បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាមជាមួយអូទ្រីស អ៊ីតាលី និងបុរីវ៉ាទីកង់
(VOVWORLD) - ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអូទ្រីស ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអ៊ីតាលី និងបុរីវ៉ាទីកង់។ ដំណើរទស្សនកិច្ចដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៨ ខែកក្កដា របស់ប្រធានរដ្ឋ លោក Vo Van Thuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទទួលបានលទ្ធផលសំខាន់ៗជាច្រើន បង្កើតកម្លាំងចលករថ្មីដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមជាមួយអូទ្រីស អ៊ីតាលី ក៏ដូចជារួមចំណែកក្នុងការពង្រឹងនិងការពង្រីកទំនាក់ទំនងដ៏ល្អប្រសើរជាមួយបុរីវ៉ាទីកង់ផងដែរ។
ទទួលបានភាពជោគជ័យច្រើន
ក្នុងដំណើរបំពេញទស្សនកិច្ចការងារ ប្រធានរដ្ឋ លោក Vo Van Thuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួមសកម្មភាពប្រមាណ ៥០ ដោយមានខ្លឹមសារ និងទម្រង់ដ៏សំបូរបែប សម្រេចបានលទ្ធផលជាក់លាក់និងគ្រប់ជ្រុងជ្រោយជាច្រើន។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូទ្រីស។ (រូបថត៖ VOV) |
នៅសាធារណរដ្ឋអូទ្រីស ប្រធានរដ្ឋលោក Vo Van Thuong និងថ្នាក់ដឹកនាំអូទ្រីសបានឯកភាពខ្ពស់លើវិធានការបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យនវានុវត្តន៍ ការបំប្លែងថាមពល និងវប្បធម៌ រួមចំណែកបង្កើតកម្លាំងចលករថ្មីដើម្បីជំរុញទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។ វៀតណាមនិងអូទ្រីសសន្យាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ព្រមទាំងជំរុញខ្លាំងនូវការផ្សព្វផ្សាយរូបភាពទឹកដី មនុស្សនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន លើកកំពស់ការយល់ដឹងគ្នារវាងប្រជាជាតិទាំងពីរ។ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានឲ្យដឹងថា៖
“ចំពោះប្រទេសអូទ្រីស យើងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពូនជ្រុំនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីនិយាយរួម និងទំនាក់ទំនងប្រកបដោយទំនុកចិត្តខ្ពស់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនិយាយដោយឡែក សមស្របនឹងប្រពៃណីនៃទំនាក់ទំនងការទូតជាង ៥០ ឆ្នាំកន្លងមក។ ភាគីទាំងពីរក៏បានឯកភាពសម្របសម្រួលគ្នាក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប; ភាគីអូទ្រីសឆាប់អនុម័តលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-EU (EVIPA); ជំរុញ EU ឲ្យឆាប់ដកកាតលឿង IUU សម្រាប់ជលផលវៀតណាមដែលនាំចេញទៅអឺរ៉ុប”។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងប្រធានាធិបតីអ៊ីតាលី
លោក Sergio Mattarella។ (រូបថត៖ VOV) |
ចំពោះប្រទេសអ៊ីតាលី ថ្នាក់ដឹកនាំអ៊ីតាលីបានអះអាងថា គេចាត់ទុកវៀតណាមជាដៃគូសំខាន់ជួរមុខនៅអាស៊ីអាគ្នេយ៍ ហើយឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់លើកាណាល់បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា។ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អ៊ីតាលី ដែលកំណត់ទិសដៅធំៗ និងវិធានការជាក់ស្ដែងដើម្បីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឲ្យកាន់តែស៊ីជម្រៅ។ ភាគីទាំងពីរក៏បានឯកភាពសម្របសម្រួលគ្នានៅវេទិកាតំបន់ និងអន្តរជាតិ; ដោះស្រាយបញ្ហាសកលនានា។ ជាពិសេស សភាអ៊ីតាលីបានអនុម័តលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-EU (EVIPA) ចំពេលវេលានៃដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ តាមនោះបង្កើតលក្ខខណ្ឌសម្រាប់ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជាសេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាខ្ពស់ ការអភិវឌ្ឍបៃតង និងកសិកម្មឆ្លាតវៃ។ ទាក់ទិននឹងបញ្ហានេះ ប្រធានរដ្ឋ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា៖
