ពង្រឹងកិច្ចសហប្រតិបត្តិការសភារវាងវៀតណាមនិងហុងគ្រី

(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាវៀត ណាមកំពុងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅហុងគ្រីចាប់ពី ថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមិថុនា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាហុងគ្រី លោក László Kövér។ ដំណើរទស្សនកិច្ចជាមួយនឹងសកម្មភាពជាច្រើនលើកនេះ បានរួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងទំនាក់ទំនងសភាដ៏ល្អប្រសើររវាងវៀតណាមនិងហុងគ្រី ក្នុងបរិបទដែលប្រទេស ទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ ១៩។

ពង្រឹងកិច្ចសហប្រតិបត្តិការសភារវាងវៀតណាមនិងហុងគ្រី - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងអនុប្រធានរដ្ឋសភាហុងគ្រីលោក Istvan Jakab។ (រូបថត៖ quochoi.vn)

ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លង មកមានការរីកចម្រើនជាវិជ្ជមាន ចាប់តាំងពីភាគីទាំងពីរបានដំឡើងទំនាក់ទំនងទៅជាភាព ជាដៃគូគ្រប់ជ្រុងជ្រោយក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នៅហុងគ្រី (ឆ្នាំ ២០១៨) ដែលបង្ហាញពីការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។

នាំកិច្ចសហប្រតិបត្តិការសភាឆ្ពោះទៅរកភាពជាក់ស្ដែង

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋសភាវៀតណាម និងហុងគ្រីតែងតែរក្សាដំណើរទស្សនកិច្ចជាប្រចាំ ការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាពហុភាគីដូចជា សហភាពអន្តរសភា (IPU) កិច្ចប្រជុំដៃគូសភាអាស៊ី-អឺរ៉ុប (ASEP); ការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យសកម្មភាព សភា ជាពិសេសការកសាង និងសុក្រិតច្រករបៀងគតិយុត្ត ដើម្បីជួយសម្រួលសហគ្រាស និងវិនិយោគិននៃប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការអាជីវកម្មប្រកបដោយស្ថិរភាពនិងយូរអង្វែង។ ក្នុងរយៈពេលកន្លងមក ទោះបីជាជំងឺរាតត្បាតកូវីដ-១៩ បានបណ្ដាលឲ្យសកម្មភាពការទូតជួបការលំបាកជាច្រើនក៏ដោយ ក៏រដ្ឋសភានៃប្រទេសទាំងពីរនៅតែជំរុញខ្លាំងការពិភាក្សា ការផ្លាស់ប្តូរតាមអ៊ីនធឺណិត និងផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យសកម្មភាពសភានានា។ ជាពិសេស គណៈ ប្រតិភូរដ្ឋសភាហុងគ្រី ដឹកនាំដោយអនុប្រធានទី១រដ្ឋសភាហុងគ្រី លោកស្រី Márta Mátrai គឺជាគណៈប្រតិភូអន្តរជាតិដំបូងគេដែលបានមកបំពេញទស្សនកិច្ចនៅរដ្ឋសភាវៀតណាមនៅដើមឆ្នាំ២០២២។

វៀតណាមនិងហុងគ្រីក៏បានសហការគ្នាចំនួន៣លើក ដើម្បីរៀបចំសិក្ខាសាលារួមរវាងរដ្ឋសភាទាំងពីរលើប្រធានបទ៖ “ការសុក្រិតច្បាប់ក្នុងដំណើរការសមាហរណកម្មអន្តរជាតិ” “ការអភិវឌ្ឍន៍កសិកម្មប្រកបដោយចីរភាពនិងសុវត្ថិភាពអាហារ” ឬ“ចែករំលែកបទពិសោធន៍ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩”។

បន្តជោគជ័យនៃជំនួបប្រាស្រ័យជាន់ខ្ពស់រវាងប្រទេសទាំងពីរនាពេលកន្លងមក ដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រីរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានបង្ហាញយ៉ាងច្បាស់នូវគោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតលើកទី១៣របស់បក្ស ថែរក្សានិងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី; បង្កើនផលប្រយោជន៍រួម និងការជឿទុកចិត្តជាមួយប្រទេសដៃគូ។

ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងសម្របសម្រួលរៀបចំសិក្ខាសាលានីតិប្បញ្ញត្តិលើកទី៤ ក្រោមប្រធានបទ “ការសុក្រិតក្របខ័ណ្ឌគតិយុត្តស្តីពីការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ថាមពលកកើតឡើងវិញ និងសេដ្ឋកិច្ចបៃតង”។ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសភាទាំងពីរសម្រាប់ដំណាក់កាលបន្ទាប់ ក៏ត្រូវបានរំពឹងថា នឹងត្រូវបានចុះហត្ថលេខាផងដែរ។ នេះជាមូលដ្ឋានគតិយុត្តដ៏សំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការសភានាពេលខាងមុខ។ លោក Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាបានចាត់ទុកថា៖

“ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសភាទាំងពីរសម្រាប់ដំណាក់កាលបន្ទាប់ នឹងរួមចំណែកពង្រឹងទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ ដោយឯកភាពគ្នាផ្លាស់ប្តូរគណៈប្រតិភូឲ្យកាន់តែញឹកញាប់ មិនត្រឹមតែនៅកម្រិតថ្នាក់ដឹកនាំនៃរដ្ឋសភាប៉ុណ្ណោះទេ ថែមទាំងនៅកម្រិតគណៈកម្មាធិការ ក្រុមសមាជិករដ្ឋៃភាមិត្តភាព និងសមាជិករដ្ឋសភាវ័យក្មេងទៀតផង។ លេខាធិការដ្ឋានរដ្ឋសភាហុងគ្រី និងរដ្ឋសភាវៀតណាមក៏នឹងបង្កើនការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍នីតិបញ្ញត្តិ និងសម្របសម្រួលជំហរគ្នានៅវេទិកាអន្តរជាតិ”។

ពង្រឹងកិច្ចសហប្រតិបត្តិការសភារវាងវៀតណាមនិងហុងគ្រី - ảnh 2ថ្នាក់ដឹកនាំក្រុមហ៊ុន Mirelite Mirsa ទទួលស្វាគមន៍ប្រធានរដ្ឋសភាវៀតណាម
លោក Vuong Dinh Hue មកទស្សនាក្រុមហ៊ុននាថ្ងៃទី២៦ មិថុនា ឆ្នាំ២០២២។
(រូបថត៖ quochoi.vn)

រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

ក្រៅពីកិច្ចសហប្រតិបត្តិការសភា ដំណើរទស្សនកិច្ចនៅហុងគ្រីរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗទៀត ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម-វិនិយោគ សុខាភិបាល វប្បធម៌ អប់រំ បណ្តុះបណ្តាល។ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅហុងគ្រី លោកស្រី Nguyen Thi Bich Thao បានឲ្យដឹងថា៖

“ដំណើរទស្សនកិច្ចនេះនឹងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ យុត្តិធម៌ និងច្បាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ហើយវិស័យមួយចំនួនដែលមានសក្ដានុពលស្រាប់ ដូចជាទេសចរណ៍ឬពលកម្ម”។

លោក Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាបានចាត់ទុកថា៖

“ហុងគ្រីគឺជាប្រទេលដែលបានផ្តល់អាហារូបករណ៍ជាច្រើនដល់យើងនាពេលកន្លងមក ជាមួយនឹងអាហារូបករណ៍ចំនួន ២០០ ចំណែកក្នុងមួយឆ្នាំ។ យើងនឹងសម្របសម្រួលជាមួយមិត្ត រៀបចំវេទិកាអប់រំនិងបណ្តុះបណ្តាល ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ។ និស្សិតដែលទទួលការបណ្តុះបណ្តាលនៅហុងគ្រីលើជំនាញឱសថសាស្រ្ត និងអេឡិចត្រូនិចនឹងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសវៀតណាមក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ”។

ចាប់តាំងពីត្រូវបានដំឡើងទៅជា “ទំនាក់ទំនងភាពដៃគូគ្រប់ជ្រុងជ្រោយ” ក្នុងឱកាសដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ទៅកាន់ហុងគ្រីកាលពីឆ្នាំ២០១៨មក ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ហុងគ្រីបានរីកចម្រើនយ៉ាងសកម្មលើគ្រប់វិស័យ។ ដំណើរទស្សនកិច្ចនៅហុងគ្រីលើកនេះរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue នឹងលើកកំពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពនិងជាក់ស្តែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