

ជំនះពុះពារលើផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំគឺជាបញ្ហាបន្ទាន់ និងយូរអង្វែង

ជាតិគីមីពុលពណ៌លឿងបង្កផលវិបាកយ៉ាងធំធេងដល់ប្រជាជន និងបរិស្ថានវៀតណាម។ ប្រព័ន្ធអេកូឡូស៊ីជាច្រើនត្រូវបានបំផ្លិចបំផ្លាញ ហើយមិនអាចស្តារឡើងវិញបានឡើយ។ ប្រជាជនវៀតណាមជាច្រើនជំនាន់ត្រូវស៊ូទ្រាំនឹងការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តដោយសារជាតិគីមីពុលពណ៌លឿងទុំ។ រដ្ឋាភិបាលវៀតណាមបានកំណត់ថាការ ជំនះពុះពារលើផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំគឺជាបញ្ហាបន្ទាន់ និងយូរអង្វែង។

ចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំរបស់វៀតណាម ពួកគេទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ទទួលបានរបបធានារ៉ាប់រងសុខាភិបាល ឬពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ។ ជនពិការដ៏ធ្ងន់ធ្ងររាប់សែននាក់ត្រូវបានវះកាត់កែសន្លាក់ និងស្ដារនីតិសម្បទា ហើយកុមារពិការរាប់សិបនាក់ ក្នុងនោះមានកុមារ រងផលប៉ះពាល់ប្រយោលពីជាតិគីមីពុលពណ៌លឿងទុំត្រូវបានទៅសាលារៀន។

លើសពីនេះសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតគ្រប់លំដាប់ថ្នាក់បានកៀរគរធនធានដើម្បីជួយឧបត្ថម្ភដល់ជនរងគ្រោះជួសជុលផ្ទះ បន្សាបជាតិពុល ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ដល់កម្ចីផលិតកម្ម ជូនរទេះរុញ រួមជាមួយគម្រោងសាងសង់មជ្ឈមណ្ឌលគាំពារសង្គមជាច្រើនផងដែរ។

ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ការងារថែទាំ និងជួយឧបត្ថម្ភដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំមានលក្ខណៈចីរភាពជាង នៅពេល ដែលផ្ដោតសំខាន់លើការជួយឧបត្ថម្ភសាងសង់ ជួសជុលផ្ទះសូណាបន្សាបជាតិពុល។ អញ្ជើញថ្លែងក្នុងពិធីបំផុសខែសកម្មភាពដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ Dioxin ឆ្នាំ ២០២៣ (ថ្ងៃទី ១1 ខែសីហា នៅទីក្រុងហាណូយ) ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម លោកស្រី Bui Thi Minh Hoai បានឲ្យដឹងថា៖

“វៀតណាមបានចេញគោលនយោបាយជាច្រើនដើម្បីដោះស្រាយផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំបានចំណាយថវិការាប់ម៉ឺនពាន់លានដុង/ឆ្នាំ ដើម្បីជួយឧបត្ថម្ភ ថែទាំសុខភាព ស្តារនីតិសម្បទាដល់ជនរងគ្រោះ។ ទន្ទឹមនឹងនោះ ជួយឧបត្ថម្ភដល់តំបន់ពិបាកពិសេស ដោយសារផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជាតិគីមីពុលពណ៌លឿងទុំ។ ចលនាសកម្មភាពដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំវៀតណាម ដែលត្រូវបានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបំផុស (ខែមិថុនា ២០១១) ហើយត្រូវបានប្រជាជនគ្រប់ស្រទាប់វណ្ណៈស្រុះចិត្តគំនិតជួយជ្រោមជ្រែង ទាក់ទាញចំណាប់អារម្មណ៍របស់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស រួមទាំងមិត្តភក្តិអន្តរជាតិ រួមចំណែកជួយជនរងគ្រោះកាត់បន្ថយការលំបាក និងស្ថិរភាពជីវភាពរស់នៅនិងធ្វើសមាហរណកម្មទៅក្នុងសហគមន៍ផងដែរ”។

