ពន្យារពេលកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដើម្បី​ជៀសវាង​វិបត្តិ​ស្បៀងអាហារ​ពិភពលោក

(VOVWORLD) - កិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនៃបណ្ដាប្រទេសក្នុងក្រុមខឿនឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខនៅលើពិភពលោក (G7) ទើបតែបានបញ្ចប់ក្រោយរយៈពេល ២ ថ្ងៃ បើកកិច្ចប្រជុំនៅទីក្រុង Miyazaki របស់ជប៉ុន។ 
ពន្យារពេលកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដើម្បី​ជៀសវាង​វិបត្តិ​ស្បៀងអាហារ​ពិភពលោក - ảnh 1រដ្ឋមន្ត្រីកសិកម្ម G7 ជួបប្រជុំគ្នានៅទីក្រុង Miyazaki ប្រទេសជប៉ុន។ រូបថត៖ The Yomiuri Shimbun

ក្នុងសេចក្តីថ្លែងការណ៍រួមដែលបានប្រកាសក្រោយកិច្ចប្រជុំ បណ្ដារដ្ឋមន្ត្រីបានអំពាវនាវឱ្យពន្យារពេលកិច្ចព្រមព្រៀងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាអនុវត្តន៍ឱ្យបានពេញលេញ ក៏ដូចជាពង្រីកកិច្ចព្រមព្រៀងនេះផងដែរ។ ក្នុងពេលនោះ នាថ្ងៃទី ២៤ មេសា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Atonio Guterres ក៏បានលើកដំណោះស្រាយចំពោះកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ការនាំចេញគ្រាប់ធញ្ញជាតិដ៏លំបាក

រុស្ស៊ី និងអ៊ុយក្រែនគឺជាប្រទេសផ្គត់ផ្គង់ស្បៀងអាហារដ៏សំខាន់នៅលើពិភពលោក ហើយរុស្ស៊ីក៏ជាប្រទេសនាំចេញជីជួរមុខនៅលើពិភពលោកផងដែរ។ មុនជម្លោះកើតមានឡើង ប្រទេសទាំងពីរបានស្រូបយកសរុប ២៨ % ការនាំចេញស្រូវសាលីសរុបនៅលើពិភពលោក និង ៧៥% ចំពោះប្រេងផ្កាឈូករ័ត្ន។

ពីមុន ផលិតផលកសិកម្មរបស់អ៊ុយក្រែន និងរុស្ស៊ីត្រូវបាននាំចេញភាគច្រើនតាមរយៈកំពង់ផែនៅសមុទ្រខ្មៅ។ ប៉ុន្តែនៅពេលដែលជម្លោះរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើង កំពង់ផែនានានៅសមុទ្រខ្មៅជាប់អ៊ុយក្រែនត្រូវបានរុស្ស៊ីបិទខ្ទប់។

គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅបានអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញ
គ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅតាមរយៈកំពង់ផែសមុទ្រដែលបានកំណត់មួយចំនួន ព្រមទាំងជួយរុស្ស៊ីនាំចេញស្បៀងអាហារ និងជីយ៉ាងងាយស្រួលជាង។ ទោះជាយ៉ាងណាក៏ដោយ តាមតថភាពជាក់ស្ដែង ការនាំចេញគ្រាប់ធញ្ញជាតិរបស់ប្រទេសទាំងពីរតាមកិច្ចព្រមព្រៀងនៅមានកំហិតជាច្រើន។ គិតត្រឹមបច្ចុប្បន្ន អ៊ុយក្រែនបាននាំចេញគ្រាប់ធញ្ញជាតិជាង ២៧ លានតោនពីកំពង់ផែចំនួន ៣ របស់អ៊ុយក្រែននៅសមុទ្រខ្មៅ ធ្លាក់ចុះជិតពាក់កណ្តាល បើធៀបនឹងតួរលេខជាង

៤០,៦ លានតោនតាមផ្លូវសមុទ្រ។

ក្នុងពេលនោះរុស្ស៊ីបានអះអាងម្តងហើយម្តងទៀតថា ការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ីរងផលប៉ះពាល់ដោយបទដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ជាក់ស្ដែងគឺការតភ្ជាប់របស់ធនាគារកសិកម្មរុស្ស៊ី (Rosselkhozbank) ជាមួយប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ត្រូវបានកាត់ផ្ដាច់។ នាថ្ងៃទី ២៤ មេសា ប្រមុខ

