ពន្លឿនការផ្ទេរប្ដូរឌីជីថល-ចំណុចភ្លឺរបស់វៀតណាមនៅពាក់កណ្ដាលដើមឆ្នាំ ២០២០
(VOVWORLD) - ជម្ងឺរាតត្បាតសកល Covid-19 ជាកត្តាមួយក្នុងចំណោមកត្តាដែលបានជំរុញល្បឿននៃដំណើរការផ្ទេរប្ដូរឌីជីថលនៅវៀតណាម។ រដ្ឋាភិបាលវៀតណាម រួមជាមួយក្រសួង ស្ថាប័ន និងសហគ្រាសជាច្រើនបានអនុវត្តបច្ចេកវិទ្យាព័ត៌ មានប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ក៏ដូចជាក្នុង ផលិតកម្ម អាជីវកម្មផងដែរ។ ការពន្លឿនដំណើរការផ្ទេរប្ដូរឌីជីថលនោះគឺជា ចំណុចភ្លឺរបស់វៀតណាមក្នុង រយៈពេល៦ខែដើមឆ្នាំ២០២០។
ដើម្បីឆ្លើយតបនឹងជម្ងឺ Covid-19 សហគ្រាសវៀតណាមជាច្រើនបានផ្លាស់ ប្ដូរវិធីប្រតិបត្តិដោយអនុវត្តបច្ចេកវិទ្យាឌីជីថលដើម្បីធានាសកម្មភាពផលិតកម្ម អាជីវកម្ម។ ក្នុងដំណើរការនេះ គំរូសេដ្ឋកិច្ចចែករំលែកជាច្រើនត្រូវបានអភិវឌ្ឍយ៉ាង ឆាប់រហ័ស ហើយបង្កើតឡើងជំហានលោតផ្លោះក្នុងផលិតភាពពលកម្មកែលម្អ សមត្ថ ភាពអភិបាលកិច្ច ក៏ដូចជាធ្វើឲ្យគំរូអាជីវកម្មកាន់តែសុក្រិតផងដែរ។ ហេតុដូច្នេះ បណ្ដាគំរូសេដ្ឋកិច្ចដោយឈរលើមូលដ្ឋានគ្រឹះឌីជីថលនៅតែឈររឹងមាំ សូម្បី តែមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាជាងទៀតក្នុងជម្ងឺរាតត្បាត ដូចទៅនឹងការចែក រំលែករបស់លោក Nguyen Xuan Truong អតីតនាយកសេវាកម្មផ្ទេរប្រាក់ Momo និងជាសហស្ថាបនិកនៃក្រុមហ៊ុន AhaMove៖
“ក្នុងអំឡុងពេលជម្ងឺ Covid នេះ មនុស្សភាគច្រើននឹងធ្វើការនៅហ្នឹងផ្ទះ។ ដូច្នេះតើនៅលើ ផ្លូវមាននរណា? ទីមួយគឺអ្នកបើកបរ Grab ហើយទីពីរគឺអ្នកបើកបរ AhaMove។ យើងខ្ញុំបានឆ្លៀតយកកម្លាំងនៃបច្ចេកវិទ្យានិងមូលដ្ឋានគ្រឹះឌីជីថលដើម្បីអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លី។ ឧទាហរណ៍ថា គំរូរបស់ AhaMove ក្នុងរយៈ ពេលតែ៤ឆ្នាំប៉ុណ្ណោះ បានអភិវឌ្ឍធំជាងរាប់សិបដងរួចហើយ។ បច្ចេកវិទ្យាបាន ជះឥទ្ធិពលយ៉ាងធំធេងទៅលើខឿនសេដ្ឋកិច្ចដោយជួយបង្កើតឡើងពលករថ្មីៗ”។
បច្ចេកវិទ្យាឌីជីថលដើរតួនាទីយ៉ាងសំខាន់ក្នុងការរុញថយក្រោយជម្ងឺ Covid-19 នៅវៀតណាម។ នាពេលកន្លងទៅ ផ្នែកបច្ចេកវិទ្យាព័ត៌មានបានអនុវត្ត វគ្គហាត់សមដោយទ្រង់ទ្រាយធំ ជាមួយនឹងវិស្វករ១០០០នាក់ដែលចូលរួម អភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាជាង២០សម្រាប់បម្រើការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ជាពិសេសគឺក្នុងការស្វែងរកស្លាកស្នាម ឃ្លាំមើលការធ្វើចត្តាឡីស័ក និងបង្ការ ការឆ្លងមេរោគ។ អត្រាសេវាកម្មសាធារណៈតាមអនឡាញកម្រិតទី៣ និងកម្រិត ទី៤ លើគ្រប់វិស័យនៃសេដ្ឋកិច្ចសង្គមក៏បានកើនឡើងខ្ពស់ក្នុងដំណាក់កាល នេះផងដែរ។ លើវិស័យបច្ចេកវិទ្យា បណ្ដាវិស្វករវៀតណាមកំពុងវិនិយោគ ស្រាវជ្រាវផលិតផលនិងឧបករណ៍ 5G ហើយតាមការគ្រោងទុក ឧបករណ៍ 5G ខ្លះៗដែលបានផលិតដោយវៀតណាមនឹងត្រូវបានយកមកធ្វើអាជីវកម្មនាចុងឆ្នាំនេះ។
