ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយមិនរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

(VOVWORLD) - នៅក្នុងកិច្ចប្រជុំលើកទី ២៦ នៃគណៈកម្មការដឹកនាំមជ្ឈិមទទួលបន្ទុកការងារបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ(គណៈកម្មការដឹកនាំ) នៅពាក់កណ្តាលសប្តាហ៍មុន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម (To Lam)  ប្រធានគណៈកម្មការដឹកនាំបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដោយ "ឥតឈប់ឈរ" "គ្មានតំបន់ហាមឃាត់", "គ្មានករណីលើកលែង, មិនថាបុគ្គលនោះជានរណា"ឡើយ។ ប្រមុខបក្សកុម្មុយនិស្តវៀតណាមក៏បានសង្កត់ធ្ងន់លើតម្រូវការថា “ការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយនិងអវិជ្ជមានត្រូវតែបម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម មិនមែនដោយសារការជំរុញការបង្កាប្រយុទ្ធប្រឆាំងអំពើពុករលួយនិងអវិជ្ជមាន ធ្វើឲ្យប៉ះពាល់ដល់ និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមទាល់តែសោះ”។

ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយមិនរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញថ្លែងមតិដឹកនាំសម័យប្រជុំលើកទី ២៦ នៃគណៈកម្មាធិការដឹកនាំមជ្ឈិម ទទួលបន្ទុកការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ (រូបថត៖ Tri Dung/TTXVN)

អញ្ជើញថ្លែងមតិនៅចុងបញ្ចប់នៃកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋ ប្រធានគណៈកម្មការដឹកនាំ លោកតូ ឡឹមបានសង្កត់ធ្ងន់លើតម្រូវការថា “ការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយនិងអវិជ្ជមានត្រូវតែបម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម មិនមែនដោយសារការជំរុញការបង្កាប្រយុទ្ធប្រឆាំងអំពើពុករលួយនិងអវិជ្ជមាន ធ្វើឲ្យប៉ះពាល់ដល់ និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមទាល់តែសោះ”។ ពោលគឺ ការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានត្រូវតែដាក់ពង្រាយដល់សាខាបក្ស ក្រោមការឃ្លាំមើលរបស់កម្មាភិបាល បក្ខជន និងប្រជាជនគ្រប់រូប។

មិនប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

យោងតាមគណៈកម្មការដឹកនាំ ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ វៀតណាមបានដាក់វិន័យដល់អង្គការបក្សចំនួន ៣០៨ និងបក្ខជនចំនួន ១១.០០៥ នាក់។ គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ គណៈលេខា និងគណៈកម្មាការត្រួតពិនិត្យមជ្ឈិមបានដាក់វិន័យលើកម្មាភិបាលក្រោមឧិវាទមជ្ឈឹមចំនួន ៤៧ រូប។ តាមរយៈការត្រួតពិនិត្យ និងធ្វើសវនកម្ម ប្រាក់រាប់ម៉ឺនពាន់លានដុងត្រូវបានប្រមូលផ្តុំ និងចាត់ការលើផ្នែកហិរញ្ញវត្ថុរាប់ពាន់ពាន់ដុង។ អាជ្ញាធរមានសមត្ថកិច្ចបានពិចារណាលើការបញ្ឈប់តំណែង បញ្ឈប់ពីការងារ និងការរៀបចំការងារផ្សេងទៀតសម្រាប់កម្មាភិបាលមួយចំនួនដែលស្ថិតក្រោមការគ្រប់គ្រងរបស់មជ្ឈឹម...។

ករណីពុករលួយជាច្រើនពាក់ព័ន្ធនឹងក្រសួង ស្ថាប័ន និងមូលដ្ឋានជាច្រើន ត្រូវបានណែនាំព្រមានដល់តំបន់ទាំងមូល” “គ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង”។ ប្រការនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងកែតសម្រួលបក្ស រក្សាស្ថិរភាពនយោបាយ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងពង្រឹងជំនឿទុកចិត្តរបស់ប្រជាជន។

