ពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសរវាងវៀតណាម-ឡាវដោយឥតឈប់ឈរ

(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោក Sonexay Siphandon នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឡាវ និងអញ្ជើញធ្វើជាសហប្រធានសម័យប្រជុំលើកទី ៤៥ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ និងបិទបញ្ចប់ឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម - ឡាវ និងឡាវ - វៀតណាមឆ្នាំ ២០២២ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមករា។ 
ពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសរវាងវៀតណាម-ឡាវដោយឥតឈប់ឈរ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone ក្នុងពិធីស្វាគមន៍។ រូបថត៖ VNA

ដំណើរទស្សនកិច្ចនេះសំដៅរួមចំណែកជំរុញខ្លាំងនូវទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម - ឡាវឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពថែមទៀត ក៏ដូចជា ជំរុញទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាម-ឡាវក្នុងអាណត្តិថ្មីផងដែរ។

សញ្ញាសម្គាល់លេចធ្លោមួយចំនួនក្នុងឆ្នាំ ២០២២

ក្នុងឆ្នាំ ២០២២ ទំនាក់ទំនងនៃប្រទេសទាំងពីរមានសកម្មភាពគួរឲ្យកត់សម្គាល់ជាច្រើន។ ភាគីទាំងពីរបានរក្សាជំនួបប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាប្រចាំលើគ្រប់ក្របខ័ណ្ឌ។ ជាក់ស្ដែង ភាគីទាំងពីរបានសម្របសម្រួលគ្នារៀបចំឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម - ឡាវ  ឡាវ- វៀតណាម ឆ្នាំ ២០២២ ជាពិសេសគឺពិធីអបអរសាទរ យ៉ាងឧឡារិក រំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត ( ៥ ឧសភា ឆ្នាំ ១៩៦២) និង ៤៥ រំលឹកខួបលើកទី ៤៥  ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការរវាងវៀតណាម និងឡាវ (១៨ កក្កដា ឆ្នាំ ១៩៧៧) រួមទាំងសកម្មភាពដ៏មានអត្ថន័យជាច្រើនទៀតនៅរដ្ឋធានី និងខេត្ត ក្រុងរបស់ប្រទេសនីមួយៗ។ ភាគីទាំងពីរបានបន្តរក្សា និងពង្រីកប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគីដ៏សំខាន់ៗ ក្នុងនោះមានការរៀបចំប្រកបដោយជោគជ័យនៃសម័យប្រជុំលើកទី ៤៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ (ខែមករា ឆ្នាំ ២០២២)។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខបន្តជាសសរស្តម្ភដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី រួមចំណែកថែរក្សាស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមរបស់ប្រទេសនីមួយៗ និងតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគបន្តត្រូវបានយកចិត្តទុកដាក់ និងជំរុញ។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២២ ត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន ១,៦៨ ពាន់លានដុល្លារអាមេរិក កើន ២០% បើប្រៀបធៀបនឹងឆ្នាំ ២០២១។ នាបច្ចុប្បន្ន វៀតណាម មានគម្រោងវិនិយោគដែលមានសុពលភាពចំនួន ២៣៨ នៅឡាវ ជាមួយទុនចុះបញ្ជីសរុបប្រមាណ ៥,៣៤ ពាន់លានដុល្លារអាមេរិក បន្តជាវិនិយោគិនធំទីបីនៅឡាវ។

កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល វប្បធម៌ និងទេសចរណ៍បន្តត្រូវបានពង្រឹង ជាពិសេសគឺបន្ទាប់ពីពេលដែលប្រទេសទាំងពីរបានគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយជោគជ័យ ព្រមទាំងបើកសកម្មភាពប្រទេសឡើងវិញ។ កិច្ចសហប្រតិបត្តិការរវាងបណ្តាមូលដ្ឋាន ជាពិសេសគឺបណ្តាមូលដ្ឋានជាប់ព្រំដែនបន្តត្រូវបានពង្រឹង ជាពិសេសគឺក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ការថែទាំសុខាភិបាល ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន។

លើសពីនេះ ភាគីទាំងពីរបានសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកនៅតាមវេទិកាពហុភាគី ជាពិសេសគឺអង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងយន្តការអនុតំបន់នានាផងដែរ។

ពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសរវាងវៀតណាម-ឡាវដោយឥតឈប់ឈរ - ảnh 2កិច្ចប្រជុំលើកទី៤៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ (ខែមករា ឆ្នាំ២០២២)។ រូបថត៖ VNA

កម្លាំងចលករសម្រាប់បុព្វហេតុផ្លាស់ប្ដូរថ្មី និងសមាហរណកម្មនៅប្រទេសនីមួយៗ

ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅឡាវ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone ព្រមទាំងទទួលជួបថ្នាក់ដឹកនាំកំពូលបំផុតរបស់ឡាវ។ នេះនឹងជាឱកាសដ៏ល្អប្រសើរ សម្រាប់ភាគីទាំងពីរធ្វើការផ្លាស់ប្ដូរ សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ព្រមទាំងរួមគ្នាចាត់វិធានការសមស្រប ដើម្បីឆ្លើយតបនឹងការលំបាក សាកល្បង ដែលកើតមានឡើងនៅប្រទេសនីមួយៗ នៅក្នុងតំបន់ និងពិភពលោក។

ក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាម ដោយបានអះអាងពីការយកចិត្តទុកដាក់ ការយោគយល់ និងការចែករំលែករបស់បក្ស រដ្ឋ ចំពោះបងប្អូនជនរួមជាតិនៅប្រទេសសាមី រួមចំណែកពង្រឹង និងពង្រីកផែនមហាសាមគ្គី និងកម្លាំងពលំប្រជាជាតិទាំងមូល។ ដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងថា នឹងសម្រេចបានលទ្ធផលដ៏សំខាន់ៗជាច្រើនលើវិស័យសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ ជាពិសេសគឺកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ-ការពារជាតិ នយោបាយ-ការទូត និងសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ អះអាងនូវគោលការណ៍ និងគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដោយយកចិត្តទុកដាក់ និងផ្តល់អាទិភាពដល់ទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម - ឡាវ ព្រមទាំងអះអាងពីការគាំទ្ររបស់វៀតណាមចំពោះឡាវ ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី និងសមាហរណកម្មរបស់ឡាវ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumsay Kommasith បានសង្កត់ធ្ងន់ថាដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានអត្ថន័យដ៏សំខាន់ចំពោះទំនាក់ទំនងសហប្រតិបត្តិការឡាវ-វៀតណាម ហើយជាថ្មីម្តងទៀតបានអះអាងនូវគោលនយោបាយកិច្ចការបរទេសឥតងាករេរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះឡាវ។ លោក Saleumsay Kommasith មានជំនឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព ចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។

ចំពោះវៀតណាម ដំណើរទស្សនៈកិច្ចរួមចំណែកក្នុងការអនុវត្តគោលការណ៍និងភារកិច្ចកិច្ចការបរទេសដែលបានដាក់ចេញក្នុងមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ ព្រមទាំងជំរុញកិច្ចការបរទេសទាំងលើកាណាល់បក្ស ការទូតរដ្ឋ និងកិច្ចការបរទេសប្រជាជន ក៏ដូចជាអនុវត្តន៍ជាក់ស្តែងសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការងារពលរដ្ឋវៀតណាមនៅឯបរទេសក្នុងស្ថានភាពថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