បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-ម៉ុងហ្គោលី

(VOVWORLD) - ទទួលការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា។ ដំណើរទស្សនកិច្ចនេះគឺជាឱកាសសម្រាប់ប្រទេសទាំងពីរផ្លាស់ប្តូរទិសដៅ និងវិធានការជាក់ស្តែង និងប្រកបដោយមានប្រសិទ្ធភាព ដើម្បីរក្សាទំនាក់ទំនងនយោបាយ និងជំរុញកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-ម៉ុងហ្គោលី - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ុងហ្គោលីលោក Oyun-Erdene Luvsannamsrai។ រូបថត៖ Vu Khuyen/VOV

មូលដ្ឋានគ្រឹះនៃទំនាក់ទំនងល្អ

ចាប់តាំងពីពេលបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ១៩៥៤) ម៉ុងហ្គោលី គឺជាប្រទេសមួយក្នុងចំណោមប្រទេសមិត្ត ដែលតែងតែប្រគៀកស្មាជាមួយវៀតណាមក្នុងបុព្វហេតុដណ្ដើមឯករាជ្យជាតិ។ ចាប់តាងពីឆ្នាំ ១៩៧៩ មក វៀតណាម-ម៉ុងហ្គោលីបានបើកកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលចំនួន ១៥ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីអភិវឌ្ឍន៍។ ជាក់ស្ដែងប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនស្តីពីវប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ក្នុងឆ្នាំ ២០០៩ ប្រទេសទាំងពីរបានសហការគ្នាដំឡើងរូបសំណាកលោកប្រធានហូជីមិញ និងបើកមជ្ឈមណ្ឌលវប្បធម៌ហូជីមិញនៅសាលាវិទ្យាល័យលេខ ១៤ ដែលមានឈ្មោះលោកប្រធានហូជីមិញនៅរដ្ឋធានី Ulanbator ។ ក្នុងឆ្នាំ ២០១៣ វៀតណាម និងម៉ុងហ្គោលីបានសហការគ្នាផលិតខ្សែភាពយន្តក្រោមចំណងជើងថា "ជីវិតដូចជាខ្សែភាពយន្ត" របស់ម៉ុងហ្គោលីជាមួយនឹងឈុតឆាកដែលបានថតនៅវៀតណាម ហើយត្រូវបានចាក់ផ្សាយយ៉ាងទូលំទូលាយនៅ
ម៉ុងហ្គោលី និងវៀតណាម។ ក្នុងឆ្នាំ ២០១៤ ម៉ុងហ្គោលីបានបញ្ជូនគណៈប្រតិភូសិល្បៈទៅចូលរួមមហោស្រព Hue ។ ក្នុងឆ្នាំ ២០១៤ ដដែល ភាគីទាំងពីរបានប្រារព្ធខួបពិធីរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត។

អំពីវិស័យអប់រំ និងបណ្តុះបណ្តាល ការផ្លាស់ប្តូនិស្សិតត្រូវបានអនុវត្តន៍តាំងពីទស្សវត្សរ៍ឆ្នាំ ១៩៦០ ហើយជារៀងរាល់ឆ្នាំ ភាគីទាំងពីរបានទទួល ការបណ្តុះបណ្តាលនិស្សិតរបស់គ្នាទៅវិញទៅមក។ ទោះជាយ៉ាងណាក៏ដោយ ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម លទ្ធផលមិនដូចការរំពឹងទុកឡើយ។ វៀតណាមគឺជាច្រកទ្វារដើម្បីជួយសម្រួលទំនិញម៉ុងហ្គោលីចូលមកទីផ្សារសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប៉ុន្តែរហូតមកដល់ពេលនេះ ទំហុំពាណិជ្ជកម្មរវាងប្រទេសទាំងពីរទើបឈានដល់កម្រិតតិចតួចប៉ុណ្ណោះ បើទោះបីជាមានកំណើនគួរឱ្យកត់សម្គាល់ក៏ដោយ។ ក្នុងឆ្នាំ ២០២១ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ៨១ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២២ កើនឡើងដល់ ៨៥ លានដុល្លារអាមេរិក ហើយក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះសម្រេចបាន ៦៥លានដុល្លារអាមេរិក។ នៅមានកំហិតមួយទៀតគឺដោយសារប្រទេសទាំងពីរមិនទាន់មានជើងហោះហើរត្រង់ឡើយ។