ជាក់ស្តែង ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមបានបន្តងើបឡើងវិញចាប់តាំងពីដើមឆ្នាំមក។ ខែបន្ទាប់មានភាពវិជ្ជមានជាងខែមុន ត្រីមាសបន្ទាប់គឺខ្ពស់ជាងត្រីមាសមុន។ នៅក្នុងកិច្ចប្រជុំប្រចាំខែកក្កដាកន្លងមកនេះ រដ្ឋាភិបាលបានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះមានភាពប្រសើរឡើងជាងរយៈពេលដូចគ្នានៅក្នុងវិស័យភាគច្រើន។ កំណើនត្រូវបានលើកកម្ពស់នៅក្នុងវិស័យទាំងបីគឺ៖ ឧស្សាហកម្ម កសិកម្ម និងសេវាកម្ម។ ខេត្ត ក្រុងទាំង ៦០/៦៣ មានសន្ទស្សន៍ផលិតកម្មឧស្សាហកម្មកើនឡើង។ ជាពិសេស សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) ក្នុងខែកក្កដា ឆ្នាំ ២០២៤ បានឈានដល់ ៥៤,៧ ពិន្ទុ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៨ ជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនៃទិន្នផលនិងការបញ្ជាទិញថ្មី។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោកស្រី Phan Thi Thang បានឲ្យដឹងថា៖ “ផលិតកម្មឧស្សាហកម្មកំពុងងើបឡើងវិញយ៉ាងខ្លាំង បើប្រៀបធៀបទៅ នឹងឆ្នាំ ២០២៣  ហើយមានសន្ទុះកំណើនដែលបន្តរក្សានិន្នាការវិជ្ជមាន។ សម្រាប់ឧស្សាហកម្មកែច្នៃ ការផលិតបានត្រលប់មកដើរតួនាទីនាំមុខគេក្នុងកំណើន។ ផលិតកម្មឧស្សាហកម្មមូលដ្ឋានបានកើនឡើងក្នុងទ្រង់ទ្រាយធំនៅក្នុងមូលដ្ឋានភាគច្រើននៅទូទាំងប្រទេស ជាពិសេសតំបន់ដែលដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្ម។ សមត្ថភាពផលិតរបស់សហគ្រាស ឧស្សាហកម្មក្នុងស្រុកបានស្ទុះងើបឡើងវិញយ៉ាងវិជ្ជមាន ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីទាញយកអត្ថប្រយោជន៍ពីឱកាសទីផ្សារថ្មី នាពេលខាងមុខ។ ទំនុកចិត្តរបស់សហគ្រាសផលិតក្នុងប្រទេស ក៏ដូចជាសហគ្រាសបរទេសត្រូវបានពង្រឹងយ៉ាងខ្លាំងដែរ”។

ធានាការប្រកួតប្រជែងប្រកបដោយតម្លាភាព ដើម្បីផលប្រយោជន៍ជាតិ

ការពិតបង្ហាញថា សមិទ្ធផលទាំងអស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមអាចមាននិរន្តរភាព លុះត្រាតែមានឧបករណ៍ស្មោះត្រង់ពិតប្រាកដ។ ទស្សនៈក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានរបស់បក្សនិងរដ្ឋវៀតណាមគឺច្បាស់ណាស់ មុខសញ្ជាពុករលួយត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ ទន្ទឹមនឹងនោះ រដ្ឋបង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តដល់បុគ្គលនិងអង្គការទាំងអស់ក្នុងសង្គម ដើម្បីជំរុញសកម្មភាពផលិតកម្ម និងធ្វើអាជីវកម្មយ៉ាងសកម្ម ទាក់ទាញការវិនិយោគ និងបង្កើតបរិយាកាសស្អាតស្អំ និងតម្លាភាព។ អញ្ជើញថ្លែងមតិក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ នាថ្ងៃទី៣ ខែសីហា នៅទីក្រុងហាណូយ បន្ទាប់ពីចូលកាន់តំណែងអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹមបានអះអាងថា៖  “ការងារកសាង និងកែតម្រូវបក្ស បង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន នឹងបន្តអនុវត្តយ៉ាងរឹងមាំជាមួយនឹងគោលដៅ ទស្សនៈ បាវចនា និងដំណោះស្រាយដូចបានអនុវត្តន៍ក្នុងអំឡុងពេលកន្លងមក នេះ។ ក្នុងនោះ ត្រូវជំរុញខ្លាំងការងារបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន តាមបាវចនា មិនឈប់ឈរ គ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង មិនថាបុគ្គលនោះជានរណាដែរ។ ជាមួយគ្នានោះ ត្រូវបើកទូលាយការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាននៅខាងក្រៅវិស័យរដ្ឋ រួមចំណែកដល់ភាពបរិសុទ្ធផ្ទៃក្នុងរបស់បក្ស ក្បាលម៉ាស៊ីនរដ្ឋ។ ការងារនេះត្រូវធ្វើយ៉ាងម៉ឺងម៉ាត់ និងហ្មត់ចត់ ដើម្បីយកឈ្នះ “សត្រូវផ្ទៃក្នុង” នេះ”

ការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយនៅវៀតណាមនាពេលបច្ចុប្បន្នកំពុងបង្កើតការលើកទឹកចិត្តសម្រាប់ការវិនិយោគ ការអភិវឌ្ឍសេដ្ឋកិច្ច និងធានាឱ្យមានការប្រកួតប្រជែងប្រកបដោយតម្លាភាពក្នុងចំណោមវិនិយោគិននៅវៀតណាម។ ការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីពង្រឹងទំនុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់បក្ស ពង្រឹងស្ថិរភាពនយោបាយ និងសង្គមឱ្យកាន់តែរឹងមាំ និងសម្រេចបាននូវគោលដៅកសាងសង្គមស្អាតស្អំពិតប្រាកដ ដើម្បីផលប្រយោជន៍របស់ប្រជាជនគ្រប់រូបនិងដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