(VOVWORLD) - ការចូលរួមសមាហរណកម្មអន្តរជាតិ រួមជាមួយការអភិវឌ្ឍន៍វិជ្ជមាននៃសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាតិ បានបង្កើតលក្ខខណ្ឌសម្រាប់វៀតណាម សម្រេចបានសមិទ្ធិផលដ៏ធំធេងក្នុងការធានាសន្តិសុខសង្គមក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ នៅចំពោះមុខការប្រឈមជាច្រើន មកពីការប្រកួតប្រជែងក្នុងសមាហរណកម្ម ឥទ្ធិពលនៃបដិវត្តន៍៤.០ ក៏ដូចជានិន្នាការ ជរាភាពយ៉ាងឆាប់រហ័ស រួមទាំងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត... វៀតណាមនៅតែបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ប្រព័ន្ធសន្តិសុខសង្គមក្នុងគោលបំណងអភិវឌ្ឍន៍មនុស្ស។
បំពេញនីតិវិធីសម្រាប់គ្រួសារក្រីក្រ និងមុខសញ្ញាគោលនយោបាយខ្ចីទុននៅឃុំ De Ar ស្រុក Mang Yang (ខេត្ត Gia Lai)។ (រូបថត៖ Tran Viet/VNA) |
នៅប្រទេសវៀតណាម ប្រព័ន្ធសន្តិសុខសង្គមត្រូវបានបង្កើតឡើងពីសសរស្តម្ភជាមូលដ្ឋាន រួមមានៈ ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព; ការបណ្តុះបណ្តាលវិជ្ជាជីវៈ; ការធានារ៉ាប់រងសង្គម ការធានារ៉ាប់រងសុខភាព ប្រភេទផ្សេងទៀតនៃការធានារ៉ាប់រង; ការការពារនិងជួយទំនុកបម្រុងសង្គម និងសេវាសង្គមជាមូលដ្ឋាន។
ប្រព័ន្ធសន្តិសុខសង្គម សម្រេចបានសមិទ្ធិផលជាច្រើន
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានបោះជំហានយ៉ាងសំខាន់ក្នុងការកសាងរបៀបរបបគោលនយោបាយ ដើម្បីបង្កើតជាបណ្តើរៗនូវមូលដ្ឋានសម្រាប់ពង្រីកការគ្របដណ្តប់សន្តិសុខសង្គម ដោយគោលដៅចុងក្រោយ គឺធានាឲ្យប្រជាពលរដ្ឋទាំងអស់ទទួលបានសន្តិសុខសង្គមពេញមួយវដ្តសង្ខាជីវិត។ ជាក់ស្តែង យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមវៀតណាមដំណាក់កាល ២០២១-២០៣០ បានកំណត់គោលដៅសម្រាប់វៀតណាមក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥; ក្រឹត្យអំពីបទប្បញ្ញត្តិស្តីពីគោលនយោបាយជំនួយសង្គមសម្រាប់មុខសញ្ញាទទួលផលគាំពារសង្គម; កែសម្រួលប្រាក់សោធននិវត្តន៍ ប្រាក់ឧបត្ថម្ភធានារ៉ាប់រងសង្គម និងប្រាក់ឧបត្ថម្ភប្រចាំខែ ដោយការកែសម្រួល កើនឡើង ៧,៤% នៃប្រាក់សោធននិវត្តន៍ ប្រាក់ឧបត្ថម្ភធានារ៉ាប់រងសង្គម ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់មុខសញ្ញាទទួលប្រាក់សោធនទាបចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។
