ពង្រីកកិច្ចសហប្រតិបត្តិការរវាង EU អាមេរិកឡាទីន និងការាបៀន

(VOVWORLD) - នាថ្ងៃតី ១៩ កក្កដា ថ្នាក់ដឹកនាំអឺរ៉ុបជា ៥០ រូប និងសហគមន៍នៃបណ្ដាប្រទេសអាមេរិកឡាទីន និងការាបៀនបន្តចូលរួមកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) និងសហគមន៍នៃបណ្ដាប្រទេសអាមេរិកឡាទីន និងការាបៀន (CELAC) ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ កក្កដានៅទីក្រុងប្រ៊ុចសែល (បែលហ្សិក)។ 
ពង្រីកកិច្ចសហប្រតិបត្តិការរវាង EU អាមេរិកឡាទីន និងការាបៀន - ảnh 1ថ្នាក់ដឹកនាំអឺរ៉ុប សហគមន៍នៃបណ្ដាប្រទេសអាមេរិកឡាទីន និងការាបៀន។  រូបថត៖ Jean-Christophe Verhaegen/AFP

កិច្ចប្រជុំឆ្ពោះទៅការពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ហើយមានផលប្រយោជន៍ដូចគ្នា លើវិស័យអាទិភាពខ្ពស់ ដូចជាការផ្តល់ជំនួយអភិវឌ្ឍន៍ ប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀងអាហារ និងថាមពលកកើតឡើងវិញ ព្រមទាំងបង្កើតកម្លាំងចលករសម្រាប់ការចរចារវាង EU និង ប្លុកទីផ្សាររួមអាមេរិកខាងត្បូង(MERCOSUR)។

ចែករំលែកចក្ខុវិស័យរួម EU អាមេរិកឡាទីន និងការាបៀន

ដោយបានបង្កើតឡើងនាឆ្នាំ ២០១០ CELAC គឺជាប្លុកតភ្ជាប់ ដែលមានប្រទេសអាមេរិកឡាទីនចំនួន ៣៣ និងការាបៀន ដើម្បីបង្កើនកិច្ចសន្ទនានយោបាយ សមាហរណកម្មវប្បធម៌ សង្គម កែលម្អគុណភាពជីវភាពរស់នៅរបស់ប្រជាជន ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់។ កិច្ចប្រជុំកំពូល EU-CELAC លើកដំបូងបានប្រព្រឹត្តទៅនៅទីក្រុង Santiago de Chile (រដ្ឋធានីនៃប្រទេសឈីលី) ក្នុងឆ្នាំ ២០១៣ ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជំរុញការវិនិយោគប្រកបដោយគុណភាពលើវិស័យសង្គម និងបរិស្ថានរវាងភាគីទាំងពីរ។ កិច្ចប្រជុំកំពូលលើកទី២ នៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) នាឆ្នាំ ២០១៥ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានឯកភាពគ្នាធ្វើសកម្មភាព ដើម្បីសង្គមប្រកបដោយវិបុលភាព តភ្ជាប់ និងទូលំទូលាយជាង។ ក្រោយរយៈពេល ៨ ឆ្នាំអាក់ខានមក កិច្ចប្រជុំកំពូល EU-CELAC លើកទី ៣ នេះ ប្រព្រឹត្តិទៅក្នុងបរិបទ ដែលតំបន់អាមេរិកឡាទីន និងតំបន់ការាបៀនកំពុងជាទីផ្សារលេចចេញថ្មី ទាក់ទាញប្រភពទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ជាច្រើន។ កិច្ចប្រជុំនេះត្រូវបានចាត់ទុកថា នឹងបង្កើតការចាប់ផ្តើមថ្មីសម្រាប់ទំនាក់ទំនងរវាងតំបន់ទាំងពីរដោយផ្អែកលើមូលដ្ឋានគ្រឹះនៃតម្លៃរួម ព្រោះថា អាមេរិកឡាទីន កាបៀន និង EU ធ្លាប់មានចំណុចស្រដៀងគ្នាក្នុងប្រវត្តិសាស្ត្រ ហើយបច្ចុប្បន្ននេះគឺជាពេលវេលាអំណោយផល សម្រាប់ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការ រួមគ្នាអភិវឌ្ឍន៍។ តាមនោះ អាមេរិកឡាទីន និងការាបៀនមានប្រភពធនធានចាំបាច់សម្រាប់អឺរ៉ុប ខណៈដែលតំបន់នេះត្រូវការ បច្ចេកវិទ្យា លទ្ធផលស្រាវជ្រាវ និងវិទ្យាសាស្រ្តពីអឺរ៉ុប ដើម្បីធ្វើអាជីវកម្មលើប្រភពធនធានធម្មជាតិដែលមានស្រាប់ ប្រកបដោយប្រសិទ្ធភាព។ មុនកិច្ចប្រជុំកំពូល EU-CELAC លើកទី៣ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស របស់ EU លោក Josep Borrell បានអះអាងថា EU និង CELAC មានឆន្ទៈដូចគ្នា ដើម្បីរួមគ្នាឆ្ពោះទៅគោលដៅនាពេលអនាគត។

