ផ្តោតទៅលើការពិចារណានិងសម្រេចលើគម្រោងការណ៍សំខាន់ចំនួន៣

(VOVWORLD) - សន្និបាតលើកទី៧របស់គណៈកម្មាធិការប្រតិបត្តិមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី១២ កំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ដែលពិភាក្សានិងផ្ដល់យោបល់លើខ្លឹមសារមួយចំនួនដូចជា៖ ការកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ពិសេសគឺថ្នាក់យុទ្ធសាស្ត្រ ការកែទម្រង់គោលនយោបាយប្រាក់បៀវត្តន៍ ការកែទម្រង់គោលនយោបាយធានារ៉ាប់រង់សង្គម និងបញ្ហាសំខាន់ផ្សេងៗទៀត។ អញ្ជើញថ្លែងមតិ បើកសន្និបាត អគ្គលេខាលោក Nguyen Phu Trong បានសង្កត់ធ្ងន់ទៅលើបញ្ហាពាក់ព័ន្ធដល់ខ្លឹមសារទាំងអស់ពោលខាងលើ។
ផ្តោតទៅលើការពិចារណានិងសម្រេចលើគម្រោងការណ៍សំខាន់ចំនួន៣ - ảnh 1 អគ្គលេខាលោក Nguyen Phu Trong 

  ដំបូងបង្អស់ អគ្គលេខាលោក Nguyen Phu Trong បានអះអាងទៅលើ ការរីកធំធាត់របស់ជួរកម្មាភិបាល និងគុណសម្បត្តិក្នុងការងារកម្មាភិបាល គឺជាកត្តាគន្លឹះដែលបង្កើតឡើងសមិទ្ធិផលដ៏ធំធេង និងមានអត្ថន័យប្រវត្តិសាស្ត្រក្នុងបុព្វហេតុផ្លាស់ប្ដូថ្មីប្រទេសជាតិ។

        សម័យកាលណា ចលនាណាគឺកម្មាភិបាលនោះ

        អគ្គលេខាលោក Nguyen Phu Trong បានដកស្រង់សំណូមពរនៃសេចក្ដីសម្រេចចិត្តមហា សន្និបាតលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាមស្ដីពីការងារកម្មាភិបាល តាមនោះត្រូវផ្តោតទៅលើការកសាងជួរកម្មាភិបាល ពិសេសគឺកម្មាភិបាលថ្នាក់យុទ្ធសាស្ត្រឲ្យមានចរិយាសម្បត្តិសមត្ថភាពនិងកិត្យានុភាពយ៉ាងគ្រប់គ្រាន់ ឲ្យបានត្រឹមត្រូវតាមស្មារតី “សម័យកាលណា ចលនា ណាគឺកម្មាភិបាលនោះ”។ ដោយហេតុនេះ គណៈលេខាបានបង្កើតគណៈកម្មាធិការទទួលបន្ទុកការកសាងគម្រោងការណ៍ដើម្បីអនុវត្តន៍ភារកិច្ចនៃមហាសន្និបាតលើកទី១២ បូកសរុបរយៈពេល២០ឆ្នាំ (១៩៩៧-២០១៧) អនុវត្តន៍សេចក្ដីសម្រេចចិត្តមជ្ឈឹមទី៣ នីតិកាលទី៨ស្ដីពី “យុទ្ធសាស្ត្រកម្មាភិបាលក្នុងសម័យកាលជំរុញឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ” ព្រមទាំងឈរលើមូលដ្ឋាននោះកសាងគម្រោងការណ៍និងពង្រាងសេចក្ដីសម្រេចចិត្តដាក់ជូនសន្និបាតមជ្ឈឹមលើកនេះ។ លោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖

        “ត្រូវតែវិភាគ ព្យាកណ៍អំពីស្ថានភាពនៅក្នុងនិងក្រៅប្រទេសនាពេលខាងមុខ បំភ្លឺឲ្យបានច្បាស់លាស់នូវសំណូមពរ ភារកិច្ចថ្មី កាលៈទេសៈថ្មី ពិសេសគឺកត្តាដែលជះឥទ្ធិពលទាំងវិជ្ជមាននិងអវិជ្ជមានទៅលើកម្មាភិបាលនិងការងារកម្មាភិបាល។ ពីនោះ ដាក់ចេញដំណោះស្រាយធំៗ មានចរិលក្ខណៈលោតផ្លោះចំពោះការងារកម្មាភិបាល សំដៅកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ពិសេសគឺថ្នាក់យុទ្ធសាស្ត្រឲ្យមានចរិយាសម្បត្តិ សមត្ថភាពនិងកិត្យានុភាពយ៉ាងគ្រប់គ្រាន់”។

