បញ្ហាថាមពលរបស់ពិភពលោក

(VOVWORLD) - ការផ្លាស់ប្តូរថាមពលបច្ចុប្បន្ននេះ ត្រូវបានចាត់ទុកថា ជាអាទិភាពសកលមួយ ក្នុង បរិបទដែលពិភពលោកជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅអំពីអាកាសធាតុ។ ទោះជាយ៉ាងណាក៏ដោយ ផែនទីបង្ហាញផ្លូវនៃការលុបបំបាត់ឥន្ធនៈហ្វូស៊ីល និងការបង្កើនសមត្ថភាពថាមពលស្អាតនៅតែមានបញ្ហាប្រឈមជាច្រើន។

បញ្ហាថាមពលរបស់ពិភពលោក - ảnh 1ទិដ្ឋភាពទូទៅនៃសន្និសីទ COP28 ដែលបានធ្វើឡើងកាលពីខែធ្នូឆ្នាំមុននៅទីក្រុងឌូបៃ (UAE)។ (រូបថត៖ Xinhua/VNA)

នៅក្នុងសន្និសីទលើកទី ២៨ នៃបណ្ដាភាគីដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ - COP28 ដែលបានធ្វើឡើងកាលពីខែធ្នូឆ្នាំមុននៅទីក្រុងឌូបៃ (UAE) សហគមន៍អន្តរជាតិសម្រេចបានកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រអំពីការលុបបំបាត់ឥន្ធនៈហ្វូស៊ីលជាបណ្តើរៗ។ ទោះជាយ៉ាងនេះក្ដី ការកសាងផែនទីបង្ហាញផ្លូវដើម្បីអនុវត្តន៍ការសន្យានេះទំនងជាមិនងាយស្រួលទាល់តែសោះ។

អនាគតនៃឧស្ម័ន

បញ្ហាធំមួយដែលនៅតែបង្កឲ្យមានការបែងចែករវាងបណ្ដាប្រទេសក៏ដូចជាសហគមន៍ថាមពលអន្តរជាតិនាបច្ចុប្បន្នគឺ តើអនាគតនៃឥន្ធនៈហ្វូស៊ីលនឹងអូសបន្លាយរហូតដល់ពេលណា? បច្ចុប្បន្ននេះ មានសញ្ញាជាច្រើនដែលបង្ហាញថា ការផ្លាស់ប្តូរថាមពលនៃប្រទេសនានាជុំវិញពិភពលោក អាចប្រព្រឹត្តទៅលឿនជាងការរំពឹងទុក អាស្រ័យដោយកត្តាអំណោយផលដូចជា៖ ការបង្កើនសមត្ថភាពផលិតកម្ម និងការដំឡើងហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ (វាយោអគ្គីសនីនៅនាយសមុទ្រ ថាមពលពន្លឺព្រះអាទិត្យ); ចំណែកទីផ្សារអ៊ីដ្រូសែនបៃតងកំពុងកើនឡើងយ៉ាងឆាប់រហ័ស; រដូវរងានៅតំបន់ជាច្រើនលើពិភពលោកមិនសូវត្រជាក់ទៀតឡើយ។ ជាពិសេសតម្លៃឧស្ម័នកំពុងធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ ដូច្នេះហើយ អ្នកជំនាញខ្លះចាត់ទុកថា យុគសម័យនៃឧស្ម័ន ដែលជាឥន្ធនៈហ្វូស៊ីលមួយដែលត្រូវបានប្រើប្រាស់ច្រើនបំផុត បានមកដល់ទីបញ្ចប់ហើយ។

ទោះជាយ៉ាងណាក៏ដោយ មិនមែនមានន័យថា មនុស្សទាំងអស់គ្នាក៏ចែករំលែកមតិដូចគ្នានោះទេ។ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ប្រទេសកាតាបានប្រកាស បើកសម្ពោធបណ្ដុំរុករកឧស្ម័នថ្មីមួយដើម្បីបង្កើនទិន្នផលឧស្ម័ន និងឧស្ម័នធម្មជាតិរាវ (LNG) សម្រាប់ការនាំចេញ ដោយមិនអើពើដល់តម្លៃឧស្ម័ននៅសហរដ្ឋអាមេរិក និងអឺរ៉ុប បានធ្លាក់ចុះមកកម្រិតទាបបំផុត។ យោងតាមប្រធាន Qatar Energy លោក Saad Al-Kaabi ទោះបីជាតម្រូវការឧស្ម័ននៅអាមេរិក និងអឺរ៉ុបធ្លាក់ចុះក៏ដោយ ក៏ទីផ្សារសំខាន់ៗផ្សេងទៀតនៅអាស៊ីនៅតែរីកចម្រើនយ៉ាងឆាប់រហ័ស ហើយឧស្ម័ននៅតែមានអនាគតយូរអង្វែង៖

