ប្រសិទ្ធភាពពីសេចក្ដីសម្រេចចិត្តដ៏ត្រឹមត្រូវ និងទាន់ពេលវេលា
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៥ សមាជិកសភានឹងធ្វើការពិភាក្សាក្នុងរយៈពេល ២ ថ្ងៃ (ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ តុលា ឆ្នាំ ២០២២) ស្ដីពីស្ថានភាពសេដ្ឋកិច្ច សង្គមឆ្នាំ ២០២២ និងផែនការឆ្នាំ ២០២៣។ មុននេះ នៅក្នុងសម័យពិភាក្សាកាលពីចុងសប្តាហ៍កន្លងទៅ សមាជិកសភាជាច្រើនបានសម្ដែងជំនឿជាក់លើលទ្ធផលវិជ្ជមានក្នុងកំណើន ការគ្រប់គ្រងអតិផរណា និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ សមាជិកសភាបានចាត់ទុកថា រាល់សេចក្ដីសម្រេចចិត្តដ៏ត្រឹមត្រូវ ទាន់ពេលវេលា និងប្ដូរផ្ដាច់របស់ប្រព័ន្ធនយោបាយទាំងមូលនោះ ធ្វើឲ្យសេដ្ឋកិច្ចប្រទេសជាតិនឹងបង្កើនល្បឿន និងសម្រេចបានកំណើនខ្ពស់ជាងការរំពឹងទុកផងដែរ។
សម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៥ |
សក្ខីភាពយ៉ាងច្បាស់លាស់ស្ដីពីប្រសិទ្ធភាពនៃយន្តការ និងគោលនយោបាយដែលបានចេញផ្សាយ
សមាជិកសភាបានវាយតម្លៃថា សេដ្ឋកិច្ចក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២២ បានស្ដារឡើងវិញយ៉ាងសកម្ម និងទូលំទូលាយ។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាពជាមូលដ្ឋាន អតិផរណាត្រូវបានគ្រប់គ្រង តុល្យភាពសំខាន់ៗនៃខឿនសេដ្ឋកិច្ចត្រូវបានធានាក្នុងបរិបទដ៏លំបាកជាច្រើន។ សន្ទស្សន៍តម្លៃប្រើប្រាស់ (CPI) ជាមធ្យមក្នុងរយៈពេល ៩ ខែដើមឆ្នាំកើន ២,៧៣% ។ កំណើន GDP ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២២ ស្ថិតនៅកម្រិតខ្ពស់គឺ ៨,៨៣% ។ អង្គការអន្តរជាតិដែលមានកិត្យានុភាពជាច្រើនបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងយថាទស្សន៍នៃខឿនសេដ្ឋកិច្ចវៀតណាម។ លោក Tran Hoang Ngan សមាជិកសភាមកពីទីក្រុងហាណូយបានឲ្យដឹងថា៖ “ឆ្នាំនេះយើងបានសម្រេចរួចរាល់ និងលើលពីការរំពឹងទុកនូវគោលដៅចំនួន ១៤/១៥។ នេះគឺជាការខិតខំប្រឹងប្រែងដ៏គួរឱ្យកត់សម្គាល់ ហើយជួយយើងបន្តមានកម្លាំងចលករ ដើម្បីខិតខំប្រឹងប្រែងសម្រេចឲ្យបានគោលដៅសេដ្ឋកិច្ច សង្គម ដែលមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានដាក់ចេញផងដែរ”។
សមាជិកាសភា លោកស្រី Nguyen Thi Thu Nguyet មកពីខេត្ត Dak Lak បានវាយតម្លៃថា ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រដ្ឋាភិបាលបានសម្របសម្រួលយ៉ាងសកម្ម អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីស្ដារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ យោងតាមសមាជិកសភាជាច្រើនរូបបានឲ្យដឹងថា ក្រៅពីការផ្ដោតសំខាន់លើដំណោះស្រាយរយៈពេលខ្លី និងមធ្យម រដ្ឋាភិបាលបានអនុវត្តន៍ដំណោះស្រាយរយៈពេលវែង ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព ដូចជា ការសន្យានៅសន្និសីទ COP26 ការសុក្រិតរបៀបរបបឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
