នាយករដ្ឋមន្ត្រីវៀតណាមចូលរួម COP28 និងបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគី៖ជោគជ័យគួរឱ្យចាប់អារម្មណ៍

(VOVWORLD) - កាលពីយប់ថ្ងៃទី ៣ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកក្នុងក្របខ័ណ្ឌសន្និសីទ COP28 នៅអេមីរ៉ាតអារ៉ាប់រួម (UAE) និងដំណើរទស្សនកិច្ចផ្លូវការនៅទួរគី។ ដំណើរទស្សនកិច្ចលើកនេះបានអះអាងនូវឋានៈ កិត្យានុភាព និងរូបភាពនៃប្រទេសវៀតណាមប្រកបដោយភាពស្វាហាប់ និងភាពខ្លាំងក្លា ក្នុងការអនុវត្តការសន្យាឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការចូលរួមដោះស្រាយបញ្ហាប្រឈមសកល; បើកយុគសម័យថ្មីក្នុងទំនាក់ទំនងជាមួយទួរគី ហើយបង្កើតសន្ទុះដើម្បីនាំទំនាក់ទំនងទ្វេភាគីវៀតណាម - UAE ឡើងកំពស់ថ្មី។

នាយករដ្ឋមន្ត្រីវៀតណាមចូលរួម COP28 និងបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគី៖ជោគជ័យគួរឱ្យចាប់អារម្មណ៍ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងនៅកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោក។ (រូបថត៖ VOV)

សញ្ញាសម្គាល់របស់វៀតណាមនិងសារធំៗនៅ COP 28

នៅឯសន្និសីទ COP 28 លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងសុន្ទរកថានៅវេទិកានានាដោយបានផ្ញើរសារសំខាន់ៗជូនចំពោះសហគមន៍អន្តរជាតិ។ នោះគឺការប្រែក្លាយការសន្យាពីសន្និសីទមុនៗទៅជាសកម្មភាពជាក់ស្ដែងនិងប្ដូរផ្ដាច់។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ បានបង្ហាញឱ្យឃើញថា នេះជាបញ្ហាប្រឈមគ្មានព្រំដែន ជាបញ្ហាដែលបង្កឡើងផលប៉ះពាល់សកល និងជាបញ្ហារបស់ប្រជាជនទាំងមូល។ ប្រទេសនីមួយៗត្រូវពង្រីកកម្លាំងផ្ទៃក្នុងជាអតិបរមា គួបផ្សំជាមួយកម្លាំងសាមគ្គីភាពអន្តរជាតិ ហើយលើកកម្ពស់ពហុភាគីនិយម; យកប្រជាជន និងផលប្រយោជន៍រួមសកលជាមជ្ឈភាព ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ។

ប្រទេសអភិវឌ្ឍន៍នានាត្រូវបង្កើនជំនួយឧបត្ថម្ភបន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍យឺតយ៉ាវ ជាពិសេសផ្នែកទុន ការផ្ទេរបច្ចេកវិទ្យាជឿនលឿន ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់... ផ្ទុយទៅវិញ ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍យឺតយ៉ាវ មិនគួរតែរំពឹងឬពឹងពាក់លើអ្នកដទៃនោះទេ ត្រូវពង្រឹងសមត្ថភាព ភាពខ្លួនទីពឹងខ្លួន ហើយឈានឡើងដោយខ្លួនឯង។

ពិភពលោកត្រូវការធានានូវសមធម៌ និងយុត្តិធម៌ក្នុងការបង្ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ រវាងការផ្លាស់ប្តូរថាមពលស្អាត និងសន្តិសុខថាមពលសកល រវាងតម្រូវការអភិវឌ្ឍន៍ និងការផ្លាស់ប្តូរបៃតង។

ចែករំលែកអំពីការងារដែលវៀតណាមបានធ្វើដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ យោងតាមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចាប់តាំងពីសន្និសីទ COP26 នៅទីក្រុង Glasgow វៀតណាមបានអនុវត្តន៍វិធានការសំខាន់ និងគ្រប់ជ្រុងជ្រោយចំនួន ១២ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ព្រមទាំងធានាស្វ័យភាពនិងសន្តិសុខថាមពល ផលប្រយោជន៍របស់ប្រជាជន ក៏ដូចជាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ។

