បង្កើនកិច្ចសហប្រតិបត្តិការជាមួយថៃ ពង្រឹងទំនាក់ទំនងភាពជាដៃគូក្នុង APEC
(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងភរិយាបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ និងចូលរួមសប្តាហ៍ ជាន់ខ្ពស់នៃវេទិកាសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិកលើកទី ២៩ (APEC 29) ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា។
ប្រធានរដ្ឋ Nguyen Xuan Phuc និងភរិយានៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។ (រូបថត៖ Thong Nhat/TTXVN) |
ដំណើរទស្សនកិច្ចនេះគឺសំដៅជំរុញថែមទៀតកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងវៀតណាម និងថៃ។ ទន្ទឹមនឹងនោះ ដោយការចូលរួម APEC លើកទី ២៩ វៀតណាមនឹងរួមជាមួយបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកកសាងសហគមន៍អាស៊ីប៉ាស៊ីហ្វិកបើកចំហ ស្វាហាប់ ខ្លួនទីពឹងខ្លួន និងសន្តិភាព។
ដំណើរទស្សនកិច្ចមានលក្ខណៈប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ
ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃបានប្រព្រឹត្តិទៅក្នុងបរិបទ ដែលប្រទេសទាំងពីរឆ្ពោះទៅពិធីរំលឹកខួបលើកទី ១០ ថ្ងៃបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ(ឆ្នាំ២០២៣)។ ដំណើរទស្សនកិច្ចនេះបានអះអាងពីការប្តេជ្ញាចិត្ត និងការសន្យាដ៏ខ្លាំងក្លារបស់វៀតណាមក្នុងការបន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសថៃឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយមានប្រសិទ្ធភាព។
ក្រោយរយៈពេល ៤៦ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (៦ ខែសីហា ឆ្នាំ ១៩៦៧ ៦ ខែសីហា ឆ្នាំ ២០២២) នាបច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍយ៉ាងល្អប្រសើរ ក្នុងនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាវិស័យដ៏លេចធ្លោ។ ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១៨,៨ ពាន់លានដុល្លារអាមេរិក ដែលជាតួរលេខខ្ពស់បំផុតតាំងពីមុនមក។ ទំហំពាណិជ្ជកម្មក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២២ សម្រេចបាន ១៦,១ ពាន់លានដុល្លារអាមេរិក កើនឡើង ១៧,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថៃគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម ហើយវៀតណាមគឺជាពាណិជ្ជកម្មធំទីពីររបស់ថៃ។ នាបច្ចុប្បន្ន ខេត្ត ក្រុងចំនួន ១៨ របស់វៀតណាមមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្ត ក្រុងនានារបស់ថៃ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក Phan Chi Thanh បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចបន្តជាខ្លឹមសារ ដែលត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរពិភាក្នៅសាក្នុងដំណើរទស្សនកិច្ចលើកនេះ ដើម្បីនាំទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចឲ្យបាន ២៥ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២៥ ខាងមុខ៖ “ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានផ្លាស់ប្តូរវិធានការ សំដៅជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ ក្នុងនោះផ្តោតសំខាន់លើការតភ្ជាប់សេដ្ឋកិច្ចលើជ្រុងទាំងបីគឺ៖ ទីមួយ តភ្ជាប់អំពីខ្សែសង្វាក់ផ្គត់ផ្គង់ ទីពីរគឺតភ្ជាប់អំពីមូលដ្ឋានផលិតកម្ម ទីបីគឺ តភ្ជាប់យុទ្ធសាស្ត្រកំណើនបៃតងរបស់វៀតណាមជាមួយទម្រង់សេដ្ឋកិច្ច ជីវសាស្ត្រ-វិលជុំ-បៃតង BCG របស់ថៃ។ លោកប្រធានរដ្ឋនឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើផែនការធ្វើសកម្មភាពអនុវត្តន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើកកំពស់វៀតណាម - ថៃ ដំណាក់កាល ២០២២ - ២០២៧ ក្នុងនោះកំណត់វិធានការជាច្រើនលើគ្រប់វិស័យផងដែរ”។