“ការដែលសភាអ៊ីតាលីបានអនុម័តកិច្ចព្រមព្រៀងការពារការវិនិយោគ EVIPA ចំថ្ងៃដែលប្រធានរដ្ឋវៀតណាមធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅអ៊ីតាលីគឺជាដំណឹងដ៏ល្អណាស់ ហើយខ្ញុំចាត់ទុកថាការអនុម័តលើកិច្ចព្រមព្រៀងនេះនឹងនាំមកនូវផលប្រយោជន៍ដល់សហគ្រាសនិងប្រជាជននៃប្រទេសទាំងពីរ; រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគទ្វេភាគីឱ្យរីកចម្រើនកាន់តែខ្លាំងក្លានាពេលខាងមុខ”។
រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបសន្ទនាជាមួយសម្តេចប៉ាប Francis។
(រូបថត៖ VOV) |
គូសសញ្ញានូវជំហានអភិវឌ្ឍន៍ថ្មីរវាងវៀតណាមនិងបុរីវ៉ាទីកង់
អញ្ជើញបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានជួប
សន្ទនាជាមួយសម្តេចប៉ាប Francis និងនាយករដ្ឋមន្រ្តីនៃ បុរីវ៉ាទីកង់ លោកខាឌីណាល់ Parolin។ ចំណុចលេចធ្លោនៃដំណើរទស្សនកិច្ចនេះគឺភាគីទាំងពីរបានប្រកាសអំពីការអនុម័តលើបទប្បញ្ញត្តិប្រតិបត្តិការរបស់តំណាងអចិន្ត្រៃយ៍និងការិយាល័យតំណាងអចិន្ត្រៃយ៍របស់បុរីវ៉ាទីកង់ប្រចាំនៅវៀតណាម។ ព្រឹត្តិការណ៍នេះបានគូសញ្ញានូវជំហានអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងវៀតណាម - បុរីវ៉ាទីកង់។ ប្រការនេះក៏ជាលទ្ធផលនៃដំណើរការពិភាក្សាយ៉ាងសកម្មដោយឈរស្មារតីនៃការគោរព កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមករវាងវៀតណាមនិងបុរីវ៉ាទីកង់។ អមដំណើរលោកប្រធានរដ្ឋក្នុងដំណើរទស្សនកិច្ចនេះ លោក Vu Hoai Bac ប្រធានគណៈកម្មា
ធិការសាសនារបស់រដ្ឋាភិបាលបានវាយតម្លៃថា៖
“ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋលើកនេះ បំពេញតាមតម្រូវការរបស់ភាគីទាំងសងខាង ហើយទន្ទឹមនឹងនោះក៏ឆ្លើយតបនឹងបំណងប្រាថ្នារបស់សមាគមសាសនាកាតូលិកវៀតណាម និងសំណាក់កាតូលិកសាសនិកវៀតណាម ជំរុញជំនឿទុកចិត្តលើគោលនយោបាយសាសនារបស់បក្ស និងរដ្ឋវៀតណាម; ជំរុញទំនោរផ្សាភ្ជាប់ជាមួយប្រជាជាតិនិងប្រទេសជាតិរបស់ជនរួមជាតិកាតូលិកសាសនិកវៀតណាម ហើយជះឥទ្ធិពលដល់សាសនាដទៃទៀត។ ទន្ទឹមនឹងនោះ រួមចំណែកពង្រឹងផែនមហាសាមគ្គីភាពរបស់ប្រជាជនទាំងមូលផងដែរ”។
ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានរដ្ឋ លោក Vo Van Thuong ក៏បានជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅអូទ្រីស អ៊ីតាលី និងអឺរ៉ុប ដើម្បីលើកទឹកចិត្តសហគមន៍លើកកំពស់ស្មារតីសាមគ្គីភាព រក្សាអត្តសញ្ញាណវប្បធម៌ ធ្វើសមាហរណកម្មយ៉ាងសកម្ម រួមចំណែកក្នុងការអះអាងឋានៈរបស់សហគមន៍នៅប្រទេសសាម៉ី ដើរតួជាស្ពានមិត្តភាពរវាងវៀតណាម និងប្រទេសផ្សេងៗ។
ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋអូទ្រីស ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអ៊ីតាលី និងដំណើរទស្សនកិច្ចនៅបុរីវ៉ាទីកង់របស់ប្រធានរដ្ឋ លោក Vo Van Thuong ទទួលបានលទ្ធផលសំខាន់ៗ បង្កើតកម្លាំងចលករថ្មីដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមជាមួយអូទ្រីស និងអ៊ីតាលី ក៏ដូចជារួមចំណែកក្នុងការពង្រឹងនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរជាមួយបុរីវ៉ាទីកង់ផងដែរ៕