នវានុវត្តន៍បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថលនិងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីលើកកម្ពស់សមត្ថភាពសម្របខ្លួន
(VOVWORLD) - នវានុវត្តន៍បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់គឺជាកូនសោរ ដើម្បីលើកកម្ពស់សមត្ថភាពសម្របខ្លួនរបស់សេដ្ឋកិច្ចវៀតណាមនៅចំពោះមុខការប្រែប្រួលដ៏ធំនៃសេដ្ឋកិច្ចពិភពលោកនិងតំបន់ ព្រមទាំងធានាស្ថិរភាពប្រតិបត្តិការផលិតកម្ម ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងខ្សែ សង្វាក់តម្លៃសកលផងដែរ។ នេះគឺជាមតិរបស់អ្នកជំនាញនៅឯសិក្ខាសាលាស្តីពីនវានុវត្តន៍បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ចវៀតណាមលើកទី៤ ដែលបានរៀបចំឡើងដោយ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម និងរដ្ឋាភិបាលវៀតណាមនៅទីក្រុងហូជីមិញ នាថ្ងៃទី ៥ មិថុនា ឆ្នាំ២០២២។
សិក្ខាសាលាស្តីពីនវានុវត្តន៍បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ចវៀតណាមលើកទី៤។ (រូបថត៖ congthuong.vn) |
វៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលដ៏ពិបាកទាយទុកជាមុនបាន ការប្រកួតប្រជែងរវាងប្រទេសធំៗ រួមជាមួយឥទ្ធិពលដ៏ខ្លាំងក្លានៃបដិវត្តន៍ឧស្សាហកម្មលើកទីបួន ផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធ និងសង្គ្រាមពាណិជ្ជកម្មដែលបានធ្វើឲ្យបញ្ហាខ្លួនទីពឹងខ្លួនក្នុងការអភិវឌ្ឍន៍កាន់តែមានភាពបន្ទាន់ជាងពេលណាៗទាំងអស់។ ជាមួយនឹងលក្ខណៈដែលសេដ្ឋកិច្ចវៀតណាមមានកម្រិតបើកចំហខ្ពស់នោះ បញ្ហាប្រឈមពីបរិយាកាសសេដ្ឋកិច្ចអន្តរជាតិ អាចប៉ះពាល់យ៉ាងឆាប់រហ័ស ធ្ងន់ធ្ងរ និងពិបាកទាយទុកជាមុនបាន ចំពោះការអនុវត្តកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់រយៈពេល ៥ ឆ្នាំ ២០២១-២០២៥ យុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម២០២១-២០៣០។ ក្នុងបរិបទនោះ នវានុវត្តភាពបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់វៀតណាម ក៏មានវឌ្ឍនភាពជាវិជ្ជមានផងដែរ។ កម្មវិធីជាតិស្តីពីនវានុវត្តភាពបច្ចេកវិទ្យាដល់ឆ្នាំ ២០៣០ ត្រូវបានអនុម័តដោយលោកនាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០២១ បានដាក់ចេញគោលដៅថា ចំនួនសហគ្រាសដែលអនុវត្តនវានុវត្តនភាពបច្ចេកវិទ្យានឹងកើនឡើងជាមធ្យមពី១៥ដល់២០%ក្នុងមួយឆ្នាំ។ វិស័យហិរញ្ញវត្ថុ - ធនាគារ សុខាភិបាល ការអប់រំ កសិកម្ម ថាមពល ការដឹកជញ្ជូន ជាដើម ក៏ទទួលបានលទ្ធផលជាវិជ្ជមាននៅក្នុងសកម្មភាពផ្លាស់ប្តូរ
ឌីជីថល និងបាននាំយកសកម្មភាពជាប្រចាំនៃវិស័យនេះចូលក្នុងបរិយាកាសឌីជីថលផងដែរ។ លោក Nguyen Nam Hai ប្រធាននាយកដ្ឋានផែនការហិរញ្ញវត្ថុ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានលើកមតិថា៖
“វៀតណាមក៏បានបន្សល់ទុកនូវសញ្ញាសម្គាល់របស់ខ្លួន ហើយនាពេលថ្មីៗនេះ យើងបានឃើញថា ជាមួយនឹងអាជីវកម្មជាង៣.០០០អង្គភាពដែលពាក់ពន្ធដល់ការអភិវឌ្ឍន៍សកម្មភាពច្នៃប្រឌិតប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនោះ គឺដើមទុនសរុបដែលបានប្រកាសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានឈានដល់ជាង ១ ពាន់លានដុល្លាអាមេរិកក្នុងរយៈពេល ២ ដល់ ៣ ឆ្នាំជាប់ៗគ្នា ហើយឥឡូវនេះបានកើនឡើងបីដងធៀបនឹងឆ្នាំ ២០១៧”។
អំពីការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ វៀតណាមបានចូលរួម និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ចំនួន ១៧ ជាមួយដៃគូសំខាន់ៗលើពិភពលោក; រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មីជាច្រើនដូចជា CPTPP RCEP និង EVFTA។ សហគ្រាសវៀតណាមមួយចំនួនក៏កំពុងចូលរួមប្រកបដោយប្រសិទ្ធភាពនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ផលិតកម្មក្នុងតំបន់ និងសកល ព្រមទាំងពង្រីកដោយឥតឈប់ឈរនូវទីផ្សារធាតុចេញនិងធាតុចូលសម្រាប់ផលិតផលដែលផលិតនៅវៀតណាមផងដែរ។ លោកស្រីបណ្ឌិត Tran Thi Hong Minh ប្រធានវិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិមចាត់ទុកថា៖
“តាមរយៈការចូលជាសមាជិកនៃអង្គការពហុភាគី ក៏ដូចជាការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី... នេះគឺជាឱកាសដ៏ល្អសម្រាប់យើងមានបរិយាកាសអំណោយផល ដើម្បីអាចជំរុញការនាំចូល-នាំចេញឲ្យកាន់តែខ្លាំងក្លាថែមទៀត។ ជាពិសេសខ្ញុំចង់សង្កត់ធ្ងន់ថា វៀតណាមនឹងមានឱកាសចូលរួមក្នុងកិច្ចសន្ទនា ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់យើង និងសហគ្រាស ហើយពីនោះយើងអាចមានភាពម្ចាស់ការជាងមុនក្នុងការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់”។
បដិវត្តន៍ឧស្សាហកម្មទី៤ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស និងខ្លាំងក្លា ដែលជះឥទ្ធិពលដ៏ខ្លាំង ទូលំទូលាយ និងជ្រាលជ្រៅលើគ្រប់ទិដ្ឋភាពនៃនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម ហើយបានធ្វើឲ្យប្រទេសភាគច្រើនជុំវិញពិភពលោកត្រូវកែសម្រួល តម្រង់ទិសយុទ្ធសាស្ត្រអភិវឌ្ឍន៍ឡើងវិញ ដោយផ្តោតលើ ការវិនិយោគលើនវានុវត្តភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ក្នុងបរិបទនោះ រដ្ឋាភិបាលវៀតណាមបានចេញផ្សាយ ហើយជំរុញខ្លាំងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តភាព ព្រមទាំងជំរុញសកម្មភាពផ្លាស់ប្តូរឌីជីថល និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ផ្តោតសំខាន់លើការអភិវឌ្ឍន៍ឧស្សាហកម្មគ្រឹះ និងឧស្សាហកម្មគាំទ្រ។ ប្រការនេះគឺដើម្បីលើកកម្ពស់ធនធានផ្ទៃក្នុងនៃសេដ្ឋកិច្ច សមត្ថភាពប្រកួតប្រជែង ប្រសិទ្ធភាពផលិតកម្ម ហើយត្រៀមខ្លួនជាស្រេចទទួលរលកថ្មីនៃការវិនិយោគ ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់បណ្ដាសម្ព័ន្ធក្រុមហ៊ុននៅក្នុងដំណាក់កាលបច្ចុប្បន្ន។
នវានុវត្តន៍បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់មិនត្រឹមតែជាឱកាសប៉ុណ្ណោះទេ ថែមទាំងជាឧបករណ៍ដ៏មានប្រសិទ្ធភាពដើម្បីជួយវៀតណាមសម្រេចបាននូវគោលដៅ សេចក្តីប្រាថ្នាអំពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ ដូច្នេះ វៀតណាមបាននិងកំពុងបន្តកែលម្អប្រព័ន្ធគោលនយោបាយ ច្បាប់ ចេញផ្សាយទិសដៅ ដំណោះស្រាយ និងគោលនយោបាយដោយមានលក្ខណៈលោតផ្លោះ ដើម្បីជួយទ្រទ្រង់សហគ្រាសឧស្សាហកម្មវៀតណាមលើកកំពស់សមត្ថភាពអភិបាលកិច្ច កម្រិតបច្ចេកទេស ហើយរៀបចំរចនាសម្ព័ន្ធផលិតកម្មឡើងវិញដោយផ្អែកលើនវានុវត្តភាពបច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល។ រដ្ឋ និងសហគ្រាសក៏បាននិងកំពុងបង្កើនថែមទៀតនូវការតភ្ជាប់គ្នាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចូលរួមយ៉ាងស៊ីជម្រៅថែមទៀតនៅក្នុងខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់សកលផងដែរ៕