ពង្រីកធនធានពីអាណិកជនក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ
(VOVWORLD) - បច្ចុប្បន្ននេះ វៀតណាមមានអាណិកជនចំនួនជាង ៥,៣ លាននាក់ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសនិងតំបន់ដែនដីជាង ១៣០ ជុំវិញពិភពលោក។ ក្នុងបុព្វហេតុកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ សហគមន៍ជនវៀតណាមនៅឯបរទេស ជានិច្ចកាលរួមដំណើរជាមួយលំហូរនៃផែនមហាសាមគ្គីជនជាតិទាំងមូល ដោយមានការរួមវិភាគទានដ៏ធំធេងជាច្រើនសម្រាប់ មាតុភូមិ។
ថ្នាក់ដឹកនាំទីក្រុងហូជីមិញនិងតំណាងអាណិកជនវៀតណាមចូលរួមកម្មវិធីជួបជុំស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ (រូបថត៖ sggp.org.vn) |
អាណិកជនវៀតណាមរួមវិភាគទានគ្រប់ជ្រុងជ្រោយក្នុងការអភិវឌ្ឍប្រទេសជាតិ
ដោយមានឧត្តមភាពគឺចំណេះដឹង និងបទពិសោធន៍ អាណិកជនវៀតណាមគឺជាប្រភពពណ៌ប្រផេះដ៏សំខាន់សម្រាប់ប្រទេសជាតិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជារៀងរាល់ឆ្នាំ មានអ្នកជំនាញ បញ្ញាវ័ន្តវៀតណាមនៅក្រៅប្រទេសប្រមាណ ៥០០នាក់ ភាគច្រើនមកពីប្រទេសអភិវឌ្ឍន៍ បានវិលត្រឡប់មកមាតុប្រទេសវិញ ដើម្បីចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកសាងនិងតាក់តែងគោលនយោបាយ ពិគ្រោះយោបល់សម្រាប់រដ្ឋាភិបាល ក្រសួង ស្ថាប័ននិងមូលដ្ឋានលើវិស័យអភិវឌ្ឍន៍ថ្មីៗរបស់វៀតណាម។
ធនធានដ៏សំខាន់មួយទៀតរបស់អាណិកជនដែលរួមចំណែកទៅក្នុងការអភិវឌ្ឍប្រទេសជាតិនោះ គឺធនធានផ្នែកសេដ្ឋកិច្ច។ រហូតមកដល់ពេលនេះ អាណិកជនវៀតណាម បានវិនិយោគលើ គម្រោងរាប់ពាន់ដែលមានដើមទុនរាប់ពាន់លានដុល្លារអាមេរិក បានរួមចំណែកបង្កើតការងារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។ សហគ្រិនវៀតណាមនៅក្រៅប្រទេស បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញពាណិជ្ជកម្ម ការតភ្ជាប់ការវិនិយោគ និងការផ្សព្វផ្សាយម៉ាកយីហោទំនិញវៀតណាមនៅតាមប្រទេសសាមី ជាពិសេសមុខទំនិញជាប្រៀបខ្លាំងរបស់វៀតណាមដូចជា៖ សម្លៀកបំពាក់ ស្បែកជើង កសិផល អាហារ សិប្បកម្មវិចិត្រសិល្បៈ។ ល។ លោក Hoang Manh Hue ប្រធានសម្ព័ន្ធសមាគមធុរកិច្ចវៀតណាមនៅអឺរ៉ុបបានឲ្យដឹងថា៖
“ប្រៀបខ្លាំងរបស់សហគមន៍ធុរកិច្ចវៀតណាមនៅអឺរ៉ុប គឺគេមានមជ្ឈមណ្ឌលពាណិជ្ជកម្ម។ មជ្ឈមណ្ឌលពាណិជ្ជកម្មទាំងនេះត្រូវបានសាងសង់ប្រកបដោយរបៀបរៀបរយ ងាយស្រួលសម្រាប់សហគ្រាសក្នុងការលក់ទំនិញនៅទីនោះ។ នេះក៏ជាកន្លែងដើម្បីឧទ្ទេសនាមពីផលិតផលផងដែរ។ មានសហគ្រាសខ្លះដែលទទួលបានជោគជ័យយ៉ាងខ្លាំង ដោយបង្កើតបាននូវខ្សែសង្វាក់ផ្គត់ផ្គង់ ក្លាយជាស្ពាននាំទំនិញពីវៀតណាមចូលក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់សហគ្រាសនៅប្រទេសសាមី”។
លើសពីនេះ ជនវៀតណាមនៅឯបរទេស ក៏ជាកត្តាសំខាន់មួយ ដែលរួមចំណែកក្នុងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅរបស់វៀតណាមទៅក្នុងជីវភាពអន្តរជាតិ រួមគ្នាកៀងគរធនធានអន្តរជាតិសម្រាប់បុព្វហេតុកសាង និងអភិវឌ្ឍន៍ស្រុកកំណើតទៀតផង។ សហគមន៍ជនវៀតណាមនៅឯបរទេស ក៏ជាអ្នកដែលថែរក្សា ជាអ្នកនាំសារដើម្បីផ្សព្វផ្សាយវប្បធម៌ ទឹកដីនិងមនុស្ស វៀតណាមផងដែរ។ សហគមន៍ជនវៀតណាមនៅឯបរទេស ក៏ជួយឧបត្ថម្ភ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងមនុស្សធម៌ឆ្ពោះទៅមាតុភូមិ គាំទ្រប្រទេសជាតិក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត; ជួយប្រជាពលរដ្ឋក្នុងប្រទេសដែលមានស្ថានភាពលំបាក រងគ្រោះដោយខ្យល់ព្យុះ ទឹកជំនន់ គ្រោះធម្មជាតិ ប្រជាពលរដ្ឋក្រីក្រនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន កោះសមុទ្រ។ ល។
