ពិភពលោកបង្កើនការខិតខំប្រឹងប្រែងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ
(VOVWORLD) - ឆ្នាំ២០២០កាន់តែរសាត់ជិតដល់ថ្ងៃចុងក្រោយ ហើយនេះជាពេលវេលាដើម្បី មនុស្សលោកក្រឡេកមើលឡើងវិញនូវតួរលេខនិងកំណត់ត្រាគួរឲ្យប្រកាស អាសន្នពាក់ព័ន្ធដល់ស្ថានភាពប្រែប្រួលអាកាសធាតុ។ ការប្រែប្រួលអាកាសធាតុ កំពុងគំរាមកំហែងដោយផ្ទាល់ទៅលើប្រព័ន្ធអេកូឡូស៊ីសកលនិងជីវភាពរស់នៅ របស់ប្រទេសទាំងអស់ ហើយបង្ខំឲ្យពិភពលោកត្រូវប្រញាប់ប្រញាល់ជំរុញ កិច្ចសហប្រតិបត្តិការដើម្បីសង្គ្រោះភពផែនដី។
ករណីភ្លើងឆាបឆេះព្រៃនៅរដ្ឋ California សហរដ្ឋអាមេរិក នៅខែសីហា ឆ្នាំ២០២០។
(រូបថត៖ Getty Images) |
“សន្តិភាពជាមួយធម្មជាតិ” ជាអាទិភាពដែលត្រូវការយកចិត្តទុកដាក់ ក្នុងសតវត្សទី២១ ដោយសារគ្មាន “វ៉ាក់សាំង” ណាមួយសម្រាប់ភបផែនដីសោះ។ នេះជាសារដែលត្រូវបានលើកឡើងដោយលោកអគ្គលេខាធិការអង្គការសហ ប្រជាជាតិ (អ.ស.ប) នៅពេលប្រកាសរបាយការណ៍ស្ថានភាពអាកាសធាតុលើ ទូទាំងសកលលោកឆ្នាំ២០២០ កាលពីថ្ងៃទី៣ ធ្នូ កន្លងទៅ។
តួរលេខគួរឲ្យប្រកាសអាសន្ន
របាយការណ៍ស្ថានភាពអាកាសធាតុលើទូទាំងសកលលោកឆ្នាំ២០២០ បានបញ្ជាក់ថា ឆ្នាំ២០២០កំពុងក្លាយទៅជាឆ្នាំមួយក្នុងចំណោម៣ឆ្នាំក្ដៅខ្លាំងបំផុត ដែលធ្លាប់បានកត់ត្រានៅលើភពផែនដីតាំងពីមុនមក។ ជាក់ស្ដែងគឺ សីតុណ្ហ ភាពសកលជាមធ្យមចាប់ពីខែមករាដល់ខែតុលាឆ្នាំនេះ បានកើន១,២អង្សារ C បើប្រៀបធៀបនឹងដំណាក់កាលឆ្នាំ១៨៥០-១៩០០។ ក្នុងឆ្នាំ២០២០នេះដែរ ពិភព លោកក៏បានកត់ត្រារលកកំដៅហួសហេតុ គ្រោះរាំងស្ងួត ភ្លើងឆាបឆេះព្រៃ និងខ្យល់ព្យុះជាច្រើន ខណៈដែលកំដៅទឹកសមុទ្រក៏ឡើងដល់កម្រិតខ្ពស់បំផុត ផងដែរ។
ទន្ទឹមជាមួយគ្នានោះ ប្រព័ន្ធអេកូឡូស៊ីសកលកំពុងប្រឈមនឹងស្ថានភាព អាសន្ន ដោយពពួកសត្វជាង១លានប្រភេទត្រូវប្រឈមនឹងហានិភ័យនៃការស្លាប់ផុតពូជ ផ្ទៃដីវាលខ្សាច់កាន់តែពង្រីក ខណៈដែលវាលភក់កំពុងបាត់បង់ទៅពីមួយថ្ងៃ ទៅមួយថ្ងៃ។ ជារៀងរាល់ឆ្នាំ ពិភពលោកក៏បាត់បង់ព្រៃឈើប្រមាណ១០លាន ហិកតាផងដែរ។ ធ្ងន់ធ្ងរជាងទៀត ស្ថានភាពបំពុលខ្យល់អាកាសនិងទឹក កំពុងញាំង ឲ្យមនុស្សចំនួន៩លាននាក់ស្លាប់ជារៀងរាល់ឆ្នាំ។ ត្រឹមតែក្នុងឆ្នាំ២០១៩តែប៉ុណ្ណោះ គ្រោះមហន្តរាយធម្មជាតិពាក់ព័ន្ធដល់ការប្រែប្រួលអាកាសធាតុបានបណ្ដាលឲ្យពិភពលោករងការខាតបង់ឡើងដល់ទៅ១៥០ពាន់លានដុល្លាអាមេរិក។ ក្រៅពីនោះ តាមលទ្ធផលស្រាវជ្រាវដែលទើបតែបានប្រកាសដោយទស្សនា វដ្ដីវេជ្ជសាស្ត្រដ៏ល្បីឈ្មោះ The Lancet នាពេលចុងក្រោយនេះបានឲ្យដឹងថា ការប្រែប្រួលអាកាសធាតុនឹងធ្វើឲ្យជម្ងឺរាតត្បាតកើតមានឡើងជាច្រើនជាង នាពេល អនាគត ហើយតាមពិតទៅ ប្រទេសទាំងអស់នាសព្វថ្ងៃមិនថាប្រទេសធំ ឬតូចនោះទេ សុទ្ធតែត្រូវប្រឈមនឹងគ្រោះថ្នាក់ផ្នែកសុខាភិបាលកាន់តែ ធ្ងន់ធ្ងរឡើងដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។
