(VOVWORLD) - ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កំពុងបំពេញទស្សកិច្ចនៅប្រទេសអឺរ៉ុបមួយចំនួនជាបន្តបន្ទាប់ សំដៅ អំពាវនាវឱ្យមានការបន្ថែមកម្លាំងរបស់ប្រទេសទាំងនេះក្នុងជម្លោះយោធាជាមួយរុស្ស៊ី។ កិច្ចព្រមព្រៀងផ្ដល់ជំនួយហិរញ្ញវត្ថុ និងការការពារជាតិជាបន្តបន្ទាប់សម្រេចបានរវាងអ៊ុយក្រែន និងថ្នាក់ដឹកនាំនៃប្រទេសអ៊ីតាលី អាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស ដើម្បីបង្កើនសមត្ថទប់ទល់នឹងវិបត្តិរបស់ទីក្រុងគៀវ។
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ។ រូបថត៖ VNA |
ការប្តេជ្ញាជួយឧបត្ថម្ភយោធា និងហិរញ្ញវត្ថុ
នៅទីបង្អង់ដំណើរដើមដំបូងនៅរដ្ឋធានីរ៉ូមរបស់អ៊ីតាលីនាថ្ងៃទី ១៣ ឧសភា ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានទទួលជួបជាមួយសម្តេចប៉ាប Francis ដោយពិភាក្សាអំពីសកម្មភាពមនុស្សធម៌។ ប្រធានាធិបតីអ៊ុយក្រែនក៏បានអំពាវនាវដល់សម្តេចប៉ាប Francis ចូលរួមក្នុងផែនការ ១០ ចំណុចរបស់ទីក្រុងគៀវ សំដៅបញ្ចប់ជម្លោះជាមួយរុស្ស៊ី។
មុនពេលជួបជាមួយសម្ដេចប៉ាប លោក Zelensky បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni ដែលបានសន្យាថានឹងរក្សាការជួយឧបត្ថម្ភយោធា និងហិរញ្ញាវត្ថុដល់អ៊ុយក្រែន។ ក្នុងរយៈពេលកន្លងទៅ ប្រទេសជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នេះបានផ្តល់ហិរញ្ញវត្ថុ និងគ្រឿងសព្វាវុធ ដើម្បីជួយឧបត្ថម្ភដល់អ៊ុយក្រែន។ ដើមឆ្នាំនេះអ៊ីតាលីក៏បានយល់ព្រមបញ្ជូនប្រព័ន្ធមីស៊ីលការពារអាកាស ដែលប្រទេសនេះបានអភិវឌ្ឍន៍ជាមួយបារាំងដល់ទីក្រុងគៀវ។
មកដល់ទីក្រុងប៊ែកឡាំងនាថ្ងៃទី ១៤ ឧសភាប្រធានាធិបតីលោក Zelensky បានជួបពិភាក្សាដាច់ដោយឡែកជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz និងសមភាគីលោក Frank Walter Steinmeier ។ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ក្នុងនោះទីក្រុងប៊ែរឡាំងបានសន្យាផ្តល់កញ្ចប់ជំនួយយោធាថ្មីដល់ទីក្រុងគៀវ ដែលមានតម្លៃ ៣ ពាន់លានដុល្លារអាមេរិក ដោយនាំទឹកប្រាក់ជួយឧបត្ថម្ភសរុបដល់ទីក្រុងឡើង ១៧ ពាន់លានដុល្លារអាមេរិក ចាប់តាំងពីរពេលជម្លោះបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ឆ្នាំ ២០២២។ យោងតាមប្រធានាធិបតីលោក Zelensky បានឲ្យដឹងថា ការសម្រេចចិត្តរបស់ទីក្រុងប៉ែកឡាំងគឺជាការជួយឧបត្ថម្ភដ៏ធំធេង និងខ្លាំងក្លាបំផុតដល់ទីក្រុងគៀវតាំងពីមុនមក។ មុននោះ អាល្លឺម៉ង់គឺជាភាគីផ្ដល់គ្រឿងសព្វាវុធដ៏ធំបំផុតដល់ទីក្រុងគៀវ បន្ទាប់ពីអាមេរិក។
នាថ្ងៃទី ១៥ ឧសភា ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានមកដល់ទីក្រុងប៉ារីស។ ក្រោយពេលអាហារពេលល្ងាចក្នុងរយៈពេល ៣ ម៉ោងរវាង ប្រធានាធិបតីបារាំងលោក Emmanuel Macron និងសមភាគីលោក Zelensky នៅវិមាន Elysee ទីក្រុងប៉ារីសបានប្រកាសថានឹងបន្តផ្ដល់ជំនួយយោធា និងមនុស្សធម៌ដល់អ៊ុយក្រែន ពោលគឺផ្ដល់ដល់ទីក្រុងគៀវរថក្រោះ និងរថពាសដែករាប់សិបគ្រឿង និងហ្វឹកហាត់ទាហាប្រើប្រាស់មធ្យោបាយប្រយុទ្ធ "ដរាបណាទីក្រុងគៀវនៅតែចាំបាច់" ។
