បន្តកសាង និងអភិវឌ្ឍអក្សរសាស្ត្រសិល្បៈ

(VOVWORLD) - សន្និសីទវិទ្យាសាស្ត្រទូទាំងប្រទេស “ក្រឡេកមើលទៅលើរយៈពេល ១៥ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៣ របស់ការិយាល័យនយោបាយ (អាណាត្តិ ១០) ស្តីពីការបន្តកសាងនិងអភិវឌ្ឍន៍អក្សរសាស្ត្រ និងសិល្បៈក្នុងយុគសម័យថ្មី” នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនាពេលខាងមុខ។ ក្នុងដំណើរការកសាង  ការពារ និងអភិវឌ្ឍន៍ បក្សកុម្មុយនិស្តវៀតណាមបានកំណត់វប្បធម៌ជាមូលដ្ឋានគ្រឹះខាងស្មារតីនៃសង្គម ជាកម្លាំងផ្ទៃក្នុង និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍។ ក្នុងនោះ អក្សរសាស្ត្រ និងសិល្បៈ គឺជាវិស័យពិសេសនៃវប្បធម៌។ ការអភិវឌ្ឍអក្សរសាស្ត្រ និងសិល្បៈត្រូវយកប្រជាជនជាមជ្ឈមណ្ឌល ជាកម្មវត្ថុ ជាគោលដៅ រួមចំណែកសុក្រិត្តនូវគុណតម្លៃ និងបុគ្គលិកលក្ខណៈរបស់មនុស្សវៀតណាម ឆ្ពោះទៅរកគុណតម្លៃស្នូលរបស់ប្រជាជាតិ។

បន្តកសាង និងអភិវឌ្ឍអក្សរសាស្ត្រសិល្បៈ - ảnh 1ទិដ្ឋភាពនៃសន្និសីទប្រមូលមតិ និងស្នើដំណោះស្រាយសម្រាប់ការគ្រប់គ្រងរដ្ឋ និងការអភិវឌ្ឍអក្សរសាស្ត្រ ដែលរៀបចំដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ក្នុងខែធ្នូ ឆ្នាំ២០២១ (រូបថត៖ Vu Mung/ hanoimoi.com.vn)

បក្សនិងរដ្ឋវៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ជាពិសេសចំពោះបុព្វហេតុវប្បធម៌និយាយរួមនិងការអភិវឌ្ឍអក្សរសាស្ត្រនិងសិល្បៈនិយាយដោយឡែក។ អក្សរសាស្ត្រ និងសិល្បៈរបស់វៀតណាមបានផ្លាស់ប្តូរយ៉ាងរឹងមាំ អនុវត្តន៍បេសកកម្មដោយផ្ទាល់ កសាងមូលដ្ឋានខាងស្មារតីដ៏រឹងមាំនៃសង្គម បំប៉ន់និងអភិវឌ្ឍន៍មនុស្សជាតិប្រកបដោយគ្រប់មុខ។

ផ្តោតការយកចិត្តទុកដាក់ជាពិសេសចំពោះបុព្វហេតុនៃអក្សរសាស្ត្រនិងសិល្បៈ

នៅដើមឆ្នាំ ១៩៤៣ បក្សកុម្មុយនិស្តឥណ្ឌូចិន (ឥឡូវជាបក្សកុម្មុយនិស្តវៀតណាម) បានចេញ "គម្រោងវប្បធម៌" បង្ហាញយ៉ាងច្បាស់នូវទស្សនៈរបស់បក្សចំពោះការអភិវឌ្ឍវប្បធម៌ និងសិល្បៈ ដោយបញ្ជាក់ពីគោលការណ៍ជាតិ វប្បធម៌ មហាជន និងវិទ្យាសាស្ត្រក្នុងការកសាងវប្បធម៌ថ្មី។

ឈានចូលដល់សម័យផ្លាស់ប្តូរថ្មី (doi moi) ទស្សនៈ ស្តីពីអក្សរសិល្ប៍ និងសិល្បៈក្នុងសម័យផ្លាស់ប្តូរថ្មី ត្រូវបានកត់សម្គាល់តាមរយៈសេចក្តីសម្រេចចិត្តជាច្រើន ក្នុងនោះ មានសេចក្តីសម្រេចចិត្តលេខ ០៥ នៃការិយាល័យនយោបាយ នីតិកាលទី ៦ ស្តីពីការបន្ត និងកែលម្អការអប់រំ ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងអក្សរសាស្ត្រ សិល្បៈ និងវប្បធម៌។ ការលើកកម្ពស់ការច្នៃប្រឌិត ការនាំយកអក្សរសាស្ត្រ សិល្បៈ និងវប្បធម៌ទៅកាន់ជំហានថ្មីមួយ (១៩៨៧); សេចក្តីសម្រេចចិត្តលេខ ០៣ នៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី ៨ ស្តីពីការកសាង និងអភិវឌ្ឍន៍វប្បធម៌វៀត ណាមជឿនលឿន ពោរពេញនូវអត្តសញ្ញាណជាតិ (១៩៩៨)។ ក្នុងនោះ សេចក្តីសម្រេចចិត្តលេខ ២៣ នៃការិយាល័យនយោបាយ នីតិកាលទី ១០ ស្តីពីការ “បន្តកសាង និងអភិវឌ្ឍន៍អក្សរសាស្ត្រ និងសិល្បៈក្នុងសម័យកាលថ្មី” (២០០៨)… បានដាក់ចេញនូវគោលដៅប្រមូលផ្តុំធនធានទាំងអស់លើការកសាងអក្សរសាស្ត្រ សិល្បៈវៀតណាម ជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ; បម្រើបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្ម ប្រទេសជាតិប្រកបដោយប្រសិទ្ធភាព។