សហភាពគ្រាប់ធញ្ញជាតិរុស្ស៊ីលោក Arkady Zlochevsky បានឲ្យដឹងថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅមិនទាន់នាំមកនូវប្រការជាវិជ្ជមានណាមួយដល់រុស្ស៊ី ឬជួយជំរុញការផ្គត់ផ្គង់កសិផលដល់ទីផ្សារសកលឡើយ ព្រមទាំងព្រមានថា ប្រសិនបើវិធានការរឹតត្បិតរបស់ប្រទេសលោកខាងលិចសំដៅទប់ស្កាត់ការនាំចេញកសិផល និងជីរបស់រុស្ស៊ីមិនបានដកចេញនោះទេ រុស្ស៊ីនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះនាថ្ងៃទី១៨ ខែឧសភាខាងមុខ។

គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅចាំបាច់ត្រូវគោរពយ៉ាងពេញលេញ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នាថ្ងៃទី២៤ ខែមេសា បានពិភាក្សាអំពីគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅជាមួយអគ្គលេខាធិការអង្គការ
សហប្រជាជាតិលោក Antonio Guterres នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)។ មុននេះ នៅក្នុងលិខិតសម្ងាត់មួយច្បាប់ ដែលផ្ញើជូនប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងភាគីពាក់ព័ន្ធនានារួមមានអ៊ុយក្រែន និងទួរគី អគ្គលេខាធិការអង្គការសហប្រជាជាតិបានលើកទិសដៅដោះស្រាយបញ្ហានេះ។ នាពេលថ្មីៗនេះ រុស្ស៊ីបានប្រកាសថា នឹងមិនចរចាបន្តពន្យារពេលកិច្ចព្រមព្រៀងនេះឡើយ ប្រសិនបើមិនមានវឌ្ឍនភាពក្នុងការដោះស្រាយបញ្ហា ដែលមានលក្ខណៈជាប្រព័ន្ធទាក់ទងនឹងការតភ្ជាប់ការទូទាត់ ប្រភពផ្គត់ផ្គង់គ្រឿងម៉ាស៊ីន និងការធានារ៉ាប់រង។ ដោយសារកិច្ចព្រមព្រៀងដែលរុស្ស៊ីបានចុះហត្ថលេខាមានមាត្រាបង្ហាញថា អង្គការសហប្រជាជាតិនឹងបង្កលក្ខណៈងាយស្រួលដល់ការនាំចេញម្ហូបអាហារ និងជីររបស់រុស្ស៊ីក្នុងរយៈពេល ៣ ឆ្នាំ។ នេះគឺជាចំណុចសំខាន់ដែលបណ្ដាលឲ្យកិច្ចព្រមព្រៀងតែងតែរងការគំរាមកំហែងបំបែកបំបាក់។

ក្នុងពេលនោះ នៅចំពោះតថភាពជាក់ស្ដែងប្រភពផ្គត់ផ្គង់ទីផ្សារមានកំហិតរដ្ឋមន្ត្រីកសិកម្ម G7 បានអំពាវនាវឱ្យពន្យារពេលកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ក៏ដូចជាគោរពយ៉ាងពេញលេញ និងពង្រីកវិសាលភាពនៃកិច្ចព្រមព្រៀងនេះ។

ការអំពាវនាវត្រូវបាននាំចេញ ក្នុងបរិបទដែលអង្គការអន្តរជាតិនានា ក្នុងនោះមានធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និងកម្មវិធីស្បៀងអាហារពិភពលោកសុទ្ធតែបាន ព្រមានពីការអាកខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារពិភពលោក។ ប្រទេសរាប់សិបកំពុងកត់សម្គាល់អតិផរណាពីរខ្ទង់ ខណៈដែលមនុស្សចំនួន ៣៤៩ លាននាក់នៅប្រទេសចំនួន៧៩ ត្រូវប្រឈមនឹងស្ថានភាពអសន្តិសុខស្បៀងយ៉ាងយ៉ាងធ្ងន់ធ្ងរ ក្នុងនោះប្រទេសជាច្រើននៅអាហ្រ្វិកត្រូវបានកំណត់ថាជាចំណុចក្តៅគគុកអំពីគ្រោះអត់ឃ្លាន។ ប្រសិនបើកិច្ចព្រមព្រៀងច្រករបៀងគ្រាប់ធញ្ញជាតិដួលរំលំ ហើយបទហាមប្រាមនៅតែបន្ត គ្រាប់ធញ្ញជាតិរាប់លានតោននឹងត្រូវជាប់គាំង ហើយភាគីពាក់ព័ន្ធនានាត្រូវធ្វើសកម្មភាពជាបន្ទាន់ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារពិភពលោកដែលកាន់តែលេចធ្លោផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