ការរួមវិភាគទានគ្រប់ជ្រុងជ្រោយរបស់សហគមន៍ជនវៀតណាមនៅឯបរទេសបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ បង្ហាញនូវសេចក្ដីស្នេហាជាតិ ស្មារតីមោទនភាពជាតិរបស់ប្រជាជនវៀតណាមលើទូទាំងពិភពលោក។
បង្កើតលក្ខខណ្ឌទាំងអស់ដើម្បីពង្រីកធនធានអាណិកជនក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ
ទស្សនៈដ៏ខ្ជាប់ខ្ជួននិងឥតងាករេរបស់បក្ស និងរដ្ឋនោះគឺ “សហគមន៍ជនវៀតណាមនៅឯបរទេស គឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីសហគមន៍ប្រជាជាតិវៀតណាមបានឡើយ”។ ការងារជនវៀតណាមនៅឯបរទេសនិយាយរួម និងការងារមហាសាមគ្គីភាពចំពោះជនវៀតណាមនៅឯបរទេស ជានិច្ចកាលទទួលបានការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីបក្សនិងរដ្ឋ។ មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានសង្កត់ធ្ងន់លើការបន្តពង្រីកកម្លាំងមហាសាមគ្គីជនជាតិទាំងមូល អនុវត្តន៍ឲ្យកាន់តែទូលំទូលាយ និងខ្លាំងក្លាថែមទៀតនូវការងារ ជនវៀតណាមនៅឯបរទេស ក្នុងនោះមានភារកិច្ចសំខាន់ៗ៖ ជួយឧបត្ថម្ភជនវៀតណាមនៅបរទេសឲ្យមានឋានៈគតិយុត្តរឹងមាំ អភិវឌ្ឍន៍សេដ្ឋកិច្ចនិងជីវភាពរស់នៅ ធ្វើសមាហរណកម្មទៅក្នុងសង្គមនៃប្រទេសសាមី លើកកំពស់ប្រសិទ្ធភាពនៃការការពារប្រជាពលរដ្ឋ គ្រប់គ្រងពលករ និងនិស្សិតវៀតណាមនៅឯបរទេស។ ល។ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជន វៀតណាមនៅឯបរទេសក្នុងការថែរក្សាភាសាវៀតណាម និងអត្តសញ្ញាណវប្បធម៌ជាតិ។ បំពេញឲ្យបានល្អនូវការងារឃោសនាអំពីស្ថានការណ៍ក្នុងប្រទេស ជួយអាណិកជនឆ្ពោះទៅមាតុភូមិ មានការយល់ដឹងនិងសកម្មភាពស្របតាមផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជាតិ ក៏ដូចជាមានគោលនយោបាយទាក់ទាញធនធានពីជនវៀតណាមនៅឯបរទេស រួមវិភាគទានយ៉ាងសកម្មដល់បុព្វហេតុកសាង និងការពារមាតុភូមិផងដែរ”។
ស្ដីពីការងារអាណិកជនវៀតណាម នាពេលខាងមុខ លោក Ngo Trinh Ha អនុប្រធានគណៈ កម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស (ក្រសួងការបរទេស) បានឲ្យដឹងថា៖
“ក្រសួងការបរទេសកំពុងសម្របសម្រួលជាមួយក្រសួង មន្ទីរ ស្ថាប័ន និងមូលដ្ឋាននានា ដើម្បីបង្កើនគោលនយោបាយទាក់ទាញធនធានពីជនវៀតណាមនៅឯបរទេសសម្រាប់បម្រើការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងកែលម្អបទប្បញ្ញត្តិស្តីពីអន្តោប្រវេសន៍ និងការវិនិយោគ ធ្វើអាជីវកម្មរបស់បងប្អូនអាណិកជននៅក្នុងប្រទេស។ ក្រៅពីនោះ រៀបចំសន្និសិទ សិក្ខាសាលាជាច្រើន បង្កើតវេទិការសម្រាប់បងប្អូនអាណិកជនរួមចំណែកដោះស្រាយបញ្ហាអភិវឌ្ឍន៍របស់ប្រទេសជាតិ ក៏ដូចជារៀបចំសកម្មភាពតភ្ជាប់អាណិកជនជាមួយមូលដ្ឋានក្នុងប្រទេសផងដែរ”។
ក្នុងបរិបទដែលវៀតណាមកាន់តែធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ការពង្រីកស្មារតីមហាសាមគ្គីជនជាតិទាំងមូល របស់ប្រជាជនវៀតណាមនៅក្នុងនិងក្រៅប្រទេសគឺការបង្កើតធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍប្រទេសនិងអភិវឌ្ឍសហគមន៍។ សេចក្ដីស្នេហាជាតិ និងមោទនភាពជាតិ នឹងក្លាយជាទីបង្អែកនិងកម្លាំងសម្រាប់ប្រជាជនវៀតណាមនៅឯបរទេស រួមជាមួយប្រជាជនក្នុងប្រទេស ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចបានក្តីសុបិនអំពីប្រទេសវៀតណាមដែលអភិវឌ្ឍន៍ប្រកបដោយវិបុលភាព មានឋានៈខ្ពង់ខ្ពស់ ប្រកៀកស្មាជាមួយប្រទេសមហាអំណាចនៃទ្វីបទាំងប្រាំ៕