ឆ្ពោះទៅអនាគតប្រកបដោយនិរន្តរភាព

គណៈកម្មការសេដ្ឋកិច្ចអាមេរិកឡាទីន និងការាបៀន (CEPAL) នាពេលថ្មីៗនេះបានឲ្យដឹងថា FDI ចូលមកតំបន់នេះបានកើន ៥៥,២% ក្នុងឆ្នាំ ២០២២ ដល់កម្រិតឯតទគ្គកម្ម ២២៤,៥៧៩ ពាន់លានដុល្លារអាមេរិក។ ក្នុងចំណោមវិនិយោគិនបរទេស EU  (លើកលែងហូឡង់ និងលុចសំបួ) ស្រូបយក ១៧% ។ ដោយឡែក ក្នុងឆ្នាំ ២០២២ តម្លៃពាណិជ្ជកម្មរវាង EU អាមេរិកឡាទីន និងតំបន់ការាបៀនសម្រេចបានប្រមាណ ៣០០ ពាន់លានដុល្លារអាមេរិក។ ក្នុងនាមជាវិនិយោគិនបរទេសជួរមុខនៅតំបន់អាមេរិកឡាទីននិងការាបៀន EU កំពុងអនុវត្តន៍គម្រោងវិនិយោគអូសបន្លាយដល់ឆ្នាំ ២០២៧ នៅតំបន់នេះ គ្រោងមានតម្លសប្រមាណ ១០ ពាន់លានអឺរ៉ូ។ នេះគឺជាកញ្ចប់វិនិយោគអន្តរជាតិក្នុងក្របខណ្ឌនៃកម្មវិធី Global Gateway ដែលជាគំនិតផ្តួចផ្តើមរបស់គណៈកម្មការអឺរ៉ុប (EC) ដើម្បីផ្តល់ប្រាក់ប្រហែល ៣០០ ពាន់លានអឺរ៉ូដល់គម្រោងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ភាគច្រើនជាការផ្លាស់ប្ដូរបៃតង និងឌីជីថលសកល ក្នុងនោះមានអាមេរិកឡាទីន និងការាបៀន។ យោងតាមប្រធាន EC លោកស្រី Ursula von der Leyen បានឲ្យដឹងថា EU នឹងបង្កើនកញ្ចប់វិនិយោគទ្វេដងទៅលើគម្រោងនានា ដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅតំបន់អាមេរិកឡាទីន ផ្តោតសំខាន់លើការឧបត្ថម្ភការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាត។ នៅចំពោះសក្កានុពលសហប្រតិបត្តិការដ៏ធំធេង កិច្ចប្រជុំកំពូល EU-CELAC លើកទី ៣ បានចំណាយពេលវេលាភាគច្រើនដល់កិច្ចសន្ទនាដើម្បីគោលដៅអភិវឌ្ឍន៍បៃតង និងកំណត់ដំណោះស្រាយ ដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសកល។

ពង្រីកកិច្ចសហប្រតិបត្តិការរវាង EU អាមេរិកឡាទីន និងការាបៀន - ảnh 2ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen (ស្ដាំ) និងប្រធានាធិបតីប្រេស៊ីល Lula da Silva (ឆ្វេង)។ រូបថត៖ AFP

ទោះបីជាការជំរុញកិច្ចសហប្រតិបត្តិការជានិន្នាការសំខាន់ក្នុងទំនាក់ទំនងរវាង EU អាមេរិកឡាទីន និងតំបន់ការាបៀនក៏ដោយ ប៉ុន្តែរវាង EU និងប្លុកទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) ដែលជាប្លុកសេដ្ឋកិច្ចធំទី ៥ នៅលើពិភពលោកនៅតំបន់អាមេរិកឡាទីន និងការាបៀន រួមាន៖ ប្រេស៊ីល អាហ្សង់ទីន អ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយ នៅតែមានការខ្វែងគំនិតគ្នាដែលចាំបាច់ត្រូវដោះស្រាយ។ ភាគីទាំងពីរសម្រេចបានកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ក្នុងឆ្នាំ ២០១៩ ក្រោយរយៈពេល ២ ទសវត្សរិ៍ នៃការចរចាដ៏លំបាក។ ទោះជាយ៉ាងណាក៏ដោយ នាបច្ចុប្បន្ន ឯកសារនេះនៅតែមិនទាន់ត្រូវបានផ្ដល់សច្ចាប័ន ដោយសារអឺរ៉ុបបារម្ភអំពីស្ថានការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់អាម៉ាហ្សូន។ លើសពីនេះ ប្រទេសនៅអឺរ៉ុបមួយចំនួនដែលមានវិស័យកសិកម្មខ្លាំង ជាពិសេសគឺបារាំង មិនចង់បើកទ្វារទីផ្សារសម្រាប់ផលិតផលកសិកម្មពីប្លុកទីផ្សាររួមនៅអាមេរិកខាងត្បូងឡើយ។ ដូច្នេះ ភារកិច្ចសំខាន់មួយនៃកិច្ចប្រជុំកំពូល EU-CELAC គឺបើកផ្លូវសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-MERCOSUR ឲ្យក្លាយទៅជាការពិត។

ទោះបីជាមានការខ្វែងគំនិតគ្នាក៏ដោយ ប៉ុន្តែ ថ្នាក់ដឹកនាំ CELAC និង EU នៅតែមានជំនឿជាច្រើនថា កិច្ចប្រជុំកំពូល EU-CELAC លើកនេះនឹងមានការសម្រេចចិត្តសំខាន់ៗ ដើម្បីបង្កើតបរិយាកាសអំណោយផលជួយពង្រីកកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ សំដៅរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសកល ដើម្បីការអភិវឌ្ឍរបស់តំបន់ទាំងពីរ និងនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