        កែទម្រង់ជាសារវ័ន្តនូវគោលនយោបាយប្រាក់បៀវត្តន៍

        អគ្គលេខាលោក Nguyen Phu Trong បានបញ្ជាក់យ៉ាងច្បាស់លាស់ថា គោលនយោបាយប្រាក់បៀវត្តន៍ជាចំណែកមួយដ៏សែនសំខាន់ ដែលមានទំនាក់ទំនងដ៏ផ្ចិតផ្ចង់ ជាមួយគោលនយោបាយផ្សេងៗទៀត ក្នុងប្រព័ន្ធគោលនយោបាយសេដ្ឋកិច្ចសង្គម។ តាមលោកអគ្គលេខាថា មកដល់ពេលដែល វៀតណាមត្រូវកែទម្រង់គោលនយោបាយប្រាក់បៀវត្តន៍។

        “ត្រូវឯកភាពលើការយោគយល់អំពីភាពចាំបាច់និងភាពបន្ទាន់នៃការលាតត្រដាងអនុវត្តកំណែទម្រង់គោលនយោបាយប្រាក់បៀវត្តន៍លើកនេះ កំណត់ឲ្យបានច្បាស់នូវទស្សនៈ គោលដៅទូទៅនិងគោលដៅដោយឡែកសំរាប់ដំណាក់កាលនីមួយៗ ធ្វើយ៉ាងម៉េច ដើម្បីការកែទម្រង់គោលនយោបាយប្រាក់បៀវត្តន៍លើកនេះ បង្កើតឡើងជំហានលោតផ្លោះជាពិតប្រាកបក្នុងការបែងចែកប្រាក់បៀវត្តន៍ បង្កើតកម្លាំងចលករសំរាប់ប្រជាពលករ ជួយឲ្យខឿនសេដ្ឋកិច្ចលើកកំពស់ផលិតភាព គុណភាព ប្រសិទ្ធភាពនិងកម្លាំងប្រកួតប្រជែង”។

        ឆ្ពោះទៅគោលដៅផ្ដល់សេវាធានារ៉ាប់រង់សង្គមសំរាប់ប្រជាជនទាំងមូល

        អគ្គលេខាលោក Nguyen Phu Trong បានស្នើឲ្យមជ្ឈឹមធ្វើការបូកសរុបនូវស្ថានភាពជាក់ស្ដែង ហើយព្យាករណ៍អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ថវិការដ្ឋ និងប្រាក់ចំណូលរបស់ប្រជាជនក្នុងរយៈពេលមធ្យមនិងយូរអង្វែង សំដៅបន្តជំរុញខ្លាំងនូវការផ្លាស់ប្ដូរថ្មី សុក្រិតគោលនយោបាយធានារ៉ាប់រង់សង្គមនាពេលខាងមុខ។

        “បើកទូលាយការគ្របដណ្ដប់នៃសេវាធានារ៉ាប់រង់សង្គម ឆ្ពោះទៅគោលដៅផ្ដល់សេវាធានារ៉ាប់រង់សង្គមសំរាប់ប្រជាជនទាំងមូល កែតម្រូវវ័យអាយុចូលនិវត្តន៍ឲ្យបានសមស្របនឹងស្ថានភាពថ្មី បង្កើនការតភ្ជាប់និងឧបត្ថម្ភគ្នារវាងគោលនយោបាយធានារ៉ាប់រង់សង្គមនានា។ យកចិត្តទុកដាក់ដល់វិស័យសាធារណៈនិងវិស័យឯកជន មនុស្សកំពុងធ្វើការនិងមនុស្សបានចូលនិវត្តន៍ កន្លែងមានទំនាក់ទំនងពលកម្មនិងកន្លែងមិនទាន់មានទំនាក់ទំនងពលកម្ម ពិសេសគឺចំពោះកម្មករ ជនក្រីក្រ និងជនងាយរងគ្រោះក្នុងសង្គម”។

        តាមអគ្គលេខាលោក Nguyen Phu Trong ថា សន្និបាតមជ្ឈឹមលើកនេះប្រព្រឹត្តទៅនាចំពាក់កណ្ដាលនីតិកាលទី១២ ក្នុងកាលៈទេសៈដែលបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិមានបម្រែបម្រួលវិជ្ជមានជាច្រើនដោយឱកាសនិងកាលានុវត្តភាពដ៏ល្អប្រសើរជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