ពិភពលោកនិងបញ្ហាប្រឈមក្នុងការលុបបំបាត់ការប្រកាន់ពូជសាសន៍
(VOVWORLD) - ថ្ងៃទី ២១ ខែមីនាជារៀងរាល់ឆ្នាំត្រូវបានអង្គការសហប្រជាជាតិជ្រើសរើស ជាទិវាអន្តរជាតិលុបបំបាត់ការប្រកាន់ពូជសាសន៍។ នៅក្នុងបរិបទនៃជម្លោះកាន់តែកើនឡើង អស្ថិរភាពសេដ្ឋកិច្ច វិបត្តិអាកាសធាតុ និងការផ្ទុះផ្នែកបច្ចេកវិទ្យា ការប្រយុទ្ធប្រឆាំងនឹងការប្រកាន់ពូជសាសន៍នៅជុំវិញពិភពលោក កំពុងជួបប្រទះនឹងបញ្ហាប្រឈមធំៗជាច្រើន។
នៅឆ្នាំ ១៩៧៩ មហាសន្និបាតអង្គការសហប្រជាជាតិបានជ្រើសរើសជាផ្លូវការនូវថ្ងៃទី ២១ ខែមីនា ជារៀងរាល់ឆ្នាំ ជាទិវាអន្តរជាតិសម្រាប់ការលុបបំបាត់ការប្រកាន់ពូជសាសន៍ ដើម្បីរំលឹកខួបអនុស្សាវរីយ៍នូវព្រឹត្តិការណ៍ដែលបាតុករស្បែកខ្មៅអាហ្វ្រិកខាងត្បូង ចំនួន ៦៩ នាក់ត្រូវសម្លាប់ នៅពេលធ្វើដង្ហែក្បួនសន្តិភាព ប្រឆាំងនឹងរបប Apartheid នៅក្នុងប្រទេសនេះនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ១៩៦០។
ថ្ងៃទី ២១ ខែមីនាជារៀងរាល់ឆ្នាំត្រូវបានជ្រើសរើសដោយអង្គការសហប្រជាជាតិ ជាទិវាអន្តរជាតិលុបបំបាត់ការរើសអើងជាតិសាសន៍។ រូបថត៖ ITUC CSI IGB |
យុត្តិធម៌សម្រាប់អាហ្វ្រិក
ក្រោយរយៈពេល ៤៥ ឆ្នាំដែលត្រូវបានសហគមន៍អន្តរជាតិកំណត់ជាអាទិភាពចម្បងមួយ ការប្រយុទ្ធប្រឆាំងនឹងការប្រកាន់ពូជសាសន៍នៅទូទាំងពិភពលោកមានវឌ្ឍនភាពដ៏ធំធេង។ ច្បាប់ដែលមានលក្ខណៈប្រកាន់ពូជសាសន៍ ត្រូវលុបចោលនៅក្នុងប្រទេសភាគច្រើន ហើយសហគមន៍អន្តរជាតិបានកសាងក្របខ័ណ្ឌច្បាប់សំខាន់ៗផងដែរ។ នៅខែធ្នូ ឆ្នាំ ២០១៣ មហាសន្និបាតអង្គការសហប្រជាជាតិបានបំផុស "ទសវត្សរ៍អន្តរជាតិដើម្បីកូនចៅជំនាន់ក្រោយរបស់ប្រជាជនអាហ្វ្រិក" ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៥ និងបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំនេះ។ ក្នុងបរិបទនោះ ដើម្បីក្រឡែកមើលឡើងវិញនូវសមិទ្ធិផលនៃសកម្មភាពក្នុងទសវត្សរ៍កន្លងមក ទិវាអន្តរជាតិសម្រាប់ការលុបបំបាត់ការប្រកាន់ពូជសាសន៍ឆ្នាំនេះ មានប្រធានបទ "មួយទសវត្សរ៍នៃការទទួលស្គាល់យុត្តិធម៌ និងការអភិវឌ្ឍ៖ ការអនុវត្តទសវត្សរ៍អន្តរជាតិដើម្បីកូនចៅរបស់ប្រជាជនអាហ្វ្រិក”។
យោងតាមតួរលេខរបស់អង្គការសហប្រជាជាតិ បច្ចុប្បន្ននេះមានប្រជាជនប្រហែល ២០០ លាននាក់នៅលើពិភពលោកដែលជាកូនចៅរបស់ជនជាតិអាហ្វ្រិក ដែលកំពុងរស់នៅក្នុងសហរដ្ឋ
