ប្រធានរដ្ឋចិន លោក Xi Jinping បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី៖ សញ្ញាសម្គាល់​ថ្មី​ក្នុង​ទំនាក់ទំនង​រុស្ស៊ី-ចិន

(VOVWORLD) - ប្រធានរដ្ឋចិន លោក Xi Jinping កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហព័ន្ធរុស្ស៊ី (ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែមីនា) តបតាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ នេះគឺជាដំណើរទស្សនកិច្ចទៅកាន់បរទេសដើមដំបូងរបស់លោក Xi Jinping ចាប់តាំងពីពេលលោកបានជាប់ឆ្នោតជាប្រមុខរដ្ឋចិនអាណត្តិទី ៣ សារជាថ្មី។ ប្រការនេះបានបង្ហាញពីការគោរពដ៏ពិសេសរបស់ចិនចំពោះរុស្ស៊ីក្នុងពិភពលោកទំនើប។
ប្រធានរដ្ឋចិន លោក Xi Jinping បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី៖ សញ្ញាសម្គាល់​ថ្មី​ក្នុង​ទំនាក់ទំនង​រុស្ស៊ី-ចិន - ảnh 1ប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (រូបថត៖ ក្រសួងការបរទេសចិន)

លក្ខណៈពិសេសនៃទំនាក់ទំនងភាពជាដៃគូរុស្ស៊ី-ចិន

ដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីរបស់លោកប្រធានរដ្ឋចិនបានអះអាងសារជាថ្មីម្ដងទៀតនូវចរិតលក្ខណៈដ៏ពិសេសនៃទំនាក់ទំនងភាពជាដៃគូរុស្ស៊ី-ចិន ដែលត្រូវបានកសាងឡើងដោយទំនុកចិត្ត ការគោរពអធិបតេយ្យភាព និងផលប្រយោជន៍របស់គ្នាទៅវិញទៅមក។ យោងតាមប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឲ្យដឹងថា មួយទសវត្សរ៍បានកន្លងផុតទៅហើយចាប់តាំងពីដំណើរទស្សនកិច្ចដើមដំបូងរបស់លោក Xi Jinping ក្នុងនាមជាប្រធានរដ្ឋចិន (ឆ្នាំ ២០១៣) ពិភពលោកមានការផ្លាស់ប្ដូរជាច្រើន ប៉ុន្តែទំនាក់ទំនងមិត្តភាពរវាងរុស្ស៊ី និងចិននៅតែរឹងមាំ។ ទំនាក់ទំនងទ្វេភាគីបានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ និងបន្តត្រូវបានពង្រឹង។

កត្តាដ៏សំខាន់មួយនៃទំនាក់ទំនងរុស្ស៊ី-ចិន គឺជាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ចាប់តាំងពីឆ្នាំ ២០១០ ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហព័ន្ធរុស្ស៊ី។ កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងចិនសម្រេចបានកម្រិតឯតទគ្គកម្មគឺ ១៨៥ ពាន់លានដុល្លារអាមេរិកនាំឱ្យរុស្ស៊ី និងចិនខិតមកជិតគោលដៅដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានកំណត់មុននោះគឺ ២០០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤ ខាងមុខ។ ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៣ កំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរនៅតែរក្សាល្បឿនដ៏លឿន ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត ៣៣,៧ ពាន់លានដុល្លារអាមេរិក កើនប្រមាណ ២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កិច្ចសហប្រតិបត្តិការថាមពល ដែលជាកម្លាំងចលករសំខាន់មួយនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរុស្ស៊ី-ចិន បានកត់សម្គាល់ការបោះជំហានថ្មីខណៈពេលដែលចុងឆ្នាំ ២០២២ រុស្ស៊ីបានជាប់ចំណាត់ថ្នាក់លេខ ២ អំពីប្រភពផ្គត់ផ្គង់ប្រេងដល់ចិន ហើយ ជាប់ចំណាត់ថ្នាក់លេខ ៤ អំពីការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) ។ តាមរយៈបំពង់បង្ហូរឧស្ម័ន "កម្លាំង Siberia" កាលពីឆ្នាំមុន ប្រភពផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីទៅកាន់ចិនបានកើន ១,៥ ដង បើធៀបនឹងឆ្នាំមុនហើយឈានដល់កម្រិតឯទគ្គកម្មគឺ ១៥,៥ ពាន់លានម៉ែត្រគូប។

ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងក៏បានសហការលើវិស័យថាមពលនុយក្លេអ៊ែរផងដែរ។ ដោយមានការចូលរួមពីរុស្ស៊ី រោងចក្រថាមពលនុយក្លេអ៊ែរ Tianwan និងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរលឿន CEFR កំពុងបានសាងសង់នៅចិន។

កម្រិតជឿទុកចិត្តគ្នាខ្ពស់បានរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងយោធាទ្វេភាគី។ នាខែវិច្ឆិកាឆ្នាំមុន ជាលើកដំបូងហើយដែលយន្តហោះយោធារុស្ស៊ីបានចុះចតនៅអាកាសយានដ្ឋានចិន ហើយយន្តហោះយោធាចិនបានចុះចតនៅលើទឹកដីសហព័ន្ធរុស្ស៊ី។ នាឆ្នាំ ២០២២ ដដែល ភាគីទាំងពីរបានធ្វើការយាមល្បាតរួម នៅមហាសមុទ្រប៉ាស៊ីហ្វិកជាលើកទីពីរ។

នាបច្ចុប្បន្ន ចិនត្រូវបានគេចាត់ទុកថាកំពុងជំរុញតួនាទីជាអាជ្ញាកណ្ដាលចរចា សំដៅបញ្ឈប់ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន។ កាលពីខែមុន ទីក្រុងប៉េកាំងបានចេញផែនការសន្តិភាពដោយសង្កត់ធ្ងន់ដល់បញ្ហាគោរពអធិបតេយ្យភាពរបស់បណ្ដាប្រទេស ទប់ស្កាត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ទីក្រុងម៉ូស្គូបានស្វាគមន៍ចំពោះសំណើនេះ។

នាំចេញចក្ខុវិស័យថ្មីសម្រាប់ទំនាក់ទំនងរុស្ស៊ី-ចិន

យោងតាមលោកប្រធានរដ្ឋចិន Xi Jinping បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅរុស្ស៊ីគឺជាដំណើរមិត្តភាព កិច្ចសហប្រតិបត្តិការ និងសន្តិភាព។ លោកមានគោលបំណងរួមជាមួយលោកប្រធានាធិបតីរុស្ស៊ី លោក Putin វែកចេញចក្ខុវិស័យថ្មី ផែនការលម្អិតថ្មី និងវិធានការថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-រុស្ស៊ីនាពេលខាងមុខ។

តាមកាលវិភាគ  ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរ ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាង ១០ ក្នុងនោះមានសេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រឈានចូលយុគសម័យថ្មី និងសេចក្តីថ្លែងការណ៍រួមស្តីពីផែនការអភិវឌ្ឍវិស័យសហប្រតិបត្តិការសេដ្ឋកិច្ចដ៏សំខាន់ៗរវាងរុស្ស៊ី និងចិនដល់ឆ្នាំ ២០៣០។

ក្នុងអត្ថបទកាសែតដែលនិពន្ធសម្រាប់កាសែតប្រជាជនប្រចាំថ្ងៃមុនដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់លោកប្រធានរដ្ឋចិន Xi Jinping ក្រោមចំណងជើងថា "រុស្ស៊ី និងចិន៖ ទំនាក់ទំនងភាពជាដៃគូឆ្ពោះទៅអនាគត" ប្រធានាធិបតីរុស្ស៊ី លោក Putin បានដាក់ចេញក្តីសង្ឈឹមជាច្រើនក្នុងកិច្ចពិភាក្សាលើកនេះ ហើយជឿជាក់ថា វានឹងបង្កើតកម្លាំងចលករថ្មីយ៉ាងខ្លាំងក្លាដល់ វិសាលភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងមូល។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហព័ន្ធរុស្ស៊ីរបស់ប្រធានរដ្ឋចិន លោក Xi Jinping បន្ទាប់ពីលោកបានជាប់ឆ្នោតក្នុងអាណត្តិទី៣ សារជាថ្មីបានបង្ហាញពីការគោរពដ៏ពិសេសរបស់ចិនចំពោះរុស្ស៊ីក្នុងពិភពលោកទំនើប។ លទ្ធផលនៃដំណើរទស្សនកិច្ចនឹងពង្រឹងទស្សនៈ៖ អភិវឌ្ឍទំនាក់ទំនងរុស្ស៊ី-ចិន គឺជាជម្រើសយុទ្ធសាស្ត្រ ដែលមានទីតាំងអាទិភាពក្នុងគោលនយោបាយការទូត និងការទូតទូទៅរបស់ភាគីនីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