នៅបណ្តាឆ្នាំ ២០២០, ២០២១ ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនិងប៉ះពាល់ផ្ទាល់ដល់ជីវភាពសង្គមរបស់ប្រជាជន រដ្ឋាភិបាលបានចេញនូវយន្តការ និងគោលនយោបាយសមស្រប និងទាន់ពេលវេលាជាច្រើន មានលក្ខណៈមនុស្សធម៌; រួមទាំងគោលនយោបាយដែលមិនធ្លាប់មានពីមុនមក ដូចជាសេចក្តីសម្រេចចិត្ត ស្តីពីគោលនយោបាយឧបត្ថម្ភនិយោជិត និងនិយោជក ដែលកំពុងប្រឈមនឹងការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ និងសេចក្តីសម្រេចចិត្តលើគោលនយោបាយឧបត្ថម្ភនិយោជិតនិងនិយោជកដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ ពីមូលនិធិធានារ៉ាប់រងភាពឥតការងារធ្វើ។
ជាមួយនឹងយន្តការ និងគោលនយោបាយដែលត្រូវបានចេញនោះ រហូតមកដល់ពេលនេះ ប្រព័ន្ធសន្តិសុខសង្គមនៅវៀតណាមត្រូវបានកសាងឡើងជាមូលដ្ឋានព្រមៗគ្នា និងដាក់ពង្រាយយ៉ាងទូលំទូលាយនៅទូទាំងប្រទេស។ លោក Bui Ton Hien ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រការងារនិងសង្គមកិច្ចបានឲ្យដឹងថា៖
“វៀតណាមបានសម្រេចគោលដៅសហស្សវត្សរ៍មុនកាលកំណត់ជាច្រើន; កែលម្អសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការពារបរិស្ថាន និងលើកកម្ពស់សុខុមាលភាពសង្គម ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន។ ប្រព័ន្ធគោលនយោបាយសង្គមព្រមៗគ្នាជាមូលដ្ឋាន និងទូលំទូលាយ ដោយធានានូវសិទ្ធិសន្តិសុខសង្គមរបស់ប្រជាជន។ ជនក្រីក្រ ប្រជាជនមានស្ថានភាពលំបាក និងជនងាយរងគ្រោះ ទទួលបានជំនួយឧបត្ថម្ភជាប្រចាំ ទាន់ពេលវេលា និងមានប្រសិទ្ធភាពពីរដ្ឋ និងសង្គម។
គំរូសន្តិសុខសង្គមរបស់វៀតណាមបាននាំមកនូវលទ្ធផលគួរឲ្យលើកទឹកចិត្ត ត្រូវបាន ពិភពលោកទទួលស្គាល់ ដូចជាសមិទ្ធិផលក្នុងការលុបបំបាត់ភាពអត់ឃ្លាន ការកាត់បន្ថយភាពក្រីក្រ ការអប់រំ ការថែទាំសុខភាពជាដើម។ នៅក្នុងរបាយការណ៍អភិវឌ្ឍន៍មនុស្ស (HDR) របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅវៀតណាម តម្លៃសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) របស់វៀតណាមគឺ ០,៧០៣ ក្នុងឆ្នាំ ២០២១ ស្ថិតក្នុងចំណាត់ថ្នាក់ ១១៥/១៩១ កើនឡើងពីរកាំក្នុងតារាងចំណាត់ថ្នាក់ពិភពលោក។ លទ្ធផលនៃការស្ទាបស្ទង់កម្រិតជីវភាពប្រជាជនឆ្នាំ ២០២១ នៃអគ្គនាយកដ្ឋានស្ថិតិក៏បានបង្ហាញថា អត្រាគ្រួសារក្រីក្រតាមស្តងដារក្រីក្រវាស់ស្ទង់លើពហុវិស័យវៀតណាមក្នុងឆ្នាំ ២០២១ គឺ ៤,៤% ធ្លាក់ចុះ ០,៤ពិន្ទុភាគរយធៀបនឹងឆ្នាំ ២០២០។ អត្រានៃភាពក្រីក្ររបស់វៀតណាមក៏បានថយចុះជាបន្តបន្ទាប់ក្នុងដំណាក់កាល ២០១៦ -២០២១ ដោយមានការថយចុះប្រចាំឆ្នាំជាមធ្យមប្រហែល ១ពិន្ទុភាគរយ។
ឆ្ពោះទៅការកសាងប្រព័ន្ធសន្តិសុខសង្គមដ៏ទូលំទូលាយប្រកបដោយនិរន្តរភាព