អាមេរិក និងរាប់រយលាននាក់ផ្សេងទៀតរស់នៅក្នុងប្រទេសជាច្រើនខាងក្រៅទ្វីបអាហ្រ្វិក ដូចជាអង់គ្លេស បារាំង ប្រេស៊ីល បណ្តាប្រទេសកោះការាបៀន។ ទាំងនេះគឺជាមុខសញ្ញាស្នូលនៃការប្រកាន់ពូជសាសន៍នៅលើពិភពលោក ព្រមទាំងក៏ជាមនុស្សដែលទទួលរងនូវមរតកដ៏ធ្ងន់ធ្ងរពីទាសភាពនិងអាណានិគមនិយមក្នុងអតីតកាលផងដែរ។ នៅក្នុងរបាយការណ៍សិទ្ធិមនុស្ស កាលពីខែសីហាឆ្នាំមុន ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) បាននិយាយថា ការប្រកាន់ពូជសាសន៍ប្រឆាំងនឹងជនដើមកំណើតអាហ្វ្រិកនៅតែមាននិន្នាការកើនឡើងនៅទូទាំងពិភពលោក។ អ្នកនាំពាក្យ OHCHR លោកស្រី Ravina Shamdasani មានប្រសាសន៍ថា៖
"របាយការណ៍របស់យើងខ្ញុំបង្ហាញថា ការប្រកាន់ពូជសាសន៍ដោយមានលក្ខណៈប្រព័ន្ធបន្តប៉ះពាល់យ៉ាងអវិជ្ជមានដល់គ្រប់ទិដ្ឋភាពនៃជីវភាពរបស់ប្រជាជនដើមកំណើតអាហ្វ្រិក។ ការដែលជនដើមកំណើតអាហ្រ្វិកបានស្លាប់ ក្នុងអំឡុងពេល និងបន្ទាប់ពីការជួបជាមួយបុគ្គលិកអនុវត្តន៍ច្បាប់នៅតែបន្តកើតមាន ហើយមានវឌ្ឍនភាពដ៏តិចតួចក្នុងការផ្ដន្ទាទោសអំពើទាំងនេះ ទោះបីជាមានការខិតខំប្រឹងប្រែង ទាមទារការទទួលខុសត្រូវពី គ្រួសារជនរងគ្រោះក៏ដោយ”។
យោងតាមលោកស្រី Epsy Campbell Barr ប្រធានវេទិកាអចិន្ត្រៃយ៍ទទួលបន្ទុកកូនចៅជំនាន់ក្រោយរបស់ជនជាតិអាហ្រ្វិក អាទិភាពមួយក្នុងចំណោមអាទិភាពដែលត្រូវតែធ្វើភ្លាមៗ គឺការដោះស្រាយមរតកនៃសម័យជួញដូរទាសករ និងអាណានិគម។ តួរលេខរបស់អង្គការសហប្រជាជាតិបង្ហាញថា ជនជាតិអាហ្រ្វិកប្រហែល ២៥ ដល់ ៣០លាននាក់ត្រូវជួញដូរជាទាសករ ហើយត្រូវចាប់បង្ខំឱ្យចាកចេញពីទ្វីបអាហ្រ្វិកនៅចន្លោះពាក់កណ្តាលសតវត្សទី ១៦ ដល់ពាក់កណ្តាលសតវត្សទី ១៩។ មនុស្សទាំងនេះទទួលរងការប្រព្រឹត្តយ៉ាងឃោឃៅ ត្រូវគេដកហូតសិទ្ធិនយោបាយ សេដ្ឋកិច្ច និងសង្គមទាំងអស់ ហើយកូនចៅរបស់ពួកគេត្រូវស៊ូទ្រាំនឹងការប្រកាន់ជាប្រព័ន្ធអស់រយៈពេលជាច្រើនជំនាន់។ អង្គការសហប្រជាជាតិ ចាត់ទុកនេះជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយជឿជាក់ថា យុត្តិធម៌ត្រូវតែអនុវត្តន៍។ ដូច្នេះហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសចំនួន ១៥ នៃ សហគមន៍ប្រជាជាតិតំបន់ការាបៀន (CARICOM) បានចាប់ផ្តើមសកម្មភាពផ្លូវច្បាប់ដើម្បីបង្ខំឱ្យប្រទេសអឺរ៉ុបចំនួន ១០ សងសំណងខាងសម្ភារៈ និងស្មារតីសម្រាប់កូនចៅរបស់ប្រជាជនអាហ្វ្រិក។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្លែងមតិនៅក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៥៥ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ រូបថត៖ Salvatore Di Nolfi/AP |