“យើងនៅតែនិយាយថា ឧស្ម័នគឺជាផ្នែកមួយនៃដំណោះស្រាយសម្រាប់ការផ្លាស់ប្តូរថាមពល ហើយខ្ញុំគិតថា មនុស្សជាច្រើនបានចូលរួមក្នុងដំណើរការនេះ យើងខ្ញុំក៏បានចូលរួមតាំងពីដំបូងដែរ ប៉ុន្តែយើងខ្ញុំមិនផ្លាស់ប្តូរទស្សនៈរបស់ខ្លួនទេ។ នោះគឺ ឧស្ម័ននៅតែមានអនាគតដ៏ភ្លឺស្វាងក្នុងរយៈពេលយ៉ាងហោចណាស់ ៥០ ឆ្នាំខាងមុខ”។

បញ្ហាថាមពលរបស់ពិភពលោក - ảnh 2អគ្គនាយក IAEA លោក Rafael Grossi។ (រូបថត៖ Xinhua/VNA)

ក្រៅពីឧស្ម័ន ថាមពលមួយប្រភេទទៀតដែលបង្កឲ្យមានការជជែកវែកញែកគ្នាជាច្រើននោះគឺថាមពលនុយក្លេអ៊ែរ។ បច្ចុប្បន្ននេះ ប្រទេសនិងអង្គការភាគច្រើន បានចាត់ថ្នាក់ថាមពល
នុយក្លេអ៊ែរទៅក្នុងក្រុម "ថាមពលស្អាត"។ នៅឯ COP28 ប្រទេសជាង ២០ រួមទាំងសហរដ្ឋអាមេរិក ជប៉ុន និងប្រទេសអឺរ៉ុបមួយចំនួន បានអំពាវនាវឱ្យបង្កើនទិន្នផលថាមពលនុយក្លេអ៊ែរលើពិភពលោក ឡើងដល់បីដងនៅឆ្នាំ ២០៥០ ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុ។ យោងតាមអគ្គនាយក IAEA លោក Rafael Grossi ប្រទេសកាន់តែច្រើនឡើងៗ កំពុងរៀបចំផែនការដាក់បញ្ចូលថាមពលនុយក្លេអ៊ែរទៅក្នុងកម្មវិធីថាមពលជាតិរបស់ខ្លួន ឬពង្រីកកម្មវិធីថាមពល
នុយក្លេអ៊ែរដែលមានស្រាប់ ហើយថ្មីបំផុតគឺប្រទេសកាណាដានៅថ្ងៃទី ២៩ ខែកុម្ភៈ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកថាមពល និងបរិស្ថានចាត់ទុកថា ការជជែកវែកញែកគ្នាយ៉ាងខ្លាំង អំពីថាមពលនុយក្លេអ៊ែរ នៅតែអូសបន្លាយរយៈពេលជាច្រើនឆ្នាំខាងមុខ ពីព្រោះកម្រិតសុវត្ថិភាព ក៏ដូចជាការធ្វើប្រព្រឹត្តិកម្មសំណល់នុយក្លេអ៊ែរនៅតែជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ប្រទេសជាច្រើន។