ចំណុចលេចធ្លោក្នុងក្របខ័ណ្ឌនៃសន្និសីទ COP 28 គឺការដែលនាយករដ្ឋមន្ត្រីវៀតណាមបានប្រកាសអំពីផែនការកៀងគរធនធានសម្រាប់ការអនុវត្តភាពជាដៃគូផ្លាស់ប្តូរថាមពលដោយសមធម៌ (JETP) របស់វៀតណាមជាមួយដៃគូអន្តរជាតិ។ ដៃគូនានាបានសន្យាកៀរគរធនធានដំបូងចំនួន ១៥,៥ ពាន់លានដុល្លារក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខ ដើម្បីដោះស្រាយតម្រូវការបន្ទាន់សម្រាប់ការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌របស់វៀតណាម។ ម៉្យាងវិញទៀត ធនាគារពិភពលោក (WB) គ្រោងនឹងផ្តល់ប្រាក់កម្ចីពី ៥ ទៅ ៧ ពាន់លានដុល្លារអាមេរិកដល់វៀតណាម សម្រាប់គម្រោងជំនាន់ថ្មីមួយចំនួនដែលមានសក្តានុពល។

នាយករដ្ឋមន្ត្រីវៀតណាមចូលរួម COP28 និងបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគី៖ជោគជ័យគួរឱ្យចាប់អារម្មណ៍ - ảnh 2ចំណុចលេចធ្លោក្នុងក្របខ័ណ្ឌនៃសន្និសីទ COP 28 គឺការដែលនាយករដ្ឋមន្ត្រីវៀតណាមបានប្រកាសអំពីផែនការកៀងគរធនធានសម្រាប់ការអនុវត្តភាពជាដៃគូផ្លាស់ប្តូរថាមពលដោយសមធម៌ (JETP) របស់វៀតណាមជាមួយដៃគូអន្តរជាតិ។ 

ដំណាក់កាលថ្មីក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី

នៅប្រទេសទួរគី ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមគឺជារបកគំហើញមួយក្នុងទំនាក់ទំនងទ្វេភាគី នៅពេលដែលថ្នាក់ដឹកនាំនៃភាគីទាំងពីរបានឯកភាពជំរុញការបើកស្ថានអគ្គកុងស៊ុលទួរគីប្រចាំនៅទីក្រុងហូជីមិញក្នុងពេលឆាប់ៗ បើកទ្វារចំហសម្រាប់ផលិតផលនាំចេញសំខាន់ៗនិងកសិផលរបស់ប្រទេសនីមួយៗ ឆ្ពោះទៅការនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់៤ទៅ៥ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗខាងមុខនេះ។ ជាពិសេស ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានពិភាក្សាជាលើកដំបូងអំពីលទ្ធភាពនៃការលើកកំពស់ទំនាក់ទំនងរបស់ប្រទេសទាំងពីរឡើងក្របខ័ណ្ឌភាពជាដៃគូថ្មី។

សម្រាប់ UAE ដំណើរទស្សនកិច្ចបានរួមចំណែកបង្កើតសន្ទុះថ្មីក្នុងទំនាក់ទំនងទ្វេភាគី។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងមេដឹកនាំ UAE បានឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ក្នុងពេលឆាប់ៗខាងមុខនេះ បង្កើនទំហំពាណិជ្ជកម្មឡើង ១០ ពាន់លានដុល្លារក្នុងប៉ុន្មានឆ្នាំខាងមុខ; UAE បង្កើនការជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល់ ជំរុញកិច្ចសហប្រតិបត្តិការលើកំណើនបៃតង បរិវត្តកម្មឌីជីថល និងនវានុវត្តន៍។ ល។

ទាក់ទងនឹងសកម្មភាពសេដ្ឋកិច្ចនោះ ក្នុងដំណើរទស្សនកិច្ចលើកនេះ បណ្ដាក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាសវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ២១ ជាមួយដៃគូរបស់ UAE និងទួរគីលើវិស័យសន្តិសុខ កសិកម្ម អាកាសចរណ៍ស៊ីវិល ធនធានមនុស្ស បរិវត្តកម្មឌីជីថល កំពង់ផែសមុទ្រ ជាដើម។

ក្រោយរយៈពេល ៥ ថ្ងៃនៃសកម្មភាពជាបន្តបន្ទាប់ និងប្រកបដោយប្រសិទ្ធភាព (ថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ៣ ខែធ្នូ) ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សម្រេចបាននូវលទ្ធផលសំខាន់ៗទាំងនៅកម្រិតពហុភាគី និងទ្វេភាគី សម្រេចនៅកម្រិតខ្ពស់នូវគ្រប់គោលដៅ និងភារកិច្ចដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