ក្រោយពីទទួលបានការសន្យាយ៉ាងខ្លាំងក្លាបន្ថែមទៀត ប្រធានាធិបតីលោក Zelensky បានបន្តធ្វើដំណើរហោះហើរទៅកាន់ចក្រភពអង់គ្លេសនាថ្ងៃទី ១៥ ឧសភា ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak នៅទីក្រុងឡុងដ៍។ នៅទីនេះ នាយករដ្ឋមន្ត្រីអង់គ្លេសបានប្រកាសថា ទីក្រុងឡុងដ៍នឹងផ្តល់ឱ្យទីក្រុងគៀវនូវមីស៊ីលការពារអាកាស និងយន្តហោះដ្រូន(UAV) រយៈចម្ងាយឆ្ងាយរាប់សិបគ្រឿង។ ភាគីអង់គ្លេសបានឲ្យដឹងថា នឹងសម្របសម្រួលជាមួយប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត សំដៅធានាប្រភពផ្គត់ផ្គង់យន្តហោះ F-16។ អង់គ្លេសបានពិភាក្សាបញ្ហានេះជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេសសម្ព័ន្ធមិត្តនៅក្នុងកិច្ចប្រជុំនាពេលខាងមុខនៃក្រុមប្រឹក្សាអឺរ៉ុប និងក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខនៅលើពិភពលោក (G7)។
ចំពោះកាយវិការទាំងនេះ អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov នាថ្ងៃទី ១៥ ឧសភា បានសង្កត់ធ្ងន់ថា ការដែលទីក្រុងឡុងដ៍បានជួយឧបត្ថម្ភយោធាដល់ទីក្រុងគៀវនឹងមិនប៉ះពាល់ដល់ទីក្រុងម៉ូស្គូ ក៏ដូចជាមិនផ្លាស់ប្តូរស្ថានភាពជម្លោះឡើយ។
ស្វែងរកការគាំទ្រសមាជិកភាពសហភាពអឺរ៉ុប
ក្រៅពីការស្វែងរកជំនួយឧបត្ថម្ភយោធា និងហិរញ្ញវត្ថុ ក្នុងដំណើរទស្សកិច្ចលើកនេះ ប្រធានាធិបតីអ៊ុយក្រែនក៏ទទួលបានការសន្យារបស់ថ្នាក់ដឹកនាំសម្ព័ន្ធមិត្តស្នូលៗរបស់អ៊ុយក្រែននៅអឺរ៉ុប ដោយគាំទ្រដល់ប្រទេសនេះចូលជាសមាជិកសហភាពអឺរ៉ុប (EU) ឲ្យបានឆាប់ៗ។ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានសន្យាថានឹងគាំទ្រអ៊ុយក្រែនយ៉ាងពេញទំហឹងលើផ្លូវចូលជាសមាជិកសហភាពអឺរ៉ុប។ យោងតាមប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ អ៊ុយក្រែនគឺជាផ្នែកមួយនៃគ្រួសារអឺរ៉ុប។
ក្នុងពេលនោះ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានសន្យាសារជាថ្មីម្ដងទៀតអំពីការគាំទ្របំណងប្រាថ្នាចូលជាសមាជិក EU របស់អ៊ុយក្រែន ដោយក្រើនរំលឹកថា អ៊ុយក្រែនកំពុងធ្វើកំណែទម្រង់ចាំបាច់ ទោះបីជាមានជម្លោះក៏ដោយ។ នាយករដ្ឋមន្ត្រីលោកស្រី Meloni បានឲ្យដឹងថា អ៊ីតាលីនឹងគាំទ្រអ៊ុយក្រែន "គ្រប់ពេលវេលាចាំបាច់ និងលើសពីនេះទៅទៀត"។
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបជាបន្តបន្ទាប់របស់ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky ត្រូវបានវាយតម្លៃថាទទួលបានជោគជ័យ នាំមកដល់ទីក្រុងគៀវទាំងការគទ្រអំពីយោធា ហិរញ្ញវត្ថុ និងការគាំទ្រចូលជាសមាជិកសហភាពអឺរ៉ុបផងដែរ៕