នាបច្ចុប្បន្ន វៀតណាមកំពុងផ្ដោតសំខាន់ទៅលើការអនុវត្តសេចក្ដីសម្រេច ចិត្តរបស់លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលស្ដីពី “កម្មវិធីផ្ទេរប្ដូរឌីជីថលជាតិដល់ ឆ្នាំ២០២៥ ទិសដៅដល់ឆ្នាំ២០៣០”។ អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនា គមន៍លោក Phan Tam បានឲ្យដឹងថា៖
“យើងខ្ញុំបានកំណត់ថា ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ជំនាន់ថ្មីរួម មានអ៊ីនធឺណែតល្បឿនលឿន និងប្រព័ន្ធកុំព្យូទ័រពពក គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុត។ ចាប់ពីពេលនេះដល់ដំណាច់ឆ្នាំ២០២០ ក្រសួង នឹងណែនាំដើម្បី ជួយឲ្យតំបន់ទាំង១០០%អាចអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធទូរគមនាគមន៍ជំនាន់ថ្មី។ ទន្ទឹមនឹងនេះ ក្រសួងនឹងអនុញ្ញាតឲ្យសហគ្រាសទូរគមនាគមន៍នានា ផ្គត់ផ្គង់ សេវាកម្ម 5G នៅតាមមណ្ឌល បច្ចេកវិទ្យាព័ត៌មានដែលប្រមូលផ្ដុំមូលដ្ឋាន ស្រាវជ្រាវ សាកលវិទ្យាល័យនិង នៅតាមមជ្ឈមណ្ឌលទីក្រុងធំៗផងដែរ”។
យោងតាមកម្មវិធីផ្ទេរប្ដូរឌីជីថលជាតិ គោលដៅរបស់វៀតណាមដល់ឆ្នាំ ២០២៥ គឺសម្រេចបាននូវ៨០%សេវាកម្មសាធារណៈតាមអនឡាញកម្រិតទី៤ ៩០%សំណុំឯកសារអេឡិចត្រូនិកថ្នាក់ក្រសួង ៨០%សំណុំឯកសារអេឡិចត្រូនិកថ្នាក់ ស្រុក ហើយសម្រេចទាំង១០០%មូលដ្ឋានទិន្នន័យជាតិ។ ជាពិសេសគឺ ៥០% សកម្មភាពត្រួតពិនិត្យ គ្រប់គ្រងរដ្ឋត្រូវបានអនុវត្តតាមអនឡាញទាំងអស់ សំដៅលើក កំពស់តម្លាភាព រាំងស្កាត់អំពើពុករលួយ ក៏ដូចជាលើកកំពស់ប្រសិទ្ធភាពនៃសកម្ម ភាពសវនកម្មនិងត្រួតពិនិត្យរបស់សមត្ថកិច្ចរដ្ឋ។ លោក Nguyen Huy Dung ប្រធាននាយកដ្ឋានកុំព្យូទ័រវិទ្យា ចំណុះក្រសួងព័ត៌មាននិងទូរគមនាគមន៍បានចាត់ទុកថា៖
“ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល យើងបានដាក់ចេញគោលដៅបង្កើន សមាមាត្រនៃសេដ្ឋកិច្ចឌីជីថលចាប់ពីកម្រិត៨% GDP នាបច្ចុប្បន្នឡើងដល់ទៅ ២០%។ សមាមាត្រសេដ្ឋកិច្ចឌីជីថលក្នុងវិស័យនីមួយៗ កើនយ៉ាងហោចណាស់ ១០% ផលិតភាពពលកម្មចាប់ពីឆ្នាំ២០២៣តទៅកើនយ៉ាងហោចណាច់៧%ជា រៀងរាល់ឆ្នាំ។ គ្រួសារនីមួយៗមានខ្សែកាបអុបទិកដោយឡែករបស់ខ្លួន ប្រជាជនម្នាក់ៗមានទូរស័ព្ទ ឆ្លាតវៃមួយគ្រឿង។ ហើយការទូទាត់អេឡិចត្រូនិកដោយមិនប្រើប្រាស់សាច់ ប្រាក់នឹងស្រូបយក៥០%នៃបរិមាណការទូទាត់សរុបផងដែរ”។
ការផ្ទេរប្ដូរឌីជីថលជួយឲ្យប្រទេសជាតិអភិវឌ្ឍលឿនជាង សង្គមប្រកប ដោយស្ថិរភាពជាង បម្រើប្រជាជនល្អជាង ហើយពង្រីកសិទ្ធិធ្វើម្ចាស់របស់ ប្រជាជនច្រើនជាងផងដែរ។ ជាពិសេស ការងារផ្ទេរប្ដូរឌីជីថលរបស់វៀត ណាមជានិច្ចកាលយកប្រជាជនជាស្នូល។ ហេតុដូច្នេះ ការអភិវឌ្ឍរដ្ឋាភិបាល អេឡិចត្រូនិកឬការជំរុញការផ្ទេរប្ដូរឌីជីថល សុទ្ធតែឆ្ពោះទៅការបម្រើប្រជាជន ប្រកបដោយប្រសិទ្ធភាពតែប៉ុណ្ណោះ៕