(VOVWORLD) - តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith នាព្រឹកថ្ងៃទី១០ ខែមេសានេះ លោកប្រធានរដ្ឋ Vo Van Thuong បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចាកចេញពីរដ្ឋធានីហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ដំណើរទស្សនកិច្ចគឺសំដៅបន្តបញ្ជាក់នូវគោលនយោបាយដ៏ឥតងាករេរបស់រដ្ឋវៀតណាម ដែលជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងមិត្តភាពមហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។
ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវរបស់លោកប្រធានរដ្ឋ Vo Van Thuong ប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី ១០ និងទី ១១ ខែមេសា)។ នេះជាដំណើរទស្សនកិច្ចនៅឯបរទេសលើកដំបូងរបស់លោកចាប់តាំងពីឡើងកាន់តំណែងជាប្រធានរដ្ឋ។
ទំនាក់ទំនងវៀតណាម-ឡាវកំពុងមានសន្ទុះអភិវឌ្ឍដ៏ល្អប្រសើរ
ទំនាក់ទំនងរវាងវៀតណាមនិងឡាវ គឺជាទំនាក់ទំនងពិសេស។ ការដែលមេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែជ្រើសរើសប្រទេសមិត្តជាប្រទេសដំបូងគេដើម្បីទៅបំពេញទស្សនកិច្ចបន្ទាប់ពីចូលកាន់តំណែងជាអ្នកដឹកនាំបានក្លាយជាទំនៀមទម្លាប់ ជាប្រពៃណីដ៏ល្អប្រសើរ ដែលបង្ហាញពីមនោសញ្ចេតនាពិសេសរវាងបងប្អូនដ៏ជិតស្និទ្ធនិងស្មោះត្រង់របស់គ្នា។
ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Vo Van Thuong ត្រូវបានធ្វើឡើងត្រឹមតែរយៈពេលខ្លីមួយប៉ុណ្ណោះ បន្ទាប់ពីលោកត្រូវបានរដ្ឋសភា នីតិកាលទី១៥ បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។ យោងតាមឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung ប្រការនេះបង្ហាញជាថ្មីម្តងទៀតថា ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមមានមនោសញ្ចេតនិងយកចិត្តទុកដាក់ពិសេសចំពោះឡាវ ដែលបង្ហាញពីការប្តេជ្ញាចិត្ត និងការសន្យាមុតមាំរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរក្នុងការពូនជ្រុំទំនាក់ទំនងមិត្តភាពមហិការ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ ហើយអភិវឌ្ឍន៍ដោយឥតឈប់ឈរឡើងកំពស់ថ្មី។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung។ (រូបថត៖ VOV) |
ជាការកត់សម្គាល់ ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកប្រធានរដ្ឋ Vo Van Thuong បានធ្វើឡើងនៅមុនពេលបុណ្យចូលឆ្នាំថ្មី ប៊ុនភីម៉ៃ របស់ប្រជាជនឡាវបងប្អូន។ ដូច្នេះដំណើរទស្សនកិច្ចនេះនាំមកនូវសារដ៏ពិសេសមួយ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានឲ្យដឹងថា៖
“ដូចប្រិយមិត្តបានដឹងហើយថា អ្នកណាក៏សប្បាយចិត្តនិងមានសុភមង្គលខ្លាំងណាស់ នៅពេលដែលមុនចូលឆ្នាំថ្មី មានបងប្អូន មិត្តភក្តិមកសួរសុខទុក្ខ នាំមកនូវមនោសញ្ចេតនាដ៏ជិតស្និទ្ធ កក់ក្តៅ និងការគាំទ្រដ៏ថ្លៃថ្លា។ ដំណើរទស្សនកិច្ចនេះគឺដូចជាសេចក្ដីជូនពររាប់លាន ពីប្រជាជនវៀតណាមផ្ញើរទៅកាន់ប្រជាជនបណ្ដាជនជាតិឡាវជាបងប្អូន សុំឲ្យគេចូលឆ្នាំថ្មីជួបតែសំណាងល្អ សម្រេចបាននូវសមិទ្ធផលថ្មីកាន់តែធំធេង; ប្រទេសឡាវកាន់តែអភិវឌ្ឍន៍ប្រកបដោយវិបុលភាព ប្រជាជនកាន់តែរីកចម្រើន និងសុភមង្គល”។
នាបច្ចុប្បន្ននេះ ទំនាក់ទំនងវៀតណាម-ឡាវកំពុងមានសន្ទុះអភិវឌ្ឍដ៏ល្អប្រសើរ កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ ហើយកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីកំពុងត្រូវបានប្រទេសទាំងពីរដាក់ឲ្យដំណើរការយ៉ាងសកម្ម និងសម្រេចបាននូវលទ្ធផលសំខាន់ៗលើគ្រប់វិស័យ។ ក្នុងរយៈពេលកន្លងមក វៀតណាមនិងឡាវបានសហការប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ដូចជាកិច្ចសហប្រតិបត្តិការក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខបន្តត្រូវបានពង្រឹង។
ជាពិសេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបន្តត្រូវបានរក្សាយ៉ាងល្អប្រសើរ។ វៀតណាមបានវិនិយោគលើគម្រោងដែលនៅមានសុពលភាពជិត ២៤០ គម្រោងនៅក្នុងប្រទេសឡាវ ជាមួយនឹងដើមទុនសរុបជិត ៥,៤ ពាន់លានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេស និងដែនដីដែលវិនិយោគនៅឡាវ។ កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត ១,៧ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៥% បើធៀបនឹងឆ្នាំមុននោះ។
ភាគីទាំងពីរក៏បានប្រារព្ធពិធីបើកការដ្ឋាន សម្ពោធ និងប្រគល់គម្រោងមួយចំនួន ដែលប្រើប្រាស់ទុនជំនួយរបស់រដ្ឋាភិបាលវៀតណាម ដល់រដ្ឋាភិបាលឡាវ ដូចជា៖ បើកការដ្ឋានគម្រោងមជ្ឈមណ្ឌលសេវាកម្មបច្ចេកទេសកសិកម្មខេត្ត Xaysomboun; បើកសម្ពោធរោងចក្រកែច្នៃកសិផលនិងឱសថខេត្ត Xaysomboun; អនុវត្តន៍យ៉ាងសកម្មនូវគម្រោងសាងសង់ព្រលានយន្តហោះ NongKhang ហើយគ្រោងនឹងសម្រេចនៅឆ្នាំនេះ។
ក្រសួងអប់រំនៃប្រទេសទាំងពីរបានចេញផ្សាយគម្រោងសហប្រតិបត្តិការវិស័យអប់រំរវាងវៀតណាមនិងឡាវដំណាក់កាល ២០២១-២០៣០។ កាលពីឆ្នាំមុន វៀតណាមបានផ្តល់ឲ្យឡាវនូវអាហារូបករណ៍មកសិក្សានៅវៀតណាមជិត ១២០០ កញ្ចប់ ដែលធ្វើឲ្យចំនួននិស្សិតឡាវមកសិក្សានៅវៀតណាមសរុបឡើងប្រមាណ ១៤០០០នាក់។
បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Vo Van Thuong ធ្វើឡើងក្នុងបរិបទដែលបក្សកុម្មុយ
និស្តវៀតណាម បក្សប្រជាជនបដិវត្តន៍ឡាវ និងប្រទេសទាំងពីរកំពុងអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សនីមួយៗ ព្រមទាំងអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ ជាពិសេសការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយពីជំងឺរាតត្បាត COVID-19 ហើយប្រទេសទាំងពីរទទួលបានសមិទ្ធិផលសំខាន់ៗ។
ដូច្នេះហើយ ដំណើរទស្សនកិច្ចនេះ គឺជាឱកាសសម្រាប់ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Thongloun Sisoulith រួមជាមួយថ្នាក់ដឹកនាំផ្សេងទៀតរបស់ឡាវ ផ្លាស់ប្តូរ និងឯកភាពលើទិសដៅ គោលជំហរ និងវិធានការធំៗ ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងឆ្នាំនេះ និងឆ្នាំបន្ទាប់ៗឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព; ផ្លាស់ប្តូរអំពីស្ថានភាពក្នុងតំបន់និងពិភពលោកនាពេលថ្មីៗនេះ ការសម្របសម្រួលរវាងប្រទេសទាំងពីរនៅវេទិកាអន្តរជាតិ ហើយក្នុងការដោះស្រាយបញ្ហាតំបន់និងអន្តរជាតិពាក់ព័ន្ធនានាផងដែរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានសង្កត់ធ្ងន់ថា៖
“អាចបញ្ជាក់បានថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Vo Van Thuong នៅប្រទេសឡាវលើកនេះគឺមានអត្ថន័យសំខាន់ណាស់ ហើយនឹងបង្កើតកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ពង្រឹងប្រសិទ្ធភាព និងនិរន្តរភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមចំណែកធ្វើឱ្យទំនាក់ទំនងវៀតណាម-ឡាវក្លាយជាកត្តាវិជ្ជមាន រួមចំណែកដល់ការពង្រឹងសន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ី និងពិភពលោក”។
ទំនាក់ទំនងវៀតណាម-ឡាវ គឺជាទំនាក់ទំនងពិសេស។ ជាមួយនឹងដំណើរទស្សនកិច្ចនៅឡាវរបស់ប្រធានរដ្ឋ លោក Vo Van Thuong ប្រទេសទាំងពីរនឹងបន្តប្រកៀកស្មាជាមួយគ្នាអភិវឌ្ឍន៍យ៉ាងខ្លាំងមាំមួន ពង្រឹងនិងពង្រីកប្រសិទ្ធភាពនៃទំនាក់ទំនងពិសេសវៀតណាម-ឡាវ រួមចំណែកទំនាក់ទំនងទ្វេភាគីឱ្យអភិវឌ្ឍន៍ឡើងដល់កំពស់ថ្មី៕