បញ្ហាសន្តិសុខសង្គមរបស់វៀតណាមត្រូវបានព្យាករណ៍ថានឹងប្រឈមមុខនឹងការលំបាក សាកល្បងជាច្រើន ដោយសារកត្តាដូចជា៖ ហានិភ័យសកល បញ្ហាបរិស្ថាន និងសម្ពាធប្រជាសាស្រ្តដោយសារភាពចាស់ជរានៃចំនួនប្រជាជន កំពុងកើតឡើងយ៉ាងឆាប់រហ័ស។ ប្រការនេះក៏នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ច ក៏ដូចជាទីផ្សារការងារ ជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជនទាំងអស់…។ ដូច្នេះហើយ វៀតណាមបានកំណត់ភារកិច្ចកែទម្រង់ប្រព័ន្ធសន្តិសុខសង្គម ឆ្ពោះទៅទិសដៅកសាងប្រព័ន្ធសន្តិសុខសង្គមពេញលេញ និរន្តរភាព នឹងជាកត្តាខ្ជាប់ខ្ជួនក្នុងការអភិវឌ្ឍប្រទេសជាតិ។ លោក Bui Ton Hien ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រការងារ និង សង្គមកិច្ចបានឲ្យដឹងថែមទៀតថា៖
“ធ្វើយ៉ាងម៉េចដើម្បីអាចគ្របដណ្តប់របបសន្តិសុខសង្គមមកលើប្រជាជនទាំងមូល ឬបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋមួយភាគធំ ដែលស្ថិតក្នុងចំណោមប្រាក់ចំណូលទាប ហើយក៏មិនមែនគ្រួសារក្រីក្រ គ្រួសារហៀបក្រីក្រទេ ប៉ុន្តែមានក្តីប្រាថ្នាជាច្រើនដើម្បីអាចវិវឌ្ឍន៍ក្នុងសង្គម។ ពួកគេត្រូវការការគាំទ្រពីសង្គម និងការវិនិយោគ បង្កើតឱកាសសម្រាប់ពួកគេមានការងារប្រសើរជាងមុន ប្រាក់ចំណូលខ្ពស់ និងកាត់បន្ថយហានិភ័យសេដ្ឋកិច្ចសង្គម។ វិនិយោគលើក្រុមនេះ ដើម្បីឲ្យពួកគេអភិវឌ្ឍន៍ រួមជាមួយនឹងការអភិវឌ្ឍសង្គមរីកចម្រើន ដើម្បីបំពេញសេចក្តីប្រាថ្នារបស់ក្រុមនេះ។ ការកំណត់បញ្ហាប្រឈមសម្រាប់គោលនយោបាយសង្គមក្នុងរយៈពេលថ្មីៗនេះ តម្រូវឱ្យមានវិធីសាស្ត្រថ្មី ការផ្លាស់ប្តូរលើគ្រប់ជ្រុងជ្រោយត្រូវការចំណុចលោតផ្លោះ និងអាទិភាពមួយចំនួនៗ”។
ទិសដៅអភិវឌ្ឍន៍របស់ប្រទេសជាតិដំណាក់កាល ២០២១-២០៣០ ត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមនោះគឺ៖ “អនុវត្តគោលនយោបាយសង្គមឱ្យបានល្អ ធានាសន្តិសុខ និងសុខុមាលភាពសង្គម និងសន្តិសុខកុមារ បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៅក្នុងការគ្រប់គ្រងការអភិវឌ្ឍសង្គម ការសម្រេចបាននូវវឌ្ឍនភាពសង្គម និងយុត្តិធម៌ ការលើកកម្ពស់គុណភាពជីវភាពរស់នៅ និងសុភមង្គលរបស់ប្រជាជន”។ ដើម្បីសម្រេចបាននូវគោលដៅនេះ វៀតណាមបាននិងកំពុងបន្តកសាង និងអភិវឌ្ឍន៍សន្តិសុខសង្គមក្នុងទិសដៅក្លាយជាប្រព័ន្ធសន្តិសុខសង្គមពហុស្រទាប់យ៉ាងពិតប្រាកដ ដើម្បីជំនះលើស្ថានភាពនៃការគ្របដណ្តប់ទាប កម្រិតសន្តិសុខសង្គមទាប វិសមភាពយេនឌ័រ ក្នុងការអនុវត្តគោលនយោបាយសន្តិសុខសង្គម។ ប្រព័ន្ធសន្តិសុខសង្គមរបស់វៀតណាមនឹងផ្អែកលើវិធីសាស្រ្តវដ្តសង្ខាជីវិត ដែលមាននិរន្តរភាព ប្រកបដោយបរិយាប័ន្ន ឆ្លើយតបភាពតក់ស្លុត ភាពរសើបនៃយេនឌ័រ និងធានាថា ប្រទេសជាតិបន្តអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងគ្មាននរណាម្នាក់ត្រូវលបោះបង់ចោលឡើយ៕