ក្នុងដំណាក់កាលពន្លឿនឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មរបស់ប្រទេស ជាតិនិងសមាហរណកម្មអន្តរជាតិ អក្សរសាស្ត្រ និងសិល្បៈវៀតណាមត្រូវអភិវឌ្ឍន៍យ៉ាងទូលំទូលាយ និងរឹងមាំ បង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅជាមួយនឹងស្មារតីមនុស្សជាតិ និងលទ្ធិប្រជាធិបតេយ្យ។ល។  ឈរលើមូលដ្ឋាននៃការអភិរក្ស អភិវឌ្ឍ និងលើកតម្កើងតម្លៃអក្សរសិល្ប៍ និងសិល្បៈជាតិ បន្តពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជ្រើសរើសស្រូបយកតម្លៃមនុស្សធម៌ និងវឌ្ឍនភាពនៃអរិយធម៌មនុស្ស ហើយទន្ទឹមនឹងនោះ រាំងស្កាត់គ្រោះអាសន្ននៃការឈ្លានពានវប្បធម៌។

ដើម្បីសម្រេចបាននូវគោលដៅលើកឡើងខាងលើ បក្សបានដាក់ចេញនូវគោលនយោបាយ និងកំណត់យ៉ាងច្បាស់លាស់នូវដំណោះស្រាយសម្រាប់ការច្នៃប្រឌិត និងការអភិវឌ្ឍអក្សរសាស្ត្រ និងសិល្បៈ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍអក្សរសាស្ត្រដ៏រឹងមាំ និងសម្បូរបែប លើកទឹកចិត្តអ្នកនិពន្ធ សិល្បៈករច្បាមជាប់ស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិដើម្បីមានការច្នៃប្រឌិតក្នុងអក្សរសាស្ត្រនិងសិល្បៈ។

លើកកម្ពស់សេរីភាពច្នៃប្រឌិតក្នុងអក្សរសាស្ត្រ និងសិល្បៈ

បក្ស និងរដ្ឋតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះនិក្ខេបបទ ធានានូវសេរីភាពច្នៃប្រឌិតក្នុងអក្សរសិល្ប៍ និងសិល្បៈ។ នោះត្រូវបានយល់ថា ជាច្បាប់នៃការអភិវឌ្ឍអក្សរសាស្ត្រ និងសិល្បៈ។

ការធានានូវសេរីភាពច្នៃប្រឌិតក្នុងសកម្មភាពអក្សរសាស្ត្រ និងសិល្បៈបានក្លាយជាការតម្រង់ទិសជាមូលដ្ឋានសម្រាប់ការកសាង និងអភិវឌ្ឍន៍វប្បធម៌ មនុស្សវៀតណាម។ ស្មារតីនៃការកែទម្រង់របៀបដឹកនាំរបស់បក្សចំពោះអក្សរសាស្ត្រ និងសិល្បៈត្រូវបានកសាងឡើងក្នុងទិសដៅធានាការអភិវឌ្ឍវប្បធម៌ អក្សរសាស្ត្រ និងសិល្បៈ ហើយទន្ទឹមនឹងនោះធានានូវសេរីភាពប្រជាធិបតេយ្យបុគ្គលក្នុងការច្នៃប្រឌិតដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ទំនួលខុសត្រូវសង្គម និងកាតព្វកិច្ចពលរដ្ឋ។

ជាក់ស្តែង គោលមាគ៌ាដឹកនាំរបស់បក្ស និងតថភាពនៃជីវភាពអក្សរសាស្ត្រ និងសិល្បៈ បានបង្ហាញឱ្យឃើញថា៖ បក្ស និងរដ្ឋតែងតែលើកទឹកចិត្តរាល់ការរុករក គោរពសេរីភាពច្នៃប្រឌិតរបស់សិល្បករ អ្នកនិពន្ធ ព្រមទាំងកសាងយន្តការ និង គោលនយោបាយជាក់ស្តែងសម្រាប់អក្សរសាស្ត្រ សិល្បៈ និងសិល្បករដែលសមស្របនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ ការធានានូវសេរីភាពច្នៃប្រឌិតគឺជាទស្សនៈស្របគ្នាក្នុងគោលនយោបាយរបស់បក្ស ការយល់ដឹងបែបវិទ្យាសាស្ត្រអំពីលក្ខណៈនៃអក្សរសាស្ត្រ និងសិល្បៈ។ ប្រការនេះគឺជាលក្ខខណ្ឌចាំបាច់ដើម្បីបង្កើតតម្លៃដ៏ធំធេងនៃស្នាដៃធំធេង។ យ៉ាងណាមិញ ដើម្បីធានាថា អក្សរសាស្ត្រ និងសិល្បៈមានការរីកចម្រើនស្របតាមច្បាប់ បក្សស្នើឲ្យមានការផ្សាភ្ជាប់ការច្នៃប្រឌិត ជាមួយនឹងការទទួលខុសត្រូវរបស់ពលរដ្ឋ និងសិទ្ធិមនុស្ស។

អក្សរសាស្ត្រ និងសិល្បៈមានទំនួលខុសត្រូវក្នុងការតស៊ូ ដើម្បីការពារ ចិញ្ចឹមបីបាច់ និងបញ្ជាក់នូវប្រការដែលថ្មីៗ វិជ្ជមាន និងល្អបវរ។ ការដែលវៀតណាមធានាការបន្តកសាង និងអភិវឌ្ឍន៍អក្សរសាស្ត្រ និងសិល្បៈនឹងបង្កើតកម្លាំងចលករដ៏ធំធេងក្នុងន័យស្មារតីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