លើកកម្ពស់សមត្ថភាពឆ្លើយតប និងភាពធន់នៃខឿនសេដ្ឋកិច្ច
ទាក់ទងនឹងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ២០២៣ សមាជិកសភាជាច្រើនបានចាត់ទុកថា ក្នុងលក្ខខ័ណ្ឌបច្ចុប្បន្ន បញ្ហាប្រឈមគឺធំធេងណាស់។ ទោះបីជាអតិផរណាស្ថិតនៅក្រោមការគ្រប់គ្រងក៏ដោយ ប៉ុន្តែតម្លៃប្រេងសាំងពិភពលោកកើនឡើង បានបង្កការលំបាកដល់សហគ្រាស និងជីវភាពរស់នៅរបស់ប្រជាជន។ សមាជិកសភាស្នើឲ្យមានដំណោះស្រាយឆ្លើយតបទាន់ពេលវេលា និងសមស្រប នៅពេលដែលតម្លៃប្រេងសាំងពិភពលោកទំនងជាបន្តមានការវិវឌ្ឍអវិជ្ជមាន។ លោក Hoang Duc Thang សមាជិកសភាមកពីខេត្ត Quang Tri បានឲ្យដឹងថា៖ “ចំពោះបញ្ហាប្រេងសាំង យើងចាំបាច់ត្រូវធ្វើរបាយការណ៍ដាក់ជូនរដ្ឋសភា ព្រមទាំងមានយុទ្ធសាស្ត្រដ៏ត្រឹមត្រូវអំពីបញ្ហានេះ។ ប្រាកដណាស់ថានាពេលអនាគត យើងត្រូវប្រឈមមុខនឹងបញ្ហាដែលមិនអាចទាយទុកជាមុនបានអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោក ក្នុងនោះមានផលប៉ះពាល់ពីរ៉ែ និងប្រេងសាំងផងដែរ”។
សមាជិកសភាធ្វើការពិភាក្សានៅសាលប្រជុំ |
យោងតាមផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ រដ្ឋាភិបាលវៀតណាមបានដាក់ចេញគោលដៅជំរុញខ្លាំងការអនុវត្តជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពនៃការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ដោយភ្ជាប់ជាមួយការផ្លាស់ប្ដូរគំរូកំណើន លើកកម្ពស់ទិន្នផល គុណភាព ប្រសិទ្ធភាព កម្លាំងប្រកួតប្រជែង ស្វ័យភាព និងភាពធន់របស់ខឿនសេដ្ឋកិច្ច។ តាមនោះ ផ្ដោតសំខាន់លើការបែងចែកទុនវិនិយោគសាធារណៈឲ្យបានត្រឹមត្រូវ ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ។ លោក Hoang Van Cuong សមាជិកសភាទីក្រុងហាណូយបានលើកសំណើថា៖ “ខ្ញុំចាត់ទុកថា ការបញ្ជាទិញគឺជាដំណោះស្រាយមួយ ដែលយើងបានលើកឡើងច្រើន ប៉ុន្តែមិនទាន់បានអនុវត្តន៍នៅឡើយ។ ចំពោះការវិនិយោគសាធារណៈ ប្រសិនបើយើងបានអនុវត្តន៍យន្តការយ៉ាងល្អ ក្នុងនោះមានយន្តការបញ្ជាទិញ ពោលគឺមិនម៉ែនជាការទន្ទឹងរង់ចាំគម្រោងឡើយ។ ខ្ញុំគិតថានេះគឺជាយន្តការរបត់ក្នុងការអនុវត្តការវិនិយោគសាធារណៈផងដែរ”។
សេដ្ឋកិច្ចវៀតណាមបានស្ដារឡើងវិញយ៉ាងខ្លាំងក្លាក្នុងរយៈពេល ៩ ខែដើមឆ្នាំកន្លងទៅ។ ការដែលសមាជិកសភាបានធ្វើការវិភាគ លើកភារកិច្ច និងដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនារយៈពេលខាងមុខ បានរួមចំណែកដ៏សំខាន់សម្រាប់រដ្ឋសភាសម្រេចចិត្តលើទិសដៅសម្រាប់ឆ្នាំ ២០២៣ ក៏ដូចជារួមចំណែកសម្រេចភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គមដំណាក់កាល ២០២១-២០២៥ ផងដែរ៕