បង្កើនកំដៅនៅខ្ទះភ្លើងមជ្ឈឹមបូព៌ា
(VOVWORLD) - ការសម្រេចចិត្តបញ្ជូនកងទ័ពទៅតំបន់ ឈូងសមុទ្រ ពែក្សរបស់អាមេរិក ក្រោយពីរោងចក្រចម្រាញ់ប្រេងចំនួន២របស់អារ៉ាប់ប៊ីសាអូឌីតត្រូវវាយប្រហារ ដោយយន្តហោះដ្រូននោះ កំពុងបណ្ដាលអោយស្ថានភាពនៅមជ្ឈឹមបូព៌ាកាន់តែក្ដៅឡើង ដូចនឹងខ្ទះភ្លើងមួយអញ្ចឹង។ ពាក្យពេជ្រដូចជា “សង្គ្រាម” ឬ “ជម្លោះយោធាពេញ លេញ” ត្រូវបានគេនិយាយដល់ ហើយរហូតដល់បច្ចុប្បន្ននេះមិនទាន់មានសញ្ញា បន្ធូរស្រាលភាពតានតឹងនៅតំបន់នេះនៅឡើយ។
រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper បានអោយដឹងថា ការដែល ប្រទេសនេះដាក់ពង្រាយបន្ថែមកងទ័ពទៅមជ្ឈឹមបូព៌ាគឺសកម្មភាពតាមសំណើរ របស់អារ៉ាប់ប៊ីសាអូឌីតនិងអេមីរ៉ាតអារ៉ាប់រួម (UAE) សំដៅការពារសម្ព័ន្ធមិត្តនៅ ក្នុងតំបន់ចំពោះមុខអំពើបង្ករឿងហេតុរបស់អ៊ីរ៉ង់។ សំណើរពោលខាងលើត្រូវបាន ធ្វើឡើងក្រោយពីព្រឹត្តិការណ៍នានាដែលអ៊ីរ៉ង់បានវាយប្រហារលើយន្តហោះដ្រូន របស់អាមេរិកកាលពីខែមិថុនាកន្លងទៅ ចាប់ខ្លួននាវាដឹកប្រេង និងករណីវាយ ប្រហារលើរោងចក្រប្រេងរបស់អារ៉ាប់ប៊ីសាអូឌីតដែលអាមេរិកកំពុងចោទប្រកាន់អ៊ីរ៉ង់ផងដែរ។ កងកម្លាំងបំពេញបន្ថែមដែលអាមេរិកទើបតែបានដាក់ពង្រាយនៅ មជ្ឈឹមបូព៌ានឹងផ្ដោតទៅលើភារកិច្ចការពារដែនអាកាសនិងការពារកាំជ្រួចមីស៊ីល។
បណ្ដាលអោយភាពតានតឹងកើនឡើង
ពិតណាស់ថា ការដាក់ពង្រាយបន្ថែមកងទ័ពនៅមជ្ឈឹមបូព៌ាជាការបោះ ជំហានចាំបាច់របស់អាមេរិក ដោយសារតែប្រទេសនេះមិនអាច “ស្ងៀមស្ងាត់” ថែមទៀត ក្រោយពីការវាយប្រហារលើសន្តិសុខរបស់បណ្ដាសម្ព័ន្ធមិត្តក្នុងតំបន់ ដូចអារ៉ាប់ប៊ីសាអូឌីត។ រឿងហេតុនេះអាចបានចាត់ទុកជាការធ្វើតេស្តមួយចំពោះ ទំនាក់ទំនងភាពជាសម្ព័ន្ធមិត្តរវាងអាមេរិកនិងអារ៉ាប់ប៊ីសាអូឌីតផងដែរ។ ទោះបីជាអាមេរិកបានបកស្រាយថា ការដាក់ពង្រាយកងទ័ពនៅមជ្ឈឹមបូព៌ា គឺសំដៅការពារបណ្ដាដៃគូរបស់អាមេរិកនៅក្នុងតំបន់ចំពោះមុខអំពើបង្ករឿង ហេតុរបស់អ៊ីរ៉ង់ក្ដី ប៉ុន្តែអ្នកជំនាញមួយចំនួនបានចាត់ទុកថា មជ្ឈឹមបូព៌ាមិនត្រូវ ការកងកម្លាំងអាមេរិកនោះទេ ដោយសារការដាក់ពង្រាយកងទ័ពនេះត្រឹមតែ បណ្ដាលអោយភាពតានតឹងកើនឡើងតែប៉ុណ្ណោះ។ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានចាត់ទុកថា វត្តមានរបស់កងកម្លាំងបរទេសនឹងគំរាម