នៅចំពោះមុខស្ថានភាពគួរឲ្យប្រកាសអាសន្នពោលខាងលើ អ.ស.ប បានអំពាវនាវឲ្យប្រទេសទាំងឡាយត្រូវធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ដើម្បីបញ្ឈប់ ទង្វើបំផ្លិចបំផ្លាញភពផែនដី ហើយសំខាន់បំផុត គឺមនុស្សម្នាក់ៗលើផែនដីត្រូវ បញ្ឈប់ “ការបង្កសង្គ្រាម” ជាមួយធម្មជាតិផងដែរ។ ដើម្បីធ្វើបានយ៉ាងដូច្នេះ អ.ស.បបានអំពាវនាវឲ្យបណ្ដាប្រទេសគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ ព្រមទាំងសន្យាកាត់បន្ថយការបញ្ចេញចោល ឧស្ម័នផ្ទះកញ្ចក់នៅកម្រិត ០% ហើយផ្ដល់ជំនួយដល់កិច្ចខិតខំប្រឹងប្រែងបន្សាំ នឹងការប្រែប្រួលអាកាសធាតុផងដែរ។
សម្រាមប៉្លាស្ទិកនៅលើសមុទ្រកំពុងជាបញ្ហាប្រឈមដ៏ធំមួយចំពោះមនុស្សលោក។
(រូបថត៖ AFP/TTXVN) |
ពិភពលោករួមដៃគ្នាធ្វើសកម្មភាព
កិច្ចប្រជុំខួបគម្រប់៥ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួល អាកាសធាតុនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី១២ ធ្នូ ខាងមុខ ក្រោមសហអធិបតី របស់អង់គ្លេសនិងអ.ស.ប។ រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា ប្រទេសនេះ ដាក់ចេញគោលដៅកាត់បន្ថយ២/៣បរិមាណឧស្ម័នបញ្ចេញចោលក្នុងទសវត្សនេះ ហើយដល់ឆ្នាំ២០៣០នឹងកាត់បន្ថយ៦៨%នៃបរិមាណឧស្ម័នផ្ទះកញ្ចក់បើ ប្រៀបធៀបនឹងកម្រិតនៃឆ្នាំ១៩៩០ ឆ្ពោះទៅការបន្សាបឧស្ម័នកាបូនិកនាឆ្នាំ ២០៥០។ កាលពីខែមុន នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បាន ប្រកាសផែនការមួយស្ដីពី “បដិវត្តន៍ឧស្សាហកម្មបៃតង” ដែលក្នុងនោះនឹង បង្កើតឡើងការងារធ្វើចំនួន២៥ម៉ឺនកន្លែង។ ផែនការនេះរួមមានការហាមប្រាមលក់ ប្រភេទរថយន្តថ្មីៗដើរដោយប្រេងនិងសាំងនិងប្រេងម៉ាស៊ូត បង្កើនថាមពល វាយោអគ្គីសនីនៅនាយសមុទ្រឡើង៤ដង ហើយលើកកំពស់សមត្ថភាពផលិត អ៊ីដ្រូសែនក្នុងមួយទសវត្សខាងមុខនេះ។ ក្រៅពីអង់គ្លេស គឺចិន សហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូងក៏បានសន្យាឆ្ពោះទៅរកការបន្សាបឧស្ម័នកាបូនិកផងដែរ។
ច្បាស់លាស់ថា នៅចំពោះមុខផលប៉ះពាល់ដែលបានបណ្ដាលមកពី ការប្រែប្រួលអាកាសធាតុនាពេលកន្លងមក ពិភពលោកទាំងមូលត្រូវធ្វើសកម្មភាព ភ្លាមមួយរំពិច។ ជាងពេលណាៗទាំងអស់ បណ្ដាប្រទេសលើពិភពលោកត្រូវ បង្ហាញតួនាទីឲ្យបានច្បាស់ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល អាកាសធាតុ ដើម្បីធានាដល់អនាគតនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយ សំខាន់ជាងទៀតគឺសុវត្ថិភាពនៃភពផែនដី៕