(VOVWORLD) -ក្រមច្បាប់ការងារធ្វើវិសោធនកម្មទើបនឹងបានរដ្ឋសភាវៀតណាមផ្ដល់សច្ចាប័ននាថ្ងៃទី ២០ ខែវិច្ឆិកាកន្លងទៅ នៅក្នុងសម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤។
(រូបថត៖ daibieunhandan.vn) |
នេះគឺជាក្រមច្បាប់មួយក្នុងចំណោមក្រមច្បាប់ទាំង ៥ របស់វៀតណាម ដែលមានសារៈសំខាន់ចំពោះបញ្ហាការងារ និងសង្គម។ ប្រការសំខាន់គឺក្រោយពេលត្រូវបានរដ្ឋសភាផ្ដល់សច្ចាប័ននោះ គឺត្រូវធានាថា រាល់ខ្លឹមសារ ដែលបានចែងក្នុងច្បាប់នេះ ត្រូវឆ្លើយតបយ៉ាងល្អជាងទៀតនឹងតម្រូវការរបស់ពលករ និងនិយោជក។
រាល់ការវាយតម្លៃជាវិជ្ជមាន
រាល់បទប្បញ្ញត្តិដែលបានធ្វើវិសោធនកម្ម និងបំពេញបន្ថែម នៅក្នុងក្រមច្បាប់នេះជះឥទ្ធិពលផ្ទាល់ដល់សិទ្ធិរបស់ពលករ និយោជក ទំនាក់ទំនងការងារ ទីផ្សារការងារ និងខ្ពស់ជាងនេះនឹងជះឥទ្ធិពល ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខសង្គម។
រាល់បទប្បញ្ញត្តិដែលបានធ្វើវិសោធនកម្មអំពីពលករត្រូវបានចាត់ទុកថាជាការគូសសញ្ញា ដ៏សំខាន់ក្នុងការធ្វើវិសោធនកម្មលើកនេះ។ ជាពិសេសគឺបទប្បញ្ញត្តិអំពីកិច្ចសន្យាការងារដែលមានលក្ខណៈវិជ្ជមានជាងសម្រាប់ពលករ។ លោក Doan Mau Diep អតីតអនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានឱ្យដឹងថា៖
“ការធ្វើវិសោធនកម្មក្រមច្បាប់ការងារគឺសំដៅធានាថាពលករមានសិទ្ធិ ឱកាស នឹងមាន សម្លេង ក្នុងការសន្ទនានៅនឹងកន្លែងធ្វើការ ដើម្បី ដោះស្រាយ បញ្ហា ទាក់ទងនឹងសិទ្ធិ និងផលប្រយោជន៍របស់ខ្លួនក្នុងទំនាក់ទំនងការងារ។ ទាំង នេះគឺជាបញ្ហាថ្មីដែលវៀតណាមមិនធ្លាប់បានធ្វើពីមុនមក”។
គួរកត់សម្គាល់ថា បទប្បញ្ញត្តិនៃការកែប្រែអាយុចូលនិវត្តន៍ ដើម្បីត្រៀមរៀបចំការទប់ទល់នឹងជរាភាព ឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារការងារ។ ទន្ទឹមនឹងនេះបទប្បញ្ញត្តិស្តីពីការបង្កើតអង្គការរបស់ពលករនៅតាមសហគ្រាសដែលមិនមែនជារបស់អង្គការសហជីពវៀតណាមត្រូវបានចាត់ទុកថា សមស្របនឹងអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិ ILO។ អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi បានវាយតម្លៃថា៖
“នេះគឺជាសញ្ញាសំគាល់ដ៏សំខាន់ និងមានអត្ថន័យសម្រាប់បញ្ហាការងារនិងសង្គម ដែលសហគមន៍អាស៊ានបាននិងកំពុងខិតខំប្រឹងប្រែង ជាពិសេស ក្នុងការ បង្កើន អាយុចូលនិវត្តន៍ បង្កើនចំនួនអង្គការពលករ ក្នុងសហគ្រាស។ រាល់ខ្លឹមសារ ធ្វើវិសោធនកម្មនៃក្រមច្បាប់ការងារនឹងជួយតម្រង់ទិសដៅអភិវឌ្ឍន៍សហគមន៍អាស៊ាននាពេលខាងមុខផងដែរ”។