សក្តានុពលជាច្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងម៉ុងហ្គោលី

វៀតណាម និងម៉ុងហ្គោលីកំពុងរៀបចំសកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៧០នៃការបង្កើតទំនាក់ទំនងការទូត (១៧  វិច្ឆិកា ១៩៥៤ - ១៧  វិច្ឆិកា ២០២៤)។ ក្នុងជំនួបប្រាស្រ័យ និងផ្លាស់ប្ដូរគណៈប្រតិភូនារយៈពេលកន្លងទៅ

ភាគីទាំងពីរសុទ្ធតែមានគោលបំណងចង់ជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសលើវិស័យកសិកម្ម។ ចាប់តាំងពីខែមិថុនាឆ្នាំនេះ ផលិតផលកសិកម្ម និងបសុសត្វរបស់ម៉ុងហ្គោលីត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើន។ ម៉ុងហ្គោលី ក៏កំពុងនាំចូលសាច់មាន់ និងអង្ករពីវៀតណាមផងដែរ។ ដូច្នេះ វៀតណាមនិងម៉ុងហ្គោលីសុទ្ធតែបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ដោះស្រាយការជំពាក់ជំពិន ដើម្បីជំរុញការនាំចេញទំនិញទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក។

លើសពីនេះ វៀតណាមមានប្រៀបខ្លាំងអំពីផលិតផលកសិកម្ម ខណៈពេលដែលម៉ុងហ្គោលីមានឱសថរុក្ខជាតិកម្រជាច្រើន ដែលអាចសហការជាមួយងង្គភាពអាជីវកម្មផលិតឱសថបុរាណ និងអាហារបំប៉ន។ វិស័យទេសចរណ៍ក៏ជាវិស័យ សហប្រតិបត្តិការសក្តានុពលរវាងប្រទេសទាំងពីរផងដែរ។ បច្ចុប្បន្នមានភ្ញៀវទេសចរវៀតណាមប្រមាណ១៨ពាន់នាក់ដែលធ្វើដំណើរទេសចរណ៍ទៅកាន់
ប្រទេសម៉ុងហ្គោលី។ ភាគីម៉ុងហ្គោលីក៏មានគោលដៅនាំភ្ញៀវទេសចរពីម៉ុងហ្គោលីទៅកាន់វៀតណាមជាង១៨០០ នាក់ផងដែរ។ ក្រៅពីវិស័យកសិផល និងទេសចរណ៍ ទំហុំពាណិជ្ជកម្មរវាងប្រទេសទាំងពីរអាចរីកចម្រើនបន្ថែមទៀត តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតដូចជា៖ ការផលិតវ៉ាក់សាំងសម្រាប់បសុសត្វ បសុបក្សី និងសេវាកម្មអាកាសចរណ៍។

ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីម៉ុងហ្គោលីនៅវៀតណាមមានគោលបំណងអនុវត្តន៍ជាក់ស្ដែងរាល់សក្ដានុពលរបស់ភាគីទាំងពីរ ហើយជាការចាប់ផ្តើមថ្មីសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច។ តាមផែនការ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ សហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម (VCCI) សហការជាមួយស្ថានទូត និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មម៉ុងហ្គោលី រៀបចំវេទិកាធុរកិច្ចវៀតណាម - ម៉ុងហ្គោលី ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគ្រាសនៃប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh លើកនេះរួមចំណែកជំរុញទំនាក់ទំនងលើគ្រប់វិស័យ នាំទំនាក់ទំនងវៀតណាម-ម៉ុងហ្គោលីប្រកបដោយមានប្រសិទ្ធភាពជាក់ស្ដែង លើវិស័យសេដ្ឋកិច្ច វប្បធម៌ ស្របនឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីផងដែរ៕



ប្រតិកម្មទៅវិញ

ផ្សេងៗ