ការប្រយុទ្ធប្រឆាំងការប្រកាន់ពូជសាសន៍ក្នុងយុគសម័យបច្ចេកវិទ្យា
ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីដណ្ដើមយកយុត្តិធម៌ និងធានាឱ្យមានប្រព្រឹត្តកម្មដោយសមភាពសម្រាប់សហគមន៍ដើមកំណើតអាហ្រ្វិក អង្គការសហប្រជាជាតិ និងស្ថាប័ននានានៃអង្គការនេះ នាពេលកន្លងមក ក៏បានបញ្ចេញសំឡេងច្រើនជាងមុន អំពីការលេចឡើងនៃការប្រកាន់ពូជសាសន៍ក្នុងទម្រង់ថ្មី នៅក្នុងបរិបទដែលលទ្ធិជ្រុលនិយម កើតឡើងនៅក្នុងសង្គមជាច្រើន។ ក្នុងពេលជាមួយគ្នានោះ វេទិកាបច្ចេកវិទ្យាធ្វើឱ្យការរីករាលដាលគំនិតប្រកាន់ពូជសាសន៍កាន់តែពិបាកគ្រប់គ្រងផងដែរ។ យោងតាមអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និន្នាការដ៏គ្រោះថ្នាក់មួយដែលបានកើតឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គឺការដែលអ្នកនយោបាយស្តាំនិយមនិងប្រជានិយមជាច្រើននៅប្រទេសនានា បានប្រើវោហាសាស្ត្របែបពហិការជនបរទេស និងប្រកាន់ពូជសាសន៍ ដើម្បីគោលដៅនយោបាយ៖
“ពហិការចំពោះជនបរទេស ការរើសអើង និងការថ្លែងប្រកបដោយភាពស្អប់ខ្ពើម កំពុងកើនឡើង។ អ្នកនយោបាយបានប្រែក្លាយជនចំណាកស្រុកទៅជាអ្នកទទួលទោសដោយមានផលវិបាកធ្ងន់ធ្ងរ ខណៈពេលដែលឥស្សរជនមានឥទ្ធិពលដែលនិយមជនស្បែកស កេងប្រវ័ញ្ចការប្រកាន់ពូជសាសន៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម”។
អគ្គលេខាធិការអង្គការសហប្រជាជាតិបានព្រមានថា ក្រោយពីរយៈពេលមួយដែលការយល់ដឹងអំពីការប្រឆាំងការប្រកាន់ពូជសាសន៍ កើនឡើងគួរឱ្យកត់សម្គាល់នោះ បច្ចុប្បន្ននេះ ប្រទេសជាច្រើនកំពុងឃើញនិន្នាការបញ្ច្រាស នៅពេលដែលគោលនយោបាយ និងការប្រតិបត្តិដោយមានលក្ខណៈប្រកាន់ពូជសាសន៍ កំពុងកើនឡើងម្តងទៀត។ យោងតាមប្រមុខអង្គការសហប្រជាជាតិផងដែរ ហានិភ័យនៃព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយដែលទាក់ទងនឹងប្រធានបទពូជសាសន៍ ក៏កាន់តែកើនឡើងៗ ដោយសារបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ត្រូវបានអនុវត្តន៍យ៉ាងទូលំទូលាយ ដែលបណ្តាលឱ្យការប្រកាន់ពូជសាសន៍រីករាលដាលនៅក្នុងលំហឌីជីថល។ ដូច្នេះហើយ នៅក្នុងសារដែលបានផ្ញើក្នុងទិវាអន្តរជាតិសម្រាប់ការលុបបំបាត់ការប្រកាន់ពូជសាសន៍ឆ្នាំនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ជាលើកដំបូងបានអំពាវនាវដល់សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាឱ្យរួមដៃគ្នាធ្វើសកម្មភាពដើម្បីគ្រប់គ្រង AI តាមនោះលុបបំបាត់រាល់ព័ត៌មានដែលអាចនាំឱ្យមានការប្រកាន់ពូជសាសន៍នៅលើពិភពលោក៕