ក្រៅពីចំណុចថ្មីដើម្បីធានាសិទ្ធិរបស់ពលករឱ្យកាន់តែល្អប្រសើរឡើង ក្រមច្បាប់ការងារវិសោធនកម្ម ក៏មានចំណុចថ្មីចំនួន ៦ សម្រាប់និយោជកផងដែរដូចជាជាលើកដំបូងធ្វើឲ្យជាក់ស្តែងច្បាប់ស្តីពីតួនាទីការពារសិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់ និងចូលរួមក្នុងការកសាងទំនាក់ទំនងការងារប្រកបដោយវឌ្ឍនភាពសុខដុមរមនា និងស្ថេរភាពនៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម សម្ព័ន្ធភាពសហករណ៍វៀតណាម និងអង្គការតំណាងនៃអ្នកប្រើប្រាស់ពលករ ផ្សេងទៀតព្រមទាំង ពង្រីកសិទ្ធិជាឯកតោភាគីក្នុងការបញ្ចប់កិច្ចសន្យាការងាររបស់និយោជកផងដែរ។
ជំរុញការឃោសនា
ដើម្បីអនុវត្តក្រមច្បាប់ការងារប្រកបដោយគុណប្រយោជន៍ក្នុងការធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់និយោជិក និងនិយោជក ក៏ដូចជាធានាទីផ្សារការងារប្រកបដោយស្ថិរភាព គឺចាំបាច់ត្រូវនាំក្រមច្បាប់ការងារឲ្យខិតជិតជាមួយប្រជាជនថែមទៀត។ លោក Nguyen Huy Thai សមាជិករដ្ឋសភាខេត្ត Bac Lieu បានមានប្រសាសន៍ថា៖
« ប្រការសំខាន់គឺត្រូវការផ្សព្វផ្សាយនិងឃោសនាលើបទប្បញ្ញត្តិនីមួយៗជាពិសេសចំណុចថ្មីនៃក្រមច្បាប់ការងារវិសោធនកម្មចំពោះមុខសញ្ញានីមួយៗក្នុងទំនាក់ទំនងការងារ។ អាជ្ញាធរមានសមត្ថកិច្ចក្នុងការផ្សព្វផ្សាយព័ត៌មាន ប្រកបដោយប្រសិទ្ធភាព ដើម្បីជួយប្រជាជនយល់ដឹងច្បាស់ ចែករំលែកនិងឈានដល់ឯកភាពគ្នាផងដែរ។»
លោក Le Cong Nhuong សមាជិករដ្ឋសភាខេត្ត Binh Dinh បានស្នើថា៖
« ខ្ញុំគិតថាដើម្បីឱ្យក្រមច្បាប់មួយអាចចូលជាធរមានក្នុងជីវភាពរស់នៅរបស់ប្រជាជន ក្រៅការផ្សព្វផ្សាយច្បាប់តែប៉ុណ្ណោះ ក៏ប៉ុន្តែថែមទាំងចាំបាច់ត្រូវដាក់ចេញអនុក្រឹត្យ និងសារាចរ ស្តីពីបញ្ហានានាដែលមិនបានកំណត់ច្បាស់នៅក្នុងច្បាប់ទៀតផង។ លើសពីនេះទៀត ដំណើរការនៃការដាក់ចេញឯកសារក្រោមច្បាប់ត្រូវតែត្រួត ពិនិត្យយ៉ាងខ្ជាប់ខ្ជួន ដើម្បីធានាផលប្រយោជន៍របស់ពលករ។»
ក្រមច្បាប់ការងារវិសោធនកម្មគឺជាច្បាប់មួយនៃចំណោមច្បាប់មូលដ្ឋានចំនួន ៥ នៃប្រព័ន្ធច្បាប់របស់វៀតណាម។ ការអនុវត្តច្បាប់ដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយឲ្យបទបញ្ញត្តិមានលក្ខណៈវឌ្ឍនភាពនៃក្រមច្បាប់នេះអាចពង្រីកឧត្តមភាពក្នុងការធានាសិទ្ធិនិងផលប្រយោជន៍របស់និយោជិក និងនិយោជក ក៏ដូចជាធានាការអភិវឌ្ឍសេដ្ឋកិច្ច សុខុមាលភាពសង្គមរបស់ប្រទេសជាតិ៕