និន្នាការនៃការស្ដារខឿនសេដ្ឋកិច្ចឡើងវិញត្រូវបានបង្ហាញកាន់តែច្បាស់លាស់
(VOVWORLD) - នាថ្ងៃទី ២៩ ខែមិនា អគ្គនាយកដ្ឋានស្ថិតិវៀតណាម (ក្រសួងផែនការ និងវិនិយោគ) បានប្រកាសតួលេខកំណើន GDP ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២។ តាមនោះ កំណើន GDP សម្រេចបានលើសពីកម្រិត ៥% ហើយបានកើនឡើងជាលំដាប់ក្នុងត្រីមាសនីមួយៗ។ ប្រការនេះបានសរឲ្យឃើញថា ខឿនសេដ្ឋកិច្ចវៀតណាមកំពុងស្ថិតលើ សន្ទុះស្ដារឡើងវិញ ក៏ដូចជាមើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ ប្រព័ន្ធនយោបាយទាំងមូលក្នុងការរួមចំណែកជំរុញខឿនសេដ្ឋកិច្ចចូលរួមយ់ាងស៊ីសង្វាក់ប្រកបដោយប្រសិទ្ធភាពជាមួយនឹងសន្ទុះស្ដារឡើងវិញ។
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មានដើម្បីប្រកាសតួរលេខស្ថិតិសេដ្ឋកិច្ចសង្គមសម្រាប់ត្រីមាសទីមួយឆ្នាំ ២០២២នៅទីក្រុងហាណូយ (រូបថត៖ VNA) |
ខឿនសេដ្ឋកិច្ចមានសមត្ថភាពស្ដារឡើងវិញយ៉ាងឆាប់រហ័ស
សកម្មភាពផលិតកម្ម និងធ្វើអាជីវកម្មបានបន្តស្ដារឡើងវិញយ៉ាងខ្លាំងក្លា។ វិស័យឧស្សាហកម្ម និងសំណង់បានរួមវិភាគទានយ៉ាងធំធេងទៅក្នុងល្បឿនកំណើន GDP នៃត្រីមាសទី ១ នេះ។ ក្នុងនោះ ផ្នែក ឧស្សាហកម្មកែច្នៃបន្តជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ពោលគឺកើនឡើង ៧,៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ តួយ៉ាងគឺផ្នែកវាយនភណ្ឌដែលសម្រេចបានកំណើនលេចធ្លោបំផុត។ លោកស្រី Phi Thi Phuong Nga អនុប្រធាននាយកដ្ឋានស្ថិតិឧស្សាហកម្ម និងសំណង់ បានឲ្យដឹងថា៖ “ក្រុមផ្នែកផលិតកម្ម សម្លៀកបំពាក់បានកើនឡើង ២១,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ហើយនេះគឺជាអត្រាកំណើនខ្ពស់បំផុតក្នុងផ្នែកកែច្នៃផងដែរ”។
គួរកត់សម្គាល់ថា វិស័យសេវាកម្មក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ សម្រចបានកំណើនយ៉ាងខ្លាំងក្លា ខណៈពេលដែលសកម្មភាពសេវាកម្មជាច្រើនមានភាពរស់រវើកឡើងវិញ។ ផ្នែកសេវាកម្មទីផ្សារ ដែលបានចូលរួមចំណែកយ៉ាងធំធេងទៅក្នុងកំណើននៃតម្លៃបំពេញបន្ថែមក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ រួមមាន៖ សកម្មភាពហិរញ្ញវត្ថុ ធនាគារ និងការធានារ៉ាប់រង; ផ្នែកដឹកជញ្ជូន ឃ្លាំង; ផ្នែកលក់ដុំ និងលក់រាយជាដើម។
ការនាំចេញក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ បានគូសសញ្ញាសម្គាល់ តាមរយៈមុខទំនិញនាំចេញចំនួន ១៥ មុខ ដែលមានតម្លៃជាង ១ ពាន់លានដុល្លារអាមេរិក។ ប្រការនេះបានសរឲ្យឃើញពីការខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាកដែលបណ្តាលមកពីការអាក់ខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ ចំណាយដឹកជញ្ជូន និងចំណាយ Logistic ខ្ពស់នៅលើពិភពលោក។ ជាទូទៅ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ជញ្ជីងពាណិជ្ជកម្មទំនិញត្រូវបានប៉ានស្ថានថា បាននាំចេញហួសកម្រិតជាង ៨០០ លានដុល្លារអាមេរិក។