បញ្ហាប្រឈមក្នុងការវិនិយោគសម្រាប់ថាមពលកកើតឡើងវិញ

ចំពោះថាមពលកកើតឡើងវិញ ជាប្រភេទថាមពលដែលត្រូវបានចាត់ទុកជាអនាគតរបស់ពិភពលោកនោះ របាយការណ៍កាលពីថ្ងៃទី ១១ ខែមករា ពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបង្ហាញថា សមត្ថភាពថាមពលកកើតឡើងវិញលើទូទាំងពិភពលោក កាលពីឆ្នាំមុនបានកើនឡើង ៥០% បើធៀបនឹងឆ្នាំ ២០២២។ យោងតាម IEA តាមអត្រាបច្ចុប្បន្ន សមត្ថភាពថាមពលកកើតឡើងវិញរបស់ពិភពលោកអាចកើនឡើង ២,៥ ដងនៅឆ្នាំ ២០៣០។ ទោះជាយ៉ាងណាក៏ដោយ នាយក IEA លោក Fatih Birol ចាត់ទុកថា ប្រការនេះនៅតែមិនគ្រប់គ្រាន់ឡើយសម្រាប់ពិភពលោកដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់នៅ COP28 ដែលជាការកើនឡើងបីដង។ យោងតាមលោកប្រមុខ IEA មូលហេតុចម្បងមួយសម្រាប់ភាពយឺតយ៉ាវនេះ គឺការវិនិយោគមិនសក្តិសមទៅក្នុងវិស័យថាមពលកកើតឡើងវិញ ជាពិសេសពីសម្ព័ន្ធក្រុមហ៊ុនថាមពលយក្ស ដែលកំពុងរកប្រាក់ចំណេញជាកំណត់ត្រាពីឥន្ធនៈហ្វូស៊ីល ប៉ុន្តែមិនទាន់អនុវត្តន៍យ៉ាងត្រឹមត្រូវតាមការសន្យាផ្លាស់ប្ដូរថាមពលនៅឡើយ។

"យើងខ្ញុំបានរកឃើញថា សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន ចំណាយត្រឹមតែ ២,៥% នៃថវិកាវិនិយោគ លើថាមពលស្អាត ខណៈដែល ៩៧,៥% ត្រូវបានវិនិយោគក្នុងប្រតិបត្តិការធ្វើអាជីវកម្មបែបប្រពៃណី។ ដូច្នេះ មានគម្លាតដ៏ធំមួយរវាងអ្វីដែលសម្ព័ន្ធក្រុមហ៊ុនទាំងនេះសន្យានិងយុទ្ធសាស្ត្រវិនិយោគពិតប្រាកដដែលពួកគេកំពុងអនុវត្តន៍”។

មុននោះ នាថ្ងៃទី ១៩ ខែកុម្ភៈ Global Witness បានចេញផ្សាយរបាយការណ៍ដែលបង្ហាញឲ្យឃើញថា សម្ព័ន្ធក្រុមហ៊ុនថាមពលធំៗ ចំនួន ៥ រួមមាន៖ BP (អង់គ្លេស) Shell (អង់គ្លេស, ហូឡង់), Chevron (សហរដ្ឋអាមេរិក), ExxonMobil (សហរដ្ឋអាមេរិក) និង Total Energy (បារាំង) ទទួលបានប្រាក់ចំណេញកំណត់ត្រាចំនួន ២៨១  ពាន់លានដុល្លារអាមេរិកចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ មក នៅពេលដែលជម្លោះបានផ្ទុះឡើងនៅប្រទេសអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ សម្ព័ន្ធក្រុមហ៊ុនទាំងនេះ ទំនងជា នឹងចំណាយទឹកប្រាក់ជាង ១០០ ពាន់លានដុល្លារអាមេរិកដើម្បីចែកចាយ
ភាគលាភដល់ម្ចាស់ភាគហ៊ុន ជំនួសឲ្យការផ្តល់អាទិភាពដល់ការវិនិយោគក្នុងវិស័យផ្លាស់ប្តូរថាមពល។ ការពិតនោះធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតរបកគំហើញ សម្រាប់ថាមពលកកើតឡើងវិញនៅជុំវិញពិភពលោក ជួបប្រទះនឹងបញ្ហាប្រឈម ដោយសារតែយោងទៅតាមលោក Simon Stiell លេខាធិការប្រតិបត្តិនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCC) ដើម្បីអនុវត្តន៍ការផ្លាស់ប្តូរថាមពលប្រកបដោយជោគជ័យ ពិភពលោក ត្រូវការថវិការប្រហែល ២,៤ ទ្រីលានដុល្លារអាមេរិកក្នុងមួយឆ្នាំដែលជាចំនួនពិបាកសម្រេចបាននៅពេលនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