កំហែងដល់សន្តិសុខថាមពលនិងនាវាចរណ៍នៅក្នុងតំបន់។ ហេតុដូច្នេះ លោកបានអំពាវនាវ អោយកងកម្លាំងបរទេសដកចេញពីតំបន់ឈូងសមុទ្រពែក្ស ដើម្បីមិនបណ្ដាល អោយការរត់ប្រណាំងប្រដាប់អាវុធផ្ទុះឡើងនៅតំបន់នេះ។ ក្នុងពេលជាមួយគ្នា នោះ មេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ឧត្តមសេនីយ៍ត្រី Hossein Salami បានអះអាងថា អ៊ីរ៉ង់មិនអនុញ្ញាតអោយប្រទេសជាតិត្រូវប្រែក្លាយទៅជា សមរភូមិនោះទេ ហើយនឹងការពារបូរណភាពដែនដីយ៉ាងដាច់ខាត។
ខណៈពេលដែលភាពតានតឹងកំពុងកើនឡើងខ្លាំងនៅតំបន់ឈូងសមុទ្រ ពែក្សនោះ កងទ័ពអ៊ីរ៉ង់បានរៀបចំពិធីព្យុហយាត្រាដោយទ្រុងទ្រាយធំនៅរដ្ឋធានី តេអេរ៉ង់ និងទីក្រុងធំៗជាច្រើន រួមទាំងទីក្រុងកំពង់ផែ Bandar Abbas នៅជិត ច្រកទ្វារសមុទ្រ Hormuz ទៀតផង។
មិនងាយបោះបង់ចោល
អាមេរិកយល់ច្បាស់ថា អ្វីៗដែលអាមេរិកបានធ្វើ នឹងធ្វើអោយមជ្ឈឹមបូព៌ា និយាយរួមនិងទំនាក់ទំនងជាមួយអ៊ីរ៉ង់កាន់តែតានតឹងឡើងៗ ប៉ុន្តែអាមេរិកនឹង បន្តរក្សាឥទ្ធិពលរបស់ខ្លួននៅតំបន់នេះជាពុំខាន។ ក្រៅពីគោលដៅធានាស្ថិរភាព តម្លៃប្រេងនោះ គឺវត្តមានដ៏យូរអង្វែងរបស់អាមេរិកនៅក្នុងតំបន់នេះ ក៏នាំមកនូវ ផលប្រយោជន៍ជាក់ស្ដែងសម្រាប់អាមេរិកជាប្រាកដមែន។ ប្រសិនបើអាមេរិក ដកចេញពីតំបន់នេះ ស្ថានភាពនឹងកាន់តែស្មុគស្មាញថែមទៀត ដោយសារមាន ប្រទេសជាច្រើនកំពុងស្វែងរកឥទ្ធិពលនៅក្នុងតំបន់ដូចជារុស្ស៊ីនិងចិនជាដើម។ ជាពិ សេសគឺចិន អ្នកនាំចូលប្រេងធំបំផុតលើពិភពលោក ដោយនាំចូល៤០%នៃ បរិមាណប្រេងឆៅពីតំបន់ឈូងសមុទ្រពែក្ស។ ក្នុងអំឡុងពេលជាង១ទសវត្ស កន្លងទៅ ចិនបានបង្កើនសមត្ថភាពយោធានៅខាងក្រៅដែនដី ជាពិសេសគឺនៅ ឈូងសមុទ្រពែក្ស។ នោះគឺមូលហេតុដែលមជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា ទោះជា អាមេរិកមិនពឹងផ្អែកយ៉ាងខ្លាំងលើប្រភពប្រេងនៅឈូងសមុទ្រពែក្សក៏ដោយ ប៉ុន្តែ កងទ័ពប្រទេសនេះនៅតែរក្សាវត្តមាននៅក្នុងតំបន់។
ទំនាក់ទំនងរវាងអាមេរិកនិងអ៊ីរ៉ង់និយាយដោយឡែកនិងតំបន់ឈូងសមុទ្រ ពែក្សនិយាយរួមកំពុងស្ថិតនៅក្នុងសភាពករណ៍រស៊ើបណាស់។ យ៉ាងណាមិញ សហគមន៍អន្តរជាតិនៅតែសង្ឃឹមថា ភាគីទាំងពីរនឹងមិនរុញភាពតានតឹងអោយ ឡើងខ្ពស់ៗថែមទៀតដែលអាចនាំទៅដល់ការផ្ទុះឡើងនៃជម្លោះដោយទ្រង់ ទ្រាយតំបន់នោះឡើយ៕