ក្នុងពេលនោះ ជាមួយនឹងកំណើនសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ក្នុងត្រីមាសទី ១គឺទាបបង្គួរ (១,៩២%) វៀតណាមបានជំនះពុះពារលើការកើនឡើងតម្លៃក្នុងតំបន់ និងនៅលើពិភពលោក។ យ៉ាងណាមិញ អតិផរណាត្រូវរងសម្ពាធក៏ពិតមែន ប៉ុន្តែនោតែបានគ្រប់គ្រងទាបជាងកម្រិតមធ្យមនៃដំណាក់កាល ២០១៧ - ២០២០។ លោកស្រី Nguyen Thi Thu Oanh ប្រធាននាយកដ្ឋានស្ថិតិតម្លៃបានឲ្យដឹងថា៖ "ស្បៀងអាហាររបស់វៀតណាមបានស្រូបយកប្រមាណ ២៨% នៃទំនិញសរុប។ ហើយការផ្គត់ផ្គង់ផលិតផលល្បៀងអាហាររបស់វៀតណាមត្រូវបានធានាជានិច្ច។ ប្រភពផ្គត់ផ្គង់របស់យើងសម្រាប់ទំនិញចាំបាច់ និងល្បៀងអាហារគឺសម្បូរបែប ដោយឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន ដែលតម្លៃស្ថិរភាពក្នុងរយៈពេលកន្លងទៅផងដែរ”។
ផ្នែកឧស្សាហកម្កែច្នៃបានបន្តជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ (រូបថត៖ baochinhphu.vn) |
សមិទ្ធផលពីការស្រុះចិត្តគំនិតគ្នា ជំនះពុះពារលើការលំបាក
ក្នុងផ្ទាំងគំនូរដ៏ភ្លឺស្វាងនៃសេដ្ឋកិច្ចវៀតណាមគឺមានការជួយសម្រួលដ៏ធំធេងពីដំណោះស្រាយជួយឧបត្ថម្ភសហក្រាសក្នុងការស្ដារ និងអភិវឌ្ឍន៍ឡើងវិញតាមរយៈកម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដំណាក់កាល ២០២២ ២០២៣ របស់រដ្ឋាភិបាល។ យោងតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រីគឺថា ដំណោះស្រាយភាគច្រើននឹងត្រូវបានសុក្រិតបែបបទគតិយុត្តិ ដូចជាកញ្ចប់ផ្ដល់បន្ថែមលើការប្រាក់ ២% និងកញ្ចប់ពន្យារពេលក្នុងការប្រមូលពន្ធមួយចំនួន ហើយការអនុវត្តនឹងចាប់ផ្តើមភ្លាមៗ ក្រោយពេលចេញផ្សាយ។ ការប្រតិបត្តិដំណោះស្រាយដោយព្រមៗគ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតរបស់ក្រសួង ស្ថាប័ន និងខេត្តក្រុងនានាក៏មានលក្ខណៈច្បាស់លាស់ផងដែរ។ កត្តាទាំងនេះគឺជាលក្ខខ័ណ្ឌអំណោយផលសម្រាប់សហគ្រាស និងប្រជាជន។
ចំណែកឯសេដ្ឋកិច្ចវិទូ Nguyen Bich Lam បានវាយតម្លៃថា៖ “ទាក់ទងនឹងគោលនយោបាយនោះ ក្រសួង ស្ថាប័ន និងរដ្ឋាភិបាលបានកសាងគោលនយោបាយឲ្យសមស្រមជាបន្ទាន់ ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងជំរុញកំណើន។ ឧទាហរណ៍ថា ក្នុងកម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនោះ កញ្ចប់ជំនួយសេដ្ឋកិច្ច និងសហគ្រាសជាបន្តបន្ទាប់គឺពិតជាល្អណាស់ ដូចជាកញ្ចប់ផ្ដល់អត្រាការប្រាក់ ២% សម្រាប់សហគ្រាស។ ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយទាំងនេះត្រូវបានអនុវត្តន៍ជាបន្ទាន់ប្រកបដោយភាពបត់បែនក្នុងគន្លងប្រក្រតីភាពថ្មីផងដែរ”។
ក្រោយរយៈពេល ២ ឆ្នាំ ដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ចវៀតណាមកំពុងមានសន្ទុះស្ដារឡើងវិញ។ នេះគឺជាកម្លាំងចលករសម្រាប់ក្រសួង ស្ថាប័ន សហគមន៍ធុរកិច្ច និងប្រជាជនបន្តជម្នះលើបញ្ហាប្រឈមនាពេលខាងមុខ ក៏ដូចជានាំខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិអភិវឌ្ឍន៍ផងដែរ៕