ការរួមដៃគ្នារបស់មិត្តភក្តិអន្តរជាតិ

ក្នុងកិច្ចខិតខំប្រឹងប្រែងជំនះពុះពារលើផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំវៀតណាមបានទទួលការជួយឧបត្ថម្ភគាំទ្ររបស់មិត្តភក្តិអន្តរជាតិ។កិច្ចប្រជុំនៃគណៈកម្មាធិការក្រុមប្រឹក្សាសន្តិភាពពិភពលោក (WPC) នៅទីក្រុង Damas ប្រទេសស៊ីរីនាខែតុលា ឆ្នាំ ២០០៩ បានសម្រេចចិត្តយលថ្ងៃទី ១០ ខែសីហារៀងរាល់ឆ្នាំ ជាថ្ងៃដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំវៀតណាម។

កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បានជួយឧបត្ថម្ភថវិកាដើម្បីអនុវត្តន៍គម្រោងដោះស្រាយដីមានជាតិឌីអុកស៊ីតនៅអាកាសយានដ្ឋាន Phu Cat (Binh Dinh) និងបំពាក់ឱ្យវៀតណាមនូវមន្ទីរពិសោធន៍វិភាគឌីអុកស៊ីន។ អង្គការ និងបុគ្គលបរទេសជាច្រើនក៏បានមកវៀតណាមដើម្បីបើកវគ្គហ្វឹកហាត់ សូណាបន្សាបជាតិពុលឌីអុកស៊ីតដល់ជនរងគ្រោះ។ អ្នកជំនាញខាងបន្សាបជាតិពុល Mark Antony Castro បានចែករំលែក៖

“ដំណើរការបើកវគ្គហ្វឹកហាត់របស់យើងខ្ញុំត្រូវបានលើកកម្ពស់។ យើងខ្ញុំបានផ្លាស់ប្តូរចំណេះដឹងដោយផ្ទាល់ជាមួយបុគ្គលិកសុខាភិបាលអំពីរបៀបដំណើរការសូណាតាមស្តង់ដារ។ តាមនោះ ពួកគេនឹងយល់ដឹងកាន់តែច្បាស់លាស់ អនុវត្តន៍កាន់តែមានប្រសិទ្ធភាព យល់ដឹងពីព័ត៌មាន ដើម្បីដោះស្រាយការជំពាក់ជំពិន បញ្ហារបស់ជនរងគ្រោះគ្រប់រូបនៅមជ្ឈមណ្ឌលគាំពារសង្គមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត នៅវៀតណាម”។

ចំពោះភាគីអាមេរិក រដ្ឋាភិបាលអាមេរិកបានសម្របសម្រួលជាមួយវៀតណាម ដើម្បីសម្រេចរួចរាល់កម្មវិធីបន្សាបជាតិពុលនៅអាកាសយានដ្ឋាន Da Nang (ដោះស្រាយដ៏ដែលមានជាតិពុលចំនួន ៩ ម៉ឺនគូប) បន្សាបជាតិពុលលើផ្ទៃដីជិត ៣ ម៉ឺនម៉េត្រក្រឡា នៅព្រលានយន្តហោះ Bien Hoa; អនុវត្តន៍គម្រោងជួយឧបត្ថម្ភជនពិការ ក្នុងនោះមានជនរងគ្រោះដោយ ឌីអុកស៊ីត នៅតាមខេត្តជាច្រើនដូចជា៖ Quang Tri, Thua Thien-Hue, Quang Nam។

វៀតណាមមានមនុស្សប្រមាណ៥លាននាក់ឆ្លងជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត។ រាល់សកម្មភាពជួយឧបត្ថម្ភរបស់រដ្ឋអំណាច សហគមន៍ក្នុងប្រទេស ក៏ដូចជាមិត្តភក្តិអន្តរជាតិបាននិងកំពុងរួមចំណែកជួយជីវភាពខាងសម្ភារៈ និងស្មារតីរបស់គេកាត់បន្ថយការលំបាកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