ឯកអគ្គរដ្ឋទូត Phan Chi Thanh ឆ្លើយបទសម្ភាស មុនពេលដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទៅកាន់ប្រទេសថៃ និងចូលរួម APEC លើកទី ២៩ ថ្ងៃទី ១៦ - ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២។ (រូបថត៖ VOV) |
វៀតណាមជាសមាជិកប្រកបដោយមានការទទួលខុសត្រូវនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក
បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅថៃ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួមសប្តាហ៍ជាន់ខ្ពស់នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ២៩។ នេះគឺជាឱកាសដើម្បីវៀតណាមចែករំលែកទស្សនៈ បទពិសោធន៍ និងលើកទិសដៅ សម្រាប់កិច្ចសហប្រតិបត្តិការ APEC រួមចំណែកប្រកបដោយមានប្រសិទ្ធភាពថែទៀតក្នុងការដោះស្រាយ បញ្ហាប្រឈមរួមរបស់តំបន់។
ក្នុងរយៈពេល ២៤ ឆ្នាំនៃការចូលរួម APEC (១៩៩៨ - ២០២២) វៀតណាមបានរួមវិភាគទានយ៉ាងសកម្ម ម្ចាស់ការ រួមចំណែកជំរុញសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់។ ជាពិសេស វៀតណាមគឺជាសមាជិកមួយក្នុងចំណោមសមាជិកមួយចំនួនតូច ដែលបានទទួលតំណែងជាប្រធាន APEC ប្រកបដោយជោគជ័យក្នុងឆ្នាំ ២០០៦ និងឆ្នាំ ២០១៧។វៀតណាមក៏ជាសមាជិកដ៏សកម្មបំផុតមួយក្នុងការលើកសំណើរ និងគម្រោងជាមួយគម្រោងជាង ១០០ លើគ្រប់វិស័យ។ ក្នុងឆ្នាំ ២០២២ ក្នុងនាមជាប្រធាន APEC លើកទី ២៩ ថៃបានលើកប្រធានបទស្ដីពី៖ “បើកទូលាយ តភ្ជាប់ និងតុល្យភាព" (Open. Connect. Balance)។ ក្នុងនាមជាប្រធានក្រុមអាស៊ានក្នុង APEC ឆ្នាំ ២០២២ វៀតណាមបានសហការជាមួយសមាជិកអាស៊ាន ជំរុញសាមគ្គីភាព សម្លេងរួមរបស់អាស៊ាន និងលើកកម្ពស់មជ្ឈភាពរបស់អាស៊ាន ក្នុងការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់។ ទន្ទឹមនឹងនោះ វៀតណាមបានរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តផែនការ Aotearoa ស្តីពីចក្ខុវិស័យ APEC ដល់ឆ្នាំ ២០៤០ និង បន្តផ្សព្វផ្សាយលទ្ធផលសំខាន់ៗនៃឆ្នាំ APEC ២០១៧។ អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Tanee Sangrat បានវាយតម្លៃថា៖ “ជាទូទៅ វៀតណាមបានដើរតួនាទីយ៉ាងសំខាន់ ជាសមាជិកសំខាន់ហើយជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ក្នុង APEC។ ពីមុនវៀតណាមក៏ជាម្ចាស់ផ្ទះ APEC ដែរ។ ដូច្នេះហើយ ថៃ និងវៀតណាម ក៏ដូចជាបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC កំពុង ហើយនឹងធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយគ្នា ដើម្បីជំរុញបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលអនាគតផងដែរ”។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បានផ្តល់បទសម្ភាសន៍។ (រូបថត៖ VOV) |
ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ និងវត្តមានចូលរួមសប្តាហ៍ជាន់ខ្ពស់នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី- ប៉ាស៊ីហ្វិកលើកទី ២៩ (APEC 29) របស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc គឺជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់របស់ថ្នាក់ដឹកនាំស្នូលវៀតណាមក្នុងឆ្នាំ ២០២២។ តាមរយៈកិច្ចព្រមព្រៀងដែលសម្រេចបាន ក៏ដូចជារាល់ការរួមវិភាគទានក្នុងព្រឹត្តិការណ៍នេះ វៀតណាមនឹងបង្ហោះសារសាមគ្គីភាព សន្តិភាព និងអភិវឌ្ឍន៍រួមទៅកាន់តំបន់ និងពិភពលោកផងដែរ៕